លេវីវិន័យ 2:1-3
លេវីវិន័យ 2:1-3 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
បើអ្នកណាចង់ថ្វាយជាតង្វាយម្សៅដល់ព្រះយេហូវ៉ា ត្រូវយកម្សៅយ៉ាងម៉ដ្ត លាយប្រេង ព្រមទាំងដាក់កំញានផង ត្រូវយកទៅជូនពួកកូនលោកអើរ៉ុនជាសង្ឃ ហើយសង្ឃត្រូវយកម្សៅយ៉ាងម៉ដ្តនោះមួយក្តាប់ជាមួយប្រេងខ្លះ ព្រមទាំងកំញានទាំងអស់ទៅដុត ទុកជាទីរំឭកនៅលើអាសនា គឺជាតង្វាយដែលដុតសម្រាប់ជាក្លិនឈ្ងុយដល់ព្រះយេហូវ៉ា។ ចំណែកតង្វាយម្សៅដែលនៅសល់ នោះគឺសម្រាប់អើរ៉ុន និងកូនរបស់លោក ជារបស់បរិសុទ្ធបំផុត ក្នុងចំណោមតង្វាយដែលដុតថ្វាយព្រះយេហូវ៉ា។
លេវីវិន័យ 2:1-3 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
«ប្រសិនបើនរណាម្នាក់ចង់យកម្សៅមកថ្វាយជាតង្វាយ ចំពោះព្រះអម្ចាស់ គេត្រូវយកម្សៅម៉ដ្ដលាយជាមួយប្រេង ព្រមទាំងដាក់គ្រឿងក្រអូបផង ហើយយកតង្វាយនោះមកជូនពួកបូជាចារ្យ* ជាកូនលោកអើរ៉ុន។ គេត្រូវយកម្សៅពេញមួយក្ដាប់ ដែលលាយជាមួយប្រេង និងគ្រឿងក្រអូបទាំងអស់មក រួចបូជាចារ្យម្នាក់យកតង្វាយនេះទៅដុតនៅលើអាសនៈ ដើម្បីទុកជាទីរំឭក*។ នេះជាតង្វាយដុតដែលមានក្លិនឈ្ងុយជាទីគាប់ព្រះហឫទ័យព្រះអម្ចាស់។ រីឯតង្វាយដែលនៅសល់ត្រូវបានទៅលោកអើរ៉ុន និងកូនរបស់លោក គឺជាចំណែកដ៏វិសុទ្ធបំផុតនៃយញ្ញបូជាដែលគេថ្វាយចំពោះព្រះអម្ចាស់។
លេវីវិន័យ 2:1-3 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
បើអ្នកណាចង់ថ្វាយជា ដង្វាយម្សៅដល់ព្រះយេហូវ៉ា នោះត្រូវយកម្សៅយ៉ាងម៉ដ្ត ហើយចាក់ប្រេង ព្រមទាំងដាក់កំញានផង ត្រូវឲ្យយកទៅឯពួកកូនអើរ៉ុនដ៏ជាសង្ឃ ហើយត្រូវឲ្យសង្ឃយកម្សៅយ៉ាងម៉ដ្តនោះ១ក្តាប់ជាមួយនឹងប្រេងខ្លះ ព្រមទាំងកំញានទាំងអស់ទៅដុត ទុកជាទីរំឭកនៅលើអាសនា គឺជាដង្វាយដែលដុតសំរាប់ជាក្លិនឈ្ងុយដល់ព្រះយេហូវ៉ា ឯចំណែកដង្វាយម្សៅដែលសល់នៅ នោះគឺសំរាប់អើរ៉ុន នឹងពួកកូនលោក ជារបស់បរិសុទ្ធបំផុត ក្នុងអស់ទាំងដង្វាយដែលដុតថ្វាយព្រះយេហូវ៉ា។