លេវីវិន័យ 18:24-30
លេវីវិន័យ 18:24-30 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
កុំឲ្យអ្នករាល់គ្នាស្មោកគ្រោក ដោយប្រព្រឹត្តអំពើទាំងនេះណាមួយឡើយ ដ្បិតសាសន៍ដទៃទាំងប៉ុន្មាន ដែលយើងបណ្តេញចេញពីមុខអ្នករាល់គ្នា នោះបានស្មោកគ្រោកចំពោះអំពើទាំងនេះហើយ។ ស្រុកគេក៏ត្រូវស្មោកគ្រោកដែរ បានជាយើងទម្លាក់អំពើទុច្ចរិតរបស់គេទៅលើគេវិញ ឯស្រុកក៏ក្អួតគេចេញទៅផង។ ដូច្នេះ អ្នករាល់គ្នាវិញ ត្រូវឲ្យកាន់តាមអស់ទាំងច្បាប់ និងបញ្ញត្តិទាំងប៉ុន្មានរបស់យើង ហើយកុំប្រព្រឹត្តអំពើគួរខ្ពើមឆ្អើមណាមួយនោះឡើយ ទោះទាំងអ្នកស្រុក ឬពួកប្រទេសក្រៅដែលនៅកណ្ដាលអ្នករាល់គ្នា (ដ្បិតពួកអ្នកដែលអាស្រ័យនៅមុនអ្នករាល់គ្នា គេបានប្រព្រឹត្តអស់ទាំងអំពើគួរខ្ពើមឆ្អើមនោះ ហើយស្រុករបស់គេក៏បានត្រូវស្មោកគ្រោក)។ ដូច្នេះ បើកាលណាអ្នករាល់គ្នានាំឲ្យស្រុកនោះទៅជាស្មោកគ្រោកដែរ នោះក្រែងស្រុកនោះនឹងក្អួតអ្នករាល់គ្នាចេញទៀត ដូចជាបានក្អួតពួកសាសន៍ដទៃដែលនៅមុនអ្នករាល់គ្នាដែរ។ ដ្បិតអ្នកណាដែលប្រព្រឹត្តអំពើគួរខ្ពើមឆ្អើមណាមួយនោះ អ្នកនោះឯងនឹងត្រូវកាត់ចេញពីសាសន៍របស់ខ្លួន។ ដូច្នេះ អ្នករាល់គ្នាត្រូវរក្សាបញ្ញើរបស់យើង ដើម្បីកុំឲ្យប្រព្រឹត្តតាមទម្លាប់គួរខ្ពើមទាំងនោះ ដែលគេបានប្រព្រឹត្តមុនអ្នករាល់គ្នាឡើយ ហើយដើម្បីកុំឲ្យអ្នករាល់គ្នានាំឲ្យខ្លួនស្មោកគ្រោកដោយសារអំពើទាំងនោះផង យើងនេះជាយេហូវ៉ា ជាព្រះរបស់អ្នករាល់គ្នាហើយ»។
លេវីវិន័យ 18:24-30 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
អ្នករាល់គ្នាមិនត្រូវធ្វើឲ្យខ្លួនទៅជាសៅហ្មងដោយសារអំពើណាមួយ ក្នុងបណ្ដាអំពើទាំងនេះឲ្យសោះ ដ្បិតយើងបានដេញប្រជាជាតិនានាចេញពីមុខអ្នករាល់គ្នា ព្រោះតែពួកគេបានប្រព្រឹត្តអំពើទាំងនេះដែលបណ្ដាលឲ្យខ្លួនទៅជាសៅហ្មង។ ស្រុកទេសបានក្លាយទៅជាសៅហ្មង ហេតុនេះហើយបានជាយើងដាក់ទោសអ្នកស្រុក ធ្វើឲ្យពួកគេខ្ចាត់ខ្ចាយចេញពីទឹកដីរបស់ខ្លួន។ ត្រូវប្រតិបត្តិតាមច្បាប់ និងវិន័យរបស់យើង គឺទាំងអ្នករាល់គ្នាដែលជាម្ចាស់ស្រុកទាំងជនបរទេសដែលរស់នៅជាមួយអ្នករាល់គ្នា មិនត្រូវប្រព្រឹត្តអំពើគួរស្អប់ខ្ពើមណាមួយក្នុងចំណោមអំពើទាំងនោះឡើយ។ ជាតិសាសន៍ដែលរស់នៅក្នុងស្រុកនេះមុនអ្នករាល់គ្នា បានប្រព្រឹត្តអំពើគួរស្អប់ខ្ពើមទាំងនេះ ជាហេតុបណ្ដាលឲ្យស្រុកទៅជាសៅហ្មង។ ប្រសិនបើអ្នករាល់គ្នាមិនធ្វើឲ្យស្រុកទៅជាសៅហ្មងទេ អ្នករាល់គ្នានឹងមិនត្រូវខ្ចាត់ខ្ចាយចេញពីទឹកដី ដូចប្រជាជាតិដែលរស់នៅទីនេះមុនអ្នករាល់គ្នាឡើយ។ អស់អ្នកដែលប្រព្រឹត្តអំពើណាមួយ ក្នុងចំណោមអំពើគួរស្អប់ខ្ពើមទាំងនេះ នឹងត្រូវដកចេញពីចំណោមប្រជាជនរបស់ខ្លួន។ អ្នករាល់គ្នាត្រូវប្រតិបត្តិតាមបញ្ជារបស់យើង ដោយឥតប្រព្រឹត្តអំពើគួរស្អប់ខ្ពើមណាមួយ ដូចអស់អ្នកដែលរស់នៅក្នុងស្រុកនេះមុនអ្នករាល់គ្នាធ្លាប់ប្រព្រឹត្តឡើយ។ កុំបណ្ដោយខ្លួនឲ្យសៅហ្មង ដោយប្រព្រឹត្តអំពើទាំងនេះឲ្យសោះ។ យើងជាព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា»។
លេវីវិន័យ 18:24-30 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
កុំឲ្យឯងរាល់គ្នានាំឲ្យខ្លួនស្មោកគ្រោក ដោយប្រព្រឹត្តអំពើទាំងនេះណាមួយឡើយ ដ្បិតសាសន៍ដទៃទាំងប៉ុន្មាន ដែលអញបណ្តេញចេញពីមុខឯងរាល់គ្នា នោះបានស្មោកគ្រោកចំពោះអំពើទាំងនេះហើយ ហើយស្រុកគេក៏ត្រូវស្មោកគ្រោកដែរ បានជាអញទំលាក់អំពើទុច្ចរិតរបស់គេទៅលើគេវិញ ឯស្រុកក៏ក្អួតគេចេញទៅផង ដូច្នេះ ឯងរាល់គ្នាវិញ ត្រូវឲ្យកាន់តាមអស់ទាំងច្បាប់ នឹងបញ្ញត្តទាំងប៉ុន្មានរបស់អញ ហើយកុំប្រព្រឹត្តអំពើគួរខ្ពើមឆ្អើមណាមួយនោះឡើយ ទោះទាំងអ្នកស្រុក ឬពួកប្រទេសក្រៅដែលនៅកណ្តាលឯងរាល់គ្នាផង ដ្បិតពួកអ្នកនៅស្រុកនោះដែលអាស្រ័យនៅមុនឯងរាល់គ្នា គេបានប្រព្រឹត្តអស់ទាំងអំពើគួរខ្ពើមឆ្អើមនោះ ហើយស្រុករបស់គេក៏បានត្រូវស្មោកគ្រោកទៅ ដូច្នេះ បើកាលណាឯងរាល់គ្នានាំឲ្យស្រុកនោះទៅជាស្មោកគ្រោកដែរ នោះក្រែងស្រុកនោះនឹងក្អួតឯងរាល់គ្នាចេញទៀត ដូចជាបានក្អួតពួកសាសន៍ដទៃដែលនៅមុនឯងរាល់គ្នាផង ដ្បិតអ្នកណាដែលប្រព្រឹត្តអំពើគួរខ្ពើមឆ្អើមណាមួយនោះ អ្នកនោះឯងនឹងត្រូវកាត់កាល់ពីសាសន៍របស់ខ្លួនចេញ ដូច្នេះ ត្រូវឲ្យឯងរាល់គ្នារក្សាបញ្ញើរបស់អញ ដើម្បីកុំឲ្យប្រព្រឹត្តតាមទំលាប់គួរខ្ពើមទាំងនោះ ដែលគេបានប្រព្រឹត្តមុនឯងរាល់គ្នាឡើយ ហើយដើម្បីកុំឲ្យឯងរាល់គ្នានាំឲ្យខ្លួនស្មោកគ្រោកដោយសារអំពើទាំងនោះផង អញនេះ គឺជាយេហូវ៉ា ជាព្រះនៃឯងរាល់គ្នាហើយ។