យូដាស 1:1-16

យូដាស 1:1-16 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

យូដាស ជា​អ្នក​បម្រើ​របស់​ព្រះ‌យេស៊ូវ‌គ្រីស្ទ ហើយ​ជា​ប្អូន​របស់​លោក​យ៉ាកុប សូម​ជម្រាប​មក​អស់​អ្នក​ដែល​ព្រះ​បាន​ត្រាស់​ហៅ ជា​ពួក​ស្ងួន‌ភ្ងា​ក្នុង​ព្រះ ជា​ព្រះ‌វរ‌បិតា ដែល​បម្រុង​ទុក​សម្រាប់​ព្រះ‌យេស៊ូវ‌គ្រីស្ទ។ សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​សេចក្ដី​មេត្តា‌ករុណា សេចក្ដី​សុខ​សាន្ត និង​សេចក្ដី​ស្រឡាញ់​យ៉ាង​បរិបូរ។ ពួក​ស្ងួន‌ភ្ងា​អើយ កាល​ខ្ញុំ​កំពុង​មាន​បំណង​ចង់​សរសេរ​មក​អ្នក​រាល់​គ្នា អំពី​ការ​សង្គ្រោះ ដែល​យើង​បាន​ទទួល​រួម​គ្នា ខ្ញុំ​យល់​ថា ខ្ញុំ​ត្រូវ​តែ​សរសេរ​មក​ដាស់​តឿន​អ្នក​រាល់​គ្នា​ឲ្យ​ខំ​តយុទ្ធ​ដើម្បី​ជំនឿ ដែល​ព្រះ​បាន​ប្រគល់​មក​ពួក​បរិសុទ្ធ ម្ដង​ជា​សូរេច។ ដ្បិត​មាន​អ្នក​ខ្លះ​បាន​លួច​ចូល​មក ជា​ពួក​អ្នក​ដែល​មាន​ទោស​កត់​ទុក​តាំង​ពី​ដើម ជា​មនុស្ស​ទមិឡ​ល្មើស ដែល​បំផ្លាស់​ព្រះ‌គុណ​របស់​ព្រះ​នៃ​យើង ឲ្យ​ទៅ​ជា​រឿង​អាស‌អាភាស ហើយ​គេ​មិន​ព្រម​ទទួល​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌អម្ចាស់ និង​ជា​ចៅហ្វាយ​តែ​មួយ​របស់​យើង​ទេ។ ឥឡូវ​នេះ ខ្ញុំ​ចង់​រំឭក​អ្នក​រាល់​គ្នា ដែល​បាន​ជ្រាប​សេចក្ដី​ទាំង​នេះ​ម្ដង​រួច​មក​ហើយ​ថា ព្រះ‌អម្ចាស់ ដែល​បាន​សង្គ្រោះ​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ ចេញ​ពី​ស្រុក​អេស៊ីព្ទ ក្រោយ​មក​ព្រះ‌អង្គ​បាន​បំផ្លាញ​អស់​អ្នក​ដែល​មិន​ជឿ ឲ្យ​ត្រូវ​វិនាស។ រីឯ​ពួក​ទេវតា​ដែល​មិន​បាន​រក្សា​សណ្ឋាន​ដើម​របស់​ខ្លួន ជា​ទេវតា​ដែល​ចាក​ចេញ​ពី​លំនៅ​ដ៏​ត្រឹម​ត្រូវ​របស់​ខ្លួន ព្រះ‌អង្គ​បាន​ឃុំ​ក្នុង​ទីងងឹត ទាំង​ជាប់​ចំណង​អស់​កល្ប​ជា‌និច្ច រហូត​ដល់​ពេល​ជំនុំ‌ជម្រះ​នៅ​ថ្ងៃ​ដ៏​ធំ​នោះ ដូច​ជា​ក្រុង​សូដុម ក្រុង​កូម៉ូ‌រ៉ា និង​ក្រុង​ឯ​ទៀតៗ​ដែល​នៅ​ជុំ​វិញ ដែល​គេ​បាន​ប្រគល់​ខ្លួន​ទៅ​ប្រព្រឹត្ត​អំពើ​សហាយ​ស្មន់ ដូច​ជា​ពួក​ទេវតា​ទាំង​នោះ​ដែរ គេ​ដេញ​តាម​សេចក្ដី​ប៉ង​ប្រាថ្នា​ដែល​ផ្ទុយ​ពី​ធម្មជាតិ អ្នក​ទាំង​នោះ​ទទួល​ទណ្ឌ​កម្ម នៅ​ក្នុង​ភ្លើង​ដែល​ឆេះ​អស់​កល្ប​ជា‌និច្ច ទុក​ជា​ការ​ព្រមាន​ដល់​អ្នក​ឯទៀតៗ។ អ្នក​ទាំង​នោះ​ក៏​ដូច្នោះ​ដែរ ពួក​គេ​រវើ‌រវាយ ធ្វើ​ឲ្យ​ខ្លួន​ទៅ​ជា​ស្មោក‌គ្រោក គេ​បដិសេធ​សិទ្ធិ​អំណាច ហើយ​ជេរ​ប្រមាថ​ពួក​ដែល​មាន​សិរីល្អ ។ ប៉ុន្តែ ពេល​មហា​ទេវតា​មីកែល​កំពុង​ជជែក​ជាមួយ​អារក្ស ហើយ​ឈ្លោះ​ប្រ‌កែក​អំពី​សព​របស់​លោក​ម៉ូសេ លោក​មិន​ហ៊ាន​ប្រើ​ពាក្យ​ប្រមាថ និង​ដាក់​ទោស​វា​ផង គឺ​លោក​គ្រាន់​តែ​ពោល​ថា «សូម​ឲ្យ​ព្រះ‌អម្ចាស់​ដាក់​ទោស​ឯង​ចុះ»។ ប៉ុន្តែ អ្នក​ទាំង​នោះ​ហ៊ាន​ជេរ​ប្រមាថ​អ្វីៗ​ដែល​ខ្លួន​មិន​យល់ ហើយ​បំផ្លាញ​ខ្លួន​គេ​ដោយ​សេចក្តី​ទាំង​នោះ ហាក់​ដូច​ជា​សត្វ​តិរច្ឆាន​ដែល​គ្មាន​វិចារណ​ញ្ញាណ។ វេទនា​ដល់​អ្នក​ទាំង​នោះ​ហើយ! ដ្បិត​គេ​បាន​ដើរ​តាម​ផ្លូវ​របស់​កាអ៊ីន ហើយ​បណ្ដោយ​ខ្លួនឲ្យ​ទៅ​រក​សេចក្ដី​ខុស​ឆ្គង​របស់​បាឡាម ព្រោះ​តែ​ចង់​បាន​កម្រៃ ហើយក៏​ត្រូវ​វិនាស​ក្នុង​ការ​បះ‌បោរ​របស់​កូរេ ។ មនុស្ស​ទាំង​នេះ​ជា​ស្នាម​ប្រឡាក់ នៅ​ក្នុង​ពិធី​ដែល​អ្នក​រាល់​គ្នា​ប្រកប​អាហារ​ដោយចិត្ត​ស្រឡាញ់ គេ​ស៊ី​ផឹក​ដោយ​ឥត​ក្រែង គេ​បំពេញ​តែ​ក្រពះ​របស់​គេ គេ​ជា​ពពក​គ្មាន​ទឹក ដែល​រសាត់​តាម​ខ្យល់ ជា​ដើម​ឈើ​គ្មាន​ផ្លែ​ក្នុង​រដូវ​ផ្លែ ជា​សេចក្ដី​ស្លាប់​ពីរ​ដង ហើយ​ត្រូវ​រលើង​ឫស គេ​ជា​រលក​សមុទ្រ​ដ៏​កំណាច ដែល​បក់​បោក​បែក​ពពុះ​ជា​សេចក្ដី​អាម៉ាស់ ជា​ផ្កាយ​វង្វេង​ទិស ដែល​បម្រុង​ឲ្យ​នៅ​ក្នុង​ទី​ងងឹត​សូន្យ​ឈឹង​អស់​កល្ប​ជា‌និច្ច។ ឯ​លោក​ហេ‌ណុក ជា​តំណ​ទី​ប្រាំពីរ​តពី​លោក​អ័ដាម បាន​ថ្លែង​ជា​ទំទាយ​ថា «មើល៍! ព្រះ‌អម្ចាស់​យាង​មក​ជាមួយ​ពួក​បរិសុទ្ធ​របស់​ព្រះ‌អង្គ​ទាំង​សល់​សែន ដើម្បី​ជំនុំ​ជម្រះ​មនុស្ស​ទាំង​អស់ ហើយ​រំឭក​មនុស្ស​ទមិឡ​ល្មើស​ទាំង​ប៉ុន្មានឲ្យ​ដឹង​ខ្លួន ពី​គ្រប់​ទាំង​អំពើ​ទមិឡ​ល្មើស​ដែល​គេ​បាន​ប្រព្រឹត្ត តាម​របៀប​ទមិឡ​ល្មើស និង​ពី​អស់​ទាំង​សេចក្ដី​អាក្រក់ ដែល​មនុស្ស​ទមិឡ​ល្មើស​មាន​បាប​ទាំង​នោះ បាន​ពោល​ទាស់​នឹង​ព្រះ‌អង្គ»។ មនុស្ស​ទាំង​នោះ​ជា​ពួក​ដែល​ចេះ​តែ​រអ៊ូ‌រទាំ ហើយ​ត្អូញ‌ត្អែរ ដោយ​ដើរ​តាម​តែ​សេចក្ដី​ប៉ង​ប្រាថ្នា​របស់​ខ្លួន មាត់របស់​គេ​ពោល​សុទ្ធ​តែ​ពាក្យ​អួត​យ៉ាង​សម្បើម ទាំង​បញ្ចើច​បញ្ចើ​មនុស្ស​ដើម្បី​ផល​ប្រយោជន៍។

ចែក​រំលែក
អាន យូដាស 1

យូដាស 1:1-16 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ខ្ញុំ យូដាស ជា​អ្នក​បម្រើ​របស់​ព្រះ‌យេស៊ូ‌គ្រិស្ត* និង​ជា​ប្អូន​របស់​លោក​យ៉ាកុប សូម​ជម្រាប​មក​បងប្អូន​ដែល​ព្រះ‌ជា‌ម្ចាស់​ជា​ព្រះ‌បិតា​បាន​ត្រាស់​ហៅ គឺ​អ្នក​ដែល​ព្រះអង្គ​ស្រឡាញ់ ហើយ​បម្រុង​ទុក​សម្រាប់​ព្រះ‌យេស៊ូ‌គ្រិស្ត សូម​ជ្រាប។ សូម​ព្រះ‌ជា‌ម្ចាស់​មេត្តា‌ករុណា​ប្រទាន​សេចក្ដី​សុខ‌សាន្ត និង​សេចក្ដី​ស្រឡាញ់​ដល់​បងប្អូន​យ៉ាង​បរិបូណ៌។ បងប្អូន​ជា​ទី​ស្រឡាញ់ ខ្ញុំ​មាន​បំណង​ចង់​សរសេរ​មក​បងប្អូន​អំពី​ការ​សង្គ្រោះ ដែល​យើង​បាន​ទទួល​រួម​គ្នា​នោះ​ខ្លាំង​ណាស់ ហើយ​ក៏​មាន​មូល​ហេតុ​បង្ខំ​ខ្ញុំ​ឲ្យ​សរសេរ​លិខិត​នេះ​មក​ដាស់​តឿន​បងប្អូន ឲ្យ​តយុទ្ធ​ការពារ​ជំនឿ ដែល​ព្រះ‌ជា‌ម្ចាស់​បាន​ប្រទាន​ដល់​ប្រជា‌ជន​ដ៏វិសុទ្ធ* ម្ដង​ជា​សូរេច ដ្បិត​មាន​អ្នក​ខ្លះ​បាន​បន្លំ​ខ្លួន​ចូល​មក​ក្នុង​ចំណោម​បងប្អូន ពួក​គេ​ជា​មនុស្ស​មិន​គោរព​ប្រណិ‌ប័តន៍​ព្រះ‌ជា‌ម្ចាស់ ពួក​គេ​បាន​បង្ខូច​ព្រះ‌គុណ​របស់​ព្រះ​នៃ​យើង ឲ្យ​ក្លាយ​ទៅ​ជា​រឿង​អាស‌អាភាស ហើយ​បដិសេធ​មិន​ព្រម​ទទួល​ស្គាល់​ព្រះ‌យេស៊ូ‌គ្រិស្ត* ជា​ចៅហ្វាយ និង​ជា​ព្រះ‌អម្ចាស់​តែ​មួយ​គត់​របស់​យើង​ដែរ។ អ្នក​ទាំង​នោះ​នឹង​ទទួល​ទោស ដូច​មាន​ចែង​ទុក​ជា​មុន តាំង​ពី​យូរ‌យារ​ណាស់​មក​ហើយ។ បងប្អូន​បាន​ជ្រាប​សេចក្ដី​ទាំង​នេះ​រួច​ស្រេច​ហើយ តែ​ខ្ញុំ​ចង់​រំឭក​បងប្អូន​ថា ក្រោយ​ពេល​ដែល​ព្រះ‌អម្ចាស់​បាន​សង្គ្រោះ​ប្រជា‌រាស្ត្រ​អ៊ីស្រា‌អែល ឲ្យ​ចេញ​ផុត​ពី​ស្រុក​អេស៊ីប​មក ព្រះអង្គ​បាន​ធ្វើ​ឲ្យ​អ្នក​មិន​ព្រម​ជឿ​ត្រូវ​វិនាស​អន្តរាយ។ រីឯ​ពួក​ទេវតា* ដែល​ពុំ​បាន​រក្សា​ឋានៈ​របស់​ខ្លួន តែ​បែរ​ជា​បោះ​បង់​ចោល​លំ‌នៅ​របស់​ខ្លួន​ផ្ទាល់​ទៅ​វិញ​នោះ ព្រះ‌ជា‌ម្ចាស់​បាន​ឃុំ​គេ​ទុក​ក្នុង​ទី​ងងឹត ហើយ​គេ​នៅ​ជាប់​ចំណង​អស់‌កល្ប​ជានិច្ច រង់‌ចាំ​ថ្ងៃ​ដ៏​អស្ចារ្យ​ដែល​ព្រះ‌ជា‌ម្ចាស់​នឹង​វិនិច្ឆ័យ​ទោស។ រីឯ​ក្រុង​សូដុម ក្រុង​កូម៉ូរ៉ា និង​ក្រុង​ឯ​ទៀតៗ​ដែល​នៅ​ជិត​ខាង​ក៏​ដូច្នោះ​ដែរ ពួក​អ្នក​ក្រុង​បាន​នាំ​គ្នា​ប្រព្រឹត្ត​អំពើ​ប្រាស‌ចាក​សីលធម៌ ដូច​ទេវតា​ទាំង​នោះ គឺ​កាត់​រក​រួម​បវេណី​ផ្ទុយ​ពី​ធម្ម‌ជាតិ។ ពួក​គេ​បាន​ទទួល​ទណ្ឌ‌កម្ម នៅ​ក្នុង​ភ្លើង​ដែល​ឆេះ​អស់‌កល្ប​ជានិច្ច ទុក​ជា​ការ​ព្រមាន​ដល់​អ្នក​ឯ​ទៀតៗ។ ពួក​ទាំង​នេះ​ក៏​ប្រព្រឹត្ត​ដូច្នោះ​ដែរ គំនិត​រវើ‌រវាយ​របស់​គេ​បាន​ធ្វើ​ឲ្យ​រូប​កាយ​ខ្លួន​ទៅ​ជា​សៅ‌ហ្មង គេ​មើល‌ងាយ​អំណាច​របស់​ព្រះ‌អម្ចាស់ និង​ជេរ​ប្រមាថ​ពួក​ទេវតា​ដែល​ប្រកប​ដោយ​សិរី‌រុងរឿង។ នៅ​ពេល​មហា​ទេវតា​មីកែល​ប្រកែក​ជា​មួយ​នឹង​មារ* តវ៉ា​អំពី​សព​របស់​លោក​ម៉ូសេ​នោះ លោក​ក៏​ពុំ​ហ៊ាន​ដាក់​ទោស​វា​ដោយ​ជេរ​ប្រមាថ​ឡើយ គឺ​លោក​គ្រាន់​តែ​ពោល​ថា «សូម​ព្រះ‌អម្ចាស់​ដាក់​ទោស​ឯង!»។ រីឯ​អ្នក​ទាំង​នោះ​វិញ គេ​នាំ​គ្នា​ជេរ​ប្រមាថ​អ្វីៗ​ដែល​ខ្លួន​ពុំ​ស្គាល់ ហើយ​អ្វីៗ​ដែល​គេ​ស្គាល់​តាម​សភាវ‌គតិ​ដូច​សត្វ​តិរច្ឆាន បណ្ដាល​ឲ្យ​តែ​ខ្លួន​គេ​ត្រូវ​វិនាស​ប៉ុណ្ណោះ។ អ្នក​ទាំង​នោះ​ត្រូវ​វេទនា​ជា​ពុំ‌ខាន ដ្បិត​គេ​បាន​ដើរ​តាម​ផ្លូវ​របស់​លោក​កាអ៊ីន។ ពួក​គេ​បាន​បណ្ដោយ​ខ្លួន​ឲ្យ​វង្វេង ដូច​លោក​បាឡាម ព្រោះ​តែ​ចង់​បាន​ប្រាក់ ពួក​គេ​ក៏​វិនាស​អន្តរាយ ព្រោះ​តែ​ការ​បះ‌បោរ ដូច​លោក​កូរេ​ដែរ។ នៅ​ពេល​បងប្អូន​បរិភោគ​អាហារ​រួម​គ្នា​ដោយ​ចិត្ត​ស្រឡាញ់ អ្នក​ទាំង​នោះ​បាន​ធ្វើ​ឲ្យ​មាន​ល្អក់‌កករ គឺ​គេ​នាំ​គ្នា​ស៊ី​ផឹក​បំពេញ​ក្រពះ ឥត​អៀន​ខ្មាស​ទាល់​តែ​សោះ។ ពួក​គេ​ប្រៀប​បាន​ទៅ​នឹង​ពពក​ឥត​មាន​ភ្លៀង ដែល​រសាត់​តាម​ខ្យល់ ប្រៀប​បាន​នឹង​ដើម​ឈើ​គ្មាន​ផ្លែ​ក្នុង​រដូវ​ផ្លែ ហើយ​ជា​ដើម​ឈើ​រលើង​ឫស ដែល​ងាប់​ពីរ​ដង​ទៅ​ហើយ ពួក​គេ​ប្រៀប​បី​ដូច​ជា​រលក​សមុទ្រ​ដ៏​កំណាច បក់​បោក​បែក​ពពុះ គួរ​ឲ្យ​អៀន​ខ្លួន។ ពួក​គេ​ប្រៀប​បាន​ទៅ​នឹង​ផ្កាយ​វង្វេង​ទិស ដែល​ព្រះ‌ជា‌ម្ចាស់​បម្រុង​ទុក​ឲ្យ​ស្ថិត​នៅ​ក្នុង​ទី​ងងឹត​សូន្យ‌សុង អស់‌កល្ប​ជានិច្ច!។ លោក​ហេណុក ដែល​ជា​បុព្វបុរស​តំណ​ទី​ប្រាំ‌ពីរ​ក្រោយ​លោក​អដាំ បាន​ថ្លែង​ទុក​អំពី​អ្នក​ទាំង​នោះ​ដូច​ត​ទៅ៖ «មើល! ព្រះ‌អម្ចាស់​យាង​មក​ជា​មួយ​ប្រជា‌ជន​ដ៏វិសុទ្ធ*​របស់​ព្រះអង្គ ដែល​មាន​ចំនួន​ដ៏​ច្រើន​អនេក‌អនន្ត ដើម្បី​វិនិច្ឆ័យ​ទោស​មនុស្ស​ទួទៅ និង​បង្ហាញ​ឲ្យ​មនុស្ស​ទាំង​អស់ ដែល​មិន​គោរព​ប្រណិ‌ប័តន៍​ព្រះ‌ជា‌ម្ចាស់ ដឹង​កំហុស​របស់​ខ្លួន ហើយ​ឲ្យ​អ្នក​បាប​ទាំង​នោះ​ដឹង​អំពី​ពាក្យ​សម្ដី​ទាំង​ប៉ុន្មាន ដែល​គេ​បាន​ពោល​ប្រឆាំង​នឹង​ព្រះអង្គ»។ ពួក​គេ​ជា​មនុស្ស​រអ៊ូ‌រទាំ មិន​ដែល​សប្បាយ​ចិត្ត​សោះ គេ​ប្រព្រឹត្ត​តាម​ចិត្ត​លោភ‌លន់​របស់​ខ្លួន។ ពាក្យ​សម្ដី​របស់​គេ​ចេញ​មក​សុទ្ធ​តែ​ជា​ពាក្យ​អួត​ដ៏​សម្បើម ហើយ​គេ​តែងតែ​បញ្ចើច‌បញ្ចើ​អ្នក​ដទៃ ដើម្បី​រក​ប្រយោជន៍​ផ្ទាល់​ខ្លួន។

ចែក​រំលែក
អាន យូដាស 1

យូដាស 1:1-16 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

សំបុត្រ​យូដាស ជា​បាវ​បំរើ​របស់​ព្រះ‌យេស៊ូវ​គ្រីស្ទ ហើយ​ជា​ប្អូន​យ៉ាកុប ខ្ញុំ​ផ្ញើ​មក​ពួក​អ្នក​ដែល​ព្រះ​បាន​ហៅ ជា​ពួក​អ្នក​ស្ងួន‌ភ្ងា​ក្នុង​ព្រះ​ដ៏​ជា​ព្រះវរ‌បិតា ដែល​បំរុង​ទុក​ក្នុង​ព្រះ‌យេស៊ូវ​គ្រីស្ទ សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​សេចក្ដី​មេត្តា‌ករុណា សេចក្ដី​សុខ‌សាន្ត នឹង​សេចក្ដី​ស្រឡាញ់​កាន់​តែ​ច្រើន​ឡើង។ ពួក​ស្ងួន‌ភ្ងា​អើយ កំពុង​ដែល​ខ្ញុំ​ខ្មី‌ឃ្មាត​សរសេរ​ពី​សេចក្ដី​សង្គ្រោះ ដែល​សំរាប់​យើង​ទាំង​អស់​គ្នា នោះ​ខ្ញុំ​មាន​សេចក្ដី​បង្ខំ​នឹង​សរសេរ ផ្ញើ​មក​អ្នក​រាល់​គ្នា ទាំង​ទូន្មាន​ឲ្យ​ខំ​ត‌យុទ្ធ ដើម្បី​ការ‌ពារ​សេចក្ដី​ជំនឿ ដែល​បាន​ប្រគល់​មក​ពួក​បរិសុទ្ធ​១​ដង​ជា​សំរេច ដ្បិត​មាន​មនុស្ស​ខ្លះ​បាន​លួច​ចូល គឺ​ជា​ពួក​អ្នក​ដែល​មាន​ទោស​កត់​ទុក តាំង​ពី​ដើម​មក ជា​មនុស្ស​ទមិល​ល្មើស ដែល​បំផ្លាស់​ព្រះ‌គុណ​របស់​ព្រះ​នៃ​យើង​រាល់​គ្នា ឲ្យ​ទៅ​ជា​សេចក្ដី​អាស‌អាភាស ហើយ​គេ​មិន​ព្រម​ទទួល​ព្រះ‌អម្ចាស់​យេស៊ូវ‌គ្រីស្ទ​នៃ​យើង ដែល​ទ្រង់​ជា​ម្ចាស់​តែ​១​ផង​ទេ។ ខ្ញុំ​ចង់​រំឭក​ដល់​អ្នក​រាល់​គ្នា ដែល​បាន​ជ្រាប​សេចក្ដី​ទាំង​នេះ​ម្តង​ហើយ​ថា ក្រោយ​ដែល​ព្រះ‌អម្ចាស់​បាន​ជួយ​សង្គ្រោះ​រាស្ត្រ​ទ្រង់ ឲ្យ​រួច​ពី​ស្រុក​អេស៊ីព្ទ​មក នោះ​ទ្រង់​បាន​បំផ្លាញ​ពួក​អ្នក​ដែល​មិន​ជឿ​វិញ ទោះ​ទាំង​ពួក​ទេវតា​ដែល​មិន​បាន​រក្សា​សណ្ឋាន​ដើម​របស់​ខ្លួន គឺ​ជា​ទេវតា​ដែល​បោះ​បង់​ចោល​ទី​លំនៅ​ចេញ នោះ​ទ្រង់​បាន​ឃុំ​ក្នុង​សេចក្ដី​ងងឹត ទាំង​ជាប់​ចំណង​អស់​‌កល្ប​ជានិច្ច ទុក​សំរាប់​នឹង​ជំនុំ‌ជំរះ​នៅ​ថ្ងៃ​ដ៏​ធំ​នោះ ដូច​ជា​ក្រុង​សូដុំម នឹង​ក្រុង​កូម៉ូរ៉ា ហើយ​អស់​ទាំង​ទី​ក្រុង​នៅ​ជុំ‌វិញ​ដែរ ដែល​គេ​បាន​ប្រគល់​ខ្លួន​ទៅ​ប្រព្រឹត្ត​សេចក្ដី​កំផិត​ដូច​គ្នា ទាំង​បណ្តោយ​ទៅ​តាម​សាច់​ដទៃ ហើយ​ទ្រង់​បាន​តាំង​អ្នក​ទាំង​នោះ​ទុក​ជា​ក្បួន ឲ្យ​គេ​រង​ទុក្ខ​ទោស ក្នុង​ភ្លើង​ដ៏​ឆេះ​អស់​‌កល្ប​ជានិច្ច ទោះ​បើ​មាន​ក្បួន​ដូច្នោះ​ហើយ គង់​តែ​មនុស្ស​ទាំង​នេះ​ធ្វើ​ឲ្យ​ខ្លួន​ស្មោក‌គ្រោក​វិញ ដោយ​នឹក​តែ​ពី​ផ្លូវ​ខូច​អាក្រក់ ទាំង​មើល‌ងាយ​ដល់​អស់​ទាំង​អំណាច​គ្រប់‌គ្រង ហើយ​ជេរ​ប្រមាថ​ដល់​ពួក​ប្រសើរ​ឧត្តម​ផង រីឯ​មីកែល ជា​មហា​ទេវតា លោក​មិន​ហ៊ាន​ប្តឹង​ប្រមាថ​ដល់​អារក្ស ក្នុង​កាល​ដែល​កំពុង​តែ​ជជែក​នឹង​វា ទាំង​ប្រកែក​ពី​ដំណើរ​សព​របស់​លោក​ម៉ូសេ​នោះ​ទេ គឺ​បាន​និយាយ​ដូច្នេះ​វិញ​ថា សូម​ឲ្យ​ព្រះ‌អម្ចាស់​បន្ទោស​ឯង​ចុះ តែ​ពួក​នោះ គេ​ហ៊ាន​ជេរ​ប្រមាថ​ដល់​ទាំង​អ្វីៗ ដែល​គេ​មិន​ស្គាល់​ផង ព្រម​ទាំង​បង្ខូច​ខ្លួន ក្នុង​ការ​អ្វី​ដែល​គេ​យល់​ដោយ​ធម្មតា​វិញ ហាក់​ដូច​ជា​សត្វ​តិរច្ឆាន វេទនា​ដល់​មនុស្ស​ទាំង​នោះ ពី​ព្រោះ​គេ​បាន​ទៅ​តាម​ផ្លូវ​របស់​កាអ៊ីន ក៏​ស្ទុះ​ទៅ​ក្នុង​សេចក្ដី​ខុស‌ឆ្គង​របស់​បាឡាម ឲ្យ​តែ​បាន​កំរៃ ហើយ​គេ​ត្រូវ​វិនាស​ក្នុង​ការ​បះ‌បោរ​របស់​កូរេ​ទៅ ពួក​នោះ​ជា​ដុំ​ស្មោក‌គ្រោក ក្នុង​ពេល​ដែល​អ្នក​រាល់​គ្នា​បរិភោគ ជា​មួយ​គ្នា​ដោយ​ស្រឡាញ់ គេ​បរិភោគ​ជា​មួយ​ឥត​ខ្លាច ទាំង​ចិញ្ចឹម​តែ​ខ្លួន​គេ គេ​ជា​ពពក​ឥត​ទឹក ដែល​ត្រូវ​ខ្យល់​បក់​ផាត់​ទៅ​មក ជា​ដើម​ឈើ​ឥត​ផ្លែ​ក្នុង​រដូវ​កាល ដែល​ស្លាប់​២​ដង​រួច​ហើយ ក៏​ត្រូវ​រលើង​ផង គេ​ជា​រលក​សមុទ្រ​យ៉ាង​សំបើម ដែល​បែក​ពពុះ ចេញ​ជា​សេចក្ដី​អាម៉ាស់​ខ្មាស​របស់​គេ ក៏​ជា​ផ្កាយ​មិន​ទៀង ដែល​សេចក្ដី​ងងឹត​សូន្យ​ឈឹង​អស់​‌កល្ប​ជានិច្ច បាន​បំរុង​ទុក​ឲ្យ​គេ ឯ​ហេណុក ជា​ដំណ​ទី​៧​ពី​លោក​អ័ដាម​មក គាត់​បាន​ទាយ​ពី​មនុស្ស​ទាំង​នោះ​ថា មើល ព្រះ‌អម្ចាស់​ទ្រង់​យាង​មក នៅ​កណ្តាល​ពួក​បរិសុទ្ធ​ទ្រង់​ទាំង​សល់​សែន ដើម្បី​នឹង​កាត់​ទោស​ដល់​គ្រប់​មនុស្ស​ទាំង‌ឡាយ ហើយ​នឹង​រំឭក​ពួក​ទមិល​ល្មើស​ទាំង​អំបាល‌ម៉ាន ឲ្យ​ដឹង​ខ្លួន​ពី​គ្រប់​ទាំង​ការ​ទមិល​ល្មើស ដែល​គេ​បាន​ប្រព្រឹត្ត​ធ្វើ ដោយ​ចិត្ត​ល្មើស ហើយ​ពី​អស់​ទាំង​សេចក្ដី​រឹង‌ទទឹង​ទាំង​ប៉ុន្មាន ដែល​អស់​ពួក​ទមិល​ល្មើស​ដ៏​មាន​បាប​ទាំង​នោះ បាន​ពោល​ទាស់​នឹង​ទ្រង់ មនុស្ស​ទាំង​នោះ​ជា​ពួក​ដែល​ចេះ​តែ​រទូ‌រទាំ ហើយ​ត្អូញ‌ត្អែរ ដែល​ដើរ​តាម​តែ​សេចក្ដី​ប៉ង‌ប្រាថ្នា​របស់​ខ្លួន ហើយ​មាត់​គេ​ពោល​សុទ្ធ​តែ​ពាក្យ​អំនួត​អួត​យ៉ាង​សំបើម គេ​រាប់​អាន​មនុស្ស ឲ្យ​តែ​បាន​កំរៃ​ទេ។

ចែក​រំលែក
អាន យូដាស 1