យូដាស ជាអ្នកបម្រើរបស់ព្រះយេស៊ូវគ្រីស្ទ ហើយជាប្អូនរបស់លោកយ៉ាកុប សូមជម្រាបមកអស់អ្នកដែលព្រះបានត្រាស់ហៅ ជាពួកស្ងួនភ្ងាក្នុងព្រះ ជាព្រះវរបិតា ដែលបម្រុងទុកសម្រាប់ព្រះយេស៊ូវគ្រីស្ទ។ សូមឲ្យអ្នករាល់គ្នាបានប្រកបដោយសេចក្ដីមេត្តាករុណា សេចក្ដីសុខសាន្ត និងសេចក្ដីស្រឡាញ់យ៉ាងបរិបូរ។ ពួកស្ងួនភ្ងាអើយ កាលខ្ញុំកំពុងមានបំណងចង់សរសេរមកអ្នករាល់គ្នា អំពីការសង្គ្រោះ ដែលយើងបានទទួលរួមគ្នា ខ្ញុំយល់ថា ខ្ញុំត្រូវតែសរសេរមកដាស់តឿនអ្នករាល់គ្នាឲ្យខំតយុទ្ធដើម្បីជំនឿ ដែលព្រះបានប្រគល់មកពួកបរិសុទ្ធ ម្ដងជាសូរេច។ ដ្បិតមានអ្នកខ្លះបានលួចចូលមក ជាពួកអ្នកដែលមានទោសកត់ទុកតាំងពីដើម ជាមនុស្សទមិឡល្មើស ដែលបំផ្លាស់ព្រះគុណរបស់ព្រះនៃយើង ឲ្យទៅជារឿងអាសអាភាស ហើយគេមិនព្រមទទួលព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់ និងជាចៅហ្វាយតែមួយរបស់យើងទេ។ ឥឡូវនេះ ខ្ញុំចង់រំឭកអ្នករាល់គ្នា ដែលបានជ្រាបសេចក្ដីទាំងនេះម្ដងរួចមកហើយថា ព្រះអម្ចាស់ ដែលបានសង្គ្រោះប្រជារាស្ត្ររបស់ព្រះអង្គ ចេញពីស្រុកអេស៊ីព្ទ ក្រោយមកព្រះអង្គបានបំផ្លាញអស់អ្នកដែលមិនជឿ ឲ្យត្រូវវិនាស។ រីឯពួកទេវតាដែលមិនបានរក្សាសណ្ឋានដើមរបស់ខ្លួន ជាទេវតាដែលចាកចេញពីលំនៅដ៏ត្រឹមត្រូវរបស់ខ្លួន ព្រះអង្គបានឃុំក្នុងទីងងឹត ទាំងជាប់ចំណងអស់កល្បជានិច្ច រហូតដល់ពេលជំនុំជម្រះនៅថ្ងៃដ៏ធំនោះ ដូចជាក្រុងសូដុម ក្រុងកូម៉ូរ៉ា និងក្រុងឯទៀតៗដែលនៅជុំវិញ ដែលគេបានប្រគល់ខ្លួនទៅប្រព្រឹត្តអំពើសហាយស្មន់ ដូចជាពួកទេវតាទាំងនោះដែរ គេដេញតាមសេចក្ដីប៉ងប្រាថ្នាដែលផ្ទុយពីធម្មជាតិ អ្នកទាំងនោះទទួលទណ្ឌកម្ម នៅក្នុងភ្លើងដែលឆេះអស់កល្បជានិច្ច ទុកជាការព្រមានដល់អ្នកឯទៀតៗ។ អ្នកទាំងនោះក៏ដូច្នោះដែរ ពួកគេរវើរវាយ ធ្វើឲ្យខ្លួនទៅជាស្មោកគ្រោក គេបដិសេធសិទ្ធិអំណាច ហើយជេរប្រមាថពួកដែលមានសិរីល្អ ។ ប៉ុន្តែ ពេលមហាទេវតាមីកែលកំពុងជជែកជាមួយអារក្ស ហើយឈ្លោះប្រកែកអំពីសពរបស់លោកម៉ូសេ លោកមិនហ៊ានប្រើពាក្យប្រមាថ និងដាក់ទោសវាផង គឺលោកគ្រាន់តែពោលថា «សូមឲ្យព្រះអម្ចាស់ដាក់ទោសឯងចុះ»។ ប៉ុន្តែ អ្នកទាំងនោះហ៊ានជេរប្រមាថអ្វីៗដែលខ្លួនមិនយល់ ហើយបំផ្លាញខ្លួនគេដោយសេចក្តីទាំងនោះ ហាក់ដូចជាសត្វតិរច្ឆានដែលគ្មានវិចារណញ្ញាណ។ វេទនាដល់អ្នកទាំងនោះហើយ! ដ្បិតគេបានដើរតាមផ្លូវរបស់កាអ៊ីន ហើយបណ្ដោយខ្លួនឲ្យទៅរកសេចក្ដីខុសឆ្គងរបស់បាឡាម ព្រោះតែចង់បានកម្រៃ ហើយក៏ត្រូវវិនាសក្នុងការបះបោររបស់កូរេ ។ មនុស្សទាំងនេះជាស្នាមប្រឡាក់ នៅក្នុងពិធីដែលអ្នករាល់គ្នាប្រកបអាហារដោយចិត្តស្រឡាញ់ គេស៊ីផឹកដោយឥតក្រែង គេបំពេញតែក្រពះរបស់គេ គេជាពពកគ្មានទឹក ដែលរសាត់តាមខ្យល់ ជាដើមឈើគ្មានផ្លែក្នុងរដូវផ្លែ ជាសេចក្ដីស្លាប់ពីរដង ហើយត្រូវរលើងឫស គេជារលកសមុទ្រដ៏កំណាច ដែលបក់បោកបែកពពុះជាសេចក្ដីអាម៉ាស់ ជាផ្កាយវង្វេងទិស ដែលបម្រុងឲ្យនៅក្នុងទីងងឹតសូន្យឈឹងអស់កល្បជានិច្ច។ ឯលោកហេណុក ជាតំណទីប្រាំពីរតពីលោកអ័ដាម បានថ្លែងជាទំទាយថា «មើល៍! ព្រះអម្ចាស់យាងមកជាមួយពួកបរិសុទ្ធរបស់ព្រះអង្គទាំងសល់សែន ដើម្បីជំនុំជម្រះមនុស្សទាំងអស់ ហើយរំឭកមនុស្សទមិឡល្មើសទាំងប៉ុន្មានឲ្យដឹងខ្លួន ពីគ្រប់ទាំងអំពើទមិឡល្មើសដែលគេបានប្រព្រឹត្ត តាមរបៀបទមិឡល្មើស និងពីអស់ទាំងសេចក្ដីអាក្រក់ ដែលមនុស្សទមិឡល្មើសមានបាបទាំងនោះ បានពោលទាស់នឹងព្រះអង្គ»។ មនុស្សទាំងនោះជាពួកដែលចេះតែរអ៊ូរទាំ ហើយត្អូញត្អែរ ដោយដើរតាមតែសេចក្ដីប៉ងប្រាថ្នារបស់ខ្លួន មាត់របស់គេពោលសុទ្ធតែពាក្យអួតយ៉ាងសម្បើម ទាំងបញ្ចើចបញ្ចើមនុស្សដើម្បីផលប្រយោជន៍។
អាន យូដាស 1
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: យូដាស 1:1-16
12 ថ្ងៃ
“តស៊ូដើម្បីសេចក្តីជំនឿ” នេះនិយាយអំពីសំបុត្រខ្លីៗប៉ុន្តែដោយផ្ទាល់ពីយូដាសទៅកាន់គ្រីស្ទបរិស័ទប្រឆាំងនឹងគ្រូក្លែងក្លាយដែលបានចូលព្រះវិហារដោយមិនបានកត់សម្គាល់។ ការធ្វើដំណើរជារៀងរាល់ថ្ងៃតាមរយៈយូដាស ពេលអ្នកស្តាប់ការសិក្សាជាសំឡេង ហើយអានខគម្ពីរដែលបានជ្រើសរើសពីព្រះបន្ទូលរបស់ព្រះ។
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ