យ៉ូស្វេ 2:8-11

យ៉ូស្វេ 2:8-11 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

កាល​អ្នក​ទាំង​ពីរ​មិន​ទាន់​ដេក​នៅ​ឡើយ នាង​ក៏​ឡើង​ទៅ​ជួប​គេ​នៅ​លើ​ដំបូល ហើយ​និយាយ​ទៅ​កាន់​បុរស​នោះ​ថា៖ «ខ្ញុំ​ដឹង​ថា ព្រះ‌យេហូវ៉ា​បាន​ប្រគល់​ស្រុក​នេះ​ដល់​ពួក​លោក ហើយ​ថា យើង​មាន​ការ​ភ័យ‌ខ្លាច​ចំពោះ​ពួក​លោកជា​ខ្លាំង ឯ​អ្នក​ស្រុក​ទាំង​ប៉ុន្មាន​ញ័​រន្ធត់​នៅ​មុខ​ពួក​លោក។ ដ្បិត​យើង​បាន​ឮ​ពី​ការ​ដែល​ព្រះ‌យេហូវ៉ា​បាន​ធ្វើ​ឲ្យ​ទឹក​សមុទ្រ​ក្រហម រីង​ទៅ នៅ​មុខ​ពួក​លោក ពេល​ពួក​លោក​ចេញ​ពី​ស្រុក​អេស៊ីព្ទ និង​ពី​ការ​ដែល​ពួក​លោក​បាន​ធ្វើ​ចំពោះ​ស្តេច​ទាំង​ពីរ​អង្គ​របស់​សាសន៍​អាម៉ូរី នៅ​ខាង​នាយ​ទន្លេ​យ័រដាន់ គឺ​ដល់​ព្រះ​បាទ​ស៊ីហុន និង​ព្រះ​បាទ​អុក ដែល​ពួក​លោក​បាន​បំផ្លាញ​ទាំង​ស្រុង។ កាល​យើង​ខ្ញុំ​បាន​ឮភ្លាម ចិត្ត​យើង​ខ្ញុំ​បាន​រលាយ​អស់ ហើយ​នៅ​ក្នុង​ខ្លួន​មនុស្ស​ម្នាក់ៗ​គ្មាន​ព្រលឹង​ទេ ដោយ​ព្រោះ​តែ​ពួក​លោក ដ្បិត​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​ពួក​លោក ព្រះ‌អង្គ​ជា​ព្រះ​គង់​នៅ​ស្ថាន​សួគ៌​ខាង​លើ ហើយ​ក៏​គង់​នៅ​លើ​ផែន‌ដី​ខាង​ក្រោមដែរ។

ចែក​រំលែក
អាន យ៉ូស្វេ 2

យ៉ូស្វេ 2:8-11 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

នាង​បាន​ឡើង​ទៅ​ជួប​អ្នក​ស៊ើប‌ការណ៍​ទាំង​ពីរ​នៅ​លើ​ដំបូល​ផ្ទះ មុន​ពួក​គេ​ចូល​ដំណេក ហើយ​ក៏​និយាយ​ទៅ​កាន់​គេ​ថា៖ «នាង​ខ្ញុំ​ដឹង​ហើយ​ថា ព្រះ‌អម្ចាស់​ប្រគល់​ស្រុក​នេះ​ដល់​ពួក​លោក។ ពួក​លោក​ធ្វើ​ឲ្យ​យើង​ខ្ញុំ​តក់‌ស្លុត​ជា​ខ្លាំង ហើយ​អ្នក​ស្រុក​ទាំង​មូល​បាក់​ទឹក​ចិត្ត​នៅ​ចំពោះ​មុខ​ពួក​លោក ដ្បិត​យើង​បាន​ឮ​គេ​និយាយ​ថា ព្រះ‌អម្ចាស់​ធ្វើ​ឲ្យ​សមុទ្រ​កក់​រីង​ស្ងួត​នៅ​ចំពោះ​មុខ​ពួក​លោក នៅ​គ្រា​ដែល​ពួក​លោក​ចាក​ចេញ​ពី​ស្រុក​អេស៊ីប។ យើង​ក៏​ដឹង​ដែរ​ថា ពួក​លោក​បាន​ប្រព្រឹត្ត​បែប​ណា​ចំពោះ​ព្រះ‌បាទ​ស៊ីហុន និង​ព្រះ‌បាទ​អុក ជា​ស្ដេច​របស់​ជន‌ជាតិ​អាម៉ូរី នៅ​ខាង​កើត​ទន្លេ​យ័រដាន់ គឺ​ពួក​លោក​បាន​បំផ្លាញ​ថ្វាយ​ផ្ដាច់​ដល់​ព្រះ‌អម្ចាស់។ ពេល​ឮ​គេ​និយាយ​ដូច្នេះ យើង​ខ្ញុំ​ក៏​អស់​ទឹក​ចិត្ត ហើយ​ម្នាក់ៗ​ដូច​ជា​លស់​ព្រលឹង​នៅ​ចំពោះ​មុខ​ពួក​លោក ដ្បិត​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ពួក​លោក ជា​ព្រះ​ដែល​គង់​នៅ​លើ​មេឃ​ដ៏​ខ្ពស់​បំផុត ហើយ​ព្រះអង្គ​ក៏​គង់​នៅ​ផែនដី​ខាង​ក្រោម​នេះ​ដែរ។

ចែក​រំលែក
អាន យ៉ូស្វេ 2

យ៉ូស្វេ 2:8-11 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

រួច​កាល​អ្នក​ទាំង​២​មិន​ទាន់​ដេក​នៅ​ឡើយ នោះ​នាង​ក៏​ឡើង​ទៅ​ឯ​គេ​នៅ​លើ​ដំបូល និយាយ​ថា ខ្ញុំ​ដឹង​ថា​ព្រះ‌យេហូវ៉ា​បាន​ប្រទាន​ស្រុក​នេះ​ដល់​អ្នក​រាល់​គ្នា​ហើយ ១​ទៀត​សេចក្ដី​ស្ញែង‌ខ្លាច​របស់​អ្នក​រាល់​គ្នា បាន​ធ្លាក់​មក​លើ​យើង​ដែរ ឯ​អ្នក​ស្រុក​ទាំង​ប៉ុន្មាន គេ​នឹង​រលាយ​បាត់​ចេញ​ពី​មុខ​អ្នក​រាល់​គ្នា​ទៅ ដ្បិត​យើង​បាន​ឮ​ពី​ការ​ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​ធ្វើ​ឲ្យ​ទឹក​សមុទ្រ​ក្រហម​រីង​ទៅ នៅ​មុខ​អ្នក​រាល់​គ្នា ក្នុង​កាល​ដែល​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក ហើយ​ពី​ការ​ដែល​អ្នក​រាល់​គ្នា​បាន​ធ្វើ ដល់​ស្តេច​សាសន៍​អាម៉ូរី​ទាំង​២​អង្គ នៅ​ខាង​នាយ​ទន្លេ​យ័រដាន់​នោះ​ដែរ គឺ​ដល់​ស៊ីហុន ហើយ​នឹង​អុក ដែល​អ្នក​រាល់​គ្នា​បាន​បំផ្លាញ​អស់​រលីង​ទៅ កាល​យើង​ខ្ញុំ​បាន​ឮ នោះ​ចិត្ត​យើង​ខ្ញុំ​បាន​រលត់​ទៅ​ភ្លាម គ្មាន​វិញ្ញាណ​នៅ​ក្នុង​មនុស្ស​ណា​ទៀត​សោះ ដោយ​ព្រោះ​អ្នក​រាល់​គ្នា ដ្បិត​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា ទ្រង់​ជា​ព្រះ​លើ​ស្ថាន​សួគ៌ ហើយ​ជា​ព្រះ​លើ​ផែនដី​ផង

ចែក​រំលែក
អាន យ៉ូស្វេ 2