យ៉ូស្វេ 2:15-24

យ៉ូស្វេ 2:15-24 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

បន្ទាប់​មក នាង​ក៏​សម្រូត​គេ​ដោយ​ខ្សែ​ចុះ​តាម​បង្អួច ដ្បិត​ផ្ទះ​របស់​នាង​សង់​នៅ​លើ​កំផែង​ទី​ក្រុង ហើយ​នាង​រស់​នៅ​ចំ​ពី​លើ​កំផែង​នោះ។ នាង​និយាយ​ទៅ​កាន់​អ្នក​ទាំង​ពីរ​ថា៖ «សូម​ទៅ​ឯ​ស្រុក​ភ្នំ​ទៅ ក្រែង​ពួក​អ្នក​ដេញ​តាម​ជួប​ប្រទះ​នឹង​ពួក​លោក។ សូម​ពួន​នៅ​ទី​នោះ​បី​ថ្ងៃ រហូត​ដល់​ពួក​អ្នក​ដេញតាម​ត្រឡប់​មក​វិញ រួច​សឹម​ពួក​លោក​បន្ត​ដំណើរ​ទៅ​ទៀត»។ អ្នក​ទាំង​ពីរ​និយាយ​ទៅ​នាង​ថា៖ «យើង​នឹង​បាន​រួច​ពី​ពាក្យ​សម្បថ​នេះ ដែល​នាង​បាន​សុំ​ឲ្យ​យើង​ស្បថ។ មើល៍ កាល​ណា​យើង​ចូល​មក​ក្នុង​ស្រុក​នេះ នាង​ត្រូវ​ចង​ខ្សែ​ក្រហម​នេះ​ជាប់​នឹង​បង្អួច ដែល​នាង​បាន​សម្រូត​យើង​ចុះមក​នោះ ហើយ​នាង​ត្រូវ​ប្រមូល​ឪពុក​ម្តាយ បង​ប្អូន និង​ក្រុម​គ្រួសារ​របស់​ឪពុក​នាង​ទាំង​អស់ មក​ជួប​ជុំ​នៅ​ក្នុង​ផ្ទះ​របស់​នាង។ ប្រសិន‌បើ​មាន​អ្នក​ណា​ម្នាក់​ចេញ​ពី​ទ្វារ​ផ្ទះ​របស់​នាង ទៅ​តាម​ដង​ផ្លូវ នោះ​ឈាម​របស់​គេ​នឹង​ធ្លាក់​លើ​ក្បាល​របស់​គេ ឯ​យើង​គ្មាន​ទោស​ទេ។ ប៉ុន្ដែ ប្រសិន‌បើ​មាន​ដៃ​ណា​ដាក់​លើ​អ្នក​ណា​ម្នាក់​ដែល​នៅ​ក្នុង​ផ្ទះ​ជា​មួយ​នាង នោះ​ឈាម​របស់​គេ​នឹង​ធ្លាក់​មក​លើ​ក្បាល​យើង​វិញ។ ប៉ុន្ដែ ប្រសិន‌បើ​នាង​និយាយ​រឿង​របស់​យើង​នេះ​ប្រាប់​គេ យើង​នឹង​រួច​ពី​សម្បថ​នេះ ដែល​នាង​បាន​សុំ​ឲ្យ​យើង​ស្បថ»។ នាង​ឆ្លើយ​ថា៖ «ដូច្នេះ សូម​ឲ្យ​សម្រេច​តាម​ពាក្យ​របស់​លោក​ចុះ»។ បន្ទាប់​មក នាង​សុំ​ឲ្យ​គេ​ចេញ​ទៅ រួច​គេ​ក៏​ចេញ​ដំណើរ​ទៅ។ នាងបាន​ចង​ខ្សែ​ក្រហម​នៅ​ជាប់​នឹង​បង្អួច។ អ្នក​ទាំង​ពីរ​ក៏​ចេញ​ទៅ​ឯ​ស្រុក​ភ្នំ ហើយ​ស្នាក់​នៅ​ទី​នោះ​អស់​បី​ថ្ងៃ រហូត​ទាល់​តែ​ពួក​អ្នក​ដេញ​តាមបាន​វិល​ត្រឡប់​មក​វិញ ក្រោយ​ពេល​ដែល​ពួក​គេ​បានស្វែង​រក​សព្វ​តាម​ផ្លូវ ហើយ​រក​មិន​ឃើញ​សោះ។ បន្ទាប់​មក អ្នក​ទាំង​ពីរ​បាន​វិល​ត្រឡប់ គឺ​គេ​ចុះ​ពី​ស្រុក​ភ្នំ ឆ្លងទន្លេយ័រដាន់ វិល​ទៅ​ជួប​លោក​យ៉ូស្វេ ជា​កូន​របស់​លោក​នុន ហើយ​រៀប​រាប់​ប្រាប់​ពី​គ្រប់​ទាំង​ហេតុ​ការណ៍ ដែល​បាន​កើត​ឡើង​ដល់​ពួក​គេ។ គេ​ជម្រាប​លោក​យ៉ូស្វេ​ថា៖ «ព្រះ‌យេហូវ៉ា​ពិត​ជា​បាន​ប្រគល់​ស្រុក​នោះ​ទាំង​មូល​មក​ក្នុង​កណ្ដាប់​របស់​ដៃ​យើង​មែន ហើយ​សូម្បី​តែ​អ្នក​ស្រុក​នោះ​ទាំង​ប៉ុន្មាន​ក៏​ញ័រ​រន្ធត់ ព្រោះ​តែ​យើង​ដែរ»។

ចែក​រំលែក
អាន យ៉ូស្វេ 2

យ៉ូស្វេ 2:15-24 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

បន្ទាប់​មក នាង​បាន​ដាក់​ខ្សែ‌ពួរ​ឲ្យ​បុរស​ទាំង​ពីរ​ចុះ​តាម​បង្អួច ព្រោះ​ផ្ទះ​របស់​នាង​សង់​ជាប់​នឹង​កំពែង​ក្រុង គឺ​ស្ថិត​នៅ​លើ​កំពែង​នោះ​តែ​ម្ដង។ នាង​និយាយ​ទៅ​កាន់​បុរស​ទាំង​ពីរ​ថា៖ «សូម​រត់​ទៅ​កាន់​ភ្នំ​ទៅ ដើម្បី​កុំ​ឲ្យ​គេ​ដេញ​តាម​ទាន់! សូម​ពួន​នៅ​ទី​នោះ​ចំនួន​បី​ថ្ងៃ ចាំ​ពួក​អ្នក​ដែល​ដេញ​តាម​ត្រឡប់​មក​វិញ រួច​សឹម​អញ្ជើញ​បន្ត​ដំណើរ​ទៅ​ទៀត»។ បុរស​ទាំង​ពីរ​ពោល​ទៅ​កាន់​នាង​ថា៖ «យើង​នឹង​ធ្វើ​តាម​ពាក្យ​ដែល​នាង​បាន​សុំ​ឲ្យ​យើង​ស្បថ តែ​នាង​ត្រូវ​ធ្វើ​ដូច​ត​ទៅ ពេល​ណា​យើង​ចូល​មក​ក្នុង​ស្រុក​នេះ នាង​ត្រូវ​ចង​ខ្សែ​ពណ៌​ក្រហម​នៅ​មាត់​បង្អួច ដែល​នាង​បាន​ឲ្យ​យើង​ចុះ​នោះ។ បន្ទាប់​មក ចូរ​ប្រមូល​ឪពុក​ម្ដាយ បងប្អូន និង​ក្រុម​គ្រួសារ​ទាំង​មូល ឲ្យ​មក​ជួប‌ជុំ​ជា​មួយ​នាង។ ប្រសិន​បើ​នរណា​ម្នាក់​ចេញ​ទៅ​ក្រៅ​ផ្ទះ គេ​នឹង​ទទួល​ខុស​ត្រូវ​លើ​ខ្លួន​ឯង យើង​មិន​រ៉ាប់‌រង​ទទួល​ខុស​ត្រូវ​ទេ។ ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​មាន​ពួក​យើង​ប្រហារ​ជីវិត​នរណា​ម្នាក់​ដែល​នៅ​ក្នុង​ផ្ទះ​ជា​មួយ​នាង ពួក​យើង​នឹង​ទទួល​ខុស​ត្រូវ! ប៉ុន្តែ បើ​នាង​យក​រឿង​របស់​យើង​ទៅ​លាត‌ត្រដាង​ប្រាប់​គេ យើង​នឹង​បាន​រួច​ពី​សម្បថ ដែល​នាង​សុំ​ឲ្យ​យើង​ស្បថ​នោះ»។ នាង​ឆ្លើយ​ថា៖ «ចា៎ស សូម​ឲ្យ​សម្រេច​តាម​ពាក្យ​របស់​លោក​ទាំង​ពីរ​ចុះ!»។ បន្ទាប់​មក នាង​បាន​សុំ​ឲ្យ​គេ​ចេញ ហើយ​គេ​ក៏​ចេញ​ដំណើរ​ទៅ។ នាង​បាន​ចង​ខ្សែ​ពណ៌​ក្រហម​នៅ​មាត់​បង្អួច។ បុរស​ទាំង​ពីរ​ធ្វើ​ដំណើរ​ទៅ​ដល់​ភ្នំ ហើយ​ស្នាក់​នៅ​ទី​នោះ​អស់​រយៈ​ពេល​បី​ថ្ងៃ រហូត​ទាល់​តែ​ពួក​ដែល​ដេញ​តាម​ត្រឡប់​មក​វិញ។ ពួក​អ្នក​ដេញ​តាម​នោះ​បាន​រក​គេ​ហូរ‌ហែ​តាម​ផ្លូវ តែ​មិន​ឃើញ​សោះ។ បន្ទាប់​មក បុរស​ទាំង​ពីរ​បាន​ចុះ​ពី​ភ្នំ ឆ្លង​កាត់​ទន្លេ​យ័រដាន់ វិល​ទៅ​ជួប​លោក​យ៉ូស្វេ ជា​កូន​របស់​លោក​នូន​វិញ ហើយ​ជម្រាប​លោក​នូវ​ហេតុ‌ការណ៍​ទាំង​ប៉ុន្មាន​ដែល​កើត​មាន​ដល់​ពួក​គេ។ បុរស​ទាំង​ពីរ​ជម្រាប​លោក​យ៉ូស្វេ​ថា៖ «ព្រះ‌អម្ចាស់​ពិត​ជា​បាន​ប្រគល់​ទឹក​ដី​នេះ​ទាំង​មូល​មក​ឲ្យ​យើង​កាន់​កាប់​មែន សូម្បី​តែ​ប្រជា‌ជន​ក្នុង​ស្រុក​ក៏​ញ័រ​រន្ធត់​នៅ​ចំពោះ​មុខ​យើង​ទាំង​អស់​គ្នា​ដែរ»។

ចែក​រំលែក
អាន យ៉ូស្វេ 2

យ៉ូស្វេ 2:15-24 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

នាង​ក៏​សំរូត​គេ​ដោយ​ខ្សែ​ចុះ​តាម​បង្អួច​ទៅ ដ្បិត​ផ្ទះ​នាង​ជាប់​នឹង​កំផែង​ទី​ក្រុង ហើយ​នាង​នៅ​ចំ​ពី​លើ​កំផែង​នោះ ដោយ​ប្រាប់​ថា ចូរ​អ្នក​កាត់​ដំរង់​ទៅ​ឯ​ភ្នំ​សិន​ទៅ ក្រែង​ពួក​អ្នក​ដែល​ដេញ​តាម គេ​ជួប​ប្រទះ​នឹង​អ្នក ត្រូវ​ឲ្យ​ពួន​នៅ​ទី​នោះ​គ្រប់​៣​ថ្ងៃ ដរាប​ដល់​គេ​ត្រឡប់​មក​វិញ រួច​សឹម​ទៅ​តាម​ផ្លូវ​របស់​អ្នក​ចុះ អ្នក​ទាំង​២​ក៏​ប្រាប់​នាង​ថា យើង​នឹង​បាន​រួច​ពី​សេចក្ដី​សម្បថ​នេះ ដែល​នាង​បាន​ចាប់​ឲ្យ​យើង​ស្បថ​ហើយ គឺ​កាល​ណា​យើង​ចូល​មក​ក្នុង​ស្រុក​នេះ នោះ​នាង​ត្រូវ​ចង​ខ្សែ​ក្រហម​នេះ​នៅ​ត្រង់​បង្អួច ដែល​នាង​បាន​សំរូត​យើង​ចុះ​មក​នេះ ហើយ​ត្រូវ​ប្រមូល​ឪពុក​ម្តាយ នឹង​បង​ប្អូន​នាង ព្រម​ទាំង​ពួក​គ្រួ​ឪពុក​នាង​ទាំង​អស់​មក​នៅ​ជា​មួយ​គ្នា បើ​មាន​អ្នក​ណា​មួយ​ចេញ​ទៅ​ក្រៅ​ទ្វារ​ផ្ទះ​នាង នោះ​ឈាម​របស់​គេ​នឹង​នៅ​តែ​លើ​ក្បាល​គេ​វិញ ឯ​យើង​គ្មាន​ទោស​ទេ តែ​អ្នក​ណា​នៅ​ក្នុង​ផ្ទះ​ជា​មួយ​នឹង​នាង បើសិន​ជា​មាន​អ្នក​ណា​ពាល់​គេ នោះ​ឈាម​គេ​នឹង​ធ្លាក់​មក​លើ​យើង​វិញ ម្យ៉ាង​ទៀត​បើ​នាង​បំបែក​ការ​នេះ​ពី​រឿង​យើង នោះ​យើង​ក៏​រួច​ពី​សម្បថ​នេះ​ដែរ នាង​ឆ្លើយ​តប​ថា សូម​សំរេច​ដូច​ជា​ពាក្យ​អ្នក​ចុះ ដូច្នេះ​នាង​ក៏​ឲ្យ​គេ​ទៅ ហើយ​គេ​ចេញ​បាត់​ទៅ រួច​នាង​ចង​ខ្សែ​ក្រហម​នោះ​នៅ​ជាប់​នឹង​បង្អួច។ អ្នក​ទាំង​២​ក៏​ចេញ​ទៅ​ដល់​ភ្នំ ហើយ​ស្នាក់​នៅ​ទី​នោះ​អស់​៣​ថ្ងៃ កំពុង​ដែល​ពួក​អ្នក​ដេញ​តាម បាន​ពិនិត្យ​រក​គ្រប់​សព្វ​តាម​ផ្លូវ​ឥត​មាន​ឃើញ​សោះ ហើយ​បាន​ត្រឡប់​វិល​ទៅ​វិញ នោះ​ទើប​អ្នក​ទាំង​២​បែរ​ចុះ​ពី​ភ្នំ​ឆ្លង​ទៅ​ដល់​យ៉ូស្វេ ជា​កូន​នុន ទៅ​រ៉ាយ‌រ៉ាប់​ប្រាប់​ពី​គ្រប់​ការ​ដែល​បាន​កើត​មក​ដល់​គេ គេ​ជំរាប​យ៉ូស្វេ​ថា ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ប្រគល់​ស្រុក​នោះ​ទាំង​មូល មក​ក្នុង​កណ្តាប់​ដៃ​យើង​ហើយ ពួក​អ្នក​ស្រុក​នោះ​ទាំង​ប៉ុន្មាន គេ​កំពុង​តែ​រលាយ​ចេញ​ពី​មុខ​យើង​រាល់​គ្នា​ទៅ។

ចែក​រំលែក
អាន យ៉ូស្វេ 2