យ៉ូស្វេ 18:11-28

យ៉ូស្វេ 18:11-28 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ឆ្នោត​ដំបូង​ត្រូវ​ចំ​លើ​កុល‌សម្ព័ន្ធ​នៃ​ពួក​កូន​ចៅ​បេនយ៉ាមីន តាម​ពូជ​អំបូរ​របស់​គេ ហើយ​ទឹក​ដី​របស់​គេ ស្ថិត​នៅ​ចន្លោះ​ទឹក​ដី​របស់​ពួក​កូន​ចៅ​យូដា និង​ពួក​កូន​ចៅ​យ៉ូសែប។ ព្រំប្រទល់​ខាង​ជើង​នៃទឹក​ដី​របស់​គេ ចាប់​ផ្ដើម​ពី​ទន្លេ​យ័រដាន់ ឡើង​ទៅជម្រាល​ខាង​ជើង​ក្រុង​យេរីខូរ រួច​បន្ត​ទៅ​ខាង​លិច តាម​ស្រុក​ភ្នំ ហើយ​ផុត​ត្រង់​ទី​រហោ‌ស្ថាន​បេត-អាវេន។ បន្ទាប់​មក ព្រំ​ប្រទល់​បត់​ចេញពី​ទី​នោះ ទៅ​ខាង​ត្បូង ក្បែរ​ក្រុង​លូស (គឺ​ជា​ក្រុង​បេត-អែល) រួច​ចុះ​ទៅ​ដល់​អាថារ៉ូត-អាដើរ កាត់​តាម​ភ្នំ​ដែល​នៅ​ខាង​ត្បូង​បេត-ហូរ៉ុន​ក្រោម។ ព្រំ​ប្រទល់​ខាង​លិច​បន្ត​តម្រង់​ទៅ​មុខ​ទៀត រួច​បត់​ទៅ​ខាង​ត្បូង ត្រង់​ភ្នំ​ដែល​ទល់​មុខ​នឹង​បេត-ហូរ៉ុន ទៅ​ផុត​ត្រឹម​គារយ៉ាត់-បាល (គឺ​គារយ៉ាត់-យារីម) ជា​ក្រុង​របស់​ពួក​កូន​ចៅ​យូដា។ នេះ​ហើយ​ជា​ព្រំ​ប្រទល់​ខាង​លិច។ ឯ​ព្រំ​ប្រទល់​ខាង​ត្បូង ចាប់​ផ្ដើម​ត្រង់​ជាយ​ក្រុង​គារយ៉ាត់-យារីម ទៅ​ដល់​អេប្រុន រហូត​ដល់​ក្បាល​ទឹក​ណែប‌ត្វា។ បន្ទាប់​មក ព្រំ​ប្រទល់​ចុះ​ទៅ​ដល់​ចុង​ភ្នំ ដែល​នៅ​ទល់​មុខ​ជ្រលង​ភ្នំ​បេន-ហ៊ីន‌ណម នៅ​ខាង​ជើង​នៃ​ជ្រលង​ភ្នំ​រេផែម ហើយ​ចុះ​ទៅ​ដល់​ជ្រលង​ភ្នំ​ហ៊ីន‌ណម ត្រង់​ជម្រាល​ខាង​ត្បូង​ក្រុង​យេប៊ូស ចុះ​ទៅ​អេន-រ៉ូកេល។ បន្ទាប់​មក​ទៀត ព្រំ​ប្រទល់​បត់​ទៅ​ខាង​ជើង ទៅ​ដល់​អេន-សេមែស ហើយ​ចេញ​ទីនោះ​ទៅ​ដល់​កេលី‌ឡូត ដែល​នៅ​ទល់​មុខ​ផ្លូវ​ឡើង​ទៅ​អាឌូ‌មីម រួច​ចុះ​ទៅ​ដល់​ផ្ទាំង​ថ្មរបស់​បូហាន ជា​កូន​រូបេន ហើយ​កាត់​តាម​ជម្រាល​ខាង​ជើង​បេត-អារ៉ា‌បា រួច​ចុះ​ទៅ​ដល់​អារ៉ាបា។ ព្រំ​ប្រទល់​នោះ​បន្ត​តាម​ជម្រាល​ខាង​ជើង​បេត-ហុក‌ឡា មក​ផុត​ត្រឹម​ឈូង​សមុទ្រ​ស្លាប់ ខាង​ជើង ត្រង់​ចុង​ខាង​ត្បូង​ទន្លេ​យ័រដាន់។ នេះ​ហើយ​ជា​ព្រំ​ប្រទល់​ខាង​ត្បូង។ ឯ​ព្រំ​ប្រទល់​ខាង​កើត គឺ​ទន្លេ​យ័រដាន់។ នេះ​ហើយ​ជា​មត៌ក​របស់​ពួក​កូន​ចៅ​បេនយ៉ាមីន តាម​ពូជ​អំបូរ​របស់​គេ ព្រម​ទាំង​ព្រំ‌ប្រទល់​ដែល​នៅ​ជុំ‌វិញ។ រីឯ​ក្រុង​ទាំង​ប៉ុន្មាន​របស់​កុល‌សម្ព័ន្ធ​នៃ​ពួក​កូន​ចៅ​បេនយ៉ាមីន តាម​ពូជ​អំបូរ​របស់​គេ គឺ​យេរីខូរ បេត-ហុក‌ឡា អេមាក់-កេសីស បេត-អារ៉ា‌បា សេម៉ា‌រែម បេត-អែល អាវីម ប៉ារ៉ា អូប្រា កេផា-អាំម៉ូនី អូបនី និង​កេបា ទាំង​អស់​មាន​ដប់​ពីរ​ក្រុង ព្រម​ទាំង​ភូមិ​នានា​ដែល​នៅ​ជុំ​វិញ។ ក្រុង​គីបៀន រ៉ាម៉ា ប្អៀរ៉ុត មីស‌ប៉ា កេភីរ៉ា ម៉ូសា រេគេម យារពាល តារ៉ាឡា សេឡា អេលេប យេប៊ូស (គឺ​ជា​ក្រុង​យេរូ‌សាឡិម) គី‌បៀរ និង​គារ‌យ៉ាត់-យារីម ទាំង​អស់​មានដប់​បួន​ក្រុង ព្រម​ទាំង​ភូមិ​នានា​ដែល​នៅ​ជុំ​វិញ។ នេះ​ហើយ​ជា​មត៌ក​របស់​ពួក​កូន​ចៅ​បេនយ៉ាមីន តាម​ពូជ​អំបូរ​របស់​គេ។

ចែក​រំលែក
អាន យ៉ូស្វេ 18

យ៉ូស្វេ 18:11-28 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ឆ្នោត​លើក​ដំបូង​ត្រូវ​ចំ​លើ​កុល‌សម្ព័ន្ធ​នៃ​កូន​ចៅ​បេន‌យ៉ាមីន តាម​អំបូរ​របស់​ពួក​គេ។ ទឹក​ដី​របស់​គេ​ស្ថិត​នៅ​ចន្លោះ​ទឹក​ដី​របស់​កូន​ចៅ​យូដា និង​ទឹក​ដី​របស់​កូន​ចៅ​យ៉ូសែប។ ព្រំ‌ប្រទល់​ខាង​ជើង​នៃ​ទឹក​ដី​របស់​គេ​ចាប់​ផ្ដើម​ពី​ទន្លេ​យ័រដាន់ ឡើង​តាម​ជម្រាល​ខាង​ជើង​ក្រុង​យេរីខូ បន្ត​ទៅ​ខាង​លិច កាត់​តាម​តំបន់​ភ្នំ ហើយ​ទៅ​ដល់​វាល​រហោ‌ស្ថាន នៅ​បេត‌អា‌វេន។ បន្ទាប់​មក ព្រំ‌ប្រទល់​ចេញ​ពី​ទី​នោះ​តម្រង់​ទៅ​ទីក្រុង​លូស ដោយ​កាត់​តាម​ជម្រាល​ខាង​ត្បូង​ក្រុង​នោះ (គឺ​បេត‌អែល) រួច​ចុះ​ទៅ​អាថា‌រ៉ូត-‌អាដើរ កាត់​តាម​ភ្នំ​ដែល​នៅ​ខាង​ត្បូង​បេត‌ហូរ៉ូន​ក្រោម។ នៅ​ខាង​លិច​ភ្នំ​នេះ ព្រំ‌ប្រទល់​បត់​ទៅ​ទិស​ខាង​ត្បូង​រហូត​ទៅ​ទល់​នឹង​គារ‌យ៉ាត-‌បាល គឺ​គារ‌យ៉ាត-‌យ៉ារីម ជា​ក្រុង​របស់​កូន​ចៅ​យូដា។ នេះ​ហើយ​ព្រំ‌ប្រទល់​ខាង​លិច​របស់​គេ។ រីឯ​ព្រំ‌ប្រទល់​ប៉ែក​ខាង​ត្បូង​ចេញ​ពី​គារ‌យ៉ាត-‌យ៉ារីម បន្ត​ឆ្ពោះ​ទៅ​ទិស​ខាង​លិច រហូត​ដល់​ប្រភព​ទឹក​ណិប‌តា។ ព្រំ‌ប្រទល់​នេះ​ចុះ​ទៅ​តាម​ជើង​ភ្នំ​ដែល​ស្ថិត​នៅ​ទល់​មុខ​នឹង​ជ្រលង​ភ្នំ​ហ៊ិន‌ណម ខាង​ជើង​វាល​រាប​រេផែម រួច​ចុះ​តាម​វាល​រាប​ហ៊ី‌ណម ត្រង់​ជម្រាល​ខាង​ត្បូង​ភ្នំ​យេប៊ូស ចុះ​ទៅ​អេន-‌រ៉ូកែល។ បន្ទាប់​មក ព្រំ‌ប្រទល់​បត់​ទៅ​ខាង​ជើង​ដល់​អេន-‌សេ‌ម៉េស និង​កេលី‌ឡូត ដែល​ស្ថិត​នៅ​ទល់​មុខ​នឹង​ច្រក​ភ្នំ​អាឌូ‌មីម ហើយ​ចុះ​ទៅ​ផ្ទាំង​ថ្ម​របស់​លោក​បូហាន ជា​កូន​របស់​លោក​រូបេន។ ព្រំ‌ប្រទល់​នេះ​កាត់​តាម​ជម្រាល​ភ្នំ​ខាង​ជើង​ដែល​នៅ​ជាប់​តំបន់​អារ៉ា‌បា ហើយ​ចុះ​ទៅ​ក្នុង​តំបន់​អារ៉ា‌បា​នោះ រួច​បន្ត​ទៅ​ខាង​ជើង​បេត-‌ហុក‌ឡា រហូត​ដល់​ខាង​ជើង​ឈូង​សមុទ្រ គឺ​ចុង​ខាង​ត្បូង​បំផុត​នៃ​ទន្លេ​យ័រដាន់។ នេះ​ហើយ​ព្រំ‌ប្រទល់​ខាង​ត្បូង​របស់​គេ។ រីឯ​ព្រំ‌ប្រទល់​ខាង​កើត​គឺ​ទន្លេ​យ័រដាន់។ នេះ​ហើយ​ព្រំ‌ប្រទល់​នៃ​ទឹក​ដី​ដែល​ជា​ចំណែក​មត៌ក​របស់​កូន​ចៅ​បេន‌យ៉ាមីន តាម​អំបូរ​របស់​ពួក​គេ។ ក្រុង​ទាំង‌ឡាយ​របស់​កុល‌សម្ព័ន្ធ​នៃ​កូន​ចៅ​បេន‌យ៉ាមីន តាម​អំបូរ​របស់​ពួក​គេ មាន​ដូច​ត​ទៅ: យេរីខូ បេត-‌ហុក‌ឡា អេមាក់-‌កេស៊ីស បេត-‌អារ៉ា‌បា សេម៉ា‌រ៉ែម បេត‌អែល អាវីម ប៉ារ៉ា អូប្រា កេផា-‌អាំ‌ម៉ូនី អូបនី កេបា គឺ​មាន​ទាំង​អស់​ដប់‌ពីរ​ក្រុង និង​ភូមិ​ឯ​ទៀតៗ​ដែល​នៅ​ជិត​ខាង។ បន្ទាប់​មក មាន​ក្រុង​គីបៀន រ៉ាម៉ា បៀរ៉ុត មីសប៉ា កេភី‌រ៉ា ម៉ូសា រេគែម យារ‌ពាល តារ៉ា‌ឡា សេឡា អេឡេប យេប៊ូស (គឺ​ក្រុង​យេរូ‌សាឡឹម) គីបៀរ គារ‌យ៉ាត គឺ​មាន​ទាំង​អស់​ដប់‌បួន​ក្រុង និង​ភូមិ​ឯ​ទៀតៗ​ដែល​នៅ​ជិត​ខាង។ នេះ​ជា​ទឹក​ដី​ដែល​ជា​ចំណែក​មត៌ក​របស់​កូន​ចៅ​បេន‌យ៉ាមីន តាម​អំបូរ​របស់​ពួក​គេ។

ចែក​រំលែក
អាន យ៉ូស្វេ 18

យ៉ូស្វេ 18:11-28 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

គេ​ចាប់​ឆ្នោត​ឲ្យ​ពូជ​អំបូរ​ពួក​កូន​ចៅ​បេន‌យ៉ាមីន​តាម​គ្រួ​គេ​ទាំង​ប៉ុន្មាន ហើយ​ដែន​ស្រុក​របស់​គេ​នោះ​ត្រូវ​ជា​កណ្តាល​ពួក​កូន​ចៅ​យូដា នឹង​ពួក​កូន​ចៅ​យ៉ូសែប ឯ​ព្រំ​ខាង​ជើង​របស់​ស្រុក​គេ នោះ​ចាប់​តាំង​ពី​ទន្លេ​យ័រដាន់​ឡើង​ទៅ​ខាង​ជើង​ក្រុង​យេរីខូរ ដំរង់​ទៅ​ខាង​លិច តាម​ស្រុក​ភ្នំ រួច​ចេញ​មក​ត្រង់​ទី​រហោ‌ស្ថាន​បេត-អាវេន ពី​ទី​នោះ​ក៏​បត់​ទៅ​ខាង​ត្បូង ក្បែរ​ក្រុង​លូស គឺ​ជា​ក្រុង​បេត-អែល រួច​ចុះ​ទៅ​ដល់​អាថារ៉ូត-អាដើរ ជិត​ភ្នំ​ដែល​នៅ​ខាង​ត្បូង​បេត-ហូរ៉ុន​ក្រោម ព្រំ​ខាង​លិច​នោះ​ក៏​ដំរង់​ទៅ​មុខ​ទៀត រួច​បត់​ទៅ​ខាង​ត្បូង ត្រង់​ភ្នំ​ដែល​ប្រទល់​មុខ​នឹង​បេត-ហូរ៉ុន​នោះ ទៅ​ផុត​ត្រឹម​គារយ៉ាត់-បាល គឺ​គារយ៉ាត់-យារីម ដែល​ជា​ទី​ក្រុង​របស់​ពួក​កូន​ចៅ​យូដា នេះ​ហើយ​ជា​ព្រំ‌ខណ្ឌ​ខាង​លិច ឯ​ខាង​ត្បូង​ព្រំ នោះ​ចេញ​ពី​ក្រុង​គារយ៉ាត់-យារីម ដំរង់​ទៅ​ខាង​លិច ដល់​ក្បាល​ទឹក​ណែប‌ត្វា ក៏​ចុះ​ទៅ​ដល់​ចុង​ភ្នំ​ដែល​នៅ​ទល់​មុខ​នឹង​ច្រក​ភ្នំ​បេន-ហ៊ីនណំម ដែល​នៅ​ប៉ែក​ខាង​ជើង​នៃ​ច្រក​ភ្នំ​របស់​សាសន៍​រេផែម ហើយ​ចុះ​ទៅ​ដល់​ច្រក​ភ្នំ​ហ៊ីនណំម​នោះ ដែល​នៅ​ខាង​ត្បូង​ក្រុង​យេប៊ូស​រហូត​ដល់​អេន-រ៉ូកេល រួច​បត់​ទៅ​ខាង​ជើង​ដល់​អេន-សេមែស ក៏​ចេញ​ទៅ​ដល់​កេលី‌ឡូត ដែល​នៅ​ទល់​មុខ​នឹង​ផ្លូវ​ឡើង​ទៅ​ឯ​អាឌូមីម រួច​ចុះ​ទៅ​ទៀត ដល់​ថ្មដា​របស់​បូហាន ជា​កូន​រូបេន ក៏​ដំរង់​ទៅ​ឯ​ខាង​ជើង បណ្តោយ​តាម​ស្រុក​វាល រួច​ចុះ​ទៅ​ដល់​ស្រុក​វាល​នោះ ក៏​ចេះ​តែ​ទៅ​ខាង​ជើង​បណ្តោយ​តាម​ចំហៀង​បេត-ហុកឡា ចេញ​មក​ផុត​ត្រឹម​ឈូង‌សមុទ្រ​អំបិល​ខាង​ជើង ត្រង់​ចុង​ទន្លេ​យ័រដាន់​ខាង​ត្បូង នេះ​ជា​ព្រំ​ស្រុក​ខាង​ត្បូង ឯ​ទន្លេ​យ័រដាន់ ជា​ព្រំ​ប្រទល់​ខាង​កើត នេះ​ហើយ​ជា​មរដក​របស់​ពួក​កូន​ចៅ​បេន‌យ៉ាមីន តាម​គ្រួ​គេ​ទាំង​ប៉ុន្មាន ព្រម​ទាំង​ព្រំ‌ដែន​នៅ​ជុំវិញ។ រីឯ​ទី​ក្រុង​ទាំង​ប៉ុន្មាន​របស់​ពូជ​អំបូរ​ពួក​កូន​ចៅ​បេន‌យ៉ាមីន​តាម​គ្រួ​គេ នោះ​គឺ​យេរីខូរ​១ បេត-ហុក‌ឡា​១ អេមាក់-កេសីស​១ បេត-អារ៉ាបា​១ សេម៉ារែម​១ បេត-អែល​១ អាវីម​១ ប៉ារ៉ា​១ អូប្រា​១ កេផា-អាំម៉ូនី​១ អូបនី​១ នឹង​កេបា​១ ទាំង​អស់​មាន​១២​ក្រុង ព្រម​ទាំង​ភូមិ​ទាំង​ប៉ុន្មាន​ផង ក្រុង​គីបៀន​១ រ៉ាម៉ា​១ ប្អៀរ៉ុត​១ មីសប៉ា​១ កេភីរ៉ា​១ ម៉ូសា​១ រេគេម​១ យារពាល​១ តារ៉ាឡា​១ សេឡា​១ អេលេប​១ យេប៊ូស គឺ​ជា​ក្រុង​យេរូ‌សាឡិម​១ គីបៀរ​១ នឹង​គារយ៉ាត់​១ ទាំង​អស់​មាន​១៤​ក្រុង ព្រម​ទាំង​ភូមិ​ទាំង​ប៉ុន្មាន​ផង នេះ​ហើយ​ជា​មរដក​របស់​ពួក​កូន​ចៅ​បេន‌យ៉ាមីន តាម​គ្រួ​គេ​ទាំង​ប៉ុន្មាន។

ចែក​រំលែក
អាន យ៉ូស្វេ 18