យ៉ូស្វេ 18:11-28
យ៉ូស្វេ 18:11-28 គកស១៦
ឆ្នោតដំបូងត្រូវចំលើកុលសម្ព័ន្ធនៃពួកកូនចៅបេនយ៉ាមីន តាមពូជអំបូររបស់គេ ហើយទឹកដីរបស់គេ ស្ថិតនៅចន្លោះទឹកដីរបស់ពួកកូនចៅយូដា និងពួកកូនចៅយ៉ូសែប។ ព្រំប្រទល់ខាងជើងនៃទឹកដីរបស់គេ ចាប់ផ្ដើមពីទន្លេយ័រដាន់ ឡើងទៅជម្រាលខាងជើងក្រុងយេរីខូរ រួចបន្តទៅខាងលិច តាមស្រុកភ្នំ ហើយផុតត្រង់ទីរហោស្ថានបេត-អាវេន។ បន្ទាប់មក ព្រំប្រទល់បត់ចេញពីទីនោះ ទៅខាងត្បូង ក្បែរក្រុងលូស (គឺជាក្រុងបេត-អែល) រួចចុះទៅដល់អាថារ៉ូត-អាដើរ កាត់តាមភ្នំដែលនៅខាងត្បូងបេត-ហូរ៉ុនក្រោម។ ព្រំប្រទល់ខាងលិចបន្តតម្រង់ទៅមុខទៀត រួចបត់ទៅខាងត្បូង ត្រង់ភ្នំដែលទល់មុខនឹងបេត-ហូរ៉ុន ទៅផុតត្រឹមគារយ៉ាត់-បាល (គឺគារយ៉ាត់-យារីម) ជាក្រុងរបស់ពួកកូនចៅយូដា។ នេះហើយជាព្រំប្រទល់ខាងលិច។ ឯព្រំប្រទល់ខាងត្បូង ចាប់ផ្ដើមត្រង់ជាយក្រុងគារយ៉ាត់-យារីម ទៅដល់អេប្រុន រហូតដល់ក្បាលទឹកណែបត្វា។ បន្ទាប់មក ព្រំប្រទល់ចុះទៅដល់ចុងភ្នំ ដែលនៅទល់មុខជ្រលងភ្នំបេន-ហ៊ីនណម នៅខាងជើងនៃជ្រលងភ្នំរេផែម ហើយចុះទៅដល់ជ្រលងភ្នំហ៊ីនណម ត្រង់ជម្រាលខាងត្បូងក្រុងយេប៊ូស ចុះទៅអេន-រ៉ូកេល។ បន្ទាប់មកទៀត ព្រំប្រទល់បត់ទៅខាងជើង ទៅដល់អេន-សេមែស ហើយចេញទីនោះទៅដល់កេលីឡូត ដែលនៅទល់មុខផ្លូវឡើងទៅអាឌូមីម រួចចុះទៅដល់ផ្ទាំងថ្មរបស់បូហាន ជាកូនរូបេន ហើយកាត់តាមជម្រាលខាងជើងបេត-អារ៉ាបា រួចចុះទៅដល់អារ៉ាបា។ ព្រំប្រទល់នោះបន្តតាមជម្រាលខាងជើងបេត-ហុកឡា មកផុតត្រឹមឈូងសមុទ្រស្លាប់ ខាងជើង ត្រង់ចុងខាងត្បូងទន្លេយ័រដាន់។ នេះហើយជាព្រំប្រទល់ខាងត្បូង។ ឯព្រំប្រទល់ខាងកើត គឺទន្លេយ័រដាន់។ នេះហើយជាមត៌ករបស់ពួកកូនចៅបេនយ៉ាមីន តាមពូជអំបូររបស់គេ ព្រមទាំងព្រំប្រទល់ដែលនៅជុំវិញ។ រីឯក្រុងទាំងប៉ុន្មានរបស់កុលសម្ព័ន្ធនៃពួកកូនចៅបេនយ៉ាមីន តាមពូជអំបូររបស់គេ គឺយេរីខូរ បេត-ហុកឡា អេមាក់-កេសីស បេត-អារ៉ាបា សេម៉ារែម បេត-អែល អាវីម ប៉ារ៉ា អូប្រា កេផា-អាំម៉ូនី អូបនី និងកេបា ទាំងអស់មានដប់ពីរក្រុង ព្រមទាំងភូមិនានាដែលនៅជុំវិញ។ ក្រុងគីបៀន រ៉ាម៉ា ប្អៀរ៉ុត មីសប៉ា កេភីរ៉ា ម៉ូសា រេគេម យារពាល តារ៉ាឡា សេឡា អេលេប យេប៊ូស (គឺជាក្រុងយេរូសាឡិម) គីបៀរ និងគារយ៉ាត់-យារីម ទាំងអស់មានដប់បួនក្រុង ព្រមទាំងភូមិនានាដែលនៅជុំវិញ។ នេះហើយជាមត៌ករបស់ពួកកូនចៅបេនយ៉ាមីន តាមពូជអំបូររបស់គេ។

