យ៉ូណាស 1:9-16

យ៉ូណាស 1:9-16 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

លោក​ប្រាប់​គេ​ថា៖ «ខ្ញុំ​ជា​សាសន៍​ហេព្រើរ ហើយ​ខ្ញុំ​កោត​ខ្លាច​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ស្ថាន‌សួគ៌ ដែល​បាន​បង្កើត​សមុទ្រ និង​ដី​គោក»។ ដូច្នេះ គេ​ស្ញែង​ខ្លាច​ក៏​សួរ​លោក​ថា៖ «តើ​អ្នក​បាន​ធ្វើ​អ្វី​ដូច្នេះ?» ដ្បិត​អ្នក​ទាំង​នោះ​បាន​ដឹង​ថា លោក​កំពុង​រត់​គេច​ពី​ព្រះ‌ភក្ត្រ​ព្រះ‌យេហូវ៉ា ព្រោះ​លោក​បាន​ប្រាប់​គេ​ហើយ។ រួច​គេ​សួរ​លោក​ថា៖ «ដូច្នេះ តើ​ត្រូវ​ឲ្យ​យើង​ធ្វើ​ដូច​ម្តេច​ដល់​អ្នក ដើម្បី​ឲ្យ​សមុទ្រ​បាន​ស្ងប់​វិញ?» ដ្បិត​សមុទ្រ​ចេះ​តែ​កម្រើក​រឹត​តែ​ខ្លាំង​ឡើង។ លោក​ប្រាប់​គេ​ថា៖ «ចូរ​បោះ​ខ្ញុំ​ទៅ​ក្នុង​សមុទ្រ​ចុះ នោះ​សមុទ្រ​នឹង​ស្ងប់​ទៅ​វិញ​ហើយ ដ្បិត​ខ្ញុំ​ដឹង​ថា ខ្យល់​ព្យុះ​យ៉ាង​ខ្លាំង​នេះ​កើត​ឡើង​ក៏​ដោយ​ព្រោះ​ខ្លួន​ខ្ញុំ​នេះ»។ ទោះ​ជា​គេ​ខំ​ចែវ​ឲ្យ​បាន​វិល​ត្រឡប់​ទៅ​ច្រាំង​វិញ តែ​ទៅ​មិន​បាន​សោះ ដ្បិត​សមុទ្រ​ចេះ​តែ​កម្រើក​រឹត​តែ​ខ្លាំង​ឡើងៗ។ ដូច្នេះ គេ​ក៏​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ា​ថា៖ «ឱ​ព្រះ‌យេហូវ៉ា​អើយ យើង​ខ្ញុំ​សូម​អង្វរ​ព្រះ‌អង្គ សូម​កុំ​ឲ្យ​យើង​ខ្ញុំ​រាល់​គ្នា​ត្រូវ​វិនាស ដោយ​ព្រោះ​ជីវិត​មនុស្ស​នេះ​ឡើយ ក៏​កុំ​ទម្លាក់​ទោស​ជា​កម្ចាយ​ឈាម​ឥត​ទោស មក​លើ​យើង​ខ្ញុំ​រាល់​គ្នា​ដែរ ដ្បិត​ឱ​ព្រះ‌យេហូវ៉ា​អើយ ព្រះ‌អង្គ​បាន​សម្រេច​តាម​ដែល​ព្រះ‌អង្គ​គាប់​ព្រះ‌ហឫ‌ទ័យ»។ គេ​ក៏​ចាប់​ហោរា​យ៉ូណាស បោះ​ទៅ​ក្នុង​សមុទ្រ រួច​សមុទ្រ​ក៏​ស្ងប់​ទៅ ដូច្នេះ មនុស្ស​ទាំង​នោះ​កោត​ខ្លាច​ព្រះ‌យេហូវ៉ា​យ៉ាង​ខ្លាំង ហើយ​ក៏​ថ្វាយ​យញ្ញ‌បូជា​ដល់​ព្រះ‌យេហូវ៉ា ព្រម​ទាំង​បន់​បំណន់​ផង។

ចែក​រំលែក
អាន យ៉ូណាស 1

យ៉ូណាស 1:9-16 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

លោក​យ៉ូណាស​ឆ្លើយ​ទៅ​ពួក​គេ​ថា៖ «ខ្ញុំ​ជា​ជន‌ជាតិ​ហេប្រឺ ខ្ញុំ​គោរព​ថ្វាយ‌បង្គំ​ព្រះ‌អម្ចាស់ ជា​ព្រះ​ដែល​គង់​នៅ​ស្ថាន​បរម‌សុខ* ព្រះអង្គ​បាន​បង្កើត​សមុទ្រ និង​ដី​គោក»។ លោក​យ៉ូណាស​ក៏​តំណាល​រឿង​របស់​លោក​ឲ្យ​ពួក​គេ​ស្ដាប់។ កាល​ពួក​អ្នក​សំពៅ​ជ្រាប​ថា លោក​បាន​រត់​គេច​ឲ្យ​ឆ្ងាយ​ពី​ព្រះ‌ភ័ក្ត្រ​របស់​ព្រះ‌អម្ចាស់​ដូច្នេះ គេ​ភ័យ​ខ្លាច​ជា​ខ្លាំង ហើយ​សួរ​លោក​ថា៖ «ម្ដេច​ក៏​លោក​ធ្វើ​ដូច្នេះ? តើ​យើង​ត្រូវ​ធ្វើ​យ៉ាង​ណា​ចំពោះ​លោក ដើម្បី​ឲ្យ​សមុទ្រ​បាន​ស្ងប់​ឡើង​វិញ?»។ លោក​យ៉ូណាស​ឆ្លើយ​ថា៖ «សូម​លើក​ខ្ញុំ​បោះ​ទៅ​ក្នុង​សមុទ្រ​ទៅ ទើប​សមុទ្រ​ស្ងប់ ដ្បិត​ខ្ញុំ​ដឹង​ថា ព្រោះ​តែ​ខ្ញុំ​ហ្នឹង​ហើយ​បាន​ជា​មាន​ខ្យល់​ព្យុះ​ដ៏​ខ្លាំង​យ៉ាង​នេះ»។ ពួក​អ្នក​សំពៅ​នាំ​គ្នា​ខំ​ប្រឹង​ចែវ​តម្រង់​ទៅ​រក​ច្រាំង តែ​ទៅ​មិន​រួច​សោះ ព្រោះ​ខ្យល់​ព្យុះ​បក់​បោក​មក​កាន់​តែ​ខ្លាំង​ឡើងៗ។ ពេល​នោះ ពួក​គេ​នាំ​គ្នា​អង្វរ​ព្រះ‌អម្ចាស់​ថា៖ «ឱ​ព្រះ‌អម្ចាស់​អើយ យើង​ខ្ញុំ​មិន​ចង់​ស្លាប់ រួម​ជា​មួយ​បុរស​នេះ​ទេ! សូម​ព្រះអង្គ​កុំ​ប្រកាន់​ទោស​យើង​ខ្ញុំ ចំពោះ​ការ​ប្រហារ​ជីវិត​អ្នក​ដែល​មិន​បាន​ធ្វើ​អ្វី​ខុស​នឹង​យើង​ខ្ញុំ​នេះ​ឡើយ។ ព្រះ‌អម្ចាស់​អើយ ព្រះអង្គ​សម្រេច​ដូច្នេះ ស្រប​តាម​ព្រះ‌ហឫទ័យ​របស់​ព្រះអង្គ!»។ បន្ទាប់​មក ពួក​គេ​លើក​លោក​យ៉ូណាស​បោះ​ទៅ​ក្នុង​សមុទ្រ សមុទ្រ​ក៏​ស្ងប់‌ឈឹង​ភ្លាម។ អ្នក​ទាំង​នោះ​កោត​ស្ញប់‌ស្ញែង​ព្រះ‌អម្ចាស់​យ៉ាង​ខ្លាំង ពួក​គេ​នាំ​គ្នា​ថ្វាយ​យញ្ញ‌បូជា​ចំពោះ​ព្រះ‌អម្ចាស់ ព្រម​ទាំង​បន់‌ស្រន់​ទៀត​ផង។

ចែក​រំលែក
អាន យ៉ូណាស 1

យ៉ូណាស 1:9-16 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

នោះ​លោក​ប្រាប់​គេ​ថា ខ្ញុំ​ជា​សាសន៍​ហេព្រើរ ហើយ​ខ្ញុំ​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ស្ថាន‌សួគ៌ ដែល​ទ្រង់​បាន​បង្កើត​សមុទ្រ នឹង​ដី​គោក​ផង ដូច្នេះ គេ​មាន​សេចក្ដី​ស្ញែង​ខ្លាច​ក្រៃ‌លែង ហើយ​ក៏​សួរ​លោក​ថា តើ​អ្នក​បាន​ធ្វើ​អ្វី​ដូច្នេះ ដ្បិត​បណ្តា​អ្នក​ទាំង​នោះ​បាន​ដឹង​ថា លោក​កំពុង​រត់​គេច​ពី​ព្រះ‌ភក្ត្រ​ព្រះ‌យេហូវ៉ា ពី​ព្រោះ​លោក​បាន​ប្រាប់​គេ​ហើយ។ រួច​គេ​សួរ​លោក​ថា ដូច្នេះ តើ​ត្រូវ​ឲ្យ​យើង​ធ្វើ​ដូច​ម្តេច​ដល់​អ្នក ដើម្បី​ឲ្យ​សមុទ្រ​បាន​ស្ងប់​វិញ ដ្បិត​សមុទ្រ​ចេះ​តែ​កំរើក​រឹត‌តែ​ខ្លាំង​ឡើង លោក​ប្រាប់​គេ​ថា ចូរ​ចាប់​ខ្ញុំ​បោះ​ទៅ​ក្នុង​សមុទ្រ​ចុះ នោះ​សមុទ្រ​នឹង​ស្ងប់​ដល់​អ្នក​រាល់​គ្នា​ហើយ ដ្បិត​ខ្ញុំ​ដឹង​ថា ខ្យល់​ព្យុះ​យ៉ាង​ខ្លាំង​នេះ​កើត​ឡើង​ក៏​ដោយ​ព្រោះ​ខ្លួន​ខ្ញុំ​នេះ​ឯង ប៉ុន្តែគេ​នាំ​គ្នា​ខំ​ចែវ​ឲ្យ​បាន​វិល​ត្រឡប់​ទៅ​ឯ​ច្រាំង​វិញ តែ​មិន​បាន​ទេ ដ្បិត​សមុទ្រ​ចេះ​តែ​កំរើក​រឹត‌តែ​ខ្លាំង​ឡើង​ទាស់​នឹង​គេ ដូច្នេះ គេ​ក៏​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ា​ថា ឱ​ព្រះ‌យេហូវ៉ា​អើយ យើង​ខ្ញុំ​សូម​អង្វរ​ដល់​ទ្រង់ សូម​កុំ​ឲ្យ​យើង​ខ្ញុំ​រាល់​គ្នា​ត្រូវ​វិនាស ដោយ​ព្រោះ​ជីវិត​មនុស្ស​នេះ​ឡើយ ក៏​កុំ​ឲ្យ​ទំលាក់​ទោស​ជា​កំចាយ​ឈាម​ឥត​ទោស មក​លើ​យើង​ខ្ញុំ​រាល់​គ្នា​ដែរ ដ្បិត​ឱ​ព្រះ‌យេហូវ៉ា​អើយ ទ្រង់​បាន​សំរេច​ការ​តាម​ដែល​គាប់​ព្រះ‌ហឫទ័យ​ទ្រង់ គេ​ក៏​ចាប់​យ៉ូណាស បោះ​ទៅ​ក្នុង​សមុទ្រ រួច​សមុទ្រ​ក៏​ស្ងប់​ទៅ ដូច្នេះ មនុស្ស​ទាំង​នោះ​គេ​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា​យ៉ាង​ក្រៃ‌លែង ហើយ​ក៏​ថ្វាយ​យញ្ញ‌បូជា​ដល់​ព្រះ‌យេហូវ៉ា ព្រម​ទាំង​បន់​បំណន់​ផង។

ចែក​រំលែក
អាន យ៉ូណាស 1