យ៉ូណាស 1:4-16

យ៉ូណាស 1:4-16 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ប៉ុន្តែ ព្រះ‌យេហូវ៉ា​បាន​ធ្វើ​ឲ្យ​មាន​ខ្យល់​យ៉ាង​ខ្លាំង បក់​មក​លើ​សមុទ្រ កើត​មាន​ព្យុះ​យ៉ាង​ធំ​នៅ​សមុទ្រ បណ្ដាល​ឲ្យ​សំពៅ​ស្ទើរ​តែ​បែក​បាក់។ ឯ​ពួក​ជើង​ឈ្នួល​ក៏​ភ័យ​ខ្លាច​គ្រប់​គ្នា ម្នាក់ៗ​បាន​បន់​ព្រះ​រៀងៗ​ខ្លួន គេ​បោះ​ទំនិញ​ទាំង​ប៉ុន្មាន ដែល​នៅ​ក្នុង​សំពៅ​ចោល​ទៅ​ក្នុង​សមុទ្រ ដើម្បី​ឲ្យ​សំពៅ​ស្រាល ឯ​ហោរា​យ៉ូណាស​បាន​ចុះ​ទៅ​ដេក​លក់​នៅ​ខាង​ក្នុង​សំពៅ។ ដូច្នេះ នាយ​សំពៅ​ក៏​មក​សួរ​លោក​ថា៖ «អ្នក​ទ្រមក់​អើយ អ្នក​ធ្វើ​អី​ដូច្នេះ? ក្រោក​ឡើង​អំពាវ‌នាវ​ដល់​ព្រះ​របស់​អ្នក​ទៅ ក្រែង​ព្រះ‌អង្គ​នឹក​ចាំ​ពី​យើង ដើម្បី​មិន​ឲ្យ​យើង​ត្រូវ​វិនាស»។ ពួក​អ្នក​សំពៅ​និយាយ​គ្នា​ថា៖ «ចូរ​យើង​ចាប់​ឆ្នោត ដើម្បី​ឲ្យ​ដឹង​ថា ការ​អាក្រក់​កើត​ដល់​យើង​នេះ ដោយ​ព្រោះ​អ្នក​ណា» ដូច្នេះ គេ​ក៏​នាំ​គ្នា​ចាប់​ឆ្នោត ហើយ​ឆ្នោត​នោះ​ត្រូវ​លើ​យ៉ូណាស។ រួច​គេ​សួរ​លោក​ថា៖ «ចូរ​ប្រាប់​យើង តើ​អ្នក​ណា​បាន​នាំ​ឲ្យ​ការ​អាក្រក់​នេះ​មក​លើ​យើង? តើ​អ្នក​រក​ស៊ី​ធ្វើ​ការ​អី? មក​ពី​ណា? តើ​អ្នក​នៅ​ស្រុក​ណា? ហើយ​ជា​សាសន៍​អី?» លោក​ប្រាប់​គេ​ថា៖ «ខ្ញុំ​ជា​សាសន៍​ហេព្រើរ ហើយ​ខ្ញុំ​កោត​ខ្លាច​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ស្ថាន‌សួគ៌ ដែល​បាន​បង្កើត​សមុទ្រ និង​ដី​គោក»។ ដូច្នេះ គេ​ស្ញែង​ខ្លាច​ក៏​សួរ​លោក​ថា៖ «តើ​អ្នក​បាន​ធ្វើ​អ្វី​ដូច្នេះ?» ដ្បិត​អ្នក​ទាំង​នោះ​បាន​ដឹង​ថា លោក​កំពុង​រត់​គេច​ពី​ព្រះ‌ភក្ត្រ​ព្រះ‌យេហូវ៉ា ព្រោះ​លោក​បាន​ប្រាប់​គេ​ហើយ។ រួច​គេ​សួរ​លោក​ថា៖ «ដូច្នេះ តើ​ត្រូវ​ឲ្យ​យើង​ធ្វើ​ដូច​ម្តេច​ដល់​អ្នក ដើម្បី​ឲ្យ​សមុទ្រ​បាន​ស្ងប់​វិញ?» ដ្បិត​សមុទ្រ​ចេះ​តែ​កម្រើក​រឹត​តែ​ខ្លាំង​ឡើង។ លោក​ប្រាប់​គេ​ថា៖ «ចូរ​បោះ​ខ្ញុំ​ទៅ​ក្នុង​សមុទ្រ​ចុះ នោះ​សមុទ្រ​នឹង​ស្ងប់​ទៅ​វិញ​ហើយ ដ្បិត​ខ្ញុំ​ដឹង​ថា ខ្យល់​ព្យុះ​យ៉ាង​ខ្លាំង​នេះ​កើត​ឡើង​ក៏​ដោយ​ព្រោះ​ខ្លួន​ខ្ញុំ​នេះ»។ ទោះ​ជា​គេ​ខំ​ចែវ​ឲ្យ​បាន​វិល​ត្រឡប់​ទៅ​ច្រាំង​វិញ តែ​ទៅ​មិន​បាន​សោះ ដ្បិត​សមុទ្រ​ចេះ​តែ​កម្រើក​រឹត​តែ​ខ្លាំង​ឡើងៗ។ ដូច្នេះ គេ​ក៏​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ា​ថា៖ «ឱ​ព្រះ‌យេហូវ៉ា​អើយ យើង​ខ្ញុំ​សូម​អង្វរ​ព្រះ‌អង្គ សូម​កុំ​ឲ្យ​យើង​ខ្ញុំ​រាល់​គ្នា​ត្រូវ​វិនាស ដោយ​ព្រោះ​ជីវិត​មនុស្ស​នេះ​ឡើយ ក៏​កុំ​ទម្លាក់​ទោស​ជា​កម្ចាយ​ឈាម​ឥត​ទោស មក​លើ​យើង​ខ្ញុំ​រាល់​គ្នា​ដែរ ដ្បិត​ឱ​ព្រះ‌យេហូវ៉ា​អើយ ព្រះ‌អង្គ​បាន​សម្រេច​តាម​ដែល​ព្រះ‌អង្គ​គាប់​ព្រះ‌ហឫ‌ទ័យ»។ គេ​ក៏​ចាប់​ហោរា​យ៉ូណាស បោះ​ទៅ​ក្នុង​សមុទ្រ រួច​សមុទ្រ​ក៏​ស្ងប់​ទៅ ដូច្នេះ មនុស្ស​ទាំង​នោះ​កោត​ខ្លាច​ព្រះ‌យេហូវ៉ា​យ៉ាង​ខ្លាំង ហើយ​ក៏​ថ្វាយ​យញ្ញ‌បូជា​ដល់​ព្រះ‌យេហូវ៉ា ព្រម​ទាំង​បន់​បំណន់​ផង។

ចែក​រំលែក
អាន យ៉ូណាស 1

យ៉ូណាស 1:4-16 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ប៉ុន្តែ ព្រះ‌អម្ចាស់​បាន​បញ្ជា​ឲ្យ​ខ្យល់​បក់​បោក​យ៉ាង​ខ្លាំង​មក​លើ​សមុទ្រ បង្កើត​ជា​ព្យុះ បណ្ដាល​ឲ្យ​សំពៅ​ស្ទើរ​តែ​នឹង​បែក​បាក់។ អ្នក​សំពៅ​ភ័យ​ខ្លាច​ណាស់ ម្នាក់ៗ​បន់​ព្រះ​របស់​ពួក​គេ​រៀងៗ​ខ្លួន ហើយ​គេ​បោះ​បរិក្ខារ​ផ្សេងៗ​ដែល​មាន​នៅ​ក្នុង​សំពៅ​ចោល​ទៅ​ក្នុង​សមុទ្រ ដើម្បី​ឲ្យ​សំពៅ​ស្រាល។ រីឯ​លោក​យ៉ូណាស​វិញ លោក​ចុះ​ទៅ​សម្រាន្ដ​លង់‌លក់​នៅ​បាត​សំពៅ។ ពេល​នោះ នាយ​សំពៅ​មក​រក​លោក​សួរ​ថា៖ «ម្ដេច​ក៏​លោក​សម្រាន្ដ​លក់​ដូច្នេះ? សូម​ក្រោក​ឡើង ទូល‌អង្វរ​ព្រះ​របស់​លោក​ទៅ ក្រែង​លោ​ព្រះអង្គ​អាណិត‌អាសូរ​ជួយ​ពួក​យើង​ឲ្យ​រួច​ផុត​ពី​សេចក្ដី​វិនាស»។ ពួក​អ្នក​សំពៅ​និយាយ​គ្នា​ថា៖ «មក៍! យើង​នាំ​គ្នា​ចាប់​ឆ្នោត ដើម្បី​ឲ្យ​ដឹង​ថា តើ​នរណា​ជា​អ្នក​បង្ក​អន្តរាយ​ដល់​ពួក​យើង​ដូច្នេះ?»។ ពួក​គេ​ក៏​នាំ​គ្នា​ចាប់​ឆ្នោត ហើយ​ប៉ះ​ចំ​លើ​លោក​យ៉ូណាស។ ពួក​គេ​សួរ​លោក​យ៉ូណាស​ថា៖ «លោក​ជា​អ្នក​បង្ក​អន្តរាយ​ដល់​ពួក​យើង សូម​ប្រាប់​យើង​មើល៍​ថា តើ​លោក​ធ្វើ​អ្វី? លោក​ម​ក​ពី​ណា? ស្រុក​លោក​នៅ​ឯ​ណា? លោក​ជា​ជន‌ជាតិ​អ្វី?»។ លោក​យ៉ូណាស​ឆ្លើយ​ទៅ​ពួក​គេ​ថា៖ «ខ្ញុំ​ជា​ជន‌ជាតិ​ហេប្រឺ ខ្ញុំ​គោរព​ថ្វាយ‌បង្គំ​ព្រះ‌អម្ចាស់ ជា​ព្រះ​ដែល​គង់​នៅ​ស្ថាន​បរម‌សុខ* ព្រះអង្គ​បាន​បង្កើត​សមុទ្រ និង​ដី​គោក»។ លោក​យ៉ូណាស​ក៏​តំណាល​រឿង​របស់​លោក​ឲ្យ​ពួក​គេ​ស្ដាប់។ កាល​ពួក​អ្នក​សំពៅ​ជ្រាប​ថា លោក​បាន​រត់​គេច​ឲ្យ​ឆ្ងាយ​ពី​ព្រះ‌ភ័ក្ត្រ​របស់​ព្រះ‌អម្ចាស់​ដូច្នេះ គេ​ភ័យ​ខ្លាច​ជា​ខ្លាំង ហើយ​សួរ​លោក​ថា៖ «ម្ដេច​ក៏​លោក​ធ្វើ​ដូច្នេះ? តើ​យើង​ត្រូវ​ធ្វើ​យ៉ាង​ណា​ចំពោះ​លោក ដើម្បី​ឲ្យ​សមុទ្រ​បាន​ស្ងប់​ឡើង​វិញ?»។ លោក​យ៉ូណាស​ឆ្លើយ​ថា៖ «សូម​លើក​ខ្ញុំ​បោះ​ទៅ​ក្នុង​សមុទ្រ​ទៅ ទើប​សមុទ្រ​ស្ងប់ ដ្បិត​ខ្ញុំ​ដឹង​ថា ព្រោះ​តែ​ខ្ញុំ​ហ្នឹង​ហើយ​បាន​ជា​មាន​ខ្យល់​ព្យុះ​ដ៏​ខ្លាំង​យ៉ាង​នេះ»។ ពួក​អ្នក​សំពៅ​នាំ​គ្នា​ខំ​ប្រឹង​ចែវ​តម្រង់​ទៅ​រក​ច្រាំង តែ​ទៅ​មិន​រួច​សោះ ព្រោះ​ខ្យល់​ព្យុះ​បក់​បោក​មក​កាន់​តែ​ខ្លាំង​ឡើងៗ។ ពេល​នោះ ពួក​គេ​នាំ​គ្នា​អង្វរ​ព្រះ‌អម្ចាស់​ថា៖ «ឱ​ព្រះ‌អម្ចាស់​អើយ យើង​ខ្ញុំ​មិន​ចង់​ស្លាប់ រួម​ជា​មួយ​បុរស​នេះ​ទេ! សូម​ព្រះអង្គ​កុំ​ប្រកាន់​ទោស​យើង​ខ្ញុំ ចំពោះ​ការ​ប្រហារ​ជីវិត​អ្នក​ដែល​មិន​បាន​ធ្វើ​អ្វី​ខុស​នឹង​យើង​ខ្ញុំ​នេះ​ឡើយ។ ព្រះ‌អម្ចាស់​អើយ ព្រះអង្គ​សម្រេច​ដូច្នេះ ស្រប​តាម​ព្រះ‌ហឫទ័យ​របស់​ព្រះអង្គ!»។ បន្ទាប់​មក ពួក​គេ​លើក​លោក​យ៉ូណាស​បោះ​ទៅ​ក្នុង​សមុទ្រ សមុទ្រ​ក៏​ស្ងប់‌ឈឹង​ភ្លាម។ អ្នក​ទាំង​នោះ​កោត​ស្ញប់‌ស្ញែង​ព្រះ‌អម្ចាស់​យ៉ាង​ខ្លាំង ពួក​គេ​នាំ​គ្នា​ថ្វាយ​យញ្ញ‌បូជា​ចំពោះ​ព្រះ‌អម្ចាស់ ព្រម​ទាំង​បន់‌ស្រន់​ទៀត​ផង។

ចែក​រំលែក
អាន យ៉ូណាស 1

យ៉ូណាស 1:4-16 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ប៉ុន្តែព្រះ‌យេហូវ៉ា ទ្រង់​ធ្វើ​ឲ្យ​មាន​ខ្យល់​យ៉ាង​ខ្លាំង បក់​មក​លើ​សមុទ្រ ដូច្នេះ កើត​មាន​ព្យុះ​យ៉ាង​ធំ​នៅ​សមុទ្រ ដល់‌ម៉្លេះ​បាន​ជា​នាវា​រក​កល់​តែ​នឹង​បែក​បាក់​អស់​ទៅ ឯ​ពួក​ជើង​ឈ្នួល​ក៏​ស្លុត​ចិត្ត ហើយ​គ្រប់​គ្នា​បាន​អំពាវ‌នាវ ដល់​ព្រះ​របស់​ខ្លួន គេ​បោះ​ទំនិញ​ទាំង​ប៉ុន្មាន ដែល​នៅ​ក្នុង​នាវា​ចោល​ទៅ​ក្នុង​សមុទ្រ ដើម្បី​នឹង​ធ្វើ​ឲ្យ​នាវា​បាន​ស្រាល​ឡើង ឯ​យ៉ូណាស​លោក​បាន​ចុះ​ទៅ​ដេក​នៅ​ខាង​ក្នុង​នាវា ហើយ​ក៏​លក់​ស៊ប់​ទៅ ដូច្នេះ នាយ​នាវា​ក៏​មក​ឯ​លោក​សួរ​ថា ម្នាល​អ្នក​ទ្រមក់​អើយ អ្នក​ធ្វើ​អី​ដូច្នេះ ចូរ​ក្រោក​ឡើង​អំពាវ‌នាវ​ដល់​ព្រះ​នៃ​អ្នក​ទៅ ក្រែង​ទ្រង់​នឹង​នឹក​ចាំ​ពី​យើង ដើម្បី​មិន​ឲ្យ​យើង​ត្រូវ​វិនាស​ឡើយ រួច​គេ​ជំនុំ​គ្នា​ថា ចូរ​យើង​ចាប់​ឆ្នោត​ឲ្យ​បាន​ដឹង ជា​ការ​អាក្រក់​នេះ កើត​ដល់​យើង​ដោយ​ព្រោះ​អ្នក​ណា ដូច្នេះ គេ​ក៏​នាំ​គ្នា​ចាប់​ឆ្នោត ហើយ​ឆ្នោត​នោះ​ត្រូវ​លើ​យ៉ូណាស រួច​គេ​សួរ​ពី​ដំណើរ​លោក​ថា ចូរ​ប្រាប់​យើង តើ​អ្នក​ណា​បាន​នាំ​ឲ្យ​ការ​អាក្រក់​នេះ​មក​លើ​យើង តើ​អ្នក​រក​ស៊ី​ធ្វើ​ការ​អី ហើយ​មក​ពី​ណា តើ​អ្នក​នៅ​ស្រុក​ណា ហើយ​ជា​សាសន៍​អី នោះ​លោក​ប្រាប់​គេ​ថា ខ្ញុំ​ជា​សាសន៍​ហេព្រើរ ហើយ​ខ្ញុំ​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ស្ថាន‌សួគ៌ ដែល​ទ្រង់​បាន​បង្កើត​សមុទ្រ នឹង​ដី​គោក​ផង ដូច្នេះ គេ​មាន​សេចក្ដី​ស្ញែង​ខ្លាច​ក្រៃ‌លែង ហើយ​ក៏​សួរ​លោក​ថា តើ​អ្នក​បាន​ធ្វើ​អ្វី​ដូច្នេះ ដ្បិត​បណ្តា​អ្នក​ទាំង​នោះ​បាន​ដឹង​ថា លោក​កំពុង​រត់​គេច​ពី​ព្រះ‌ភក្ត្រ​ព្រះ‌យេហូវ៉ា ពី​ព្រោះ​លោក​បាន​ប្រាប់​គេ​ហើយ។ រួច​គេ​សួរ​លោក​ថា ដូច្នេះ តើ​ត្រូវ​ឲ្យ​យើង​ធ្វើ​ដូច​ម្តេច​ដល់​អ្នក ដើម្បី​ឲ្យ​សមុទ្រ​បាន​ស្ងប់​វិញ ដ្បិត​សមុទ្រ​ចេះ​តែ​កំរើក​រឹត‌តែ​ខ្លាំង​ឡើង លោក​ប្រាប់​គេ​ថា ចូរ​ចាប់​ខ្ញុំ​បោះ​ទៅ​ក្នុង​សមុទ្រ​ចុះ នោះ​សមុទ្រ​នឹង​ស្ងប់​ដល់​អ្នក​រាល់​គ្នា​ហើយ ដ្បិត​ខ្ញុំ​ដឹង​ថា ខ្យល់​ព្យុះ​យ៉ាង​ខ្លាំង​នេះ​កើត​ឡើង​ក៏​ដោយ​ព្រោះ​ខ្លួន​ខ្ញុំ​នេះ​ឯង ប៉ុន្តែគេ​នាំ​គ្នា​ខំ​ចែវ​ឲ្យ​បាន​វិល​ត្រឡប់​ទៅ​ឯ​ច្រាំង​វិញ តែ​មិន​បាន​ទេ ដ្បិត​សមុទ្រ​ចេះ​តែ​កំរើក​រឹត‌តែ​ខ្លាំង​ឡើង​ទាស់​នឹង​គេ ដូច្នេះ គេ​ក៏​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ា​ថា ឱ​ព្រះ‌យេហូវ៉ា​អើយ យើង​ខ្ញុំ​សូម​អង្វរ​ដល់​ទ្រង់ សូម​កុំ​ឲ្យ​យើង​ខ្ញុំ​រាល់​គ្នា​ត្រូវ​វិនាស ដោយ​ព្រោះ​ជីវិត​មនុស្ស​នេះ​ឡើយ ក៏​កុំ​ឲ្យ​ទំលាក់​ទោស​ជា​កំចាយ​ឈាម​ឥត​ទោស មក​លើ​យើង​ខ្ញុំ​រាល់​គ្នា​ដែរ ដ្បិត​ឱ​ព្រះ‌យេហូវ៉ា​អើយ ទ្រង់​បាន​សំរេច​ការ​តាម​ដែល​គាប់​ព្រះ‌ហឫទ័យ​ទ្រង់ គេ​ក៏​ចាប់​យ៉ូណាស បោះ​ទៅ​ក្នុង​សមុទ្រ រួច​សមុទ្រ​ក៏​ស្ងប់​ទៅ ដូច្នេះ មនុស្ស​ទាំង​នោះ​គេ​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា​យ៉ាង​ក្រៃ‌លែង ហើយ​ក៏​ថ្វាយ​យញ្ញ‌បូជា​ដល់​ព្រះ‌យេហូវ៉ា ព្រម​ទាំង​បន់​បំណន់​ផង។

ចែក​រំលែក
អាន យ៉ូណាស 1