យ៉ូណាស 1:1-16
យ៉ូណាស 1:1-16 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់យ៉ូណាស ជាកូនអ័មីថាយថា៖ «ចូរទៅនីនីវេ ជាទីក្រុងធំ ហើយប្រកាសទាស់នឹងក្រុងនោះ ព្រោះអំពើអាក្រក់របស់គេបានសាយឡើង នៅចំពោះមុខយើងហើយ»។ ប៉ុន្តែ ហោរាយ៉ូណាសក្រោកឡើង រត់ទៅឯក្រុងតើស៊ីសវិញ ដើម្បីឲ្យរួចពីព្រះភក្ត្រនៃព្រះយេហូវ៉ា គឺលោកចុះទៅដល់ក្រុងយ៉ុបប៉េ បានជួបនឹងសំពៅមួយ ដែលរៀបចេញទៅក្រុងតើស៊ីស លោកចេញថ្លៃជិះ ក៏ចុះសំពៅនោះទៅឯតើស៊ីសជាមួយគេ ដើម្បីឲ្យរួចពីព្រះភក្ត្រព្រះយេហូវ៉ា។ ប៉ុន្តែ ព្រះយេហូវ៉ាបានធ្វើឲ្យមានខ្យល់យ៉ាងខ្លាំង បក់មកលើសមុទ្រ កើតមានព្យុះយ៉ាងធំនៅសមុទ្រ បណ្ដាលឲ្យសំពៅស្ទើរតែបែកបាក់។ ឯពួកជើងឈ្នួលក៏ភ័យខ្លាចគ្រប់គ្នា ម្នាក់ៗបានបន់ព្រះរៀងៗខ្លួន គេបោះទំនិញទាំងប៉ុន្មាន ដែលនៅក្នុងសំពៅចោលទៅក្នុងសមុទ្រ ដើម្បីឲ្យសំពៅស្រាល ឯហោរាយ៉ូណាសបានចុះទៅដេកលក់នៅខាងក្នុងសំពៅ។ ដូច្នេះ នាយសំពៅក៏មកសួរលោកថា៖ «អ្នកទ្រមក់អើយ អ្នកធ្វើអីដូច្នេះ? ក្រោកឡើងអំពាវនាវដល់ព្រះរបស់អ្នកទៅ ក្រែងព្រះអង្គនឹកចាំពីយើង ដើម្បីមិនឲ្យយើងត្រូវវិនាស»។ ពួកអ្នកសំពៅនិយាយគ្នាថា៖ «ចូរយើងចាប់ឆ្នោត ដើម្បីឲ្យដឹងថា ការអាក្រក់កើតដល់យើងនេះ ដោយព្រោះអ្នកណា» ដូច្នេះ គេក៏នាំគ្នាចាប់ឆ្នោត ហើយឆ្នោតនោះត្រូវលើយ៉ូណាស។ រួចគេសួរលោកថា៖ «ចូរប្រាប់យើង តើអ្នកណាបាននាំឲ្យការអាក្រក់នេះមកលើយើង? តើអ្នករកស៊ីធ្វើការអី? មកពីណា? តើអ្នកនៅស្រុកណា? ហើយជាសាសន៍អី?» លោកប្រាប់គេថា៖ «ខ្ញុំជាសាសន៍ហេព្រើរ ហើយខ្ញុំកោតខ្លាចព្រះយេហូវ៉ា ជាព្រះនៃស្ថានសួគ៌ ដែលបានបង្កើតសមុទ្រ និងដីគោក»។ ដូច្នេះ គេស្ញែងខ្លាចក៏សួរលោកថា៖ «តើអ្នកបានធ្វើអ្វីដូច្នេះ?» ដ្បិតអ្នកទាំងនោះបានដឹងថា លោកកំពុងរត់គេចពីព្រះភក្ត្រព្រះយេហូវ៉ា ព្រោះលោកបានប្រាប់គេហើយ។ រួចគេសួរលោកថា៖ «ដូច្នេះ តើត្រូវឲ្យយើងធ្វើដូចម្តេចដល់អ្នក ដើម្បីឲ្យសមុទ្របានស្ងប់វិញ?» ដ្បិតសមុទ្រចេះតែកម្រើករឹតតែខ្លាំងឡើង។ លោកប្រាប់គេថា៖ «ចូរបោះខ្ញុំទៅក្នុងសមុទ្រចុះ នោះសមុទ្រនឹងស្ងប់ទៅវិញហើយ ដ្បិតខ្ញុំដឹងថា ខ្យល់ព្យុះយ៉ាងខ្លាំងនេះកើតឡើងក៏ដោយព្រោះខ្លួនខ្ញុំនេះ»។ ទោះជាគេខំចែវឲ្យបានវិលត្រឡប់ទៅច្រាំងវិញ តែទៅមិនបានសោះ ដ្បិតសមុទ្រចេះតែកម្រើករឹតតែខ្លាំងឡើងៗ។ ដូច្នេះ គេក៏អំពាវនាវដល់ព្រះយេហូវ៉ាថា៖ «ឱព្រះយេហូវ៉ាអើយ យើងខ្ញុំសូមអង្វរព្រះអង្គ សូមកុំឲ្យយើងខ្ញុំរាល់គ្នាត្រូវវិនាស ដោយព្រោះជីវិតមនុស្សនេះឡើយ ក៏កុំទម្លាក់ទោសជាកម្ចាយឈាមឥតទោស មកលើយើងខ្ញុំរាល់គ្នាដែរ ដ្បិតឱព្រះយេហូវ៉ាអើយ ព្រះអង្គបានសម្រេចតាមដែលព្រះអង្គគាប់ព្រះហឫទ័យ»។ គេក៏ចាប់ហោរាយ៉ូណាស បោះទៅក្នុងសមុទ្រ រួចសមុទ្រក៏ស្ងប់ទៅ ដូច្នេះ មនុស្សទាំងនោះកោតខ្លាចព្រះយេហូវ៉ាយ៉ាងខ្លាំង ហើយក៏ថ្វាយយញ្ញបូជាដល់ព្រះយេហូវ៉ា ព្រមទាំងបន់បំណន់ផង។
យ៉ូណាស 1:1-16 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ថ្ងៃមួយ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកយ៉ូណាស ជាកូនរបស់លោកអមីថាយថា៖ «ចូរក្រោកឡើង ធ្វើដំណើរទៅក្រុងនីនីវេមហានគរជាបន្ទាន់ ហើយប្រកាសប្រាប់អ្នកក្រុងនោះថា អំពើអាក្រក់របស់ពួកគេល្បីរន្ទឺរហូតមកដល់យើង»។ លោកយ៉ូណាសក៏ក្រោកឡើង គេចខ្លួនទៅក្រុងតើស៊ីស ឆ្ងាយពីព្រះភ័ក្ត្ររបស់ព្រះអម្ចាស់។ លោកទៅដល់ក្រុងយ៉ុបប៉េ ហើយរកឃើញសំពៅមួយដែលហៀបនឹងចេញដំណើរទៅក្រុងតើស៊ីស លោកក៏បង់ថ្លៃធ្វើដំណើរ រួចចុះសំពៅទៅជាមួយអ្នកឯទៀតៗធ្វើដំណើរទៅក្រុងតើស៊ីស ឆ្ងាយពីព្រះភ័ក្ត្ររបស់ព្រះអម្ចាស់។ ប៉ុន្តែ ព្រះអម្ចាស់បានបញ្ជាឲ្យខ្យល់បក់បោកយ៉ាងខ្លាំងមកលើសមុទ្រ បង្កើតជាព្យុះ បណ្ដាលឲ្យសំពៅស្ទើរតែនឹងបែកបាក់។ អ្នកសំពៅភ័យខ្លាចណាស់ ម្នាក់ៗបន់ព្រះរបស់ពួកគេរៀងៗខ្លួន ហើយគេបោះបរិក្ខារផ្សេងៗដែលមាននៅក្នុងសំពៅចោលទៅក្នុងសមុទ្រ ដើម្បីឲ្យសំពៅស្រាល។ រីឯលោកយ៉ូណាសវិញ លោកចុះទៅសម្រាន្ដលង់លក់នៅបាតសំពៅ។ ពេលនោះ នាយសំពៅមករកលោកសួរថា៖ «ម្ដេចក៏លោកសម្រាន្ដលក់ដូច្នេះ? សូមក្រោកឡើង ទូលអង្វរព្រះរបស់លោកទៅ ក្រែងលោព្រះអង្គអាណិតអាសូរជួយពួកយើងឲ្យរួចផុតពីសេចក្ដីវិនាស»។ ពួកអ្នកសំពៅនិយាយគ្នាថា៖ «មក៍! យើងនាំគ្នាចាប់ឆ្នោត ដើម្បីឲ្យដឹងថា តើនរណាជាអ្នកបង្កអន្តរាយដល់ពួកយើងដូច្នេះ?»។ ពួកគេក៏នាំគ្នាចាប់ឆ្នោត ហើយប៉ះចំលើលោកយ៉ូណាស។ ពួកគេសួរលោកយ៉ូណាសថា៖ «លោកជាអ្នកបង្កអន្តរាយដល់ពួកយើង សូមប្រាប់យើងមើល៍ថា តើលោកធ្វើអ្វី? លោកមកពីណា? ស្រុកលោកនៅឯណា? លោកជាជនជាតិអ្វី?»។ លោកយ៉ូណាសឆ្លើយទៅពួកគេថា៖ «ខ្ញុំជាជនជាតិហេប្រឺ ខ្ញុំគោរពថ្វាយបង្គំព្រះអម្ចាស់ ជាព្រះដែលគង់នៅស្ថានបរមសុខ* ព្រះអង្គបានបង្កើតសមុទ្រ និងដីគោក»។ លោកយ៉ូណាសក៏តំណាលរឿងរបស់លោកឲ្យពួកគេស្ដាប់។ កាលពួកអ្នកសំពៅជ្រាបថា លោកបានរត់គេចឲ្យឆ្ងាយពីព្រះភ័ក្ត្ររបស់ព្រះអម្ចាស់ដូច្នេះ គេភ័យខ្លាចជាខ្លាំង ហើយសួរលោកថា៖ «ម្ដេចក៏លោកធ្វើដូច្នេះ? តើយើងត្រូវធ្វើយ៉ាងណាចំពោះលោក ដើម្បីឲ្យសមុទ្របានស្ងប់ឡើងវិញ?»។ លោកយ៉ូណាសឆ្លើយថា៖ «សូមលើកខ្ញុំបោះទៅក្នុងសមុទ្រទៅ ទើបសមុទ្រស្ងប់ ដ្បិតខ្ញុំដឹងថា ព្រោះតែខ្ញុំហ្នឹងហើយបានជាមានខ្យល់ព្យុះដ៏ខ្លាំងយ៉ាងនេះ»។ ពួកអ្នកសំពៅនាំគ្នាខំប្រឹងចែវតម្រង់ទៅរកច្រាំង តែទៅមិនរួចសោះ ព្រោះខ្យល់ព្យុះបក់បោកមកកាន់តែខ្លាំងឡើងៗ។ ពេលនោះ ពួកគេនាំគ្នាអង្វរព្រះអម្ចាស់ថា៖ «ឱព្រះអម្ចាស់អើយ យើងខ្ញុំមិនចង់ស្លាប់ រួមជាមួយបុរសនេះទេ! សូមព្រះអង្គកុំប្រកាន់ទោសយើងខ្ញុំ ចំពោះការប្រហារជីវិតអ្នកដែលមិនបានធ្វើអ្វីខុសនឹងយើងខ្ញុំនេះឡើយ។ ព្រះអម្ចាស់អើយ ព្រះអង្គសម្រេចដូច្នេះ ស្របតាមព្រះហឫទ័យរបស់ព្រះអង្គ!»។ បន្ទាប់មក ពួកគេលើកលោកយ៉ូណាសបោះទៅក្នុងសមុទ្រ សមុទ្រក៏ស្ងប់ឈឹងភ្លាម។ អ្នកទាំងនោះកោតស្ញប់ស្ញែងព្រះអម្ចាស់យ៉ាងខ្លាំង ពួកគេនាំគ្នាថ្វាយយញ្ញបូជាចំពោះព្រះអម្ចាស់ ព្រមទាំងបន់ស្រន់ទៀតផង។
យ៉ូណាស 1:1-16 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
រីឯព្រះបន្ទូលនៃព្រះយេហូវ៉ា បានមកដល់យ៉ូណាស ជាកូនអ័មីថាយថា ចូរក្រោកឡើងទៅឯនីនីវេ ជាទីក្រុងធំ ហើយស្រែកប្រកាសទាស់នឹងក្រុងនោះ ពីព្រោះអំពើអាក្រក់របស់គេបានសាយឡើង នៅចំពោះមុខអញហើយ ប៉ុន្តែយ៉ូណាស លោកក្រោកឡើង រត់ទៅឯក្រុងតើស៊ីសវិញ ដើម្បីឲ្យរួចពីព្រះភក្ត្រនៃព្រះយេហូវ៉ា គឺលោកចុះទៅដល់ក្រុងយ៉ុបប៉េបានប្រទះនឹងនាវា១ ដែលរៀបចេញទៅឯក្រុងតើស៊ីស នោះលោកចេញប្រាក់ជាដំឡៃជិះ រួចក៏ចុះនាវានោះ ដើម្បីទៅឯតើស៊ីសជាមួយនឹងគេ ឲ្យរួចពីព្រះភក្ត្រព្រះយេហូវ៉ា។ ប៉ុន្តែព្រះយេហូវ៉ា ទ្រង់ធ្វើឲ្យមានខ្យល់យ៉ាងខ្លាំង បក់មកលើសមុទ្រ ដូច្នេះ កើតមានព្យុះយ៉ាងធំនៅសមុទ្រ ដល់ម៉្លេះបានជានាវារកកល់តែនឹងបែកបាក់អស់ទៅ ឯពួកជើងឈ្នួលក៏ស្លុតចិត្ត ហើយគ្រប់គ្នាបានអំពាវនាវ ដល់ព្រះរបស់ខ្លួន គេបោះទំនិញទាំងប៉ុន្មាន ដែលនៅក្នុងនាវាចោលទៅក្នុងសមុទ្រ ដើម្បីនឹងធ្វើឲ្យនាវាបានស្រាលឡើង ឯយ៉ូណាសលោកបានចុះទៅដេកនៅខាងក្នុងនាវា ហើយក៏លក់ស៊ប់ទៅ ដូច្នេះ នាយនាវាក៏មកឯលោកសួរថា ម្នាលអ្នកទ្រមក់អើយ អ្នកធ្វើអីដូច្នេះ ចូរក្រោកឡើងអំពាវនាវដល់ព្រះនៃអ្នកទៅ ក្រែងទ្រង់នឹងនឹកចាំពីយើង ដើម្បីមិនឲ្យយើងត្រូវវិនាសឡើយ រួចគេជំនុំគ្នាថា ចូរយើងចាប់ឆ្នោតឲ្យបានដឹង ជាការអាក្រក់នេះ កើតដល់យើងដោយព្រោះអ្នកណា ដូច្នេះ គេក៏នាំគ្នាចាប់ឆ្នោត ហើយឆ្នោតនោះត្រូវលើយ៉ូណាស រួចគេសួរពីដំណើរលោកថា ចូរប្រាប់យើង តើអ្នកណាបាននាំឲ្យការអាក្រក់នេះមកលើយើង តើអ្នករកស៊ីធ្វើការអី ហើយមកពីណា តើអ្នកនៅស្រុកណា ហើយជាសាសន៍អី នោះលោកប្រាប់គេថា ខ្ញុំជាសាសន៍ហេព្រើរ ហើយខ្ញុំកោតខ្លាចដល់ព្រះយេហូវ៉ា ជាព្រះនៃស្ថានសួគ៌ ដែលទ្រង់បានបង្កើតសមុទ្រ នឹងដីគោកផង ដូច្នេះ គេមានសេចក្ដីស្ញែងខ្លាចក្រៃលែង ហើយក៏សួរលោកថា តើអ្នកបានធ្វើអ្វីដូច្នេះ ដ្បិតបណ្តាអ្នកទាំងនោះបានដឹងថា លោកកំពុងរត់គេចពីព្រះភក្ត្រព្រះយេហូវ៉ា ពីព្រោះលោកបានប្រាប់គេហើយ។ រួចគេសួរលោកថា ដូច្នេះ តើត្រូវឲ្យយើងធ្វើដូចម្តេចដល់អ្នក ដើម្បីឲ្យសមុទ្របានស្ងប់វិញ ដ្បិតសមុទ្រចេះតែកំរើករឹតតែខ្លាំងឡើង លោកប្រាប់គេថា ចូរចាប់ខ្ញុំបោះទៅក្នុងសមុទ្រចុះ នោះសមុទ្រនឹងស្ងប់ដល់អ្នករាល់គ្នាហើយ ដ្បិតខ្ញុំដឹងថា ខ្យល់ព្យុះយ៉ាងខ្លាំងនេះកើតឡើងក៏ដោយព្រោះខ្លួនខ្ញុំនេះឯង ប៉ុន្តែគេនាំគ្នាខំចែវឲ្យបានវិលត្រឡប់ទៅឯច្រាំងវិញ តែមិនបានទេ ដ្បិតសមុទ្រចេះតែកំរើករឹតតែខ្លាំងឡើងទាស់នឹងគេ ដូច្នេះ គេក៏អំពាវនាវដល់ព្រះយេហូវ៉ាថា ឱព្រះយេហូវ៉ាអើយ យើងខ្ញុំសូមអង្វរដល់ទ្រង់ សូមកុំឲ្យយើងខ្ញុំរាល់គ្នាត្រូវវិនាស ដោយព្រោះជីវិតមនុស្សនេះឡើយ ក៏កុំឲ្យទំលាក់ទោសជាកំចាយឈាមឥតទោស មកលើយើងខ្ញុំរាល់គ្នាដែរ ដ្បិតឱព្រះយេហូវ៉ាអើយ ទ្រង់បានសំរេចការតាមដែលគាប់ព្រះហឫទ័យទ្រង់ គេក៏ចាប់យ៉ូណាស បោះទៅក្នុងសមុទ្រ រួចសមុទ្រក៏ស្ងប់ទៅ ដូច្នេះ មនុស្សទាំងនោះគេកោតខ្លាចដល់ព្រះយេហូវ៉ាយ៉ាងក្រៃលែង ហើយក៏ថ្វាយយញ្ញបូជាដល់ព្រះយេហូវ៉ា ព្រមទាំងបន់បំណន់ផង។