យ៉ូប 41:1-34
យ៉ូប 41:1-34 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
តើឯងនឹងស្ទូចចាប់ក្រពើ បាន ឬយកខ្សែទៅចងអណ្ដាតវាបានឬទេ? តើឯងនឹងដាក់កន្លុះនៅច្រមុះវា ឬយកតម្ពក់ថ្ពក់ថ្គាមវាបានឬ? តើវានឹងអង្វរឯង ឬនឹងនិយាយពាក្យស្រទន់ដល់ឯងឬ? តើវានឹងចុះសន្យានឹងឯង ឲ្យឯងបានយកវាទៅបម្រើជាដរាបឬ? តើឯងនឹងលេងជាមួយវា ដូចជាលេងនឹងចាប ឬចងវាទុកឲ្យពួកទាសីឯងឬ? តើពួកនេសាទនឹងចាប់វាលក់ ដោយបែងចំណែកទៅឲ្យពួកឈ្មួញឬ? តើឯងអាចនឹងចាក់ស្បែកវាពេញដោយផ្លែច្បូក ឬក្បាលវាដោយស្នចាក់ត្រីបានឬ? ចូរឯងដាក់ដៃពាល់វាមើល រួចឲ្យចាំទុក កុំឲ្យធ្វើទៀត មើល៍! ដែលចាំចាប់វា នោះនឹងខកចិត្តហើយ គ្រាន់តែឃើញវា នោះស្លុតចិត្តហើយ។ បើគ្មានអ្នកណាអាចហ៊ានដាស់វាឡើងដូច្នេះ តើមានអ្នកណាអាចឈរនៅមុខយើងបាន? តើអ្នកណាដែលឲ្យអ្វីមកយើងជាមុន ដើម្បីឲ្យយើងត្រូវសងគេវិញ? អ្វីៗសព្វសារពើនៅក្រោមមេឃជារបស់យើង។ យើងមិនទាន់ឈប់និយាយពីជើង និងកម្លាំងវា ឬពីរាងដ៏សមសួនរបស់វាផង។ តើមានអ្នកណាអាចនឹងពន្លាត់ស្បែកវាបាន? តើអ្នកណាហ៊ានដាក់បង្ហៀរក្នុងមាត់វា? តើអ្នកណាអាចនឹងបើកមាត់វាបាន? ធ្មេញវានៅព័ទ្ធជុំវិញគួរស្ញែងខ្លាច ស្រកាវាជាទីអំនួតដល់វា ក៏ជាប់គ្នាដូចជាត្រា មួយៗភ្ជាប់គ្នា ដល់ម៉្លេះបានជាខ្យល់ចូលមិនបានផង មួយប្រទល់នឹងមួយ ហើយក៏ជាប់ៗគ្នា និងផ្តាច់ចេញពីគ្នាមិនបានឡើយ។ កាលណាវាព្រួសទឹកចេញ នោះក៏បែកជាពន្លឺ ភ្នែកវាក៏ដូចជាអរុណរះ មានអណ្ដាតភ្លើងចេញពីមាត់វា ហើយផ្កាភ្លើងហើរចេញមកដែរ។ មានផ្សែងចេញពីរន្ធច្រមុះវាដូចជាចេញពីឆ្នាំង ឬពីថ្លាងដែលពុះ។ ខ្យល់ដង្ហើមវាបង្កាត់ភ្លើងឡើង ហើយមានអណ្ដាតភ្លើងចេញពីមាត់វាមក។ នៅត្រង់កវា មានកម្លាំងណាស់ ហើយសេចក្ដីស្ញែងខ្លាច ក៏លោតកញ្ឆេងនៅមុខវា សាច់ស្រទាប់របស់វាក៏ជាប់ៗគ្នា ក៏មាំណាស់ និងបកចេញមិនបាន។ បេះដូងវារឹងដូចជាថ្ម អើ ក៏រឹងដូចថ្មត្បាល់កិន។ កាលណាវាចំកោងខ្លួនឡើង នោះមនុស្សខ្លាំងពូកែក៏ភ័យខ្លាច ហើយរត់ទៅដោយភាំងស្លុត។ បើអ្នកណាយកដាវទៅកាប់វា ក៏មិនឈ្នះ ហើយលំពែង ដែកពួយ ឬស្នក៏ឥតប្រយោជន៍។ វារាប់ដែកដូចជាចំបើង ហើយលង្ហិនដូចជាឈើពុក ព្រួញនឹងធ្វើឲ្យវារត់មិនបាន ហើយបាញ់គ្រាប់ថ្ម ក៏ត្រឡប់ដូចជាជញ្ជ្រាំងដល់វា។ វារាប់ដំបងដូចជាចំបើង ហើយក៏សើចឡកដាក់លំពែង។ ពោះវាមានដូចជាអំបែងឆ្នាំង ក៏ធ្វើស្នាមដូចជារនាស់នៅលើភក់។ វាធ្វើឲ្យទឹកជ្រៅចេញពពុះឡើងដូចជាឆ្នាំង ក៏ធ្វើឲ្យទឹកសមុទ្រត្រឡប់ដូចជាក្រឡទឹកអប់។ វាធ្វើឲ្យមានផ្លូវភ្លឺតាមក្រោយវា គេនឹងស្មានថាទីជម្រៅមានសក់ស្កូវហើយ។ នៅលើផែនដីគ្មានសត្វណាដូចវាឡើយ ជាសត្វដែលកើតមកឥតមានភ័យខ្លាច។ វាមើលទៅឃើញគ្រប់ទាំងអស់ដែលខ្ពស់ ជាសត្វដែលគ្រប់គ្រងលើអស់ទាំងសត្វ ដែលមានសេចក្ដីអំនួត»។
យ៉ូប 41:1-34 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
តើអ្នកអាចយកសន្ទូចទៅស្ទូចស្ដេច ក្រពើ ហើយយកខ្សែទៅចងអណ្ដាត របស់វាបានឬ? តើអ្នកអាចយកកន្លុះទៅដាក់ច្រមុះវា ហើយយកដែកទៅចោះថ្គាមរបស់វាបានឬ? តើអ្នកស្មានថាវានឹងទទូចអង្វរអ្នក ហើយនិយាយមកអ្នកដោយទន់ភ្លន់ឬ? តើវាចេះចុះខសន្យាជាមួយអ្នក ហើយអ្នកប្រើវាជាទាសករបានរហូតឬ? តើអ្នកអាចលេងជាមួយវា ដូចលេងចាប ឬក៏អាចចងវា ទុកឲ្យកូនស្រីរបស់អ្នក មើលកម្សាន្ត? តើពួកអ្នករកស៊ីអាចយកវាទៅលក់ ហើយអ្នកលក់អាចយកវាទៅចែកគ្នាកើតឬ? តើអ្នកអាចយកជន្លួញមកចាក់ទម្លុះស្បែកវា ហើយយកស្នចាក់ត្រីមកចាក់ក្បាលវាបានឬ? ចូរលូកដៃពាល់វាមើល៍ ពេលអ្នកគិតដល់ការប្រយុទ្ធជាមួយនឹងវា នោះអ្នកមុខជាលែងហ៊ានពាល់វាជាប់ ទៀតមិនខាន! អ្នកណាប្រាថ្នាចង់ចាប់វា អ្នកនោះយល់ច្រឡំហើយ ព្រោះពេលឃើញវា គេមុខជាតក់ស្លុត បើគ្មាននរណាម្នាក់ហ៊ានតទល់នឹងវាដូច្នេះ តើនរណាអាចប្រឈមមុខនឹងយើងបាន? គ្មាននរណាឲ្យរបស់មកយើងខ្ចី ហើយយើងត្រូវសងទៅគេវិញនោះឡើយ ដ្បិតអ្វីៗទាំងអស់នៅលើផែនដីនេះ សុទ្ធតែជាកម្មសិទ្ធិរបស់យើង។ មកដល់ត្រឹមណេះ យើងមិនទាន់បានថ្លែង អំពីអវយវៈ កម្លាំង និងសរីរាង្គដ៏ល្អ របស់ក្រពើនៅឡើយទេ។ តើនរណាអាចពន្លាត់ស្បែកវាបាន? តើនរណាហ៊ានប៉ះពាល់ចង្កូមរបស់វា? តើនរណាហ៊ានបើកមាត់របស់វា? ដ្បិតវាមានធ្មេញគួរឲ្យស្ញែងខ្លាចណាស់។ ស្រកាដ៏សង្ហា ហើយមាំរបស់វា តភ្ជាប់គ្នា ទៅវិញទៅមកយ៉ាងស្អិតល្មួត។ ស្រការបស់វានៅភ្ជាប់គ្នាយ៉ាងជិត សូម្បីតែខ្យល់ក៏ពុំអាចឆ្លងកាត់បានផង។ ស្រកានីមួយៗតភ្ជាប់គ្នាយ៉ាងមាំ ដែលពុំអាចបំបែកចេញពីគ្នាបានឡើយ។ កាលណាវាព្រួសទឹកចេញមក នោះមានបែកជាពន្លឺ ភ្នែករបស់វាភ្លឺដូចជាពេលថ្ងៃរះ។ មានភ្លើងចេញពីមាត់របស់វា ហើយផ្កាភ្លើងក៏ហើរចេញមកដែរ។ មានផ្សែងហុយចេញតាមច្រមុះរបស់វា ដូចផ្សែងហុយចេញពីថ្លាងដែលកំពុងពុះ។ ខ្យល់ដង្ហើមរបស់វាអាចបង្កាត់ភ្លើងបាន ហើយក៏មានអណ្ដាតភ្លើងផុសចេញពី ក្នុងមាត់របស់វាដែរ។ ករបស់វាមានកម្លាំងណាស់ ធ្វើឲ្យអស់អ្នកដែលឃើញវា ចូលមកជិត ភ័យខ្លាចជាខ្លាំង។ សាច់ស្រទាប់របស់វានៅជាប់គ្នាយ៉ាងរឹងមាំ ដែលមិនអាចផ្ដាច់ចេញពីគ្នាបានទេ។ បេះដូងរបស់វារឹងដូចដុំថ្ម គឺរឹងដូចត្បាល់ថ្ម។ ពេលណាវាក្រោកឡើង សូម្បីតែអ្នកខ្លាំងពូកែក៏ភ័យតក់ស្លុតដែរ ហើយរត់ចេញទៅ ទាំងបាក់ស្បាត។ ទោះបីគេយកដាវ លំពែង ស្ន និងព្រួញ មកចាក់ទម្លុះ ក៏មិនមុតដែរ ដ្បិតវាចាត់ទុកដែកដូចជាចំបើង ហើយលង្ហិនដូចជាឈើពុក។ ព្រួញមិនដែលធ្វើឲ្យវាដកខ្លួនថយទេ រីឯថ្មដែលគេបាញ់ពីខ្សែដង្ហក់ ក៏ប្រៀបដូចជាចំបើងសម្រាប់វាដែរ។ វាមើលមកព្រនង់ដូចជាចំបើង ហើយមិនញញើតនឹងសន្ធឹកស្នឡើយ។ ពោះរបស់វាមុតដូចអំបែងឆ្នាំង ធ្វើឲ្យមានដាននៅលើភក់ដូចដានរនាស់។ វាធ្វើឲ្យទឹកនៅក្នុងមហាសាគរ ពុះកញ្ជ្រោលដូចទឹកពុះនៅក្នុងថ្លាង ហើយធ្វើឲ្យសមុទ្រប្រៀបដូចជា ឆ្នាំងរម្ងាស់ទឹកអប់ វាធ្វើឲ្យមានដានរលោងនៅពីក្រោយវា គឺប្រៀបបីដូចជាសក់របស់ចាស់ព្រឹទ្ធាចារ្យ។ នៅលើផែនដីនេះ គ្មានសត្វណាដូចវាឡើយ យើងបង្កើតវាមក មិនខ្លាចអ្វីទាំងអស់។ វាមិនញញើតនឹងមើលទៅសត្វដ៏សម្បើមៗ ដ្បិតវាជាស្ដេចលើសត្វសាហាវទាំងអស់»។
យ៉ូប 41:1-34 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
តើឯងនឹងស្ទូចចាប់ក្រពើបាន ឬនឹងយកខ្សែទៅចងអណ្តាតវាបានឬទេ តើឯងនឹងដាក់កន្លុះនៅច្រមុះវា ឬយកទំពក់ថ្ពក់ថ្គាមវាបានឬ តើវានឹងអង្វរឯងជាច្រើន ឬនឹងនិយាយពាក្យស្រទន់ដល់ឯងឬទេ តើវានឹងចុះសន្យានឹងឯង ឲ្យឯងបានយកវាទៅបំរើជាដរាបឬ តើឯងនឹងលេងជាមួយនឹងវា ដូចជាលេងនឹងចាប ឬចងវាទុក ឲ្យពួកទាសីឯងឬទេ តើពួកនេសាទនឹងចាប់វាលក់ដោយបែងចំណែកទៅឲ្យពួកឈ្មួញឬអី តើឯងអាចនឹងចាក់ស្បែកវាពេញដោយផ្លែច្បូក ឬក្បាលវាដោយស្នចាក់ត្រីបានឬទេ ចូរឯងដាក់ដៃពាល់វាមើល រួចឲ្យនឹកចាំទុក កុំឲ្យធ្វើទៀត មើល ដែលចាំចាប់វា នោះស៊ុនខ្លួនហើយ គ្រាន់តែឃើញភាពវាប៉ុណ្ណោះ នោះល្មមស្លុតចិត្តទៅ គ្មានអ្នកណាអាចហ៊ានដាស់វាឡើងឡើយ បើដូច្នេះ តើមានអ្នកណាអាចឈរនៅមុខអញបាន តើអ្នកណាដែលឲ្យអ្វីមកអញជាមុន បានជាអញត្រូវសងគេវិញ សារពើទាំងប៉ុន្មានដែលនៅក្រោមមេឃជារបស់ផងអញទេតើ។ អញមិនទាន់ឈប់និយាយពីជើង នឹងកំឡាំងវា ឬពីរាងដ៏សមសួនរបស់វានៅឡើយ តើមានអ្នកណាអាចនឹងពន្លាត់ស្បែកវាបាន តើអ្នកណាហ៊ានដាក់បង្ហៀរក្នុងមាត់វា តើអ្នកណាអាចនឹងបើកមាត់វាបាន ធ្មេញវានៅព័ទ្ធជុំវិញគួរស្ញែងខ្លាច ស្រកាវាជាទីអំនួតដល់វា ក៏ជាប់គ្នាដូចជាត្រា មួយៗជិតស្និទ្ធគ្នា ដល់ម៉្លេះបានជាខ្យល់ចូលមិនបានផង មួយប្រទល់នឹងមួយ ហើយក៏ជាប់ៗគ្នា នឹងផ្តាច់ចេញពីគ្នាមិនបានឡើយ កាលណាវាព្រួសទឹកចេញ នោះក៏បែកជាពន្លឺ ភ្នែកវាក៏ដូចជាអរុណរះ មានអណ្តាតភ្លើងចេញពីមាត់វា ហើយផ្កាភ្លើងហើរចេញមកដែរ មានផ្សែងចេញពីរន្ធច្រមុះវាដូចពីឆ្នាំង ឬពីថ្លាងដែលពុះ ខ្យល់ដង្ហើមវាបង្កាត់ភ្លើងឡើង ហើយមានអណ្តាតភ្លើងចេញពីមាត់វាមក នៅត្រង់កវាមានកំឡាំងណាស់ ហើយសេចក្ដីស្ញែងខ្លាចក៏លោតកញ្ឆេងនៅមុខវា សាច់ស្រទាប់របស់វាក៏ជាប់ៗគ្នា ក៏មាំណាស់ នឹងបកចេញមិនបាន បេះដូងវារឹងដូចជាថ្ម អើ ក៏រឹងដូចថ្មត្បាល់កិន កាលណាវាចំកោងខ្លួនឡើង នោះមនុស្សខ្លាំងពូកែក៏ភ័យខ្លាច ហើយរត់ទៅដោយភាំងស្លុត បើអ្នកណានឹងយកដាវទៅកាប់វា ក៏មិនឈ្នះ ហើយលំពែង ដែកពួយ ឬស្នក៏ឥតប្រយោជន៍ វារាប់ដែកដូចជាចំបើង ហើយលង្ហិនដូចជាឈើពុក ព្រួញនឹងធ្វើឲ្យវារត់មិនបាន ហើយថ្មបាញ់ក៏ត្រឡប់ដូចជាជញ្ជ្រាំងដល់វា វារាប់មោងដូចជាចំបើង ហើយក៏សើចឡកដល់ដែកដែលគេពួយមក ពោះវាមានដូចជាអំបែងឆ្នាំង ក៏ធ្វើស្នាមដូចជារនាស់នៅលើភក់ វាធ្វើឲ្យទឹកជ្រៅចេញពពុះឡើងដូចជាឆ្នាំង ក៏ធ្វើឲ្យទឹកសមុទ្រត្រឡប់ដូចជាក្រឡពេញដោយកាវយក់ វាធ្វើឲ្យមានផ្លូវភ្លឺតាមក្រោយវា គេនឹងស្មានថាទីជំរៅមានសក់ស្កូវហើយ នៅលើផែនដីគ្មានសត្វណាដូចវាឡើយ ជាសត្វដែលកើតមកឥតមានភ័យខ្លាច វាមើលទៅឃើញគ្រប់ទាំងអស់ដែលខ្ពស់ ជាសត្វដែលគ្រប់គ្រងលើអស់ទាំងសត្វដែលមានសេចក្ដីអំនួត។