យ៉ូប 41

41
1តើ​ឯង​នឹង​ស្ទូច​ចាប់​ក្រពើ​បាន ឬ​នឹង​យក​ខ្សែ​ទៅ​ចង​អណ្តាត​វា​បាន​ឬ​ទេ 2តើ​ឯង​នឹង​ដាក់​កន្លុះ​នៅ​ច្រមុះ​វា ឬ​យក​ទំពក់​ថ្ពក់​ថ្គាម​វា​បាន​ឬ 3តើ​វា​នឹង​អង្វរ​ឯង​ជា​ច្រើន ឬ​នឹង​និយាយ​ពាក្យ​ស្រទន់​ដល់​ឯង​ឬ​ទេ 4តើ​វា​នឹង​ចុះ​សន្យា​នឹង​ឯង ឲ្យ​ឯង​បាន​យក​វា​ទៅ​បំរើ​ជា​ដរាប​ឬ 5តើ​ឯង​នឹង​លេង​ជា​មួយ​នឹង​វា ដូច​ជា​លេង​នឹង​ចាប ឬ​ចង​វា​ទុក ឲ្យ​ពួក​ទាសី​ឯង​ឬ​ទេ 6តើ​ពួក​នេសាទ​នឹង​ចាប់​វា​លក់​ដោយ​បែង​ចំណែក​ទៅ​ឲ្យ​ពួក​ឈ្មួញ​ឬ​អី 7តើ​ឯង​អាច​នឹង​ចាក់​ស្បែក​វា​ពេញ​ដោយ​ផ្លែ​ច្បូក ឬ​ក្បាល​វា​ដោយ​ស្ន​ចាក់​ត្រី​បាន​ឬ​ទេ 8ចូរ​ឯង​ដាក់​ដៃ​ពាល់​វា​មើល រួច​ឲ្យ​នឹក​ចាំ​ទុក កុំ​ឲ្យ​ធ្វើ​ទៀត 9មើល ដែល​ចាំ​ចាប់​វា នោះ​ស៊ុន​ខ្លួន​ហើយ គ្រាន់​តែ​ឃើញ​ភាព​វា​ប៉ុណ្ណោះ នោះ​ល្មម​ស្លុត​ចិត្ត​ទៅ 10គ្មាន​អ្នក​ណា​អាច​ហ៊ាន​ដាស់​វា​ឡើង​ឡើយ បើ​ដូច្នេះ តើ​មាន​អ្នក​ណា​អាច​ឈរ​នៅ​មុខ​អញ​បាន 11តើ​អ្នក​ណា​ដែល​ឲ្យ​អ្វី​មក​អញ​ជា​មុន បាន​ជា​អញ​ត្រូវ​សង​គេ​វិញ សារពើ​ទាំង​ប៉ុន្មាន​ដែល​នៅ​ក្រោម​មេឃ​ជា​របស់​ផង​អញ​ទេ​តើ។
12អញ​មិន​ទាន់​ឈប់​និយាយ​ពី​ជើង នឹង​កំឡាំង​វា ឬ​ពី​រាង​ដ៏​សម‌សួន​របស់​វា​នៅ​ឡើយ 13តើ​មាន​អ្នក​ណា​អាច​នឹង​ពន្លាត់​ស្បែក​វា​បាន តើ​អ្នក​ណា​ហ៊ាន​ដាក់​បង្ហៀរ​ក្នុង​មាត់​វា 14តើ​អ្នក​ណា​អាច​នឹង​បើក​មាត់​វា​បាន ធ្មេញ​វា​នៅ​ព័ទ្ធ​ជុំវិញ​គួរ​ស្ញែង​ខ្លាច 15ស្រកា​វា​ជា​ទី​អំនួត​ដល់​វា ក៏​ជាប់​គ្នា​ដូច​ជា​ត្រា 16មួយៗ​ជិត​ស្និទ្ធ​គ្នា ដល់​ម៉្លេះ​បាន​ជា​ខ្យល់​ចូល​មិន​បាន​ផង 17មួយ​ប្រទល់​នឹង​មួយ ហើយ​ក៏​ជាប់ៗ​គ្នា នឹង​ផ្តាច់​ចេញ​ពី​គ្នា​មិន​បាន​ឡើយ 18កាល​ណា​វា​ព្រួស​ទឹក​ចេញ នោះ​ក៏​បែក​ជា​ពន្លឺ ភ្នែក​វា​ក៏​ដូច​ជា​អរុណ​រះ 19មាន​អណ្តាត​ភ្លើង​ចេញ​ពី​មាត់​វា ហើយ​ផ្កា​ភ្លើង​ហើរ​ចេញ​មក​ដែរ 20មាន​ផ្សែង​ចេញ​ពី​រន្ធ​ច្រមុះ​វា​ដូច​ពី​ឆ្នាំង ឬ​ពី​ថ្លាង​ដែល​ពុះ 21ខ្យល់​ដង្ហើម​វា​បង្កាត់​ភ្លើង​ឡើង ហើយ​មាន​អណ្តាត​ភ្លើង​ចេញ​ពី​មាត់​វា​មក 22នៅ​ត្រង់​ក​វា​មាន​កំឡាំង​ណាស់ ហើយ​សេចក្ដី​ស្ញែង​ខ្លាច​ក៏​លោត‌កញ្ឆេង​នៅ​មុខ​វា 23សាច់​ស្រទាប់​របស់​វា​ក៏​ជាប់ៗ​គ្នា ក៏​មាំ​ណាស់ នឹង​បក​ចេញ​មិន​បាន 24បេះ‌ដូង​វា​រឹង​ដូច​ជា​ថ្ម អើ ក៏​រឹង​ដូច​ថ្ម​ត្បាល់​កិន 25កាល​ណា​វា​ចំកោង​ខ្លួន​ឡើង នោះ​មនុស្ស​ខ្លាំង​ពូកែ​ក៏​ភ័យ​ខ្លាច ហើយ​រត់​ទៅ​ដោយ​ភាំង​ស្លុត 26បើ​អ្នក​ណា​នឹង​យក​ដាវ​ទៅ​កាប់​វា ក៏​មិន​ឈ្នះ ហើយ​លំពែង ដែក​ពួយ ឬ​ស្ន​ក៏​ឥត​ប្រយោជន៍ 27វា​រាប់​ដែក​ដូច​ជា​ចំបើង ហើយ​លង្ហិន​ដូច​ជា​ឈើ​ពុក 28ព្រួញ​នឹង​ធ្វើ​ឲ្យ​វា​រត់​មិន​បាន ហើយ​ថ្ម​បាញ់​ក៏​ត្រឡប់​ដូច​ជា​ជញ្ជ្រាំង​ដល់​វា 29វា​រាប់​មោង​ដូច​ជា​ចំបើង ហើយ​ក៏​សើច​ឡក​ដល់​ដែក​ដែល​គេ​ពួយ​មក 30ពោះ​វា​មាន​ដូច​ជា​អំបែង​ឆ្នាំង ក៏​ធ្វើ​ស្នាម​ដូច​ជា​រនាស់​នៅ​លើ​ភក់ 31វា​ធ្វើ​ឲ្យ​ទឹក​ជ្រៅ​ចេញ​ពពុះ​ឡើង​ដូច​ជា​ឆ្នាំង ក៏​ធ្វើ​ឲ្យ​ទឹក​សមុទ្រ​ត្រឡប់​ដូច​ជា​ក្រឡ​ពេញ​ដោយ​កាវ​យក់ 32វា​ធ្វើ​ឲ្យ​មាន​ផ្លូវ​ភ្លឺ​តាម​ក្រោយ​វា គេ​នឹង​ស្មាន​ថា​ទី​ជំរៅ​មាន​សក់​ស្កូវ​ហើយ 33នៅ​លើ​ផែនដី​គ្មាន​សត្វ​ណា​ដូច​វា​ឡើយ ជា​សត្វ​ដែល​កើត​មក​ឥត​មាន​ភ័យ​ខ្លាច 34វា​មើល​ទៅ​ឃើញ​គ្រប់​ទាំង​អស់​ដែល​ខ្ពស់ ជា​សត្វ​ដែល​គ្រប់‌គ្រង​លើ​អស់​ទាំង​សត្វ​ដែល​មាន​សេចក្ដី​អំនួត។

ទើបបានជ្រើសរើសហើយ៖

យ៉ូប 41: ពគប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ