យ៉ូប 41:1-11
យ៉ូប 41:1-11 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
តើឯងនឹងស្ទូចចាប់ក្រពើ បាន ឬយកខ្សែទៅចងអណ្ដាតវាបានឬទេ? តើឯងនឹងដាក់កន្លុះនៅច្រមុះវា ឬយកតម្ពក់ថ្ពក់ថ្គាមវាបានឬ? តើវានឹងអង្វរឯង ឬនឹងនិយាយពាក្យស្រទន់ដល់ឯងឬ? តើវានឹងចុះសន្យានឹងឯង ឲ្យឯងបានយកវាទៅបម្រើជាដរាបឬ? តើឯងនឹងលេងជាមួយវា ដូចជាលេងនឹងចាប ឬចងវាទុកឲ្យពួកទាសីឯងឬ? តើពួកនេសាទនឹងចាប់វាលក់ ដោយបែងចំណែកទៅឲ្យពួកឈ្មួញឬ? តើឯងអាចនឹងចាក់ស្បែកវាពេញដោយផ្លែច្បូក ឬក្បាលវាដោយស្នចាក់ត្រីបានឬ? ចូរឯងដាក់ដៃពាល់វាមើល រួចឲ្យចាំទុក កុំឲ្យធ្វើទៀត មើល៍! ដែលចាំចាប់វា នោះនឹងខកចិត្តហើយ គ្រាន់តែឃើញវា នោះស្លុតចិត្តហើយ។ បើគ្មានអ្នកណាអាចហ៊ានដាស់វាឡើងដូច្នេះ តើមានអ្នកណាអាចឈរនៅមុខយើងបាន? តើអ្នកណាដែលឲ្យអ្វីមកយើងជាមុន ដើម្បីឲ្យយើងត្រូវសងគេវិញ? អ្វីៗសព្វសារពើនៅក្រោមមេឃជារបស់យើង។
យ៉ូប 41:1-11 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
តើអ្នកអាចយកសន្ទូចទៅស្ទូចស្ដេច ក្រពើ ហើយយកខ្សែទៅចងអណ្ដាត របស់វាបានឬ? តើអ្នកអាចយកកន្លុះទៅដាក់ច្រមុះវា ហើយយកដែកទៅចោះថ្គាមរបស់វាបានឬ? តើអ្នកស្មានថាវានឹងទទូចអង្វរអ្នក ហើយនិយាយមកអ្នកដោយទន់ភ្លន់ឬ? តើវាចេះចុះខសន្យាជាមួយអ្នក ហើយអ្នកប្រើវាជាទាសករបានរហូតឬ? តើអ្នកអាចលេងជាមួយវា ដូចលេងចាប ឬក៏អាចចងវា ទុកឲ្យកូនស្រីរបស់អ្នក មើលកម្សាន្ត? តើពួកអ្នករកស៊ីអាចយកវាទៅលក់ ហើយអ្នកលក់អាចយកវាទៅចែកគ្នាកើតឬ? តើអ្នកអាចយកជន្លួញមកចាក់ទម្លុះស្បែកវា ហើយយកស្នចាក់ត្រីមកចាក់ក្បាលវាបានឬ? ចូរលូកដៃពាល់វាមើល៍ ពេលអ្នកគិតដល់ការប្រយុទ្ធជាមួយនឹងវា នោះអ្នកមុខជាលែងហ៊ានពាល់វាជាប់ ទៀតមិនខាន! អ្នកណាប្រាថ្នាចង់ចាប់វា អ្នកនោះយល់ច្រឡំហើយ ព្រោះពេលឃើញវា គេមុខជាតក់ស្លុត បើគ្មាននរណាម្នាក់ហ៊ានតទល់នឹងវាដូច្នេះ តើនរណាអាចប្រឈមមុខនឹងយើងបាន? គ្មាននរណាឲ្យរបស់មកយើងខ្ចី ហើយយើងត្រូវសងទៅគេវិញនោះឡើយ ដ្បិតអ្វីៗទាំងអស់នៅលើផែនដីនេះ សុទ្ធតែជាកម្មសិទ្ធិរបស់យើង។
យ៉ូប 41:1-11 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
តើឯងនឹងស្ទូចចាប់ក្រពើបាន ឬនឹងយកខ្សែទៅចងអណ្តាតវាបានឬទេ តើឯងនឹងដាក់កន្លុះនៅច្រមុះវា ឬយកទំពក់ថ្ពក់ថ្គាមវាបានឬ តើវានឹងអង្វរឯងជាច្រើន ឬនឹងនិយាយពាក្យស្រទន់ដល់ឯងឬទេ តើវានឹងចុះសន្យានឹងឯង ឲ្យឯងបានយកវាទៅបំរើជាដរាបឬ តើឯងនឹងលេងជាមួយនឹងវា ដូចជាលេងនឹងចាប ឬចងវាទុក ឲ្យពួកទាសីឯងឬទេ តើពួកនេសាទនឹងចាប់វាលក់ដោយបែងចំណែកទៅឲ្យពួកឈ្មួញឬអី តើឯងអាចនឹងចាក់ស្បែកវាពេញដោយផ្លែច្បូក ឬក្បាលវាដោយស្នចាក់ត្រីបានឬទេ ចូរឯងដាក់ដៃពាល់វាមើល រួចឲ្យនឹកចាំទុក កុំឲ្យធ្វើទៀត មើល ដែលចាំចាប់វា នោះស៊ុនខ្លួនហើយ គ្រាន់តែឃើញភាពវាប៉ុណ្ណោះ នោះល្មមស្លុតចិត្តទៅ គ្មានអ្នកណាអាចហ៊ានដាស់វាឡើងឡើយ បើដូច្នេះ តើមានអ្នកណាអាចឈរនៅមុខអញបាន តើអ្នកណាដែលឲ្យអ្វីមកអញជាមុន បានជាអញត្រូវសងគេវិញ សារពើទាំងប៉ុន្មានដែលនៅក្រោមមេឃជារបស់ផងអញទេតើ។