យ៉ូប 38:1-18
យ៉ូប 38:1-18 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះយេហូវ៉ាមានព្រះបន្ទូលពីក្នុងខ្យល់កួច តបនឹងលោកយ៉ូបថា៖ «តើអ្នកណាដែលបង្អាប់ព្រះតម្រិះ ដោយសារពាក្យសម្ដីឥតប្រាជ្ញាដូច្នេះ? ចូរក្រវាត់ចង្កេះឯង ដូចជាមនុស្សក្លាហានឥឡូវចុះ យើងនឹងសួរឯង ហើយឯងត្រូវប្រាប់យើង។ តើឯងនៅឯណាក្នុងកាលដែលយើង ចាប់ផ្ដើមបង្កបង្កើតផែនដី? ចូរប្រាប់យើងមក បើឯងដឹង។ បើឯងដឹង តើអ្នកណាបានកំណត់ទំហំផែនដី? តើអ្នកណាបានសន្ធឹងខ្សែទៅវាស់? តើឫសផែនដីបានជាប់នៅលើអ្វី ឬអ្នកណាបានបញ្ចុះថ្មជ្រុងនោះ ក្នុងពេលផ្កាយព្រឹកច្រៀងជាមួយគ្នា និងអស់ទាំងពួកស្ថានសួគ៌ ស្រែកហ៊ោដោយអំណរ? តើអ្នកណាបានបិទទ្វារទប់សមុទ្រទុក នៅពេលដែលធ្លាយចេញមក ដូចជាសម្រាលចេញពីផ្ទៃម្តាយ? គឺក្នុងកាលដែលយើងបានហ៊ុមដោយពពក ទុកដូចជាអាវ ហើយរុំព័ទ្ធនឹងសេចក្ដីងងឹតជាយ៉ាងក្រាស់ ទុកជាកន្សែង ព្រមទាំងដាក់គោលចារឹកឲ្យ ហើយក៏ដាក់រនុក និងទ្វារផង ដោយពាក្យថា "ឯងនឹងមកបានតែត្រឹមនេះ នឹងហួសទៅទៀតមិនបាន រលកដ៏អង់អាចរបស់ឯងត្រូវឈប់នៅទីនេះ"។ តាំងពីឯងកើតមក តើឯងដែលបង្គាប់ដល់ពេលព្រឹក ឬឲ្យបច្ចូសកាលដឹងកំណត់ ដើម្បីឲ្យបានចាប់ចុងផែនដីបំផុត ឲ្យមនុស្សអាក្រក់ត្រូវរលាស់ចេញទៅឬទេ? ពន្លឺនោះក៏ប្រែទៅបែបដូចជា ដីឥដ្ឋនៅក្រោមត្រា ហើយផែនដីមានភាពដូចជាពាក់អាវ។ ឯពួកមនុស្សអាក្រក់ គេត្រូវបង្អត់ពន្លឺ ហើយដៃគេដែលបានលើកឡើងជាស្រេច នោះបានត្រូវបាក់វិញ។ តើឯងដែលចូលទៅក្នុងរន្ធនៃទឹកសមុទ្រ ឬបានដើរចុះទៅរកទីជម្រៅ នៃបាតសមុទ្រឬទេ? ឯទ្វារនៃសេចក្ដីស្លាប់ តើបានសម្ដែងមកឲ្យឯងឃើញ ឬឯងបានឃើញទ្វារ នៃម្លប់សេចក្ដីស្លាប់ហើយឬនៅ? តើឯងបានពិចារណាឃើញ ទទឹងបណ្តោយនៃផែនដីឬ? ចូរប្រាប់មកចុះ បើឯងដឹងសេចក្ដីទាំងអស់នេះហើយ។
យ៉ូប 38:1-18 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់ លោកយ៉ូបពីក្នុងខ្យល់ព្យុះដូចតទៅ៖ «ម្ដេចក៏អ្នកបង្អាប់គម្រោងការរបស់យើង ដោយពោលពាក្យមិនដឹងខុសត្រូវដូច្នេះ? ចូរប្រុងប្រៀបខ្លួនដូចមនុស្សអង់អាច យើងនឹងសួរអ្នក ហើយអ្នកត្រូវតែឆ្លើយឲ្យយើងដឹងផង! នៅគ្រាដែលយើងបង្កបង្កើតផែនដី នោះតើអ្នកនៅឯណា? ប្រសិនបើអ្នកដឹងសព្វគ្រប់ដូច្នេះ ចូរថ្លែងមកចុះ។ នរណាជាអ្នកកំណត់ទំហំផែនដី នរណាជាអ្នកទាញខ្សែវាស់ផែនដី តើអ្នកដឹងឬទេ? តើផែនដីចាក់គ្រឹះនៅលើអ្វី? តើនរណាបានបញ្ចុះថ្មដ៏សំខាន់ ក្នុងពេលដែលផ្កាយព្រឹកស្រែកច្រៀងព្រមគ្នា ហើយពពួកទេវតាបន្លឺសំឡេងយ៉ាងសប្បាយ? តើនរណាទប់សមុទ្រជាប់ នៅពេលដែល ទឹកជន់ជោរឡើងពីទីជម្រៅនៃផែនដី? គឺយើងហើយ ដែលយកពពកបិទបាំងសមុទ្រ ទុកដូចជាសម្លៀកបំពាក់ ហើយយកភាពងងឹតទុកដូចជាផាហ៊ុម យើងបានកំណត់ព្រំដែនឲ្យសមុទ្រ យើងបានទប់សមុទ្រជាប់ ដូចបិទទ្វារ និងខ្ទាស់រនុក។ យើងបញ្ជាទៅសមុទ្រថា “ចូរមកត្រឹមនេះ! កុំទៅហួសដល់ខាងនោះ! ចូរឲ្យរលកដ៏សាហាវរបស់ឯងឈប់ ត្រង់កន្លែងនេះ!”។ តាំងពីអ្នកកើតមក តើអ្នកធ្លាប់បញ្ជា ឲ្យមានពេលព្រឹក ហើយកំណត់ពេលវេលាឲ្យថ្ងៃរះឡើង បំភ្លឺជាយផែនដី និងអង្រួនមនុស្សអាក្រក់ពីកន្លែងពួនឬទេ? ផែនដីទាំងមូលចាប់ផ្ដើមមានរូបរាង ដូចដីឥដ្ឋដែលគេកំពុងចាក់ពុម្ព ហើយធម្មជាតិក៏បញ្ចេញសម្រស់ដ៏ល្អប្រណីត។ រីឯមនុស្សអាក្រក់មិនដែលមានពន្លឺទេ ដៃដែលធ្លាប់ធ្វើបាបអ្នកដទៃនឹងត្រូវបាក់។ តើអ្នកធ្លាប់ទៅដល់ប្រភពទឹកសមុទ្រ ហើយធ្លាប់ដើរនៅក្នុងបាតមហាសាគរឬទេ? តើមាននរណាបង្ហាញឲ្យអ្នកឃើញ ទ្វារស្ថានមច្ចុរាជ ហើយអ្នកធ្លាប់ឃើញទ្វាររណ្ដៅដ៏ងងឹតឬទេ? តាមយោបល់អ្នក តើផែនដីមានទំហំប៉ុនណា? បើអ្នកដឹង ចូរនិយាយមកចុះ!
យ៉ូប 38:1-18 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ខណនោះ ព្រះយេហូវ៉ាទ្រង់មានបន្ទូលពីក្នុងខ្យល់កួចតបនឹងយ៉ូបថា តើអ្នកណានេះដែលបង្អាប់ព្រះដំរិះ ដោយសារពាក្យសំដីឥតប្រាជ្ញាដូច្នេះ ចូរក្រវាត់ចង្កេះឯង ដូចជាមនុស្សក្លាហានឥឡូវចុះ អញនឹងសួរឯង ហើយឯងត្រូវប្រាប់ដល់អញ តើឯងនៅឯណាក្នុងកាលដែលអញចាប់តាំងបង្កផែនដីឡើង ចូរប្រាប់មក បើឯងមានយោបល់ បើឯងដឹង តើអ្នកណាបានកំណត់ទំហំផែនដី តើអ្នកណាបានសន្ធឹងខ្សែទៅវាស់ តើឫសផែនដីបានជាប់នៅលើអ្វី តើអ្នកណាបានបញ្ចុះថ្មជ្រុងនោះ ក្នុងកាលដែលផ្កាយព្រឹកបានច្រៀងជាមួយគ្នា ហើយអស់ទាំងកូនព្រះបានស្រែកអរសាទរ។ តើអ្នកណាបានបិទទ្វារទប់សមុទ្រទុក ក្នុងកាលដែលធ្លាយចេញមក បែបដូចជាសំរាលចេញពីផ្ទៃម្តាយ គឺក្នុងកាលដែលអញបានហ៊ុមដោយពពក ទុកដូចជាអាវ ហើយរុំព័ទ្ធនឹងសេចក្ដីងងឹតជាយ៉ាងក្រាស់ ទុកជាកន្សែង ព្រមទាំងដាក់គោលចារឹកឲ្យ ហើយក៏ដាក់រនុក នឹងទ្វារផង ដោយពាក្យថា ឯងនឹងមកបានតែត្រឹមនេះ នឹងហួសទៅទៀតមិនបាន រលកដ៏អង់អាចរបស់ឯងត្រូវឈប់នៅទីនេះ។ តាំងពីឯងកើតមក តើឯងដែលបង្គាប់ដល់ពេលព្រឹក ឬឲ្យបច្ចូសកាលដឹងកំណត់ ដើម្បីឲ្យបានចាប់ចុងផែនដីបំផុត ឲ្យមនុស្សអាក្រក់ត្រូវរលាស់ចេញទៅឬទេ ពន្លឺនោះក៏ប្រែទៅបែបដូចជាដីឥដ្ឋនៅក្រោមត្រា ហើយផែនដីមានភាពដូចជាពាក់អាវ ឯពួកមនុស្សអាក្រក់ គេត្រូវបង្អត់ពន្លឺ ហើយដៃគេដែលបានលើកឡើងជាស្រេច នោះបានត្រូវបាក់វិញ។ តើឯងដែលចូលទៅក្នុងរន្ធនៃទឹកសមុទ្រ ឬបានដើរចុះទៅរកទីជំរៅនៃបាតសមុទ្រឬទេ ឯទ្វារនៃសេចក្ដីស្លាប់ តើបានសំដែងមកឲ្យឯងឃើញ ឬឯងបានឃើញទ្វារនៃម្លប់សេចក្ដីស្លាប់ហើយឬនៅ តើឯងបានពិចារណាឃើញទទឹងបណ្តោយនៃផែនដីឬ ចូរប្រាប់មកចុះ បើឯងដឹងសេចក្ដីទាំងអស់នេះហើយ។