យ៉ូប 38:1-18
យ៉ូប 38:1-18 គកស១៦
ព្រះយេហូវ៉ាមានព្រះបន្ទូលពីក្នុងខ្យល់កួច តបនឹងលោកយ៉ូបថា៖ «តើអ្នកណាដែលបង្អាប់ព្រះតម្រិះ ដោយសារពាក្យសម្ដីឥតប្រាជ្ញាដូច្នេះ? ចូរក្រវាត់ចង្កេះឯង ដូចជាមនុស្សក្លាហានឥឡូវចុះ យើងនឹងសួរឯង ហើយឯងត្រូវប្រាប់យើង។ តើឯងនៅឯណាក្នុងកាលដែលយើង ចាប់ផ្ដើមបង្កបង្កើតផែនដី? ចូរប្រាប់យើងមក បើឯងដឹង។ បើឯងដឹង តើអ្នកណាបានកំណត់ទំហំផែនដី? តើអ្នកណាបានសន្ធឹងខ្សែទៅវាស់? តើឫសផែនដីបានជាប់នៅលើអ្វី ឬអ្នកណាបានបញ្ចុះថ្មជ្រុងនោះ ក្នុងពេលផ្កាយព្រឹកច្រៀងជាមួយគ្នា និងអស់ទាំងពួកស្ថានសួគ៌ ស្រែកហ៊ោដោយអំណរ? តើអ្នកណាបានបិទទ្វារទប់សមុទ្រទុក នៅពេលដែលធ្លាយចេញមក ដូចជាសម្រាលចេញពីផ្ទៃម្តាយ? គឺក្នុងកាលដែលយើងបានហ៊ុមដោយពពក ទុកដូចជាអាវ ហើយរុំព័ទ្ធនឹងសេចក្ដីងងឹតជាយ៉ាងក្រាស់ ទុកជាកន្សែង ព្រមទាំងដាក់គោលចារឹកឲ្យ ហើយក៏ដាក់រនុក និងទ្វារផង ដោយពាក្យថា "ឯងនឹងមកបានតែត្រឹមនេះ នឹងហួសទៅទៀតមិនបាន រលកដ៏អង់អាចរបស់ឯងត្រូវឈប់នៅទីនេះ"។ តាំងពីឯងកើតមក តើឯងដែលបង្គាប់ដល់ពេលព្រឹក ឬឲ្យបច្ចូសកាលដឹងកំណត់ ដើម្បីឲ្យបានចាប់ចុងផែនដីបំផុត ឲ្យមនុស្សអាក្រក់ត្រូវរលាស់ចេញទៅឬទេ? ពន្លឺនោះក៏ប្រែទៅបែបដូចជា ដីឥដ្ឋនៅក្រោមត្រា ហើយផែនដីមានភាពដូចជាពាក់អាវ។ ឯពួកមនុស្សអាក្រក់ គេត្រូវបង្អត់ពន្លឺ ហើយដៃគេដែលបានលើកឡើងជាស្រេច នោះបានត្រូវបាក់វិញ។ តើឯងដែលចូលទៅក្នុងរន្ធនៃទឹកសមុទ្រ ឬបានដើរចុះទៅរកទីជម្រៅ នៃបាតសមុទ្រឬទេ? ឯទ្វារនៃសេចក្ដីស្លាប់ តើបានសម្ដែងមកឲ្យឯងឃើញ ឬឯងបានឃើញទ្វារ នៃម្លប់សេចក្ដីស្លាប់ហើយឬនៅ? តើឯងបានពិចារណាឃើញ ទទឹងបណ្តោយនៃផែនដីឬ? ចូរប្រាប់មកចុះ បើឯងដឹងសេចក្ដីទាំងអស់នេះហើយ។

