យ៉ូហាន 7:25-52
យ៉ូហាន 7:25-52 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
មានពួកអ្នកក្រុងយេរូសាឡិមខ្លះនិយាយថា៖ «តើអ្នកនេះមែនទេ ដែលគេរកសម្លាប់នោះ? មើល៍! លោកនិយាយដោយចំហ តែគ្មានអ្នកណាថាអ្វីសោះ តើពួកនាម៉ឺនពិតជាយល់ថា អ្នកនេះជាព្រះគ្រីស្ទមែនឬ? យើងដឹងថាអ្នកនេះមកពីណាហើយ តែកាលណាព្រះគ្រីស្ទយាងមក នោះគ្មានអ្នកណាដឹងថាមកពីណាទេ»។ ដូច្នេះ កាលព្រះយេស៊ូវកំពុងបង្រៀនក្នុងព្រះវិហារ ព្រះអង្គបន្លឺព្រះសូរសៀងខ្លាំងៗថា៖ «តើអ្នករាល់គ្នាស្គាល់ខ្ញុំ ហើយដឹងថាខ្ញុំមកពីណាឬទេ? ខ្ញុំមិនបានមក ដោយអាងខ្លួនខ្ញុំទេ ព្រះដែលចាត់ខ្ញុំមក ទ្រង់ពិតត្រង់ ហើយអ្នករាល់គ្នាមិនស្គាល់ព្រះអង្គទេ។ ខ្ញុំស្គាល់ព្រះអង្គ ព្រោះខ្ញុំមកពីព្រះអង្គ ហើយព្រះអង្គបានចាត់ខ្ញុំឲ្យមក»។ ដូច្នេះគេរកចាប់ព្រះអង្គ ប៉ុន្តែ គ្មានអ្នកណាហ៊ានលូកដៃទៅចាប់ព្រះអង្គទេ ព្រោះពេលកំណត់របស់ព្រះអង្គមិនទាន់មកដល់នៅឡើយ។ ក្នុងចំណោមបណ្តាជន មានមនុស្សជាច្រើនបានជឿដល់ព្រះអង្គ ហើយគេនិយាយថា៖ «កាលណាព្រះគ្រីស្ទយាងមក តើព្រះអង្គនឹងធ្វើទីសម្គាល់ច្រើនជាងលោកនេះឬ?» ពួកផារិស៊ីបានឮគេខ្សឹបខ្សៀវរឿងទាំងនេះអំពីព្រះអង្គ ហើយពួកសង្គ្រាជ និងពួកផារិស៊ីក៏ចាត់កងរក្សាព្រះវិហារឲ្យទៅចាប់ព្រះអង្គ។ ព្រះយេស៊ូវមានព្រះបន្ទូលថា៖ «ខ្ញុំនៅជាមួយអ្នករាល់គ្នាតែបន្តិចទៀតប៉ុណ្ណោះ បន្ទាប់មក ខ្ញុំនឹងត្រឡប់ទៅឯព្រះអង្គ ដែលចាត់ខ្ញុំឲ្យមកនោះវិញហើយ។ អ្នករាល់គ្នានឹងរកខ្ញុំ តែរកមិនឃើញទេ ហើយកន្លែងដែលខ្ញុំទៅ អ្នករាល់គ្នាពុំអាចនឹងទៅបានឡើយ»។ ពួកសាសន៍យូដានិយាយគ្នាគេថា៖ «តើអ្នកនេះគិតទៅណា បានជាយើងរកមិនឃើញ? តើគិតទៅរកពួកអ្នកខ្ចាត់ខ្ចាយ នៅក្នុងសាសន៍ក្រិក ដើម្បីបង្រៀនដល់សាសន៍នោះឬ? តើមានន័យដូចម្ដេច ដែលគាត់និយាយថា "អ្នករាល់គ្នានឹងរកខ្ញុំ តែរកមិនឃើញ" ហើយថា "កន្លែងដែលខ្ញុំទៅ អ្នករាល់គ្នាពុំអាចនឹងទៅបាន" នោះ?» នៅថ្ងៃបញ្ចប់ពិធីបុណ្យ ជាថ្ងៃដ៏អស្ចារ្យ ព្រះយេស៊ូវឈរបន្លឺព្រះសូរសៀងឡើងថា៖ «បើអ្នកណាស្រេក ចូរឲ្យអ្នកនោះមករកខ្ញុំ ហើយផឹកចុះ អ្នកណាដែលជឿដល់ខ្ញុំ បទគម្ពីរចែងថា "នឹងមានទន្លេទឹករស់ហូរចេញពីពោះខ្លួនមក"»។ គឺព្រះអង្គមានព្រះបន្ទូលពីព្រះវិញ្ញាណ ដែលអស់អ្នកជឿដល់ព្រះអង្គនឹងត្រូវទទួល ដ្បិតព្រះវិញ្ញាណបរិសុទ្ធមិនទាន់យាងមក ដោយព្រោះព្រះយេស៊ូវមិនទាន់បានតម្កើងឡើង នៅឡើយ។ ពេលពួកគេបានឮ មានមនុស្សជាច្រើននិយាយថា៖ «លោកនេះ ពិតជាហោរានោះហើយ»។ អ្នកខ្លះទៀតថា៖ «នេះជាព្រះគ្រីស្ទហើយ» តែខ្លះទៀតសួរថា៖ «តើព្រះគ្រីស្ទត្រូវយាងមកពីស្រុកកាលីឡេឬ? តើគម្ពីរមិនបានចែងថា ព្រះគ្រីស្ទត្រូវកើតពីរាជវង្សព្រះបាទដាវីឌ ហើយក៏យាងមកពីភូមិបេថ្លេហិម ជាកន្លែងដែលព្រះបាទដាវីឌបានគង់នៅទេឬ?» ដូច្នេះ គេក៏បាក់បែកទាស់គ្នា ដោយព្រោះព្រះអង្គ។ មានអ្នកខ្លះចង់ចាប់ព្រះអង្គ តែគ្មានអ្នកណាហ៊ានលូកដៃទៅចាប់ព្រះអង្គឡើយ។ កងរក្សាព្រះវិហារក៏ត្រឡប់ទៅរកពួកសង្គ្រាជ និងពួកផារិស៊ីវិញ លោកទាំងនោះសួរថា៖ «ហេតុអ្វីបានជាមិនចាប់អ្នកនោះមក?» ពួកកងរក្សាព្រះវិហារឆ្លើយថា៖ «មិនដែលមានអ្នកណានិយាយដូចអ្នកនោះទេ»។ ដូច្នេះ ពួកផារិស៊ីតបទៅវិញថា៖ «អ្នករាល់គ្នាក៏ចាញ់បោកអ្នកនោះដែរឬ? តើមានអ្នកណាម្នាក់ក្នុងពួកនាម៉ឺន ឬក្នុងពួកផារិស៊ី ជឿដល់អ្នកនោះឬទេ? បណ្តាជនទាំងនេះ មិនស្គាល់ក្រឹត្យវិន័យសោះ ដូច្នេះ គេនឹងត្រូវបណ្តាសាហើយ»។ លោកនីកូដេមទៅរកព្រះយេស៊ូវទាំងយប់ ដែលជាពួកផារិស៊ីដែរ មានប្រសាសន៍ទៅគេថា៖ «តើក្រឹត្យវិន័យរបស់យើង កាត់ទោសមនុស្សមុនពេលឮចម្លើយពីអ្នកនោះ ហើយមិនបានដឹងពីអ្វីដែលអ្នកនោះបានប្រព្រឹត្តជាយ៉ាងណាសិនទេឬ?» គេឆ្លើយតបថា៖ «តើលោកមកពីស្រុកកាលីឡេដែរឬ? ចូរពិចារណាមើលចុះ មិនដែលមានហោរាណា កើតមកពីស្រុកកាលីឡេឡើយ»។
យ៉ូហាន 7:25-52 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
មានអ្នកក្រុងយេរូសាឡឹមខ្លះពោលថា៖ «លោកនេះហើយដែលគេរកសម្លាប់ ឥឡូវនេះ លោកនិយាយដោយចេញមុខ ចុះម្ដេចបានជាគ្មាននរណាថាអ្វីលោកដូច្នេះ? អ្នកដឹកនាំរបស់យើងប្រហែលទទួលស្គាល់ថា លោកពិតជាព្រះគ្រិស្ត*ទេដឹង ប៉ុន្តែ ពេលព្រះគ្រិស្តយាងមក គ្មាននរណាដឹងថាព្រះអង្គយាងមកពីណាទេ។ រីឯលោកនេះវិញ យើងដឹងហើយថាគាត់មកពីណា»។ ពេលនោះ ព្រះយេស៊ូបង្រៀនបណ្ដាជនក្នុងព្រះវិហារ* ព្រះអង្គបន្លឺព្រះសូរសៀងខ្លាំងៗថា៖ «អ្នករាល់គ្នាថាស្គាល់ខ្ញុំ ហើយដឹងថាខ្ញុំមកពីណាទៀត!។ ប៉ុន្តែ ខ្ញុំមិនមែនមកក្នុងនាមខ្ញុំឡើយ ព្រះអង្គដែលចាត់ខ្ញុំឲ្យមក ព្រះអង្គសម្តែងសេចក្ដីពិត តែអ្នករាល់គ្នាមិនស្គាល់ព្រះអង្គទេ។ រីឯខ្ញុំវិញ ខ្ញុំស្គាល់ព្រះអង្គ ព្រោះខ្ញុំចេញមកពីព្រះអង្គ ហើយព្រះអង្គបានចាត់ខ្ញុំឲ្យមក»។ ពេលនោះ ពួកគេរកចាប់ព្រះយេស៊ូ ប៉ុន្តែ គ្មាននរណាហ៊ានលូកដៃចាប់ព្រះអង្គទេ ព្រោះពេលកំណត់របស់ព្រះអង្គពុំទាន់បានមកដល់នៅឡើយ។ ក្នុងចំណោមបណ្ដាជន មានមនុស្សជាច្រើនបានជឿលើព្រះយេស៊ូ គេពោលថា៖ «ពេលព្រះគ្រិស្តយាងមក តើព្រះអង្គនឹងសម្តែងទីសម្គាល់ច្រើនជាងលោកនេះឬ?»។ ពួកខាងគណៈផារីស៊ី*បានដឹងសេចក្ដីទាំងអស់ដែលបណ្ដាជនខ្សឹបខ្សៀវគ្នាអំពីព្រះយេស៊ូ។ ពេលនោះ ពួកនាយកបូជាចារ្យ* និងពួកខាងគណៈផារីស៊ី ក៏ចាត់កងរក្សាព្រះវិហារ*ឲ្យមកចាប់ព្រះអង្គ។ ព្រះយេស៊ូមានព្រះបន្ទូលថា៖ «ខ្ញុំនៅជាមួយអ្នករាល់គ្នាតែមួយរយៈពេលដ៏ខ្លីទៀតប៉ុណ្ណោះ បន្ទាប់មក ខ្ញុំនឹងទៅឯព្រះអង្គដែលបានចាត់ខ្ញុំឲ្យមកនោះវិញហើយ។ អ្នករាល់គ្នានឹងតាមរកខ្ញុំ តែរកមិនឃើញទេ ដ្បិតអ្នករាល់គ្នាពុំអាចទៅកន្លែង ដែលខ្ញុំនៅនោះឡើយ»។ ជនជាតិយូដាសួរគ្នាថា៖ «តើគាត់បម្រុងទៅណាបានជាយើងពុំអាចនឹងរកគាត់ឃើញដូច្នេះ? តើគាត់គិតទៅនៅជាមួយជនជាតិយូដា ដែលខ្ចាត់ខ្ចាយក្នុងចំណោមជនជាតិក្រិក ហើយបង្រៀនពួកក្រិកឬ? គាត់មានប្រសាសន៍ថា “អ្នករាល់គ្នានឹងតាមរកខ្ញុំ តែរកមិនឃើញទេ ដ្បិតអ្នករាល់គ្នាពុំអាចទៅកន្លែងដែលខ្ញុំនៅនោះឡើយ” តើមានន័យដូចម្ដេច?»។ នៅថ្ងៃបញ្ចប់ពិធីបុណ្យជាថ្ងៃឱឡារិកបំផុត ព្រះយេស៊ូឈរនៅមុខបណ្ដាជន បន្លឺព្រះសូរសៀងយ៉ាងខ្លាំងថា៖ «អ្នកណាស្រេកទឹក សុំអញ្ជើញមករកខ្ញុំ ហើយពិសាចុះ។ អ្នកណាជឿលើខ្ញុំ នឹងមានទន្លេបង្ហូរទឹកផ្ដល់ជីវិតចេញពីអ្នកនោះមក ដូចមានចែងទុកក្នុងគម្ពីរមកស្រាប់»។ ព្រះអង្គមានព្រះបន្ទូលដូច្នេះសំដៅទៅលើព្រះវិញ្ញាណ ដែលអស់អ្នកជឿលើព្រះអង្គនឹងត្រូវទទួល ដ្បិតពេលនោះ ព្រះជាម្ចាស់ពុំទាន់បានប្រទានព្រះវិញ្ញាណមកទេ ពីព្រោះព្រះយេស៊ូពុំទាន់សម្តែងសិរីរុងរឿងនៅឡើយ។ ក្រោយពីបានឮព្រះបន្ទូលរបស់ព្រះអង្គហើយ ក្នុងចំណោមបណ្ដាជន មានអ្នកខ្លះពោលថា៖ «លោកនេះពិតជាព្យាការី*ដែលយើងរង់ចាំនោះមែន!»។ អ្នកខ្លះទៀតពោលថា៖ «លោកនេះជាព្រះគ្រិស្ត*»។ ប៉ុន្តែ មានអ្នកផ្សេងទៀតពោលជំទាស់ថា៖ «ព្រះគ្រិស្តមិនមែនមកពីស្រុកកាលីឡេទេ ដ្បិតមានចែងទុកក្នុងគម្ពីរថា “ព្រះគ្រិស្តជាព្រះរាជវង្សរបស់ព្រះបាទដាវីឌ ហើយព្រះអង្គនឹងយាងមកពីភូមិបេថ្លេហិម ជាភូមិកំណើតរបស់ព្រះបាទដាវីឌ” »។ បណ្ដាជនក៏បាក់បែកគ្នា ព្រោះតែព្រះអង្គ។ ក្នុងចំណោមបណ្ដាជន មានអ្នកខ្លះចង់ចាប់ព្រះអង្គ ប៉ុន្តែ គ្មាននរណាហ៊ានចាប់ព្រះអង្គឡើយ។ កងរក្សាព្រះវិហារ*វិលទៅជួបពួកនាយកបូជាចារ្យ* និងពួកខាងគណៈផារីស៊ី*វិញ លោកទាំងនោះសួរពួកគេថា៖ «ហេតុដូចម្ដេចបានជាអ្នករាល់គ្នាមិនចាប់គាត់នាំយកមក?»។ កងរក្សាព្រះវិហារឆ្លើយថា៖ «ពុំដែលមាននរណានិយាយដូចលោកនោះឡើយ»។ ពួកខាងគណៈផារីស៊ីពោលទៅគេវិញថា៖ «អ្នករាល់គ្នាចាញ់បោកអ្នកនោះដែរឬ! ក្នុងចំណោមអ្នកដឹកនាំ និងក្នុងចំណោមពួកខាងគណៈផារីស៊ី គ្មាននរណាជឿលើអ្នកនោះសោះ មានតែបណ្ដាជនដែលមិនស្គាល់ក្រឹត្យវិន័យទេ ដែលជឿ។ ពួកនោះសុទ្ធតែត្រូវបណ្ដាសា!»។ ក្នុងចំណោមពួកខាងគណៈផារីស៊ី មានបុរសម្នាក់ឈ្មោះ នីកូដេម ជាអ្នកដែលបានទៅគាល់ព្រះយេស៊ូកាលពីមុន មានប្រសាសន៍ថា៖ «តាមច្បាប់របស់យើង យើងមិនអាចដាក់ទោសនរណាម្នាក់ឡើយ ដរាបណាមិនទាន់បានឮពាក្យរបស់គេ ហើយមិនបានដឹងអំពីកិច្ចការដែលគេបានប្រព្រឹត្តសិនទេនោះ»។ ពួកគេតបទៅលោកវិញថា៖ «តើលោកជាពួកកាលីឡេដែរឬ? សុំលោកពិចារណាមើល៍ ពុំដែលមានព្យាការីណាម្នាក់កើតពីស្រុកកាលីឡេឡើយ»។ [
យ៉ូហាន 7:25-52 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នោះមានពួកក្រុងយេរូសាឡិមខ្លះនិយាយថា គឺអ្នកនេះទេតើ ដែលគេរកសំឡាប់នោះ ហើយមើល គាត់និយាយនៅកណ្តាលចំណោម តែគ្មានអ្នកណាថាអ្វីឲ្យសោះ តើពួកនាម៉ឺនបានយល់ឃើញហើយថា អ្នកនេះជាព្រះគ្រីស្ទមែនឬអី ឯអ្នកនេះ យើងដឹងជាមកពីណា តែព្រះគ្រីស្ទវិញ កាលណាទ្រង់យាងមក នោះគ្មានអ្នកណាដឹងជាមកពីណាទេ ដូច្នេះ កំពុងដែលព្រះយេស៊ូវបង្រៀនក្នុងព្រះវិហារ នោះក៏បន្លឺឧទានឡើងថា អ្នករាល់គ្នាស្គាល់ខ្ញុំ ហើយដឹងជាខ្ញុំមកពីណាផង តែខ្ញុំមិនបានមក ដោយអាងខ្លួនខ្ញុំទេ ឯព្រះដែលចាត់ឲ្យខ្ញុំមក ទ្រង់ពិតត្រង់ហើយ អ្នករាល់គ្នាមិនស្គាល់ទ្រង់ទេ តែខ្ញុំស្គាល់ទ្រង់ ពីព្រោះខ្ញុំមកពីទ្រង់ គឺទ្រង់ពិត ដែលចាត់ឲ្យខ្ញុំមក ដូច្នេះ គេរកចាប់ទ្រង់ ប៉ុន្តែ គ្មានអ្នកណាលូកដៃទៅចាប់សោះ ពីព្រោះកំណត់ទ្រង់មិនទាន់មកដល់នៅឡើយ នៅក្នុងបណ្តាមនុស្សនោះ មានគ្នាច្រើនបានជឿដល់ទ្រង់ ហើយគេនិយាយថា កាលណាព្រះគ្រីស្ទយាងមក តើទ្រង់នឹងធ្វើទីសំគាល់ច្រើនជាងលោកនេះឬអី ឯពួកផារិស៊ី ក៏ឮគេខ្សឹបខ្សៀវរឿងទាំងនេះពីទ្រង់ រួចពួកសង្គ្រាជ នឹងពួកផារិស៊ី គេចាត់ពួកអាជ្ញាឲ្យទៅចាប់ទ្រង់ ដូច្នេះ ព្រះយេស៊ូវមានបន្ទូលថា ខ្ញុំនៅជាមួយនឹងអ្នករាល់គ្នាតែបន្តិចទៀតទេ រួចខ្ញុំទៅឯព្រះ ដែលចាត់ឲ្យខ្ញុំមកនោះវិញ អ្នករាល់គ្នានឹងរកខ្ញុំ តែរកមិនឃើញទេ ហើយកន្លែងដែលខ្ញុំទៅ នោះអ្នករាល់គ្នាពុំអាចនឹងទៅបានឡើយ នោះពួកសាសន៍យូដានិយាយគ្នាគេថា តើអ្នកនេះគិតទៅឯណា ដែលយើងនឹងរកមិនឃើញ តើគិតទៅឯពួកអ្នកខ្ចាត់ខ្ចាយ នៅក្នុងសាសន៍ក្រេក ដើម្បីនឹងបង្រៀនដល់សាសន៍នោះឬអី ពាក្យដែលគាត់ថា «អ្នករាល់គ្នានឹងរកខ្ញុំ តែរកមិនឃើញទេ» ហើយថា «កន្លែងដែលខ្ញុំទៅ អ្នករាល់គ្នាពុំអាចនឹងទៅបានទេ» នេះតើមានន័យដូចម្តេច។ នៅថ្ងៃក្រោយបង្អស់ ជាថ្ងៃបុណ្យយ៉ាងសំខាន់ នោះព្រះយេស៊ូវទ្រង់ឈរបន្លឺឧទានប្រកាសឡើងថា បើអ្នកណាស្រេក ចូរឲ្យអ្នកនោះមកឯខ្ញុំ ហើយផឹកចុះ អ្នកណាដែលជឿដល់ខ្ញុំ នោះនឹងមានទន្លេទឹករស់ហូរចេញពីពោះខ្លួនមក ដូចជាគម្ពីរសំដែងហើយ តែសេចក្ដីនេះ គឺទ្រង់មានបន្ទូលពីព្រះវិញ្ញាណ ដែលអស់អ្នកជឿដល់ទ្រង់នឹងត្រូវទទួល ដ្បិតព្រះវិញ្ញាណបរិសុទ្ធមិនទាន់យាងមក ដោយព្រោះព្រះយេស៊ូវមិនទាន់បានដំកើងឡើងនៅឡើយ ដូច្នេះ កាលបណ្តាមនុស្សបានឮ នោះមានគ្នាច្រើននិយាយថា លោកនេះ ពិតប្រាកដជាហោរានោះហើយ អ្នកខ្លះទៀតថា នេះជាព្រះគ្រីស្ទហើយ ខ្លះទៀតថា ចុះព្រះគ្រីស្ទយាងមកពីស្រុកកាលីឡេដែរឬ តើគម្ពីរមិនថា ព្រះគ្រីស្ទត្រូវកើតពីព្រះវង្សហ្លួងដាវីឌ ហើយក៏យាងមកពីភូមិបេថ្លេហិម ជាកន្លែងដែលហ្លួងដាវីឌបានគង់នៅទេឬអី ដូច្នេះ គេក៏បាក់បែកទាស់គ្នា ដោយព្រោះទ្រង់ មានខ្លះចង់ចាប់ទ្រង់ តែគ្មានអ្នកណាលូកដៃទៅចាប់ទេ។ នោះពួកអាជ្ញាក៏ត្រឡប់ទៅឯពួកសង្គ្រាជ នឹងពួកផារិស៊ីវិញ លោកទាំងនោះសួរគេថា ហេតុអ្វីបានជាមិនចាប់អ្នកនោះមក ពួកអាជ្ញាឆ្លើយថា មិនដែលមានអ្នកណានិយាយដូចអ្នកនោះទេ ដូច្នេះ ពួកផារិស៊ីស្តីឲ្យថា អ្នករាល់គ្នាត្រូវបញ្ឆោតដែរឬ តើមានអ្នកឯណាក្នុងពួកនាម៉ឺន ឬក្នុងពួកផារិស៊ី ដែលជឿដល់អ្នកនោះឬទេ ឯហ្វូងមនុស្សនេះ ដែលមិនស្គាល់ក្រិត្យវិន័យ គេជាមនុស្សត្រូវបណ្តាសាវិញ ឯលោកនីកូដេម ជាអ្នកដែលមកឯទ្រង់ទាំងយប់ ដែលជាពួកផារិស៊ីដែរ លោកនិយាយទៅគេថា តើក្រិត្យវិន័យយើងកាត់ទោសដល់មនុស្សណា មុនដែលបានឮពាក្យចំឡើយពីខ្លួនអ្នកនោះ ហើយដឹងជាធ្វើខុសយ៉ាងណាឬអី នោះគេឆ្លើយទៅលោកថា តើលោកមកពីស្រុកកាលីឡេដែរឬ ចូរពិចារណាមើលចុះ ឥតដែលមានហោរាណា កើតមកពីស្រុកកាលីឡេឡើយ