យ៉ូហាន 7:25-52

យ៉ូហាន 7:25-52 ពគប

នោះ​មាន​ពួក​ក្រុង​យេរូ‌សាឡិម​ខ្លះ​និយាយ​ថា គឺ​អ្នក​នេះ​ទេ​តើ ដែល​គេ​រក​សំឡាប់​នោះ ហើយ​មើល គាត់​និយាយ​នៅ​កណ្តាល​ចំណោម តែ​គ្មាន​អ្នក​ណា​ថា​អ្វី​ឲ្យ​សោះ តើ​ពួក​នាម៉ឺន​បាន​យល់​ឃើញ​ហើយ​ថា អ្នក​នេះ​ជា​ព្រះ‌គ្រីស្ទ​មែន​ឬ​អី ឯ​អ្នក​នេះ យើង​ដឹង​ជា​មក​ពី​ណា តែ​ព្រះ‌គ្រីស្ទ​វិញ កាល​ណា​ទ្រង់​យាង​មក នោះ​គ្មាន​អ្នក​ណា​ដឹង​ជា​មក​ពី​ណា​ទេ ដូច្នេះ កំពុង​ដែល​ព្រះ‌យេស៊ូវ​បង្រៀន​ក្នុង​ព្រះ‌វិហារ នោះ​ក៏​បន្លឺ​ឧទាន​ឡើង​ថា អ្នក​រាល់​គ្នា​ស្គាល់​ខ្ញុំ ហើយ​ដឹង​ជា​ខ្ញុំ​មក​ពី​ណា​ផង តែ​ខ្ញុំ​មិន​បាន​មក ដោយ​អាង​ខ្លួន​ខ្ញុំ​ទេ ឯ​ព្រះ​ដែល​ចាត់​ឲ្យ​ខ្ញុំ​មក ទ្រង់​ពិត​ត្រង់​ហើយ អ្នក​រាល់​គ្នា​មិន​ស្គាល់​ទ្រង់​ទេ តែ​ខ្ញុំ​ស្គាល់​ទ្រង់ ពី​ព្រោះ​ខ្ញុំ​មក​ពី​ទ្រង់ គឺ​ទ្រង់​ពិត ដែល​ចាត់​ឲ្យ​ខ្ញុំ​មក ដូច្នេះ គេ​រក​ចាប់​ទ្រង់ ប៉ុន្តែ គ្មាន​អ្នក​ណា​លូក​ដៃ​ទៅ​ចាប់​សោះ ពី​ព្រោះ​កំណត់​ទ្រង់​មិន​ទាន់​មក​ដល់​នៅ​ឡើយ នៅ​ក្នុង​បណ្តា​មនុស្ស​នោះ មាន​គ្នា​ច្រើន​បាន​ជឿ​ដល់​ទ្រង់ ហើយ​គេ​និយាយ​ថា កាល​ណា​ព្រះ‌គ្រីស្ទ​យាង​មក តើ​ទ្រង់​នឹង​ធ្វើ​ទី​សំគាល់​ច្រើន​ជាង​លោក​នេះ​ឬ​អី ឯ​ពួក​ផារិស៊ី ក៏​ឮ​គេ​ខ្សឹប‌ខ្សៀវ​រឿង​ទាំង​នេះ​ពី​ទ្រង់ រួច​ពួក​សង្គ្រាជ នឹង​ពួក​ផារិស៊ី គេ​ចាត់​ពួក​អាជ្ញា​ឲ្យ​ទៅ​ចាប់​ទ្រង់ ដូច្នេះ ព្រះ‌យេស៊ូវ​មាន​បន្ទូល​ថា ខ្ញុំ​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​តែ​បន្តិច​ទៀត​ទេ រួច​ខ្ញុំ​ទៅ​ឯ​ព្រះ ដែល​ចាត់​ឲ្យ​ខ្ញុំ​មក​នោះ​វិញ អ្នក​រាល់​គ្នា​នឹង​រក​ខ្ញុំ តែ​រក​មិន​ឃើញ​ទេ ហើយ​កន្លែង​ដែល​ខ្ញុំ​ទៅ នោះ​អ្នក​រាល់​គ្នា​ពុំ​អាច​នឹង​ទៅ​បាន​ឡើយ នោះ​ពួក​សាសន៍​យូដា​និយាយ​គ្នា​គេ​ថា តើ​អ្នក​នេះ​គិត​ទៅ​ឯ​ណា ដែល​យើង​នឹង​រក​មិន​ឃើញ តើ​គិត​ទៅ​ឯ​ពួក​អ្នក​ខ្ចាត់​ខ្ចាយ នៅ​ក្នុង​សាសន៍​ក្រេក ដើម្បី​នឹង​បង្រៀន​ដល់​សាសន៍​នោះ​ឬ​អី ពាក្យ​ដែល​គាត់​ថា «អ្នក​រាល់​គ្នា​នឹង​រក​ខ្ញុំ តែ​រក​មិន​ឃើញ​ទេ» ហើយ​ថា «កន្លែង​ដែល​ខ្ញុំ​ទៅ អ្នក​រាល់​គ្នា​ពុំ​អាច​នឹង​ទៅ​បាន​ទេ» នេះ​តើ​មាន​ន័យ​ដូច​ម្តេច។ នៅ​ថ្ងៃ​ក្រោយ​បង្អស់ ជា​ថ្ងៃ​បុណ្យ​យ៉ាង​សំខាន់ នោះ​ព្រះ‌យេស៊ូវ​ទ្រង់​ឈរ​បន្លឺ​ឧទាន​ប្រកាស​ឡើង​ថា បើ​អ្នក​ណា​ស្រេក ចូរ​ឲ្យ​អ្នក​នោះ​មក​ឯ​ខ្ញុំ ហើយ​ផឹក​ចុះ អ្នក​ណា​ដែល​ជឿ​ដល់​ខ្ញុំ នោះ​នឹង​មាន​ទន្លេ​ទឹក​រស់​ហូរ​ចេញ​ពី​ពោះ​ខ្លួន​មក ដូច​ជា​គម្ពីរ​សំដែង​ហើយ តែ​សេចក្ដី​នេះ គឺ​ទ្រង់​មាន​បន្ទូល​ពី​ព្រះ‌វិញ្ញាណ ដែល​អស់​អ្នក​ជឿ​ដល់​ទ្រង់​នឹង​ត្រូវ​ទទួល ដ្បិត​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​មិន​ទាន់​យាង​មក ដោយ​ព្រោះ​ព្រះ‌យេស៊ូវ​មិន​ទាន់​បាន​ដំកើង​ឡើង​នៅ​ឡើយ ដូច្នេះ កាល​បណ្តា​មនុស្ស​បាន​ឮ នោះ​មាន​គ្នា​ច្រើន​និយាយ​ថា លោក​នេះ ពិត​ប្រាកដ​ជា​ហោរា​នោះ​ហើយ អ្នក​ខ្លះ​ទៀត​ថា នេះ​ជា​ព្រះ‌គ្រីស្ទ​ហើយ ខ្លះ​ទៀត​ថា ចុះ​ព្រះ‌គ្រីស្ទ​យាង​មក​ពី​ស្រុក​កាលី‌ឡេ​ដែរ​ឬ តើ​គម្ពីរ​មិន​ថា ព្រះ‌គ្រីស្ទ​ត្រូវ​កើត​ពី​ព្រះ‌វង្ស​ហ្លួង​ដាវីឌ ហើយ​ក៏​យាង​មក​ពី​ភូមិ​បេថ្លេ‌ហិម ជា​កន្លែង​ដែល​ហ្លួង​ដាវីឌ​បាន​គង់​នៅ​ទេ​ឬ​អី ដូច្នេះ គេ​ក៏​បាក់​បែក​ទាស់​គ្នា ដោយ​ព្រោះ​ទ្រង់ មាន​ខ្លះ​ចង់​ចាប់​ទ្រង់ តែ​គ្មាន​អ្នក​ណា​លូក​ដៃ​ទៅ​ចាប់​ទេ។ នោះ​ពួក​អាជ្ញា​ក៏​ត្រឡប់​ទៅ​ឯ​ពួក​សង្គ្រាជ នឹង​ពួក​ផារិស៊ី​វិញ លោក​ទាំង​នោះ​សួរ​គេ​ថា ហេតុ​អ្វី​បាន​ជា​មិន​ចាប់​អ្នក​នោះ​មក ពួក​អាជ្ញា​ឆ្លើយ​ថា មិន​ដែល​មាន​អ្នក​ណា​និយាយ​ដូច​អ្នក​នោះ​ទេ ដូច្នេះ ពួក​ផារិស៊ី​ស្តី​ឲ្យ​ថា អ្នក​រាល់​គ្នា​ត្រូវ​បញ្ឆោត​ដែរ​ឬ តើ​មាន​អ្នក​ឯ​ណា​ក្នុង​ពួក​នាម៉ឺន ឬ​ក្នុង​ពួក​ផារិស៊ី ដែល​ជឿ​ដល់​អ្នក​នោះ​ឬ​ទេ ឯ​ហ្វូង​មនុស្ស​នេះ ដែល​មិន​ស្គាល់​ក្រិត្យ‌វិន័យ គេ​ជា​មនុស្ស​ត្រូវ​បណ្តាសា​វិញ ឯ​លោក​នីកូដេម ជា​អ្នក​ដែល​មក​ឯ​ទ្រង់​ទាំង​យប់ ដែល​ជា​ពួក​ផារិស៊ី​ដែរ លោក​និយាយ​ទៅ​គេ​ថា តើ​ក្រិត្យ‌វិន័យ​យើង​កាត់​ទោស​ដល់​មនុស្ស​ណា មុន​ដែល​បាន​ឮ​ពាក្យ​ចំឡើយ​ពី​ខ្លួន​អ្នក​នោះ ហើយ​ដឹង​ជា​ធ្វើ​ខុស​យ៉ាង​ណា​ឬ​អី នោះ​គេ​ឆ្លើយ​ទៅ​លោក​ថា តើ​លោក​មក​ពី​ស្រុក​កាលី‌ឡេ​ដែរ​ឬ ចូរ​ពិចារណា​មើល​ចុះ ឥត​ដែល​មាន​ហោរា​ណា កើត​មក​ពី​ស្រុក​កាលី‌ឡេ​ឡើយ

អាន យ៉ូហាន 7