យ៉ូហាន 6:41-71
យ៉ូហាន 6:41-71 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ពេលនោះ ពួកសាសន៍យូដាឌុកដាន់ព្រះអង្គ ដោយព្រោះព្រះអង្គមានព្រះបន្ទូលថា៖ «ខ្ញុំជានំបុ័ង ដែលចុះពីស្ថានសួគ៌មក»។ គេនិយាយថា៖ «តើអ្នកនេះមិនមែនឈ្មោះយេស៊ូវ ជាកូនយ៉ូសែប ដែលយើងស្គាល់ឪពុកម្តាយគាត់ទេឬ? ម្តេចគាត់និយាយថា គាត់ចុះពីស្ថានសួគ៌មកដូច្នេះ?» ព្រះយេស៊ូវមានព្រះបន្ទូលទៅគេថា៖ «កុំឲ្យអ្នករាល់គ្នារអ៊ូរទាំឡើយ គ្មានអ្នកណាអាចមករកខ្ញុំបានទេ លើកលែងតែព្រះវរបិតា ទាញនាំគេឲ្យមកប៉ុណ្ណោះ ហើយខ្ញុំនឹងឲ្យអ្នកនោះរស់ឡើងវិញ នៅថ្ងៃចុងបំផុត។ នៅក្នុងគម្ពីរហោរាមានសេចក្តីចែងទុកមកថា "ព្រះអង្គនឹងបង្រៀនគេទាំងអស់គ្នា" អស់អ្នកដែលបានឮ ហើយបានរៀនពីព្រះវរបិតា អ្នកនោះនឹងមករកខ្ញុំ។ នេះមិនមែនមានន័យថា មានអ្នកណាបានឃើញព្រះវរបិតាឡើយ មានតែអ្នកដែលមកពីព្រះប៉ុណ្ណោះ អ្នកនោះហើយបានឃើញព្រះវរបិតា។ ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា អ្នកណាដែលជឿដល់ខ្ញុំ អ្នកនោះមានជីវិតអស់កល្បជានិច្ច ខ្ញុំជានំបុ័ងជីវិត។ បុព្វបុរសអ្នករាល់គ្នាបានបរិភោគនំម៉ាណា នៅទីរហោស្ថាន ហើយក៏ស្លាប់អស់ទៅ នំប៉័ងដែលខ្ញុំនិយាយនេះ ជានំបុ័ងដែលចុះពីស្ថានសួគ៌មក ដូច្នេះ អ្នកណាដែលបរិភោគ មិនត្រូវស្លាប់ឡើយ។ ខ្ញុំជានំបុ័ងជីវិត ដែលចុះពីស្ថានសួគ៌មក បើអ្នកណាបរិភោគនំបុ័ងនេះ នោះនឹងរស់នៅអស់កល្បជានិច្ច ឯនំបុ័ងដែលខ្ញុំឲ្យ គឺជារូបសាច់ខ្ញុំ ដែលខ្ញុំនឹងឲ្យមនុស្សលោកមានជីវិត»។ ដូច្នេះ ពួកសាសន៍យូដាជជែកគ្នា ហើយនិយាយថា៖ «តើអ្នកនេះអាចនឹងឲ្យសាច់គាត់មកយើងបរិភោគដូចម្តេចបាន?» ព្រះយេស៊ូវមានព្រះបន្ទូលទៅគេថា៖ «ប្រាកដមែនខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា បើអ្នករាល់គ្នាមិនពិសាសាច់ និងផឹកឈាមកូនមនុស្សទេ អ្នករាល់គ្នាគ្មានជីវិតនៅក្នុងខ្លួនឡើយ។ អ្នកណាដែលពិសាសាច់ និងផឹកឈាមរបស់ខ្ញុំ មានជីវិតអស់កល្បជានិច្ច ហើយខ្ញុំនឹងប្រោសឲ្យរស់ឡើងវិញ នៅថ្ងៃចុងបំផុត។ ព្រោះសាច់ខ្ញុំជាអាហារពិតប្រាកដ ហើយឈាមខ្ញុំក៏ជាគ្រឿងផឹកពិតប្រាកដ អ្នកណាដែលពិសាសាច់ និងផឹកឈាមរបស់ខ្ញុំ អ្នកនោះនៅជាប់ក្នុងខ្ញុំ ហើយខ្ញុំក៏នៅជាប់ក្នុងអ្នកនោះដែរ។ ដូចជាព្រះវរបិតាដែលមានព្រះជន្មរស់ បានចាត់ខ្ញុំឲ្យមក ហើយខ្ញុំរស់នៅ ដោយសារព្រះអង្គ នោះអ្នកណាដែលពិសាខ្ញុំ នឹងរស់ដោយសារខ្ញុំដែរ។ នេះជានំបុ័ងដែលចុះពីស្ថានសួគ៌មកពិត មិនដូចជាបុព្វបុរសអ្នករាល់គ្នា បានបរិភោគនំម៉ាណា ហើយស្លាប់ទៅនោះទេ គឺអ្នកណាដែលបរិភោគនំបុ័ងនេះ នឹងរស់នៅអស់កល្បជានិច្ចវិញ»។ ព្រះអង្គមានព្រះបន្ទូលពីសេចក្តីទាំងនេះ នៅពេលព្រះអង្គកំពុងបង្រៀនគេក្នុងសាលាប្រជុំ នៅក្រុងកាពើណិម។ ពេលពួកសិស្សរបស់ព្រះអង្គជាច្រើនឮសេចក្ដីនោះ គេពោលថា៖ «សេចក្តីបង្រៀននេះពិបាកស្តាប់ណាស់ តើអ្នកណាយល់បាន?» ប៉ុន្តែ ព្រះយេស៊ូវជ្រាបថា ពួកសិស្សរអ៊ូរទាំពីសេចក្ដីនោះ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «តើពាក្យនេះនាំឲ្យអ្នករាល់គ្នារវាតចិត្តឬ? ចុះបើអ្នករាល់គ្នាបានឃើញកូនមនុស្សឡើងទៅស្ថាន ដែលលោកនៅពីដើម តើអ្នកគិតដូចម្តេច? មានតែព្រះវិញ្ញាណទេដែលប្រទានឲ្យមានជីវិត រូបសាច់គ្មានប្រយោជន៍អ្វីឡើយ ពាក្យដែលខ្ញុំនិយាយនឹងអ្នករាល់គ្នា នោះត្រូវខាងវិញ្ញាណ និងជីវិតវិញ។ ប៉ុន្តែ ក្នុងចំណោមអ្នករាល់គ្នា អ្នកខ្លះមិនជឿទេ» (ដ្បិតព្រះយេស៊ូវជ្រាបតាំងតែពីដើមមក អំពីអ្នកណាដែលមិនបានជឿ ហើយអំពីអ្នកណា ដែលនឹងបញ្ជូនព្រះអង្គ)។ ព្រះអង្គក៏មានព្រះបន្ទូលថា៖ «ដោយហេតុនោះបានជាខ្ញុំប្រាប់អ្នករាល់គ្នាថា គ្មានអ្នកណាអាចនឹងមករកខ្ញុំបានទេ លើកតែព្រះវរបិតាប្រោសប្រទានមកប៉ុណ្ណោះ»។ តាំងពីនោះមក មានសិស្សព្រះអង្គជាច្រើនដកខ្លួនថយ មិនតាមព្រះអង្គទៀតឡើយ។ ព្រះយេស៊ូវមានព្រះបន្ទូលសួរអ្នកទាំងដប់ពីរថា៖ «តើអ្នករាល់គ្នាចង់ថយទៅដែរឬ?» ស៊ីម៉ូន-ពេត្រុសទូលឆ្លើយថា៖ «ព្រះអម្ចាស់អើយ តើឲ្យយើងខ្ញុំទៅរកអ្នកណាវិញ? គឺព្រះអង្គហើយដែលមានព្រះបន្ទូលនៃជីវិតអស់កល្បជានិច្ច។ យើងខ្ញុំជឿហើយ ក៏ដឹងថា ព្រះអង្គជាព្រះរាជបុត្រាបរិសុទ្ធតែមួយរបស់ព្រះ»។ ព្រះយេស៊ូវមានព្រះបន្ទូលឆ្លើយទៅគេថា៖ «តើខ្ញុំមិនបានរើសអ្នករាល់គ្នា ទាំងដប់ពីរមកទេឬ? តែមានម្នាក់ក្នុងពួកអ្នករាល់គ្នាជាអារក្ស»។ គឺព្រះអង្គមានព្រះបន្ទូលពីយូដាសអ៊ីស្ការីយុត កូនរបស់ស៊ីម៉ូន ជាម្នាក់ក្នុងចំណោមអ្នកទាំងដប់ពីរ ដ្បិតគាត់រៀបនឹងក្បត់ព្រះអង្គ។
យ៉ូហាន 6:41-71 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ជនជាតិយូដារអ៊ូរទាំពីព្រះយេស៊ូ ព្រោះព្រះអង្គមានព្រះបន្ទូលថា “ខ្ញុំជាអាហារដែលចុះមកពីស្ថានបរមសុខ*”។ គេពោលថា៖ «អ្នកនេះឈ្មោះយេស៊ូ ជាកូនរបស់លោកយ៉ូសែបទេតើ! យើងស្គាល់ទាំងឪពុកទាំងម្ដាយ ម្ដេចក៏គាត់ពោលថាគាត់ចុះមកពីស្ថានបរមសុខដូច្នេះ?»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ឈប់នាំគ្នារអ៊ូរទាំទៅ!។ ប្រសិនបើព្រះបិតាដែលចាត់ខ្ញុំឲ្យមកមិនទាក់ទាញចិត្តគេទេ គ្មាននរណាម្នាក់អាចមករកខ្ញុំឡើយ។ រីឯខ្ញុំ ខ្ញុំនឹងប្រោសអ្នកនោះឲ្យមានជីវិតរស់ឡើងវិញ នៅថ្ងៃចុងក្រោយបំផុត។ ក្នុងគម្ពីរព្យាការីមានចែងទុកមកថា “ព្រះជាម្ចាស់នឹងប្រៀនប្រដៅមនុស្សទាំងអស់” ។ អស់អ្នកដែលបានស្ដាប់ព្រះបិតា ហើយទទួលយកការប្រៀនប្រដៅរបស់ព្រះអង្គ មុខជាមករកខ្ញុំពុំខាន។ សេចក្ដីនេះពុំមែនមានន័យថា មាននរណាម្នាក់បានឃើញព្រះបិតាឡើយ លើកលែងតែអ្នកមកពីព្រះជាម្ចាស់ប៉ុណ្ណោះ គឺអ្នកនោះហើយដែលបានឃើញព្រះអង្គ។ ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា អ្នកណាជឿ អ្នកនោះមានជីវិតអស់កល្បជានិច្ច។ ខ្ញុំនេះហើយជាអាហារដែលផ្ដល់ជីវិត។ បុព្វបុរសរបស់អ្នករាល់គ្នាបានបរិភោគនំម៉ាណា នៅវាលរហោស្ថាន ហើយទទួលមរណភាពអស់ទៅ។ រីឯអាហារដែលចុះមកពីស្ថានបរមសុខ មានប្រសិទ្ធភាពបែបនេះ គឺអ្នកណាបរិភោគ អ្នកនោះមិនស្លាប់ឡើយ។ ខ្ញុំនេះហើយជាអាហារដែលមានជីវិត ចុះមកពីស្ថានបរមសុខ។ អ្នកណាបរិភោគអាហារនេះ នឹងរស់នៅអស់កល្បជានិច្ច។ អាហារដែលខ្ញុំនឹងឲ្យនោះ គឺខ្លួនខ្ញុំផ្ទាល់ដែលត្រូវបូជាសម្រាប់ឲ្យមនុស្សលោកមានជីវិត»។ ជនជាតិយូដាទាស់ទែងគ្នាយ៉ាងខ្លាំង ហើយគេនិយាយថា៖ «តើអ្នកនេះអាចឲ្យខ្លួនគាត់ផ្ទាល់មកយើងបរិភោគដូចម្ដេចកើត?»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា ប្រសិនបើអ្នករាល់គ្នាមិនពិសាសាច់ និងលោហិតរបស់បុត្រមនុស្ស*ទេ អ្នករាល់គ្នាគ្មានជីវិតក្នុងខ្លួនឡើយ។ អ្នកណាពិសាសាច់ និងលោហិតរបស់ខ្ញុំ អ្នកនោះមានជីវិតអស់កល្បជានិច្ច ហើយខ្ញុំក៏នឹងប្រោសគេឲ្យមានជីវិតរស់ឡើងវិញ នៅថ្ងៃចុងក្រោយបំផុតផង។ សាច់របស់ខ្ញុំជាអាហារដ៏ពិតប្រាកដ លោហិតរបស់ខ្ញុំក៏ជាភេសជ្ជៈដ៏ពិតប្រាកដដែរ។ អ្នកណាពិសាសាច់ និងលោហិតរបស់ខ្ញុំ អ្នកនោះស្ថិតនៅក្នុងខ្ញុំ ហើយខ្ញុំក៏ស្ថិតនៅក្នុងអ្នកនោះដែរ។ ព្រះបិតាដែលបានចាត់ខ្ញុំឲ្យមក ព្រះអង្គមានព្រះជន្មរស់ ហើយខ្ញុំមានជីវិតដោយសារព្រះអង្គយ៉ាងណា អ្នកបរិភោគខ្ញុំ ក៏នឹងមានជីវិតរស់ ដោយសារខ្ញុំយ៉ាងនោះដែរ។ អាហារដែលបានចុះពីស្ថានបរមសុខមក មានប្រសិទ្ធភាពខុសពីអាហារដែលបុព្វបុរស*របស់អ្នករាល់គ្នាបានបរិភោគ ដ្បិតលោកទទួលមរណភាពអស់ទៅហើយ។ រីឯអ្នកដែលបរិភោគអាហារនេះនឹងរស់នៅអស់កល្បជានិច្ច»។ ព្រះយេស៊ូមានព្រះបន្ទូលទាំងនេះ នៅពេលព្រះអង្គបង្រៀនគេក្នុងសាលាប្រជុំ* នៅក្រុងកាពើណិម។ ក្រោយពីបានស្ដាប់ព្រះបន្ទូលរបស់ព្រះអង្គហើយ ក្នុងចំណោមសិស្ស*មានគ្នាច្រើនពោលថា៖ «ពាក្យទាំងនេះទាស់ត្រចៀកណាស់ តើនរណាអាចទ្រាំស្ដាប់បាន?»។ ព្រះយេស៊ូឈ្វេងយល់ថា ពួកសិស្សរអ៊ូរទាំពីពាក្យទាំងនេះ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «តើពាក្យទាំងនេះនាំឲ្យអ្នករាល់គ្នារវាតចិត្ត បាត់ជំនឿឬ? ចុះបើអ្នករាល់គ្នាឃើញបុត្រមនុស្ស*ឡើងទៅស្ថានដែលលោកនៅពីមុនវិញ តើចិត្តអ្នករាល់គ្នានឹងទៅជាយ៉ាងណា? មានតែព្រះវិញ្ញាណទេដែលផ្ដល់ជីវិត និស្ស័យលោកីយ៍គ្មានប្រយោជន៍អ្វីឡើយ។ រីឯពាក្យទាំងប៉ុន្មានដែលខ្ញុំបាននិយាយប្រាប់អ្នករាល់គ្នា សុទ្ធតែចេញមកពីព្រះវិញ្ញាណដែលផ្ដល់ជីវិត។ ប៉ុន្តែ ក្នុងចំណោមអ្នករាល់គ្នា អ្នកខ្លះគ្មានជំនឿទេ»។ តាំងពីដើមដំបូងមក ព្រះយេស៊ូស្គាល់អស់អ្នកដែលគ្មានជំនឿ ព្រមទាំងស្គាល់អ្នកដែលនឹងក្បត់ព្រះអង្គរួចស្រេចទៅហើយ។ ព្រះអង្គមានព្រះបន្ទូលទៀតថា៖ «ហេតុនេះបានជាខ្ញុំប្រាប់អ្នករាល់គ្នារួចមកហើយថា ប្រសិនបើព្រះបិតាមិនប្រោសប្រទានទេ នោះគ្មាននរណាអាចមករកខ្ញុំឡើយ»។ ចាប់ពីពេលនោះមក ក្នុងចំណោមសិស្ស មានគ្នាច្រើនដកខ្លួនថយ ឈប់តាមព្រះអង្គទៀត។ ព្រះយេស៊ូក៏មានព្រះបន្ទូលសួរសិស្សទាំងដប់ពីររូបថា៖ «ចុះអ្នករាល់គ្នាវិញ តើអ្នករាល់គ្នាចង់ចេញទៅដែរឬ?»។ លោកស៊ីម៉ូនពេត្រុសទូលព្រះអង្គថា៖ «បពិត្រព្រះអម្ចាស់ តើឲ្យយើងខ្ញុំទៅរកនរណាវិញ? ព្រះបន្ទូលរបស់ព្រះអង្គផ្ដល់ជីវិតអស់កល្បជានិច្ច។ យើងខ្ញុំជឿហើយដឹងថា ព្រះអង្គពិតជាព្រះដ៏វិសុទ្ធដែលព្រះជាម្ចាស់ចាត់ឲ្យមក»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «គឺខ្ញុំផ្ទាល់ដែលបានជ្រើសរើសអ្នកទាំងដប់ពីរមក ប៉ុន្តែ ក្នុងចំណោមអ្នករាល់គ្នាមានម្នាក់ជាមារ»។ ព្រះអង្គមានព្រះបន្ទូលសំដៅទៅលើយូដាស ជាកូនលោកស៊ីម៉ូនអ៊ីស្ការីយ៉ុត។ យូដាសនេះហើយដែលនឹងក្បត់ព្រះអង្គ ទោះបីគាត់ជាសិស្សមួយរូបក្នុងចំណោមសិស្សទាំងដប់ពីរក៏ដោយ។
យ៉ូហាន 6:41-71 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នោះពួកសាសន៍យូដា គេឌុកដាន់ទ្រង់ ពីព្រោះទ្រង់មានបន្ទូលថា ខ្ញុំជានំបុ័ង ដែលចុះពីស្ថានសួគ៌មក គេនិយាយថា អ្នកនេះ តើមិនមែនឈ្មោះយេស៊ូវ ជាកូនយ៉ូសែប ដែលយើងស្គាល់ឪពុកម្តាយគាត់ទេឬអី ចុះដូចម្តេចឡើយបានជាគាត់និយាយថា គាត់ចុះពីស្ថានសួគ៌មកដូច្នេះ នោះព្រះយេស៊ូវមានបន្ទូលទៅគេថា កុំឲ្យរទូរទាំក្នុងពួកអ្នករាល់គ្នាឡើយ គ្មានអ្នកណាអាចនឹងមកឯខ្ញុំបានទេ លើកតែព្រះវរបិតា ដែលចាត់ខ្ញុំឲ្យមក ទ្រង់ទាញនាំគេប៉ុណ្ណោះ ហើយខ្ញុំនឹងឲ្យអ្នកនោះរស់ឡើងវិញ នៅថ្ងៃចុងបំផុតដែរ នៅក្នុងគម្ពីរពួកហោរាមានសេចក្ដីចែងទុកមកថា «ព្រះទ្រង់នឹងបង្រៀនគេទាំងអស់គ្នា» ដូច្នេះ អស់អ្នកណាដែលឮព្រះវរបិតា ហើយបានរៀនពីទ្រង់ នោះក៏មកឯខ្ញុំ នេះមិនមែនថា មានអ្នកណាដែលឃើញព្រះវរបិតានោះឡើយ មានតែព្រះអង្គ ដែលយាងមកពីព្រះប៉ុណ្ណោះ ព្រះអង្គនោះទើបទ្រង់បានឃើញព្រះវរបិតាមែន ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា អ្នកណាដែលជឿដល់ខ្ញុំ នោះមានជីវិតអស់កល្បជានិច្ច ខ្ញុំជានំបុ័ងជីវិត ពួកឰយុកោអ្នករាល់គ្នាបានបរិភោគនំម៉ាន៉ា នៅទីរហោស្ថាន ហើយក៏ស្លាប់អស់ទៅ ឯនំបុ័ងដែលខ្ញុំនិយាយនេះ គឺជានំបុ័ងដែលចុះពីស្ថានសួគ៌មក ដើម្បីឲ្យអ្នកណាដែលបរិភោគ មិនត្រូវស្លាប់ឡើយ ខ្ញុំជានំបុ័ងដ៏រស់ ដែលចុះពីស្ថានសួគ៌មក បើអ្នកណាបរិភោគនំបុ័ងនេះ នោះនឹងរស់នៅអស់កល្បជានិច្ច ឯនំបុ័ងដែលខ្ញុំឲ្យ គឺជារូបសាច់ខ្ញុំ ដែលខ្ញុំនឹងឲ្យជំនួសជីវិតមនុស្សលោក ដូច្នេះ ពួកសាសន៍យូដាគេជជែកគ្នាថា ធ្វើដូចម្តេចឲ្យអ្នកនេះអាចនឹងឲ្យសាច់ខ្លួនមកយើងបរិភោគបាន។ នោះព្រះយេស៊ូវមានបន្ទូលទៅគេថា ប្រាកដមែនខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា បើអ្នករាល់គ្នាមិនពិសាសាច់ ហើយមិនផឹកឈាមរបស់កូនមនុស្ស នោះអ្នករាល់គ្នាគ្មានជីវិតនៅក្នុងខ្លួនទេ អ្នកណាដែលបរិភោគសាច់ នឹងឈាមរបស់ខ្ញុំ នោះមានជីវិតដ៏នៅអស់កល្បជានិច្ច ហើយខ្ញុំនឹងឲ្យអ្នកនោះរស់ឡើងវិញ នៅថ្ងៃចុងបំផុត ពីព្រោះសាច់ខ្ញុំជាអាហារពិត ហើយឈាមខ្ញុំក៏ជាគ្រឿងផឹកពិតប្រាកដ អ្នកណាដែលបរិភោគសាច់ នឹងឈាមរបស់ខ្ញុំ នោះនៅក្នុងខ្ញុំ ហើយខ្ញុំក៏នៅក្នុងអ្នកនោះដែរ អ្នកណាដែលបរិភោគខ្ញុំ អ្នកនោះនឹងរស់ដោយសារខ្ញុំ ដូចជាព្រះវរបិតាដ៏មានព្រះជន្មរស់ ទ្រង់បានចាត់ឲ្យខ្ញុំមក ហើយខ្ញុំក៏រស់នៅ ដោយសារទ្រង់ដែរ នំបុ័ងនេះជានំបុ័ង ដែលចុះពីស្ថានសួគ៌មកជាពិត មិនមែនដូចជាពួកឰយុកោអ្នករាល់គ្នា បានបរិភោគនំម៉ាន៉ា ហើយក៏ស្លាប់ទៅនោះទេ គឺអ្នកណាដែលបរិភោគនំបុ័ងនេះ នឹងរស់នៅអស់កល្បជានិច្ចវិញ ទ្រង់មានបន្ទូលសេចក្ដីទាំងនេះ ក្នុងសាលាប្រជុំ នៅកាពើណិម កំពុងដែលទ្រង់បង្រៀនគេ។ ពួកសិស្សទ្រង់ជាច្រើន ដែលឮសេចក្ដីនោះ ក៏និយាយថា ពាក្យនេះពិបាកស្តាប់ណាស់ តើអ្នកណាយល់បាន ប៉ុន្តែ ព្រះយេស៊ូវទ្រង់ជ្រាបក្នុងព្រះអង្គទ្រង់ថា ពួកសិស្សរទូរទាំពីសេចក្ដីនោះ បានជាទ្រង់មានបន្ទូលថា តើសេចក្ដីនេះនាំបង្អាក់ដល់ចិត្តអ្នករាល់គ្នាឬអី ចុះបើអ្នករាល់គ្នាបានឃើញកូនមនុស្សឡើងទៅឯស្ថាន ដែលលោកនៅពីដើម នោះតើនឹងគិតដូចម្តេចទៅ គឺជាវិញ្ញាណដែលឲ្យមានជីវិត រូបសាច់គ្មានប្រយោជន៍អ្វីទេ ឯពាក្យដែលខ្ញុំនិយាយនឹងអ្នករាល់គ្នា នោះត្រូវខាងវិញ្ញាណនឹងជីវិតវិញ ប៉ុន្តែ មានអ្នករាល់គ្នាខ្លះមិនជឿទេ នេះដ្បិតព្រះយេស៊ូវទ្រង់ជ្រាប តាំងតែពីដើមមក អំពីអ្នកណាដែលមិនបានជឿ ហើយអំពីអ្នកណា ដែលនឹងបញ្ជូនទ្រង់ ទ្រង់ក៏មានបន្ទូលថា គឺហេតុនោះបានជាខ្ញុំប្រាប់អ្នករាល់គ្នាថា គ្មានអ្នកណាអាចនឹងមកឯខ្ញុំបានទេ លើកតែព្រះវរបិតាទ្រង់ប្រោសប្រទានឲ្យប៉ុណ្ណោះ។ តាំងពីនោះមក មានសិស្សទ្រង់ជាច្រើនដកខ្លួនថយចេញ មិនតាមទ្រង់ទៀតទេ នោះព្រះយេស៊ូវមានបន្ទូលទៅពួក១២នាក់ថា អ្នករាល់គ្នាចង់ថយទៅដែរឬ ស៊ីម៉ូន-ពេត្រុសទូលឆ្លើយថា ព្រះអម្ចាស់អើយ តើយើងខ្ញុំនឹងទៅឯអ្នកណាវិញ គឺទ្រង់ហើយ ដែលមានព្រះបន្ទូលនៃជីវិតដ៏នៅអស់កល្បជានិច្ច យើងខ្ញុំក៏បានជឿ ហើយដឹងថា ទ្រង់ជាព្រះគ្រីស្ទ ជាព្រះរាជបុត្រានៃព្រះដ៏មានព្រះជន្មរស់ពិត ព្រះយេស៊ូវមានបន្ទូលទៅគេថា តើខ្ញុំមិនបានរើសអ្នករាល់គ្នា ជាពួក១២នាក់ទេឬអី តែមានម្នាក់ក្នុងពួកអ្នករាល់គ្នាជាអារក្សវិញ នេះគឺទ្រង់មានបន្ទូលពីយូដាស-អ៊ីស្ការីយ៉ុត ជាកូនស៊ីម៉ូន ដែលនៅក្នុងពួក១២នាក់នោះ ដ្បិតវារៀបនឹងបញ្ជូនទ្រង់ទៅ។