យ៉ូហាន 6

6
1លុះ​ក្រោយ​មក ព្រះ‌យេស៊ូវ​ទ្រង់​ឆ្លង​សមុទ្រ​កាលី‌ឡេ គឺ​ជា​សមុទ្រ​ទីបេរាស 2ហើយ​មាន​ហ្វូង​មនុស្ស​ជា​ធំ​តាម​ទ្រង់​ទៅ ដោយ​បាន​ឃើញ​ទី​សំគាល់​ទាំង​ប៉ុន្មាន ដែល​ទ្រង់​ប្រោស​ដល់​ពួក​ជំងឺ 3នោះ​ព្រះ‌យេស៊ូវ​ទ្រង់​យាង​ឡើង​ទៅ​លើ​ភ្នំ គង់​ជា​មួយ​នឹង​ពួក​សិស្ស​នៅ​ទី​នោះ 4រីឯ​បុណ្យ​រំលង ជា​បុណ្យ​របស់​សាសន៍​យូដា ក៏​ជិត​ដល់​ហើយ 5ឯ​ព្រះ‌យេស៊ូវ​ទ្រង់​ងើប​ព្រះ‌នេត្រ​ឡើង ឃើញ​មនុស្ស​កក‌កុញ​មក​ឯ​ទ្រង់ នោះ​ទ្រង់​មាន​បន្ទូល​ទៅ​ភីលីព​ថា យើង​នឹង​ទិញ​នំបុ័ង​ពី​ណា​មក ឲ្យ​មនុស្ស​ទាំង​អស់​នេះ​បាន​បរិភោគ 6ទ្រង់​មាន​បន្ទូល​សួរ​ដូច្នេះ ដើម្បី​នឹង​ល្បង​ល​គាត់​ទេ ព្រោះ​ទ្រង់​ជ្រាប​ការ ដែល​ទ្រង់​គិត​ធ្វើ​ហើយ 7ភីលីព​ទូល​ឆ្លើយ​ថា ទោះ​បើ​ទិញ​នំបុ័ង​អស់​៤០​រៀល ក៏​មិន​គ្រាន់​ឲ្យ​គ្រប់​គ្នា សូម្បី​តែ​បន្តិច‌បន្តួច​ផង 8មាន​សិស្ស​ទ្រង់​ម្នាក់ ឈ្មោះ​អនទ្រេ ជា​ប្អូន​ស៊ីម៉ូន-ពេត្រុស គាត់​ទូល​ទ្រង់​ថា 9នៅ​ទី​នេះ​មាន​ក្មេង​ម្នាក់ មាន​នំបុ័ង​ម្សៅ​ឱក​៥​នឹង​ត្រី​តូច​២ ប៉ុន្តែ ដែល​មាន​តែ​ប៉ុណ្ណោះ តើ​មាន​ប្រយោជន៍​អ្វី​ដល់​មនុស្ស​ច្រើន​ទាំង​ម៉្លេះ 10ព្រះ‌យេស៊ូវ​មាន​បន្ទូល​ថា ចូរ​ឲ្យ​មនុស្ស​ទាំង​អស់​អង្គុយ​ទៅ រីឯ​នៅ​ទី​នោះ មាន​ស្មៅ​ច្រើន ដូច្នេះ គេ​ក៏​នាំ​គ្នា​អង្គុយ មាន​ចំនួន​ប្រហែល​ជា​៥​ពាន់​នាក់ 11រួច​ព្រះ‌យេស៊ូវ​ទ្រង់​យក​នំបុ័ង​នោះ​មក​អរ​ព្រះ‌គុណ រួច​ចែក​ទៅ​ឲ្យ​ពួក​សិស្ស គេ​ក៏​ចែក​ដល់​ពួក​អ្នក​ដែល​អង្គុយ បាន​ចែក​ទាំង​ត្រី​តូច​នោះ​បែប​ដូច្នោះ​ដែរ តាម​តែ​គេ​ចង់​បាន 12លុះ​គេ​បាន​ឆ្អែត​គ្រប់​គ្នា​ហើយ នោះ​ទ្រង់​មាន​បន្ទូល​ទៅ​ពួក​សិស្ស​ថា ចូរ​ប្រមូល​ចំណិត​ដែល​សល់​នៅ ដើម្បី​កុំ​ឲ្យ​បាត់​អ្វី​ឡើយ 13ក្រោយ​ដែល​បរិភោគ​រួច​ហើយ នោះ​គេ​ប្រមូល​ចំណិត​នំបុ័ង​ម្សៅ​ឱក ដែល​សល់​ពី​៥​ដុំ​នោះ ដាក់​ពេញ​បាន​១២​កន្ត្រក 14កាល​មនុស្ស​ទាំង​ប៉ុន្មាន​បាន​ឃើញ​ទី​សំគាល់ ដែល​ព្រះ‌យេស៊ូវ​ធ្វើ​នោះ គេ​ក៏​និយាយ​ថា លោក​នេះ​ប្រាកដ​ជា​ហោរា​នោះ ដែល​ត្រូវ​មក​ក្នុង​លោកីយ​មែន 15ដូច្នេះ ព្រះ‌យេស៊ូវ​ក៏​ថយ​ឡើង​ទៅ​លើ​ភ្នំ​តែ​១​អង្គ​ទ្រង់​វិញ​ទៀត ពី​ព្រោះ​ទ្រង់​ជ្រាប​ថា គេ​គិត​មក​ចាប់​ទ្រង់​ដោយ​កំឡាំង ដើម្បី​នឹង​តាំង​ឡើង​ជា​ស្តេច។
16លុះ​ព្រលប់​ហើយ ពួក​សិស្ស​ទ្រង់​ចុះ​ទៅ​ឯ​សមុទ្រ 17ក៏​ចុះ​ទូក​ឆ្លង​ទៅ​ឯ​កាពើ‌ណិម ពេល​នោះ​ងងឹត​ហើយ តែ​ព្រះ‌យេស៊ូវ​មិន​ទាន់​មក​ដល់​នៅ​ឡើយ 18សមុទ្រ​ក៏​មាន​រលក បោក​ដោយ​ខ្យល់​បក់​ជា​ខ្លាំង 19កាល​គេ​បាន​ចែវ​ទៅ​ប្រហែល​ជា​៥​ឬ​៦​គីឡូ‌ម៉ែត្រ​ហើយ នោះ​ស្រាប់​តែ​គេ​ឃើញ​ព្រះ‌យេស៊ូវ ទ្រង់​យាង​លើ​សមុទ្រ​មក​ជិត​ទូក ហើយ​គេ​មាន​សេចក្ដី​ភ័យ​ខ្លាច 20តែ​ទ្រង់​មាន​បន្ទូល​ថា កុំ​ភ័យ​អី គឺ​ខ្ញុំ​ទេ​តើ 21នោះ​គេ​ក៏​ព្រម​ទទួល​ទ្រង់​មក​ក្នុង​ទូក ស្រាប់​តែ​ទូក​បាន​ដល់​ស្រុក​ដែល​គេ​ប៉ង​នឹង​ទៅ។
22ស្អែក​ឡើង កាល​ហ្វូង​មនុស្ស ដែល​នៅ​ត្រើយ​សមុទ្រ​ម្ខាង បាន​ឃើញ​ថា នៅ​ទី​នោះ​គ្មាន​ទូក​ណា​ទៀត ក្រៅ​ពី​ទូក​១ ដែល​ពួក​សិស្ស​ទ្រង់​បាន​ជិះ ហើយ​ថា ព្រះ‌យេស៊ូវ​មិន​បាន​ជិះ​ទូក​នោះ ទៅ​ជា​មួយ​នឹង​ពួក​សិស្ស​ទេ គឺ​ពួក​សិស្ស​បាន​ចេញ​ទៅ​តែ​គ្នា​គេ 23(ប៉ុន្តែ​មាន​ទូក​ខ្លះ​ទៀត មក​ពី​ស្រុក​ទីបេរាស ជិត​កន្លែង​ដែល​គេ​បាន​បរិភោគ​នំបុ័ង ក្រោយ​ដែល​ព្រះ‌អម្ចាស់​បាន​អរ​ព្រះ‌គុណ​រួច​ហើយ) 24ដូច្នេះ កាល​ហ្វូង​មនុស្ស​មិន​ឃើញ​ព្រះ‌យេស៊ូវ ឬ​ពួក​សិស្ស​ទ្រង់​នៅ​ទី​នោះ គេ​ក៏​ជិះ​ទូក​ទៅ​ឯ​កាពើ‌ណិម ដើម្បី​នឹង​រក​ទ្រង់ 25កាល​ឃើញ​ទ្រង់​នៅ​ឯ​ត្រើយ​ម្ខាង​ហើយ នោះ​គេ​ទូល​សួរ​ថា លោក​គ្រូ លោក​មក​ដល់​ទី​នេះ​ពី​កាល​ណា 26ព្រះ‌យេស៊ូវ​មាន​បន្ទូល​ឆ្លើយ​ទៅ​គេ​ថា ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា អ្នក​រាល់​គ្នា​រក​ខ្ញុំ មិន​មែន​ដោយ​ព្រោះ​បាន​ឃើញ​ទី​សំគាល់​ទេ គឺ​ដោយ​ព្រោះ​តែ​បាន​បរិភោគ​នំបុ័ង​ឆ្អែត​ប៉ុណ្ណោះ 27កុំ​ឲ្យ​ខំ​ប្រឹង​ឲ្យ​បាន​តែ​អាហារ ដែល​តែង‌តែ​ពុក‌រលួយ​នោះ​ឡើយ ចូរ​ខំ​ឲ្យ​បាន​អាហារ ដែល​នៅ​ស្ថិត‌ស្ថេរ ដរាប​ដល់​ជីវិត​អស់​‌កល្ប​ជានិច្ច​វិញ ជា​អាហារ​ដែល​កូន​មនុស្ស​នឹង​ឲ្យ​មក​អ្នក​រាល់​គ្នា ដ្បិត​គឺ​កូន​មនុស្ស​នេះ​ហើយ ដែល​ព្រះវរ‌បិតា​ដ៏​ជា​ព្រះ ទ្រង់​បាន​ដៅ​ចំណាំ​ទុក 28ដូច្នេះ គេ​ទូល​សួរ​ទ្រង់​ថា ដែល​នឹង​ធ្វើ​ការ​របស់​ព្រះ តើ​ត្រូវ​ធ្វើ​ដូច​ម្តេច​ខ្លះ 29ព្រះ‌យេស៊ូវ​មាន​បន្ទូល​ឆ្លើយ​ថា ឯ​ការ​របស់​ព្រះ គឺ​ឲ្យ​អ្នក​រាល់​គ្នា​បាន​ជឿ​ដល់​អ្នក​ដែល​ព្រះ​បាន​ចាត់​ឲ្យ​មក 30នោះ​គេ​ទូល​សួរ​ទ្រង់​ថា បើ​ដូច្នេះ តើ​លោក​នឹង​ធ្វើ​ទី​សំគាល់​ណា​ឲ្យ​យើង​ខ្ញុំ​ឃើញ​ផង ដើម្បី​ឲ្យ​បាន​ជឿ​ដល់​លោក តើ​លោក​ធ្វើ​ការ​អ្វី​ខ្លះ 31ពួក​ឰយុកោ​យើង​ខ្ញុំ​បាន​បរិភោគ​នំ​ម៉ាន៉ា នៅ​ទី​រហោ‌ស្ថាន ដូច​ជា​មាន​សេចក្ដី​ចែង​ទុក​មក​ថា «លោក​បាន​ឲ្យ​នំបុ័ង​ពី​ស្ថាន‌សួគ៌ មក​ឲ្យ​គេ​បរិភោគ» 32ឯ​ព្រះ‌យេស៊ូវ ទ្រង់​មាន​បន្ទូល​តប​ថា ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា មិន​មែន​លោក​ម៉ូសេ ដែល​ឲ្យ​នំបុ័ង​ពី​ស្ថាន‌សួគ៌​នោះ មក​អ្នក​រាល់​គ្នា​ទេ តែ​ឯ​នំបុ័ង​ដ៏​ពិត ដែល​មក​ពី​ស្ថាន‌សួគ៌ នោះ​គឺ​ព្រះវរ‌បិតា​ខ្ញុំ ដែល​ប្រទាន​មក​អ្នក​រាល់​គ្នា​វិញ 33ដ្បិត​នំបុ័ង​របស់​ព្រះ គឺ​ជា​ព្រះ‌អង្គ​ដែល​យាង​ចុះ​ពី​ស្ថាន‌សួគ៌​មក ព្រម​ទាំង​ប្រទាន​ឲ្យ​មនុស្ស​លោក​បាន​ជីវិត​ផង 34ដូច្នេះ គេ​ទូល​ទ្រង់​ថា លោក​ម្ចាស់​អើយ សូម​ឲ្យ​នំបុ័ង​នោះ​មក​យើង​ខ្ញុំ​ជានិច្ច។
35ព្រះ‌យេស៊ូវ​មាន​បន្ទូល​ថា ខ្ញុំ​ជា​នំបុ័ង​ជីវិត អ្នក​ណា​ដែល​មក​ឯ​ខ្ញុំ នោះ​នឹង​មិន​ឃ្លាន​ទៀត​ឡើយ ហើយ​អ្នក​ណា​ដែល​ជឿ​ដល់​ខ្ញុំ ក៏​មិន​ត្រូវ​ស្រេក​ដែរ 36ប៉ុន្តែ​ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់​គ្នា​រួច​ហើយ​ថា អ្នក​រាល់​គ្នា​បាន​ឃើញ​ខ្ញុំ តែ​មិន​ជឿ​ទេ 37អស់​អ្នក​ណា​ដែល​ព្រះវរ‌បិតា​ប្រទាន​មក​ខ្ញុំ នោះ​នឹង​មក​ឯ​ខ្ញុំ ហើយ​អ្នក​ណា​ដែល​មក​ឯ​ខ្ញុំ ខ្ញុំ​ក៏​មិន​ដែល​ចោល​ទៅ​ក្រៅ​ឡើយ 38ពី​ព្រោះ​ខ្ញុំ​បាន​ចុះ​ពី​ស្ថាន‌សួគ៌​មក មិន​មែន​នឹង​ធ្វើ​តាម​ចិត្ត​ខ្ញុំ​ទេ គឺ​តាម​បំណង​ព្រះ‌ហឫទ័យ​នៃ​ព្រះ​វិញ ដែល​ទ្រង់​ចាត់​ឲ្យ​ខ្ញុំ​មក 39ឯ​បំណង​ព្រះ‌ហឫទ័យ​នៃ​ព្រះវរ‌បិតា ដែល​ចាត់​ឲ្យ​ខ្ញុំ​មក នោះ​គឺ​មិន​ចង់​ឲ្យ​ខ្ញុំ​បាត់​អ្នក​ណា ក្នុង​គ្រប់​អស់​ទាំង​មនុស្ស ដែល​ទ្រង់​ប្រទាន​មក​ខ្ញុំ​នោះ​ឡើយ គឺ​ទ្រង់​ចង់​ឲ្យ​ខ្ញុំ​ប្រោស​ទាំង​អស់​ឲ្យ​រស់​ឡើង នៅ​ថ្ងៃ​ចុង​បំផុត​វិញ 40នេះ​ហើយ​ជា​បំណង​ព្រះ‌ហឫទ័យ​នៃ​ព្រះវរ‌បិតា​ខ្ញុំ គឺ​ឲ្យ​អស់​អ្នក​ណា​ដែល​ឃើញ​ព្រះ‌រាជ‌បុត្រា ហើយ​ក៏​ជឿ​ដល់​ទ្រង់ បាន​ជីវិត​ដ៏​នៅ​អស់​‌កល្ប​ជានិច្ច ហើយ​ខ្ញុំ​នឹង​ឲ្យ​អ្នក​នោះ​រស់​ឡើង​វិញ នៅ​ថ្ងៃ​ចុង​បំផុត។
41នោះ​ពួក​សាសន៍​យូដា គេ​ឌុក‌ដាន់​ទ្រង់ ពី​ព្រោះ​ទ្រង់​មាន​បន្ទូល​ថា ខ្ញុំ​ជា​នំបុ័ង ដែល​ចុះ​ពី​ស្ថាន‌សួគ៌​មក 42គេ​និយាយ​ថា អ្នក​នេះ តើ​មិន​មែន​ឈ្មោះ​យេស៊ូវ ជា​កូន​យ៉ូសែប ដែល​យើង​ស្គាល់​ឪពុក​ម្តាយ​គាត់​ទេ​ឬ​អី ចុះ​ដូច​ម្តេច​ឡើយ​បាន​ជា​គាត់​និយាយ​ថា គាត់​ចុះ​ពី​ស្ថាន‌សួគ៌​មក​ដូច្នេះ 43នោះ​ព្រះ‌យេស៊ូវ​មាន​បន្ទូល​ទៅ​គេ​ថា កុំ​ឲ្យ​រទូ‌រទាំ​ក្នុង​ពួក​អ្នក​រាល់​គ្នា​ឡើយ 44គ្មាន​អ្នក​ណា​អាច​នឹង​មក​ឯ​ខ្ញុំ​បាន​ទេ លើក​តែ​ព្រះវរ‌បិតា ដែល​ចាត់​ខ្ញុំ​ឲ្យ​មក ទ្រង់​ទាញ​នាំ​គេ​ប៉ុណ្ណោះ ហើយ​ខ្ញុំ​នឹង​ឲ្យ​អ្នក​នោះ​រស់​ឡើង​វិញ នៅ​ថ្ងៃ​ចុង​បំផុត​ដែរ 45នៅ​ក្នុង​គម្ពីរ​ពួក​ហោរា​មាន​សេចក្ដី​ចែង​ទុក​មក​ថា «ព្រះ‌ទ្រង់​នឹង​បង្រៀន​គេ​ទាំង​អស់​គ្នា» ដូច្នេះ អស់​អ្នក​ណា​ដែល​ឮ​ព្រះវរ‌បិតា ហើយ​បាន​រៀន​ពី​ទ្រង់ នោះ​ក៏​មក​ឯ​ខ្ញុំ 46នេះ​មិន​មែន​ថា មាន​អ្នក​ណា​ដែល​ឃើញ​ព្រះវរ‌បិតា​នោះ​ឡើយ មាន​តែ​ព្រះ‌អង្គ ដែល​យាង​មក​ពី​ព្រះ​ប៉ុណ្ណោះ ព្រះ‌អង្គ​នោះ​ទើប​ទ្រង់​បាន​ឃើញ​ព្រះវរ‌បិតា​មែន 47ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា អ្នក​ណា​ដែល​ជឿ​ដល់​ខ្ញុំ នោះ​មាន​ជីវិត​អស់​‌កល្ប​ជានិច្ច 48ខ្ញុំ​ជា​នំបុ័ង​ជីវិត 49ពួក​ឰយុកោ​អ្នក​រាល់​គ្នា​បាន​បរិភោគ​នំ​ម៉ាន៉ា នៅ​ទី​រហោ‌ស្ថាន ហើយ​ក៏​ស្លាប់​អស់​ទៅ 50ឯ​នំបុ័ង​ដែល​ខ្ញុំ​និយាយ​នេះ គឺ​ជា​នំបុ័ង​ដែល​ចុះ​ពី​ស្ថាន‌សួគ៌​មក ដើម្បី​ឲ្យ​អ្នក​ណា​ដែល​បរិភោគ មិន​ត្រូវ​ស្លាប់​ឡើយ 51ខ្ញុំ​ជា​នំបុ័ង​ដ៏​រស់ ដែល​ចុះ​ពី​ស្ថាន‌សួគ៌​មក បើ​អ្នក​ណា​បរិភោគ​នំបុ័ង​នេះ នោះ​នឹង​រស់​នៅ​អស់​‌កល្ប​ជានិច្ច ឯ​នំបុ័ង​ដែល​ខ្ញុំ​ឲ្យ គឺ​ជា​រូប​សាច់​ខ្ញុំ ដែល​ខ្ញុំ​នឹង​ឲ្យ​ជំនួស​ជីវិត​មនុស្ស​លោក 52ដូច្នេះ ពួក​សាសន៍​យូដា​គេ​ជជែក​គ្នា​ថា ធ្វើ​ដូច​ម្តេច​ឲ្យ​អ្នក​នេះ​អាច​នឹង​ឲ្យ​សាច់​ខ្លួន​មក​យើង​បរិភោគ​បាន។
53នោះ​ព្រះ‌យេស៊ូវ​មាន​បន្ទូល​ទៅ​គេ​ថា ប្រាកដ​មែន​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា បើ​អ្នក​រាល់​គ្នា​មិន​ពិសា​សាច់ ហើយ​មិន​ផឹក​ឈាម​របស់​កូន​មនុស្ស នោះ​អ្នក​រាល់​គ្នា​គ្មាន​ជីវិត​នៅ​ក្នុង​ខ្លួន​ទេ 54អ្នក​ណា​ដែល​បរិភោគ​សាច់ នឹង​ឈាម​របស់​ខ្ញុំ នោះ​មាន​ជីវិត​ដ៏​នៅ​អស់​‌កល្ប​ជានិច្ច ហើយ​ខ្ញុំ​នឹង​ឲ្យ​អ្នក​នោះ​រស់​ឡើង​វិញ នៅ​ថ្ងៃ​ចុង​បំផុត 55ពី​ព្រោះ​សាច់​ខ្ញុំ​ជា​អាហារ​ពិត ហើយ​ឈាម​ខ្ញុំ​ក៏​ជា​គ្រឿង​ផឹក​ពិត​ប្រាកដ 56អ្នក​ណា​ដែល​បរិភោគ​សាច់ នឹង​ឈាម​របស់​ខ្ញុំ នោះ​នៅ​ក្នុង​ខ្ញុំ ហើយ​ខ្ញុំ​ក៏​នៅ​ក្នុង​អ្នក​នោះ​ដែរ 57អ្នក​ណា​ដែល​បរិភោគ​ខ្ញុំ អ្នក​នោះ​នឹង​រស់​ដោយ‌សារ​ខ្ញុំ ដូច​ជា​ព្រះវរ‌បិតា​ដ៏​មាន​ព្រះ‌ជន្ម​រស់ ទ្រង់​បាន​ចាត់​ឲ្យ​ខ្ញុំ​មក ហើយ​ខ្ញុំ​ក៏​រស់​នៅ ដោយ‌សារ​ទ្រង់​ដែរ 58នំបុ័ង​នេះ​ជា​នំបុ័ង ដែល​ចុះ​ពី​ស្ថាន‌សួគ៌​មក​ជា​ពិត មិន​មែន​ដូច​ជា​ពួក​ឰយុកោ​អ្នក​រាល់​គ្នា បាន​បរិភោគ​នំ​ម៉ាន៉ា ហើយ​ក៏​ស្លាប់​ទៅ​នោះ​ទេ គឺ​អ្នក​ណា​ដែល​បរិភោគ​នំបុ័ង​នេះ នឹង​រស់​នៅ​អស់​‌កល្ប​ជានិច្ច​វិញ 59ទ្រង់​មាន​បន្ទូល​សេចក្ដី​ទាំង​នេះ ក្នុង​សាលា​ប្រជុំ នៅ​កាពើ‌ណិម កំពុង​ដែល​ទ្រង់​បង្រៀន​គេ។
60ពួក​សិស្ស​ទ្រង់​ជា​ច្រើន ដែល​ឮ​សេចក្ដី​នោះ ក៏​និយាយ​ថា ពាក្យ​នេះ​ពិបាក​ស្តាប់​ណាស់ តើ​អ្នក​ណា​យល់​បាន 61ប៉ុន្តែ ព្រះ‌យេស៊ូវ​ទ្រង់​ជ្រាប​ក្នុង​ព្រះ‌អង្គ​ទ្រង់​ថា ពួក​សិស្ស​រទូ‌រទាំ​ពី​សេចក្ដី​នោះ បាន​ជា​ទ្រង់​មាន​បន្ទូល​ថា តើ​សេចក្ដី​នេះ​នាំ​បង្អាក់​ដល់​ចិត្ត​អ្នក​រាល់​គ្នា​ឬ​អី 62ចុះ​បើ​អ្នក​រាល់​គ្នា​បាន​ឃើញ​កូន​មនុស្ស​ឡើង​ទៅ​ឯ​ស្ថាន ដែល​លោក​នៅ​ពី​ដើម នោះ​តើ​នឹង​គិត​ដូច​ម្តេច​ទៅ 63គឺ​ជា​វិញ្ញាណ​ដែល​ឲ្យ​មាន​ជីវិត រូប​សាច់​គ្មាន​ប្រយោជន៍​អ្វី​ទេ ឯ​ពាក្យ​ដែល​ខ្ញុំ​និយាយ​នឹង​អ្នក​រាល់​គ្នា នោះ​ត្រូវ​ខាង​វិញ្ញាណ​នឹង​ជីវិត​វិញ 64ប៉ុន្តែ មាន​អ្នក​រាល់​គ្នា​ខ្លះ​មិន​ជឿ​ទេ នេះ​ដ្បិត​ព្រះ‌យេស៊ូវ​ទ្រង់​ជ្រាប តាំង​តែ​ពី​ដើម​មក អំពី​អ្នក​ណា​ដែល​មិន​បាន​ជឿ ហើយ​អំពី​អ្នក​ណា ដែល​នឹង​បញ្ជូន​ទ្រង់ 65ទ្រង់​ក៏​មាន​បន្ទូល​ថា គឺ​ហេតុ​នោះ​បាន​ជា​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា គ្មាន​អ្នក​ណា​អាច​នឹង​មក​ឯ​ខ្ញុំ​បាន​ទេ លើក​តែ​ព្រះវរ‌បិតា​ទ្រង់​ប្រោស​ប្រទាន​ឲ្យ​ប៉ុណ្ណោះ។
66តាំង​ពី​នោះ​មក មាន​សិស្ស​ទ្រង់​ជា​ច្រើន​ដក​ខ្លួន​ថយ​ចេញ មិន​តាម​ទ្រង់​ទៀត​ទេ 67នោះ​ព្រះ‌យេស៊ូវ​មាន​បន្ទូល​ទៅ​ពួក​១២​នាក់​ថា អ្នក​រាល់​គ្នា​ចង់​ថយ​ទៅ​ដែរ​ឬ 68ស៊ីម៉ូន-ពេត្រុស​ទូល​ឆ្លើយ​ថា ព្រះ‌អម្ចាស់​អើយ តើ​យើង​ខ្ញុំ​នឹង​ទៅ​ឯ​អ្នក​ណា​វិញ គឺ​ទ្រង់​ហើយ ដែល​មាន​ព្រះ‌បន្ទូល​នៃ​ជីវិត​ដ៏​នៅ​អស់​‌កល្ប​ជានិច្ច 69យើង​ខ្ញុំ​ក៏​បាន​ជឿ ហើយ​ដឹង​ថា ទ្រង់​ជា​ព្រះ‌គ្រីស្ទ ជា​ព្រះ‌រាជ‌បុត្រា​នៃ​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់​ពិត 70ព្រះ‌យេស៊ូវ​មាន​បន្ទូល​ទៅ​គេ​ថា តើ​ខ្ញុំ​មិន​បាន​រើស​អ្នក​រាល់​គ្នា ជា​ពួក​១២​នាក់​ទេ​ឬ​អី តែ​មាន​ម្នាក់​ក្នុង​ពួក​អ្នក​រាល់​គ្នា​ជា​អារក្ស​វិញ 71នេះ​គឺ​ទ្រង់​មាន​បន្ទូល​ពី​យូដាស-អ៊ីស្កា‌រីយ៉ុត ជា​កូន​ស៊ីម៉ូន ដែល​នៅ​ក្នុង​ពួក​១២​នាក់​នោះ ដ្បិត​វា​រៀប​នឹង​បញ្ជូន​ទ្រង់​ទៅ។

ទើបបានជ្រើសរើសហើយ៖

យ៉ូហាន 6: ពគប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ