យ៉ូហាន 6:37-44
យ៉ូហាន 6:37-44 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
អស់អ្នកដែលព្រះវរបិតាប្រទានមកខ្ញុំ នោះនឹងមករកខ្ញុំ ហើយអ្នកណាដែលមករកខ្ញុំ ខ្ញុំនឹងមិនបោះបង់គេចោលឡើយ។ ព្រោះខ្ញុំចុះពីស្ថានសួគ៌មក មិនមែននឹងធ្វើតាមចិត្តខ្ញុំទេ គឺតាមព្រះហឫទ័យរបស់ព្រះ ដែលចាត់ខ្ញុំឲ្យមកវិញ។ នេះហើយជាព្រះហឫទ័យរបស់ព្រះវរបិតា ដែលចាត់ខ្ញុំឲ្យមក គឺមិនចង់ឲ្យបាត់អ្នកណាម្នាក់ក្នុងចំណោមមនុស្ស ដែលព្រះអង្គបានប្រទានមកខ្ញុំឡើយ គឺព្រះអង្គសព្វព្រះហឫទ័យឲ្យខ្ញុំប្រោសគេឲ្យរស់ឡើង នៅថ្ងៃចុងបំផុត។ នេះជាព្រះហឫទ័យរបស់ព្រះវរបិតាខ្ញុំ គឺឲ្យអស់អ្នកណាដែលឃើញព្រះរាជបុត្រា ហើយជឿដល់ព្រះអង្គ នឹងបានជីវិតអស់កល្បជានិច្ច ហើយខ្ញុំនឹងឲ្យអ្នកនោះរស់ឡើងវិញ នៅថ្ងៃចុងបំផុត»។ ពេលនោះ ពួកសាសន៍យូដាឌុកដាន់ព្រះអង្គ ដោយព្រោះព្រះអង្គមានព្រះបន្ទូលថា៖ «ខ្ញុំជានំបុ័ង ដែលចុះពីស្ថានសួគ៌មក»។ គេនិយាយថា៖ «តើអ្នកនេះមិនមែនឈ្មោះយេស៊ូវ ជាកូនយ៉ូសែប ដែលយើងស្គាល់ឪពុកម្តាយគាត់ទេឬ? ម្តេចគាត់និយាយថា គាត់ចុះពីស្ថានសួគ៌មកដូច្នេះ?» ព្រះយេស៊ូវមានព្រះបន្ទូលទៅគេថា៖ «កុំឲ្យអ្នករាល់គ្នារអ៊ូរទាំឡើយ គ្មានអ្នកណាអាចមករកខ្ញុំបានទេ លើកលែងតែព្រះវរបិតា ទាញនាំគេឲ្យមកប៉ុណ្ណោះ ហើយខ្ញុំនឹងឲ្យអ្នកនោះរស់ឡើងវិញ នៅថ្ងៃចុងបំផុត។
យ៉ូហាន 6:37-44 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
អស់អ្នកដែលព្រះបិតាប្រទានមកខ្ញុំ តែងតែមករកខ្ញុំ ហើយខ្ញុំមិនបោះបង់ចោលអ្នកដែលមករកខ្ញុំជាដាច់ខាត ដ្បិតខ្ញុំចុះពីស្ថានបរមសុខមក ដើម្បីធ្វើតាមព្រះហឫទ័យរបស់ព្រះអង្គដែលបានចាត់ខ្ញុំឲ្យមក គឺពុំមែនធ្វើតាមបំណងចិត្តរបស់ខ្ញុំទេ។ រីឯព្រះអង្គដែលបានចាត់ខ្ញុំឲ្យមកនោះ ព្រះអង្គមិនសព្វព្រះហឫទ័យឲ្យនរណាម្នាក់ ក្នុងបណ្ដាអស់អ្នកដែលព្រះអង្គប្រទានមកខ្ញុំ ត្រូវវិនាសអន្តរាយឡើយ តែព្រះអង្គសព្វព្រះហឫទ័យឲ្យខ្ញុំប្រោសគេ ឲ្យមានជីវិតរស់ឡើងវិញ នៅថ្ងៃចុងក្រោយបំផុត។ ព្រះបិតារបស់ខ្ញុំសព្វព្រះហឫទ័យឲ្យអស់អ្នកដែលបានឃើញព្រះបុត្រា ហើយជឿលើព្រះអង្គមានជីវិតអស់កល្បជានិច្ច។ ខ្ញុំនឹងប្រោសអ្នកនោះឲ្យមានជីវិតរស់ឡើងវិញ នៅថ្ងៃចុងក្រោយបំផុតផង»។ ជនជាតិយូដារអ៊ូរទាំពីព្រះយេស៊ូ ព្រោះព្រះអង្គមានព្រះបន្ទូលថា “ខ្ញុំជាអាហារដែលចុះមកពីស្ថានបរមសុខ*”។ គេពោលថា៖ «អ្នកនេះឈ្មោះយេស៊ូ ជាកូនរបស់លោកយ៉ូសែបទេតើ! យើងស្គាល់ទាំងឪពុកទាំងម្ដាយ ម្ដេចក៏គាត់ពោលថាគាត់ចុះមកពីស្ថានបរមសុខដូច្នេះ?»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ឈប់នាំគ្នារអ៊ូរទាំទៅ!។ ប្រសិនបើព្រះបិតាដែលចាត់ខ្ញុំឲ្យមកមិនទាក់ទាញចិត្តគេទេ គ្មាននរណាម្នាក់អាចមករកខ្ញុំឡើយ។ រីឯខ្ញុំ ខ្ញុំនឹងប្រោសអ្នកនោះឲ្យមានជីវិតរស់ឡើងវិញ នៅថ្ងៃចុងក្រោយបំផុត។
យ៉ូហាន 6:37-44 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
អស់អ្នកណាដែលព្រះវរបិតាប្រទានមកខ្ញុំ នោះនឹងមកឯខ្ញុំ ហើយអ្នកណាដែលមកឯខ្ញុំ ខ្ញុំក៏មិនដែលចោលទៅក្រៅឡើយ ពីព្រោះខ្ញុំបានចុះពីស្ថានសួគ៌មក មិនមែននឹងធ្វើតាមចិត្តខ្ញុំទេ គឺតាមបំណងព្រះហឫទ័យនៃព្រះវិញ ដែលទ្រង់ចាត់ឲ្យខ្ញុំមក ឯបំណងព្រះហឫទ័យនៃព្រះវរបិតា ដែលចាត់ឲ្យខ្ញុំមក នោះគឺមិនចង់ឲ្យខ្ញុំបាត់អ្នកណា ក្នុងគ្រប់អស់ទាំងមនុស្ស ដែលទ្រង់ប្រទានមកខ្ញុំនោះឡើយ គឺទ្រង់ចង់ឲ្យខ្ញុំប្រោសទាំងអស់ឲ្យរស់ឡើង នៅថ្ងៃចុងបំផុតវិញ នេះហើយជាបំណងព្រះហឫទ័យនៃព្រះវរបិតាខ្ញុំ គឺឲ្យអស់អ្នកណាដែលឃើញព្រះរាជបុត្រា ហើយក៏ជឿដល់ទ្រង់ បានជីវិតដ៏នៅអស់កល្បជានិច្ច ហើយខ្ញុំនឹងឲ្យអ្នកនោះរស់ឡើងវិញ នៅថ្ងៃចុងបំផុត។ នោះពួកសាសន៍យូដា គេឌុកដាន់ទ្រង់ ពីព្រោះទ្រង់មានបន្ទូលថា ខ្ញុំជានំបុ័ង ដែលចុះពីស្ថានសួគ៌មក គេនិយាយថា អ្នកនេះ តើមិនមែនឈ្មោះយេស៊ូវ ជាកូនយ៉ូសែប ដែលយើងស្គាល់ឪពុកម្តាយគាត់ទេឬអី ចុះដូចម្តេចឡើយបានជាគាត់និយាយថា គាត់ចុះពីស្ថានសួគ៌មកដូច្នេះ នោះព្រះយេស៊ូវមានបន្ទូលទៅគេថា កុំឲ្យរទូរទាំក្នុងពួកអ្នករាល់គ្នាឡើយ គ្មានអ្នកណាអាចនឹងមកឯខ្ញុំបានទេ លើកតែព្រះវរបិតា ដែលចាត់ខ្ញុំឲ្យមក ទ្រង់ទាញនាំគេប៉ុណ្ណោះ ហើយខ្ញុំនឹងឲ្យអ្នកនោះរស់ឡើងវិញ នៅថ្ងៃចុងបំផុតដែរ