យ៉ូហាន 6:36-51

យ៉ូហាន 6:36-51 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ប៉ុន្តែ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​រួច​ហើយ​ថា អ្នក​រាល់​គ្នា​បាន​ឃើញ​ខ្ញុំ តែ​មិន​ជឿ​ទេ។ អស់​អ្នក​ដែល​ព្រះ‌វរបិតា​ប្រទាន​មក​ខ្ញុំ នោះ​នឹង​មក​រក​ខ្ញុំ ហើយ​អ្នក​ណា​ដែល​មក​រក​ខ្ញុំ ខ្ញុំ​នឹង​មិន​បោះ‌បង់​គេ​ចោល​ឡើយ។ ព្រោះ​ខ្ញុំ​ចុះ​ពី​ស្ថាន‌សួគ៌​មក មិន​មែន​នឹង​ធ្វើ​តាម​ចិត្ត​ខ្ញុំ​ទេ គឺ​តាម​ព្រះ‌ហឫ‌ទ័យ​របស់​ព្រះ ដែល​ចាត់​ខ្ញុំ​ឲ្យ​មក​វិញ។ នេះ​ហើយ​ជា​ព្រះ‌ហឫ‌ទ័យ​របស់​ព្រះ‌វរបិតា ដែល​ចាត់​ខ្ញុំ​ឲ្យ​មក គឺ​មិន​ចង់​ឲ្យ​បាត់​អ្នក​ណា​ម្នាក់​ក្នុង​ចំណោម​មនុស្ស ដែល​ព្រះ‌អង្គ​បាន​ប្រទាន​មក​ខ្ញុំ​ឡើយ គឺ​ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫ‌ទ័យ​ឲ្យ​ខ្ញុំ​ប្រោស​គេ​ឲ្យ​រស់​ឡើង នៅ​ថ្ងៃ​ចុង​បំផុត។ នេះ​ជា​ព្រះ‌ហឫ‌ទ័យ​របស់​ព្រះ‌វរបិតា​ខ្ញុំ គឺ​ឲ្យ​អស់​អ្នក​ណា​ដែល​ឃើញ​ព្រះ‌រាជ‌បុត្រា ហើយ​ជឿ​ដល់​ព្រះ‌អង្គ នឹង​បាន​ជីវិត​អស់​កល្ប​ជា‌និច្ច ហើយ​ខ្ញុំ​នឹង​ឲ្យ​អ្នក​នោះ​រស់​ឡើង​វិញ នៅ​ថ្ងៃ​ចុង​បំផុត»។ ពេល​នោះ ពួក​សាសន៍​យូដា​ឌុក‌ដាន់​ព្រះ‌អង្គ ដោយ​ព្រោះ​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «ខ្ញុំ​ជា​នំបុ័ង ដែល​ចុះ​ពី​ស្ថាន‌សួគ៌​មក»។ គេ​និយាយ​ថា៖ «តើ​អ្នក​នេះ​មិន​មែន​ឈ្មោះ​យេស៊ូវ ជា​កូន​យ៉ូសែប ដែល​យើង​ស្គាល់​ឪពុក‌ម្តាយ​គាត់​ទេ​ឬ? ម្តេច​គាត់​និយាយ​ថា គាត់​ចុះ​ពី​ស្ថាន‌សួគ៌​មក​ដូច្នេះ?» ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «កុំ​ឲ្យ​អ្នក​រាល់​គ្នា​រអ៊ូ‌រទាំ​ឡើយ គ្មាន​អ្នក​ណា​អាច​មក​រក​ខ្ញុំ​បាន​ទេ លើក​លែង​តែ​ព្រះ‌វរបិតា ទាញ​នាំ​គេ​ឲ្យ​មក​ប៉ុណ្ណោះ ហើយ​ខ្ញុំ​នឹង​ឲ្យ​អ្នក​នោះ​រស់​ឡើង​វិញ នៅ​ថ្ងៃ​ចុង​បំផុត។ នៅ​ក្នុង​គម្ពីរ​ហោរា​មាន​សេចក្តី​ចែង​ទុក​មក​ថា "ព្រះ‌អង្គ​នឹង​បង្រៀន​គេ​ទាំង​អស់​គ្នា" អស់​អ្នក​ដែល​បាន​ឮ ហើយ​បាន​រៀន​ពី​ព្រះ‌វរបិតា អ្នក​នោះ​នឹង​មក​រក​ខ្ញុំ។ នេះ​មិន​មែន​មាន​ន័យ​ថា មាន​អ្នក​ណា​បាន​ឃើញ​ព្រះ‌វរបិតា​ឡើយ មាន​តែ​អ្នក​ដែល​មក​ពី​ព្រះ​ប៉ុណ្ណោះ អ្នក​នោះ​ហើយ​បាន​ឃើញ​ព្រះ‌វរបិតា។ ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា អ្នក​ណា​ដែល​ជឿ​ដល់​ខ្ញុំ អ្នក​នោះ​មាន​ជីវិត​អស់​កល្ប​ជា‌និច្ច ខ្ញុំ​ជា​នំបុ័ង​ជីវិត។ បុព្វ‌បុរស​អ្នក​រាល់​គ្នា​បាន​បរិ‌ភោគ​នំ​ម៉ាណា នៅ​ទី​រហោ‌ស្ថាន ហើយ​ក៏​ស្លាប់​អស់​ទៅ នំប៉័ង​ដែល​ខ្ញុំ​និយាយ​នេះ ជា​នំបុ័ង​ដែល​ចុះ​ពី​ស្ថាន‌សួគ៌​មក ដូច្នេះ អ្នក​ណា​ដែល​បរិ‌ភោគ មិន​ត្រូវ​ស្លាប់​ឡើយ។ ខ្ញុំ​ជា​នំបុ័ង​ជីវិត ដែល​ចុះ​ពី​ស្ថាន‌សួគ៌​មក បើ​អ្នក​ណា​បរិ‌ភោគ​នំបុ័ង​នេះ នោះ​នឹង​រស់​នៅ​អស់​កល្ប​ជា‌និច្ច ឯ​នំបុ័ង​ដែល​ខ្ញុំ​ឲ្យ គឺ​ជា​រូប​សាច់​ខ្ញុំ ដែល​ខ្ញុំ​នឹង​ឲ្យ​មនុស្ស​លោក​មាន​ជីវិត»។

ចែក​រំលែក
អាន យ៉ូហាន 6

យ៉ូហាន 6:36-51 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ប៉ុន្តែ ខ្ញុំ​បាន​និយាយ​ប្រាប់​អ្នក​រាល់​គ្នា​រួច​ហើយ​ថា “អ្នក​រាល់​គ្នា​បាន​ឃើញ​ខ្ញុំ តែ​អ្នក​រាល់​គ្នា​មិន​ជឿ​ទេ”។ អស់​អ្នក​ដែល​ព្រះ‌បិតា​ប្រទាន​មក​ខ្ញុំ តែងតែ​មក​រក​ខ្ញុំ ហើយ​ខ្ញុំ​មិន​បោះ​បង់​ចោល​អ្នក​ដែល​មក​រក​ខ្ញុំ​ជា​ដាច់​ខាត ដ្បិត​ខ្ញុំ​ចុះ​ពី​ស្ថាន​បរម‌សុខ​មក ដើម្បី​ធ្វើ​តាម​ព្រះ‌ហឫទ័យ​របស់​ព្រះអង្គ​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក គឺ​ពុំ​មែន​ធ្វើ​តាម​បំណង​ចិត្ត​របស់​ខ្ញុំ​ទេ។ រីឯ​ព្រះអង្គ​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​នោះ ព្រះអង្គ​មិន​សព្វ​ព្រះ‌ហឫទ័យ​ឲ្យ​នរណា​ម្នាក់ ក្នុង​បណ្ដា​អស់​អ្នក​ដែល​ព្រះអង្គ​ប្រទាន​មក​ខ្ញុំ ត្រូវ​វិនាស​អន្តរាយ​ឡើយ តែ​ព្រះអង្គ​សព្វ​ព្រះ‌ហឫទ័យ​ឲ្យ​ខ្ញុំ​ប្រោស​គេ ឲ្យ​មាន​ជីវិត​រស់​ឡើង​វិញ នៅ​ថ្ងៃ​ចុង​ក្រោយ​បំផុត។ ព្រះ‌បិតា​របស់​ខ្ញុំ​សព្វ​ព្រះ‌ហឫទ័យ​ឲ្យ​អស់​អ្នក​ដែល​បាន​ឃើញ​ព្រះ‌បុត្រា ហើយ​ជឿ​លើ​ព្រះអង្គ​មាន​ជីវិត​អស់‌កល្ប​ជានិច្ច។ ខ្ញុំ​នឹង​ប្រោស​អ្នក​នោះ​ឲ្យ​មាន​ជីវិត​រស់​ឡើង​វិញ នៅ​ថ្ងៃ​ចុង​ក្រោយ​បំផុត​ផង»។ ជន‌ជាតិ​យូដា​រអ៊ូ‌រទាំ​ពី​ព្រះ‌យេស៊ូ ព្រោះ​ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ថា “ខ្ញុំ​ជា​អាហារ​ដែល​ចុះ​មក​ពី​ស្ថាន​បរម‌សុខ*”។ គេ​ពោល​ថា៖ «អ្នក​នេះ​ឈ្មោះ​យេស៊ូ ជា​កូន​របស់​លោក​យ៉ូសែប​ទេ​តើ! យើង​ស្គាល់​ទាំង​ឪពុក​ទាំង​ម្ដាយ ម្ដេច​ក៏​គាត់​ពោល​ថា​គាត់​ចុះ​មក​ពី​ស្ថាន​បរម‌សុខ​ដូច្នេះ?»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ឈប់​នាំ​គ្នា​រអ៊ូ‌រទាំ​ទៅ!។ ប្រសិន​បើ​ព្រះ‌បិតា​ដែល​ចាត់​ខ្ញុំ​ឲ្យ​មក​មិន​ទាក់‌ទាញ​ចិត្ត​គេ​ទេ គ្មាន​នរណា​ម្នាក់​អាច​មក​រក​ខ្ញុំ​ឡើយ។ រីឯ​ខ្ញុំ ខ្ញុំ​នឹង​ប្រោស​អ្នក​នោះ​ឲ្យ​មាន​ជីវិត​រស់​ឡើង​វិញ នៅ​ថ្ងៃ​ចុង​ក្រោយ​បំផុត។ ក្នុង​គម្ពីរ​ព្យាការី​មាន​ចែង​ទុក​មក​ថា “ព្រះ‌ជាម្ចាស់​នឹង​ប្រៀន‌ប្រដៅ​មនុស្ស​ទាំង​អស់” ។ អស់​អ្នក​ដែល​បាន​ស្ដាប់​ព្រះ‌បិតា ហើយ​ទទួល​យក​ការ​ប្រៀន‌ប្រដៅ​របស់​ព្រះអង្គ មុខ​ជា​មក​រក​ខ្ញុំ​ពុំ‌ខាន។ សេចក្ដី​នេះ​ពុំ​មែន​មាន​ន័យ​ថា មាន​នរណា​ម្នាក់​បាន​ឃើញ​ព្រះ‌បិតា​ឡើយ លើក‌លែង​តែ​អ្នក​មក​ពី​ព្រះ‌ជាម្ចាស់​ប៉ុណ្ណោះ គឺ​អ្នក​នោះ​ហើយ​ដែល​បាន​ឃើញ​ព្រះអង្គ។ ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា អ្នក​ណា​ជឿ អ្នក​នោះ​មាន​ជីវិត​អស់‌កល្ប​ជានិច្ច។ ខ្ញុំ​នេះ​ហើយ​ជា​អាហារ​ដែល​ផ្ដល់​ជីវិត។ បុព្វបុរស​របស់​អ្នក​រាល់​គ្នា​បាន​បរិភោគ​នំ​ម៉ាណា នៅ​វាល​រហោ‌ស្ថាន ហើយ​ទទួល​មរណ‌ភាព​អស់​ទៅ។ រីឯ​អាហារ​ដែល​ចុះ​មក​ពី​ស្ថាន​បរម‌សុខ មាន​ប្រសិទ្ធ​ភាព​បែប​នេះ គឺ​អ្នក​ណា​បរិភោគ អ្នក​នោះ​មិន​ស្លាប់​ឡើយ។ ខ្ញុំ​នេះ​ហើយ​ជា​អាហារ​ដែល​មាន​ជីវិត ចុះ​មក​ពី​ស្ថាន​បរម‌សុខ។ អ្នក​ណា​បរិភោគ​អាហារ​នេះ នឹង​រស់​នៅ​អស់‌កល្ប​ជានិច្ច។ អាហារ​ដែល​ខ្ញុំ​នឹង​ឲ្យ​នោះ គឺ​ខ្លួន​ខ្ញុំផ្ទាល់​ដែល​ត្រូវ​បូជា​សម្រាប់​ឲ្យ​មនុស្ស​លោក​មាន​ជីវិត»។

ចែក​រំលែក
អាន យ៉ូហាន 6

យ៉ូហាន 6:36-51 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ប៉ុន្តែ​ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់​គ្នា​រួច​ហើយ​ថា អ្នក​រាល់​គ្នា​បាន​ឃើញ​ខ្ញុំ តែ​មិន​ជឿ​ទេ អស់​អ្នក​ណា​ដែល​ព្រះវរ‌បិតា​ប្រទាន​មក​ខ្ញុំ នោះ​នឹង​មក​ឯ​ខ្ញុំ ហើយ​អ្នក​ណា​ដែល​មក​ឯ​ខ្ញុំ ខ្ញុំ​ក៏​មិន​ដែល​ចោល​ទៅ​ក្រៅ​ឡើយ ពី​ព្រោះ​ខ្ញុំ​បាន​ចុះ​ពី​ស្ថាន‌សួគ៌​មក មិន​មែន​នឹង​ធ្វើ​តាម​ចិត្ត​ខ្ញុំ​ទេ គឺ​តាម​បំណង​ព្រះ‌ហឫទ័យ​នៃ​ព្រះ​វិញ ដែល​ទ្រង់​ចាត់​ឲ្យ​ខ្ញុំ​មក ឯ​បំណង​ព្រះ‌ហឫទ័យ​នៃ​ព្រះវរ‌បិតា ដែល​ចាត់​ឲ្យ​ខ្ញុំ​មក នោះ​គឺ​មិន​ចង់​ឲ្យ​ខ្ញុំ​បាត់​អ្នក​ណា ក្នុង​គ្រប់​អស់​ទាំង​មនុស្ស ដែល​ទ្រង់​ប្រទាន​មក​ខ្ញុំ​នោះ​ឡើយ គឺ​ទ្រង់​ចង់​ឲ្យ​ខ្ញុំ​ប្រោស​ទាំង​អស់​ឲ្យ​រស់​ឡើង នៅ​ថ្ងៃ​ចុង​បំផុត​វិញ នេះ​ហើយ​ជា​បំណង​ព្រះ‌ហឫទ័យ​នៃ​ព្រះវរ‌បិតា​ខ្ញុំ គឺ​ឲ្យ​អស់​អ្នក​ណា​ដែល​ឃើញ​ព្រះ‌រាជ‌បុត្រា ហើយ​ក៏​ជឿ​ដល់​ទ្រង់ បាន​ជីវិត​ដ៏​នៅ​អស់​‌កល្ប​ជានិច្ច ហើយ​ខ្ញុំ​នឹង​ឲ្យ​អ្នក​នោះ​រស់​ឡើង​វិញ នៅ​ថ្ងៃ​ចុង​បំផុត។ នោះ​ពួក​សាសន៍​យូដា គេ​ឌុក‌ដាន់​ទ្រង់ ពី​ព្រោះ​ទ្រង់​មាន​បន្ទូល​ថា ខ្ញុំ​ជា​នំបុ័ង ដែល​ចុះ​ពី​ស្ថាន‌សួគ៌​មក គេ​និយាយ​ថា អ្នក​នេះ តើ​មិន​មែន​ឈ្មោះ​យេស៊ូវ ជា​កូន​យ៉ូសែប ដែល​យើង​ស្គាល់​ឪពុក​ម្តាយ​គាត់​ទេ​ឬ​អី ចុះ​ដូច​ម្តេច​ឡើយ​បាន​ជា​គាត់​និយាយ​ថា គាត់​ចុះ​ពី​ស្ថាន‌សួគ៌​មក​ដូច្នេះ នោះ​ព្រះ‌យេស៊ូវ​មាន​បន្ទូល​ទៅ​គេ​ថា កុំ​ឲ្យ​រទូ‌រទាំ​ក្នុង​ពួក​អ្នក​រាល់​គ្នា​ឡើយ គ្មាន​អ្នក​ណា​អាច​នឹង​មក​ឯ​ខ្ញុំ​បាន​ទេ លើក​តែ​ព្រះវរ‌បិតា ដែល​ចាត់​ខ្ញុំ​ឲ្យ​មក ទ្រង់​ទាញ​នាំ​គេ​ប៉ុណ្ណោះ ហើយ​ខ្ញុំ​នឹង​ឲ្យ​អ្នក​នោះ​រស់​ឡើង​វិញ នៅ​ថ្ងៃ​ចុង​បំផុត​ដែរ នៅ​ក្នុង​គម្ពីរ​ពួក​ហោរា​មាន​សេចក្ដី​ចែង​ទុក​មក​ថា «ព្រះ‌ទ្រង់​នឹង​បង្រៀន​គេ​ទាំង​អស់​គ្នា» ដូច្នេះ អស់​អ្នក​ណា​ដែល​ឮ​ព្រះវរ‌បិតា ហើយ​បាន​រៀន​ពី​ទ្រង់ នោះ​ក៏​មក​ឯ​ខ្ញុំ នេះ​មិន​មែន​ថា មាន​អ្នក​ណា​ដែល​ឃើញ​ព្រះវរ‌បិតា​នោះ​ឡើយ មាន​តែ​ព្រះ‌អង្គ ដែល​យាង​មក​ពី​ព្រះ​ប៉ុណ្ណោះ ព្រះ‌អង្គ​នោះ​ទើប​ទ្រង់​បាន​ឃើញ​ព្រះវរ‌បិតា​មែន ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា អ្នក​ណា​ដែល​ជឿ​ដល់​ខ្ញុំ នោះ​មាន​ជីវិត​អស់​‌កល្ប​ជានិច្ច ខ្ញុំ​ជា​នំបុ័ង​ជីវិត ពួក​ឰយុកោ​អ្នក​រាល់​គ្នា​បាន​បរិភោគ​នំ​ម៉ាន៉ា នៅ​ទី​រហោ‌ស្ថាន ហើយ​ក៏​ស្លាប់​អស់​ទៅ ឯ​នំបុ័ង​ដែល​ខ្ញុំ​និយាយ​នេះ គឺ​ជា​នំបុ័ង​ដែល​ចុះ​ពី​ស្ថាន‌សួគ៌​មក ដើម្បី​ឲ្យ​អ្នក​ណា​ដែល​បរិភោគ មិន​ត្រូវ​ស្លាប់​ឡើយ ខ្ញុំ​ជា​នំបុ័ង​ដ៏​រស់ ដែល​ចុះ​ពី​ស្ថាន‌សួគ៌​មក បើ​អ្នក​ណា​បរិភោគ​នំបុ័ង​នេះ នោះ​នឹង​រស់​នៅ​អស់​‌កល្ប​ជានិច្ច ឯ​នំបុ័ង​ដែល​ខ្ញុំ​ឲ្យ គឺ​ជា​រូប​សាច់​ខ្ញុំ ដែល​ខ្ញុំ​នឹង​ឲ្យ​ជំនួស​ជីវិត​មនុស្ស​លោក

ចែក​រំលែក
អាន យ៉ូហាន 6