យ៉ូហាន 6:22-44
យ៉ូហាន 6:22-44 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
នៅថ្ងៃបន្ទាប់ បណ្តាជនដែលនៅត្រើយសមុទ្រម្ខាង បានឃើញថា មានទូកតែមួយគត់ ដែលពួកសិស្សព្រះអង្គបានជិះ ហើយមិនឃើញព្រះយេស៊ូវជិះទូកជាមួយពួកសិស្សទេ គឺមានតែពួកសិស្សប៉ុណ្ណោះ ដែលបានចេញទូកទៅ។ ប៉ុន្តែ មានទូកខ្លះទៀត មកពីស្រុកទីបេរាស ចតនៅជិតកន្លែងដែលគេបានបរិភោគនំបុ័ង ក្រោយដែលព្រះអម្ចាស់បានអរព្រះគុណរួច។ ដូច្នេះ ពេលបណ្តាជនមិនឃើញព្រះយេស៊ូវ ឬពួកសិស្សនៅទីនោះ គេក៏ជិះទូកទៅក្រុងកាពើណិម ដើម្បីរកព្រះអង្គ។ ពេលគេឃើញព្រះអង្គនៅត្រើយម្ខាងហើយ គេទូលសួរព្រះអង្គថា៖ «លោកគ្រូ លោកមកដល់ទីនេះពីពេលណា?» ព្រះយេស៊ូវមានព្រះបន្ទូលឆ្លើយទៅគេថា៖ «ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា អ្នករាល់គ្នារកខ្ញុំ មិនមែនដោយព្រោះបានឃើញទីសម្គាល់ទេ គឺដោយព្រោះតែបានបរិភោគនំបុ័ងឆ្អែតប៉ុណ្ណោះ។ កុំខំប្រឹងឲ្យបានតែអាហារ ដែលតែងតែពុករលួយនោះឡើយ ចូរខំឲ្យបានអាហារ ដែលនៅស្ថិតស្ថេរ រហូតដល់ជីវិតអស់កល្បជានិច្ចវិញ ជាអាហារដែលកូនមនុស្សនឹងឲ្យមកអ្នករាល់គ្នា ដ្បិតគឺកូនមនុស្សនេះហើយ ដែលព្រះវរបិតាដ៏ជាព្រះបានដៅចំណាំទុក»។ គេទូលសួរព្រះអង្គថា៖ «តើពួកយើងត្រូវធ្វើអ្វីខ្លះ ដែលរាប់ថាជាកិច្ចការរបស់ព្រះ?» ព្រះយេស៊ូវមានព្រះបន្ទូលឆ្លើយថា៖ «កិច្ចការរបស់ព្រះ គឺឲ្យអ្នករាល់គ្នាជឿដល់អ្នកដែលព្រះអង្គបានចាត់ឲ្យមក»។ ដូច្នេះ គេទូលសួរព្រះអង្គថា៖ «តើលោកនឹងធ្វើទីសម្គាល់អ្វីឲ្យយើងខ្ញុំឃើញ ហើយជឿដល់លោក? តើលោកធ្វើកិច្ចការអ្វីខ្លះ? បុព្វបុរសរបស់យើងខ្ញុំបានបរិភោគនំម៉ាណា នៅទីរហោស្ថាន ដូចជាមានចែងទុកមកថា៖ "លោកបានឲ្យនំបុ័ងមកពីស្ថានសួគ៌ដល់គេបរិភោគ"» ។ ព្រះយេស៊ូវមានព្រះបន្ទូលទៅគេថា៖ «ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា មិនមែនលោកម៉ូសេ ដែលឲ្យនំបុ័ងពីស្ថានសួគ៌មកអ្នករាល់គ្នាទេ តែនំបុ័ងដ៏ពិត ដែលមកពីស្ថានសួគ៌ គឺព្រះវរបិតាខ្ញុំទេតើ ដែលប្រទានមកអ្នករាល់គ្នា។ ដ្បិតនំបុ័ងរបស់ព្រះ គឺជាព្រះអង្គដែលយាងចុះពីស្ថានសួគ៌មក ហើយប្រទានជីវិតឲ្យមនុស្សលោក»។ គេទូលព្រះអង្គថា៖ «លោកម្ចាស់អើយ សូមឲ្យនំបុ័ងនោះមកយើងខ្ញុំរហូតទៅ»។ ព្រះយេស៊ូវមានព្រះបន្ទូលទៅពួកគេថា៖ «ខ្ញុំជានំបុ័ងជីវិត អ្នកណាដែលមករកខ្ញុំ នោះនឹងមិនឃ្លានទៀតឡើយ ហើយអ្នកណាដែលជឿដល់ខ្ញុំ ក៏មិនត្រូវស្រេកដែរ។ ប៉ុន្តែ ខ្ញុំប្រាប់អ្នករាល់គ្នារួចហើយថា អ្នករាល់គ្នាបានឃើញខ្ញុំ តែមិនជឿទេ។ អស់អ្នកដែលព្រះវរបិតាប្រទានមកខ្ញុំ នោះនឹងមករកខ្ញុំ ហើយអ្នកណាដែលមករកខ្ញុំ ខ្ញុំនឹងមិនបោះបង់គេចោលឡើយ។ ព្រោះខ្ញុំចុះពីស្ថានសួគ៌មក មិនមែននឹងធ្វើតាមចិត្តខ្ញុំទេ គឺតាមព្រះហឫទ័យរបស់ព្រះ ដែលចាត់ខ្ញុំឲ្យមកវិញ។ នេះហើយជាព្រះហឫទ័យរបស់ព្រះវរបិតា ដែលចាត់ខ្ញុំឲ្យមក គឺមិនចង់ឲ្យបាត់អ្នកណាម្នាក់ក្នុងចំណោមមនុស្ស ដែលព្រះអង្គបានប្រទានមកខ្ញុំឡើយ គឺព្រះអង្គសព្វព្រះហឫទ័យឲ្យខ្ញុំប្រោសគេឲ្យរស់ឡើង នៅថ្ងៃចុងបំផុត។ នេះជាព្រះហឫទ័យរបស់ព្រះវរបិតាខ្ញុំ គឺឲ្យអស់អ្នកណាដែលឃើញព្រះរាជបុត្រា ហើយជឿដល់ព្រះអង្គ នឹងបានជីវិតអស់កល្បជានិច្ច ហើយខ្ញុំនឹងឲ្យអ្នកនោះរស់ឡើងវិញ នៅថ្ងៃចុងបំផុត»។ ពេលនោះ ពួកសាសន៍យូដាឌុកដាន់ព្រះអង្គ ដោយព្រោះព្រះអង្គមានព្រះបន្ទូលថា៖ «ខ្ញុំជានំបុ័ង ដែលចុះពីស្ថានសួគ៌មក»។ គេនិយាយថា៖ «តើអ្នកនេះមិនមែនឈ្មោះយេស៊ូវ ជាកូនយ៉ូសែប ដែលយើងស្គាល់ឪពុកម្តាយគាត់ទេឬ? ម្តេចគាត់និយាយថា គាត់ចុះពីស្ថានសួគ៌មកដូច្នេះ?» ព្រះយេស៊ូវមានព្រះបន្ទូលទៅគេថា៖ «កុំឲ្យអ្នករាល់គ្នារអ៊ូរទាំឡើយ គ្មានអ្នកណាអាចមករកខ្ញុំបានទេ លើកលែងតែព្រះវរបិតា ទាញនាំគេឲ្យមកប៉ុណ្ណោះ ហើយខ្ញុំនឹងឲ្យអ្នកនោះរស់ឡើងវិញ នៅថ្ងៃចុងបំផុត។
យ៉ូហាន 6:22-44 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ថ្ងៃបន្ទាប់មកទៀត បណ្ដាជនដែលនៅត្រើយខាងនាយសមុទ្រ សង្កេតឃើញថា នៅកន្លែងនោះមានទូកតែមួយគត់ ហើយថាព្រះយេស៊ូពុំបានយាងចុះទូកជាមួយពួកសិស្ស*ទេ គឺមានតែពួកសិស្សប៉ុណ្ណោះដែលបានជិះទូកចេញទៅ។ ប៉ុន្តែ មានទូកឯទៀតៗមកពីភូមិទីបេរាសចតនៅជិតកន្លែងដែលគេបានបរិភោគនំប៉័ង ក្រោយពីព្រះអម្ចាស់បានអរព្រះគុណ។ កាលបណ្ដាជនពុំឃើញព្រះយេស៊ូ និងពួកសិស្សនៅទីនោះទៀត គេក៏នាំគ្នាចុះទូកទាំងនោះឆ្លងទៅក្រុងកាពើណិម តាមរកព្រះអង្គ។ បណ្ដាជនបានជួបព្រះអង្គនៅត្រើយម្ខាង គេទូលសួរព្រះអង្គថា៖ «លោកគ្រូ! តើលោកមកដល់ពីអង្កាល់?»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា អ្នករាល់គ្នាតាមរកខ្ញុំ មិនមែនមកពីអ្នករាល់គ្នាបានឃើញទីសម្គាល់ទេ គឺមកពីអ្នករាល់គ្នាបានបរិភោគអាហារឆ្អែតតែប៉ុណ្ណោះ។ កុំធ្វើកិច្ចការ ដើម្បីឲ្យគ្រាន់តែបានអាហារដែលតែងរលួយខូចនោះឡើយ គឺឲ្យបានអាហារដែលនៅស្ថិតស្ថេរ និងផ្ដល់ជីវិតអស់កល្បជានិច្ចវិញ ជាអាហារដែលបុត្រមនុស្សនឹងប្រទានឲ្យអ្នករាល់គ្នា ដ្បិតបុត្រមនុស្សនេះហើយ ដែលព្រះជាម្ចាស់ជាព្រះបិតាបានដៅសញ្ញាសម្គាល់»។ គេនាំគ្នាទូលសួរព្រះអង្គថា៖ «តើឲ្យយើងខ្ញុំប្រព្រឹត្តដូចម្ដេច ដើម្បីនឹងធ្វើកិច្ចការរបស់ព្រះជាម្ចាស់?»។ ព្រះយេស៊ូមានព្រះបន្ទូលថា៖ «កិច្ចការរបស់ព្រះជាម្ចាស់គឺឲ្យអ្នករាល់គ្នាជឿលើអ្នក ដែលព្រះអង្គបានចាត់ឲ្យមក»។ គេទូលសួរព្រះអង្គទៀតថា៖ «តើលោកធ្វើការអ្វីជាទីសម្គាល់ឲ្យយើងខ្ញុំឃើញ និងជឿលោក? តើលោកធ្វើកិច្ចការអ្វីខ្លះ? បុព្វបុរសរបស់យើងបានបរិភោគនំម៉ាណា នៅវាលរហោស្ថាន* ដូចមានសេចក្ដីចែងទុកក្នុងគម្ពីរថា “ព្រះអង្គបានប្រទានឲ្យគេបរិភោគនំប៉័ង ដែលធ្លាក់ពីស្ថានបរមសុខ*មក” »។ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា មិនមែនលោកម៉ូសេទេ ដែលបានផ្ដល់អាហារពីស្ថានបរមសុខមកនោះ គឺព្រះបិតារបស់ខ្ញុំទេតើ ដែលប្រទានអាហារដ៏ពិតប្រាកដពីស្ថានបរមសុខ* មកឲ្យអ្នករាល់គ្នា ដ្បិតអាហារដែលព្រះជាម្ចាស់ប្រទានឲ្យនោះ គឺអ្នកដែលចុះពីស្ថានបរមសុខមក ហើយផ្ដល់ជីវិតឲ្យមនុស្សលោក»។ គេនាំគ្នាទូលព្រះអង្គថា៖ «លោកម្ចាស់អើយ! សូមលោកប្រទានអាហារនោះឲ្យយើងខ្ញុំ រហូតតទៅ»។ ព្រះយេស៊ូមានព្រះបន្ទូលថា៖ «ខ្ញុំនេះហើយជាអាហារដែលផ្ដល់ជីវិត។ អ្នកណាមករកខ្ញុំ លែងឃ្លានទៀតហើយ អ្នកណាជឿលើខ្ញុំ ក៏លែងស្រេកទៀតដែរ។ ប៉ុន្តែ ខ្ញុំបាននិយាយប្រាប់អ្នករាល់គ្នារួចហើយថា “អ្នករាល់គ្នាបានឃើញខ្ញុំ តែអ្នករាល់គ្នាមិនជឿទេ”។ អស់អ្នកដែលព្រះបិតាប្រទានមកខ្ញុំ តែងតែមករកខ្ញុំ ហើយខ្ញុំមិនបោះបង់ចោលអ្នកដែលមករកខ្ញុំជាដាច់ខាត ដ្បិតខ្ញុំចុះពីស្ថានបរមសុខមក ដើម្បីធ្វើតាមព្រះហឫទ័យរបស់ព្រះអង្គដែលបានចាត់ខ្ញុំឲ្យមក គឺពុំមែនធ្វើតាមបំណងចិត្តរបស់ខ្ញុំទេ។ រីឯព្រះអង្គដែលបានចាត់ខ្ញុំឲ្យមកនោះ ព្រះអង្គមិនសព្វព្រះហឫទ័យឲ្យនរណាម្នាក់ ក្នុងបណ្ដាអស់អ្នកដែលព្រះអង្គប្រទានមកខ្ញុំ ត្រូវវិនាសអន្តរាយឡើយ តែព្រះអង្គសព្វព្រះហឫទ័យឲ្យខ្ញុំប្រោសគេ ឲ្យមានជីវិតរស់ឡើងវិញ នៅថ្ងៃចុងក្រោយបំផុត។ ព្រះបិតារបស់ខ្ញុំសព្វព្រះហឫទ័យឲ្យអស់អ្នកដែលបានឃើញព្រះបុត្រា ហើយជឿលើព្រះអង្គមានជីវិតអស់កល្បជានិច្ច។ ខ្ញុំនឹងប្រោសអ្នកនោះឲ្យមានជីវិតរស់ឡើងវិញ នៅថ្ងៃចុងក្រោយបំផុតផង»។ ជនជាតិយូដារអ៊ូរទាំពីព្រះយេស៊ូ ព្រោះព្រះអង្គមានព្រះបន្ទូលថា “ខ្ញុំជាអាហារដែលចុះមកពីស្ថានបរមសុខ*”។ គេពោលថា៖ «អ្នកនេះឈ្មោះយេស៊ូ ជាកូនរបស់លោកយ៉ូសែបទេតើ! យើងស្គាល់ទាំងឪពុកទាំងម្ដាយ ម្ដេចក៏គាត់ពោលថាគាត់ចុះមកពីស្ថានបរមសុខដូច្នេះ?»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ឈប់នាំគ្នារអ៊ូរទាំទៅ!។ ប្រសិនបើព្រះបិតាដែលចាត់ខ្ញុំឲ្យមកមិនទាក់ទាញចិត្តគេទេ គ្មាននរណាម្នាក់អាចមករកខ្ញុំឡើយ។ រីឯខ្ញុំ ខ្ញុំនឹងប្រោសអ្នកនោះឲ្យមានជីវិតរស់ឡើងវិញ នៅថ្ងៃចុងក្រោយបំផុត។
យ៉ូហាន 6:22-44 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ស្អែកឡើង កាលហ្វូងមនុស្ស ដែលនៅត្រើយសមុទ្រម្ខាង បានឃើញថា នៅទីនោះគ្មានទូកណាទៀត ក្រៅពីទូក១ ដែលពួកសិស្សទ្រង់បានជិះ ហើយថា ព្រះយេស៊ូវមិនបានជិះទូកនោះ ទៅជាមួយនឹងពួកសិស្សទេ គឺពួកសិស្សបានចេញទៅតែគ្នាគេ (ប៉ុន្តែមានទូកខ្លះទៀត មកពីស្រុកទីបេរាស ជិតកន្លែងដែលគេបានបរិភោគនំបុ័ង ក្រោយដែលព្រះអម្ចាស់បានអរព្រះគុណរួចហើយ) ដូច្នេះ កាលហ្វូងមនុស្សមិនឃើញព្រះយេស៊ូវ ឬពួកសិស្សទ្រង់នៅទីនោះ គេក៏ជិះទូកទៅឯកាពើណិម ដើម្បីនឹងរកទ្រង់ កាលឃើញទ្រង់នៅឯត្រើយម្ខាងហើយ នោះគេទូលសួរថា លោកគ្រូ លោកមកដល់ទីនេះពីកាលណា ព្រះយេស៊ូវមានបន្ទូលឆ្លើយទៅគេថា ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា អ្នករាល់គ្នារកខ្ញុំ មិនមែនដោយព្រោះបានឃើញទីសំគាល់ទេ គឺដោយព្រោះតែបានបរិភោគនំបុ័ងឆ្អែតប៉ុណ្ណោះ កុំឲ្យខំប្រឹងឲ្យបានតែអាហារ ដែលតែងតែពុករលួយនោះឡើយ ចូរខំឲ្យបានអាហារ ដែលនៅស្ថិតស្ថេរ ដរាបដល់ជីវិតអស់កល្បជានិច្ចវិញ ជាអាហារដែលកូនមនុស្សនឹងឲ្យមកអ្នករាល់គ្នា ដ្បិតគឺកូនមនុស្សនេះហើយ ដែលព្រះវរបិតាដ៏ជាព្រះ ទ្រង់បានដៅចំណាំទុក ដូច្នេះ គេទូលសួរទ្រង់ថា ដែលនឹងធ្វើការរបស់ព្រះ តើត្រូវធ្វើដូចម្តេចខ្លះ ព្រះយេស៊ូវមានបន្ទូលឆ្លើយថា ឯការរបស់ព្រះ គឺឲ្យអ្នករាល់គ្នាបានជឿដល់អ្នកដែលព្រះបានចាត់ឲ្យមក នោះគេទូលសួរទ្រង់ថា បើដូច្នេះ តើលោកនឹងធ្វើទីសំគាល់ណាឲ្យយើងខ្ញុំឃើញផង ដើម្បីឲ្យបានជឿដល់លោក តើលោកធ្វើការអ្វីខ្លះ ពួកឰយុកោយើងខ្ញុំបានបរិភោគនំម៉ាន៉ា នៅទីរហោស្ថាន ដូចជាមានសេចក្ដីចែងទុកមកថា «លោកបានឲ្យនំបុ័ងពីស្ថានសួគ៌ មកឲ្យគេបរិភោគ» ឯព្រះយេស៊ូវ ទ្រង់មានបន្ទូលតបថា ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា មិនមែនលោកម៉ូសេ ដែលឲ្យនំបុ័ងពីស្ថានសួគ៌នោះ មកអ្នករាល់គ្នាទេ តែឯនំបុ័ងដ៏ពិត ដែលមកពីស្ថានសួគ៌ នោះគឺព្រះវរបិតាខ្ញុំ ដែលប្រទានមកអ្នករាល់គ្នាវិញ ដ្បិតនំបុ័ងរបស់ព្រះ គឺជាព្រះអង្គដែលយាងចុះពីស្ថានសួគ៌មក ព្រមទាំងប្រទានឲ្យមនុស្សលោកបានជីវិតផង ដូច្នេះ គេទូលទ្រង់ថា លោកម្ចាស់អើយ សូមឲ្យនំបុ័ងនោះមកយើងខ្ញុំជានិច្ច។ ព្រះយេស៊ូវមានបន្ទូលថា ខ្ញុំជានំបុ័ងជីវិត អ្នកណាដែលមកឯខ្ញុំ នោះនឹងមិនឃ្លានទៀតឡើយ ហើយអ្នកណាដែលជឿដល់ខ្ញុំ ក៏មិនត្រូវស្រេកដែរ ប៉ុន្តែខ្ញុំបានប្រាប់អ្នករាល់គ្នារួចហើយថា អ្នករាល់គ្នាបានឃើញខ្ញុំ តែមិនជឿទេ អស់អ្នកណាដែលព្រះវរបិតាប្រទានមកខ្ញុំ នោះនឹងមកឯខ្ញុំ ហើយអ្នកណាដែលមកឯខ្ញុំ ខ្ញុំក៏មិនដែលចោលទៅក្រៅឡើយ ពីព្រោះខ្ញុំបានចុះពីស្ថានសួគ៌មក មិនមែននឹងធ្វើតាមចិត្តខ្ញុំទេ គឺតាមបំណងព្រះហឫទ័យនៃព្រះវិញ ដែលទ្រង់ចាត់ឲ្យខ្ញុំមក ឯបំណងព្រះហឫទ័យនៃព្រះវរបិតា ដែលចាត់ឲ្យខ្ញុំមក នោះគឺមិនចង់ឲ្យខ្ញុំបាត់អ្នកណា ក្នុងគ្រប់អស់ទាំងមនុស្ស ដែលទ្រង់ប្រទានមកខ្ញុំនោះឡើយ គឺទ្រង់ចង់ឲ្យខ្ញុំប្រោសទាំងអស់ឲ្យរស់ឡើង នៅថ្ងៃចុងបំផុតវិញ នេះហើយជាបំណងព្រះហឫទ័យនៃព្រះវរបិតាខ្ញុំ គឺឲ្យអស់អ្នកណាដែលឃើញព្រះរាជបុត្រា ហើយក៏ជឿដល់ទ្រង់ បានជីវិតដ៏នៅអស់កល្បជានិច្ច ហើយខ្ញុំនឹងឲ្យអ្នកនោះរស់ឡើងវិញ នៅថ្ងៃចុងបំផុត។ នោះពួកសាសន៍យូដា គេឌុកដាន់ទ្រង់ ពីព្រោះទ្រង់មានបន្ទូលថា ខ្ញុំជានំបុ័ង ដែលចុះពីស្ថានសួគ៌មក គេនិយាយថា អ្នកនេះ តើមិនមែនឈ្មោះយេស៊ូវ ជាកូនយ៉ូសែប ដែលយើងស្គាល់ឪពុកម្តាយគាត់ទេឬអី ចុះដូចម្តេចឡើយបានជាគាត់និយាយថា គាត់ចុះពីស្ថានសួគ៌មកដូច្នេះ នោះព្រះយេស៊ូវមានបន្ទូលទៅគេថា កុំឲ្យរទូរទាំក្នុងពួកអ្នករាល់គ្នាឡើយ គ្មានអ្នកណាអាចនឹងមកឯខ្ញុំបានទេ លើកតែព្រះវរបិតា ដែលចាត់ខ្ញុំឲ្យមក ទ្រង់ទាញនាំគេប៉ុណ្ណោះ ហើយខ្ញុំនឹងឲ្យអ្នកនោះរស់ឡើងវិញ នៅថ្ងៃចុងបំផុតដែរ