យ៉ូហាន 6:1-40
យ៉ូហាន 6:1-40 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ក្រោយមក ព្រះយេស៊ូវយាងឆ្លងទៅត្រើយម្ខាងនៃសមុទ្រកាលីឡេ ដែលហៅថាសមុទ្រទីបេរាស។ មានបណ្តាជនជាច្រើនតាមព្រះអង្គទៅ ព្រោះគេបានឃើញទីសម្គាល់ ដែលព្រះអង្គប្រោសអ្នកជំងឺ។ ព្រះយេស៊ូវបានយាងឡើងទៅលើភ្នំ គង់ជាមួយពួកសិស្ស ពេលនោះ ថ្ងៃបុណ្យរំលង ជាបុណ្យរបស់សាសន៍យូដា ជិតមកដល់ហើយ។ ព្រះយេស៊ូវងើបព្រះនេត្រ ឃើញមនុស្សកកកុញមករកព្រះអង្គ ព្រះអង្គមានព្រះបន្ទូលទៅភីលីពថា៖ «តើយើងទៅរកទិញនំបុ័ងនៅឯណាឲ្យមនុស្សទាំងនេះបរិភោគបាន?» ព្រះអង្គមានព្រះបន្ទូលដូច្នេះ ដើម្បីល្បងលគាត់ ព្រោះព្រះអង្គជ្រាបថាត្រូវធ្វើដូចម្ដេចហើយ។ ភីលីពទូលឆ្លើយថា៖ «ទោះបើទិញនំបុ័ងអស់ប្រាក់ពីររយដេណារី ក៏មិនគ្រប់គ្នាដែរ សូម្បីតែម្នាក់បន្តិច»។ មានសិស្សម្នាក់ ឈ្មោះអនទ្រេ ជាប្អូនស៊ីម៉ូន-ពេត្រុស ទូលព្រះអង្គថា៖ «នៅទីនេះមានក្មេងប្រុសម្នាក់ មាននំបុ័ងម្សៅឱកប្រាំ និងត្រីតូចៗពីរ ប៉ុន្តែ ដែលមានប៉ុណ្ណោះ តើមានប្រយោជន៍អ្វី បើមនុស្សច្រើនយ៉ាងនេះ?» ព្រះយេស៊ូវមានព្រះបន្ទូលថា៖ «ចូរឲ្យមនុស្សទាំងអស់អង្គុយចុះទៅ»។ នៅទីនោះ មានស្មៅច្រើន ដូច្នេះ គេនាំគ្នាអង្គុយ មានចំនួនប្រហែលជាប្រាំពាន់នាក់។ ព្រះយេស៊ូវយកនំបុ័ងមកអរព្រះគុណ ហើយចែកទៅឲ្យពួកសិស្ស គេក៏ចែកដល់ពួកអ្នកដែលអង្គុយ។ រីឯត្រីវិញ ក៏ធ្វើដូច្នោះដែរ តាមតែគេចង់បាន។ ពេលគេឆ្អែតគ្រប់គ្នាហើយ ព្រះអង្គមានព្រះបន្ទូលទៅពួកសិស្សថា៖ «ចូរប្រមូលចំណិតដែលនៅសល់ ដើម្បីកុំឲ្យបាត់អ្វីឡើយ»។ គេប្រមូលចំណិតនំបុ័ងម្សៅឱក ដែលសល់ពីប្រាំដុំ ក្រោយពីបានបរិភោគហើយនោះ បានពេញដប់ពីរកន្ត្រក។ ពេលមនុស្សជាច្រើនបានឃើញទីសម្គាល់ដែលព្រះយេស៊ូវធ្វើ គេនិយាយថា «លោកនេះប្រាកដជាហោរា ដែលត្រូវមកក្នុងពិភពលោកមែន»។ ពេលព្រះយេស៊ូវជ្រាបថា គេបម្រុងនឹងចាប់ព្រះអង្គដោយកម្លាំង ដើម្បីតាំងឡើងជាស្តេច ទ្រង់ក៏ចេញពីគេឡើងទៅលើភ្នំ តែមួយអង្គឯងម្តងទៀត។ នៅពេលព្រលប់ ពួកសិស្សព្រះអង្គនាំគ្នាទៅសមុទ្រ ចុះទូក ឆ្លងទៅក្រុងកាពើណិម ពេលនោះ ងងឹត ហើយព្រះយេស៊ូវក៏មិនទាន់មកដល់។ សមុទ្រមានខ្យល់បក់បោកជាខ្លាំង ពេលគេចែវទៅប្រហែលជាប្រាំ ឬប្រាំមួយគីឡូម៉ែត្រ ស្រាប់តែគេឃើញព្រះយេស៊ូវកំពុងយាងលើសមុទ្រមកជិតទូក ហើយគេភ័យខ្លាចជាខ្លាំង។ ប៉ុន្តែ ព្រះអង្គមានព្រះបន្ទូលថា៖ «កុំភ័យអី គឺខ្ញុំទេ» ពួកគេចង់យាងព្រះអង្គចូលក្នុងទូក ស្រាប់តែពេលនោះ ទូកក៏មកដល់ត្រើយ ជាកន្លែងដែលគេចង់ទៅ។ នៅថ្ងៃបន្ទាប់ បណ្តាជនដែលនៅត្រើយសមុទ្រម្ខាង បានឃើញថា មានទូកតែមួយគត់ ដែលពួកសិស្សព្រះអង្គបានជិះ ហើយមិនឃើញព្រះយេស៊ូវជិះទូកជាមួយពួកសិស្សទេ គឺមានតែពួកសិស្សប៉ុណ្ណោះ ដែលបានចេញទូកទៅ។ ប៉ុន្តែ មានទូកខ្លះទៀត មកពីស្រុកទីបេរាស ចតនៅជិតកន្លែងដែលគេបានបរិភោគនំបុ័ង ក្រោយដែលព្រះអម្ចាស់បានអរព្រះគុណរួច។ ដូច្នេះ ពេលបណ្តាជនមិនឃើញព្រះយេស៊ូវ ឬពួកសិស្សនៅទីនោះ គេក៏ជិះទូកទៅក្រុងកាពើណិម ដើម្បីរកព្រះអង្គ។ ពេលគេឃើញព្រះអង្គនៅត្រើយម្ខាងហើយ គេទូលសួរព្រះអង្គថា៖ «លោកគ្រូ លោកមកដល់ទីនេះពីពេលណា?» ព្រះយេស៊ូវមានព្រះបន្ទូលឆ្លើយទៅគេថា៖ «ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា អ្នករាល់គ្នារកខ្ញុំ មិនមែនដោយព្រោះបានឃើញទីសម្គាល់ទេ គឺដោយព្រោះតែបានបរិភោគនំបុ័ងឆ្អែតប៉ុណ្ណោះ។ កុំខំប្រឹងឲ្យបានតែអាហារ ដែលតែងតែពុករលួយនោះឡើយ ចូរខំឲ្យបានអាហារ ដែលនៅស្ថិតស្ថេរ រហូតដល់ជីវិតអស់កល្បជានិច្ចវិញ ជាអាហារដែលកូនមនុស្សនឹងឲ្យមកអ្នករាល់គ្នា ដ្បិតគឺកូនមនុស្សនេះហើយ ដែលព្រះវរបិតាដ៏ជាព្រះបានដៅចំណាំទុក»។ គេទូលសួរព្រះអង្គថា៖ «តើពួកយើងត្រូវធ្វើអ្វីខ្លះ ដែលរាប់ថាជាកិច្ចការរបស់ព្រះ?» ព្រះយេស៊ូវមានព្រះបន្ទូលឆ្លើយថា៖ «កិច្ចការរបស់ព្រះ គឺឲ្យអ្នករាល់គ្នាជឿដល់អ្នកដែលព្រះអង្គបានចាត់ឲ្យមក»។ ដូច្នេះ គេទូលសួរព្រះអង្គថា៖ «តើលោកនឹងធ្វើទីសម្គាល់អ្វីឲ្យយើងខ្ញុំឃើញ ហើយជឿដល់លោក? តើលោកធ្វើកិច្ចការអ្វីខ្លះ? បុព្វបុរសរបស់យើងខ្ញុំបានបរិភោគនំម៉ាណា នៅទីរហោស្ថាន ដូចជាមានចែងទុកមកថា៖ "លោកបានឲ្យនំបុ័ងមកពីស្ថានសួគ៌ដល់គេបរិភោគ"» ។ ព្រះយេស៊ូវមានព្រះបន្ទូលទៅគេថា៖ «ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា មិនមែនលោកម៉ូសេ ដែលឲ្យនំបុ័ងពីស្ថានសួគ៌មកអ្នករាល់គ្នាទេ តែនំបុ័ងដ៏ពិត ដែលមកពីស្ថានសួគ៌ គឺព្រះវរបិតាខ្ញុំទេតើ ដែលប្រទានមកអ្នករាល់គ្នា។ ដ្បិតនំបុ័ងរបស់ព្រះ គឺជាព្រះអង្គដែលយាងចុះពីស្ថានសួគ៌មក ហើយប្រទានជីវិតឲ្យមនុស្សលោក»។ គេទូលព្រះអង្គថា៖ «លោកម្ចាស់អើយ សូមឲ្យនំបុ័ងនោះមកយើងខ្ញុំរហូតទៅ»។ ព្រះយេស៊ូវមានព្រះបន្ទូលទៅពួកគេថា៖ «ខ្ញុំជានំបុ័ងជីវិត អ្នកណាដែលមករកខ្ញុំ នោះនឹងមិនឃ្លានទៀតឡើយ ហើយអ្នកណាដែលជឿដល់ខ្ញុំ ក៏មិនត្រូវស្រេកដែរ។ ប៉ុន្តែ ខ្ញុំប្រាប់អ្នករាល់គ្នារួចហើយថា អ្នករាល់គ្នាបានឃើញខ្ញុំ តែមិនជឿទេ។ អស់អ្នកដែលព្រះវរបិតាប្រទានមកខ្ញុំ នោះនឹងមករកខ្ញុំ ហើយអ្នកណាដែលមករកខ្ញុំ ខ្ញុំនឹងមិនបោះបង់គេចោលឡើយ។ ព្រោះខ្ញុំចុះពីស្ថានសួគ៌មក មិនមែននឹងធ្វើតាមចិត្តខ្ញុំទេ គឺតាមព្រះហឫទ័យរបស់ព្រះ ដែលចាត់ខ្ញុំឲ្យមកវិញ។ នេះហើយជាព្រះហឫទ័យរបស់ព្រះវរបិតា ដែលចាត់ខ្ញុំឲ្យមក គឺមិនចង់ឲ្យបាត់អ្នកណាម្នាក់ក្នុងចំណោមមនុស្ស ដែលព្រះអង្គបានប្រទានមកខ្ញុំឡើយ គឺព្រះអង្គសព្វព្រះហឫទ័យឲ្យខ្ញុំប្រោសគេឲ្យរស់ឡើង នៅថ្ងៃចុងបំផុត។ នេះជាព្រះហឫទ័យរបស់ព្រះវរបិតាខ្ញុំ គឺឲ្យអស់អ្នកណាដែលឃើញព្រះរាជបុត្រា ហើយជឿដល់ព្រះអង្គ នឹងបានជីវិតអស់កល្បជានិច្ច ហើយខ្ញុំនឹងឲ្យអ្នកនោះរស់ឡើងវិញ នៅថ្ងៃចុងបំផុត»។
យ៉ូហាន 6:1-40 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
បន្ទាប់មក ព្រះយេស៊ូយាងទៅត្រើយខាងនាយសមុទ្រកាលីឡេ ដែលមានឈ្មោះថាសមុទ្រទីបេរាស។ មានបណ្ដាជនច្រើនកុះករមកតាមព្រះអង្គ ព្រោះគេបានឃើញទីសម្គាល់ដែលព្រះអង្គបានធ្វើ ដោយប្រោសអ្នកជំងឺឲ្យជា។ ព្រះយេស៊ូយាងឡើងទៅលើភ្នំ ហើយគង់នៅទីនោះជាមួយពួកសិស្ស*។ ពេលនោះ បុណ្យចម្លង* ជាបុណ្យរបស់ជនជាតិយូដា កាន់តែខិតជិតណាស់ហើយ។ ព្រះយេស៊ូទតឃើញបណ្ដាជនមកតាមព្រះអង្គច្រើនកុះករយ៉ាងនេះ ព្រះអង្គមានព្រះបន្ទូលទៅលោកភីលីពថា៖ «តើយើងទៅរកទិញអាហារឯណាមកចែកឲ្យអ្នកទាំងនេះបរិភោគបាន?»។ ព្រះអង្គមានព្រះបន្ទូលដូច្នេះ ដើម្បីល្បងមើលចិត្តលោកភីលីព តាមពិត ព្រះអង្គជ្រាបអំពីកិច្ចការដែលព្រះអង្គបម្រុងនឹងធ្វើស្រេចទៅហើយ។ លោកភីលីពទូលថា៖ «ទោះបីយើងយកប្រាក់ពីររយដួង*ទៅទិញនំប៉័ងក៏មិនគ្រាន់ដែរ សូម្បីតែម្នាក់មួយដុំតូចៗក៏មិនបានផង»។ មានសិស្សម្នាក់ឈ្មោះអនទ្រេ ជាប្អូនរបស់លោកស៊ីម៉ូនពេត្រុស ទូលព្រះអង្គថា៖ «នៅទីនេះ ក្មេងប្រុសម្នាក់មាននំប៉័ងប្រាំដុំ និងត្រីតូចៗពីរកន្ទុយ។ ប៉ុន្តែ បើមានតែប៉ុណ្ណឹង ធ្វើម្ដេចនឹងឲ្យគ្រាន់សម្រាប់មនុស្សដ៏ច្រើនយ៉ាងនេះ?»។ ព្រះយេស៊ូមានព្រះបន្ទូលថា៖ «សុំឲ្យគេអង្គុយចុះ»។ នៅទីនោះមានស្មៅច្រើន បណ្ដាជនក៏នាំគ្នាអង្គុយ មានមនុស្សប្រុសទាំងអស់ប្រមាណប្រាំពាន់នាក់។ ព្រះយេស៊ូយកនំប៉័ងមកកាន់ អរព្រះគុណព្រះជាម្ចាស់ រួចប្រទានឲ្យអ្នកអង្គុយនៅទីនោះ។ រីឯត្រីវិញ ព្រះអង្គក៏ធ្វើដូច្នោះដែរ ព្រះអង្គប្រទានឲ្យគេ តាមតែម្នាក់ៗចង់បាន។ លុះគេបានបរិភោគឆ្អែតហើយ ព្រះយេស៊ូមានព្រះបន្ទូលទៅពួកសិស្សថា៖ «ចូរប្រមូលនំប៉័ងដែលនៅសល់ កុំឲ្យបាត់មួយដុំសោះឡើយ»។ ពួកសិស្សនាំគ្នារើសសំណល់នំប៉័ងទាំងប្រាំដុំ ដែលបណ្ដាជនបរិភោគសល់ ប្រមូលដាក់បានពេញដប់ពីរល្អី។ កាលមនុស្សម្នាឃើញទីសម្គាល់ដែលព្រះយេស៊ូបានធ្វើនោះ ក៏ពោលថា៖ «លោកនេះពិតជាព្យាការី*ដែលត្រូវមកក្នុងពិភពលោកមែន»។ ព្រះយេស៊ូជ្រាបថា គេបម្រុងនឹងចាប់ព្រះអង្គយកទៅតែងតាំងជាស្ដេចដូច្នេះ ព្រះអង្គក៏យាងចាកចេញពីគេ ឡើងទៅលើភ្នំសាជាថ្មី តែមួយព្រះអង្គឯង។ លុះដល់ល្ងាច ពួកសិស្ស*នាំគ្នាចុះទៅមាត់សមុទ្រ។ គេជិះទូកឆ្លងទៅក្រុងកាពើណិម នៅត្រើយម្ខាង។ ពេលនោះ ងងឹតហើយ តែព្រះយេស៊ូពុំទាន់យាងមករកគេនៅឡើយទេ ខ្យល់បក់បោកមកយ៉ាងខ្លាំង បណ្ដាលឲ្យទឹកសមុទ្រមានរលកធំៗ។ កាលគេចែវទូកបានចម្ងាយប្រមាណជាប្រាំ ឬប្រាំមួយគីឡូម៉ែត្រ ស្រាប់តែគេឃើញព្រះយេស៊ូយាងលើសមុទ្រ ចូលមកជិតទូក គេភ័យខ្លាចជាខ្លាំង។ ប៉ុន្តែ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ខ្ញុំទេតើ កុំខ្លាចអី»។ ពួកសិស្សចង់យាងព្រះអង្គចូលមកក្នុងទូក រំពេចនោះ ទូកក៏ទៅដល់ត្រើយ ចំកន្លែងដែលគេបម្រុងនឹងទៅ។ ថ្ងៃបន្ទាប់មកទៀត បណ្ដាជនដែលនៅត្រើយខាងនាយសមុទ្រ សង្កេតឃើញថា នៅកន្លែងនោះមានទូកតែមួយគត់ ហើយថាព្រះយេស៊ូពុំបានយាងចុះទូកជាមួយពួកសិស្ស*ទេ គឺមានតែពួកសិស្សប៉ុណ្ណោះដែលបានជិះទូកចេញទៅ។ ប៉ុន្តែ មានទូកឯទៀតៗមកពីភូមិទីបេរាសចតនៅជិតកន្លែងដែលគេបានបរិភោគនំប៉័ង ក្រោយពីព្រះអម្ចាស់បានអរព្រះគុណ។ កាលបណ្ដាជនពុំឃើញព្រះយេស៊ូ និងពួកសិស្សនៅទីនោះទៀត គេក៏នាំគ្នាចុះទូកទាំងនោះឆ្លងទៅក្រុងកាពើណិម តាមរកព្រះអង្គ។ បណ្ដាជនបានជួបព្រះអង្គនៅត្រើយម្ខាង គេទូលសួរព្រះអង្គថា៖ «លោកគ្រូ! តើលោកមកដល់ពីអង្កាល់?»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា អ្នករាល់គ្នាតាមរកខ្ញុំ មិនមែនមកពីអ្នករាល់គ្នាបានឃើញទីសម្គាល់ទេ គឺមកពីអ្នករាល់គ្នាបានបរិភោគអាហារឆ្អែតតែប៉ុណ្ណោះ។ កុំធ្វើកិច្ចការ ដើម្បីឲ្យគ្រាន់តែបានអាហារដែលតែងរលួយខូចនោះឡើយ គឺឲ្យបានអាហារដែលនៅស្ថិតស្ថេរ និងផ្ដល់ជីវិតអស់កល្បជានិច្ចវិញ ជាអាហារដែលបុត្រមនុស្សនឹងប្រទានឲ្យអ្នករាល់គ្នា ដ្បិតបុត្រមនុស្សនេះហើយ ដែលព្រះជាម្ចាស់ជាព្រះបិតាបានដៅសញ្ញាសម្គាល់»។ គេនាំគ្នាទូលសួរព្រះអង្គថា៖ «តើឲ្យយើងខ្ញុំប្រព្រឹត្តដូចម្ដេច ដើម្បីនឹងធ្វើកិច្ចការរបស់ព្រះជាម្ចាស់?»។ ព្រះយេស៊ូមានព្រះបន្ទូលថា៖ «កិច្ចការរបស់ព្រះជាម្ចាស់គឺឲ្យអ្នករាល់គ្នាជឿលើអ្នក ដែលព្រះអង្គបានចាត់ឲ្យមក»។ គេទូលសួរព្រះអង្គទៀតថា៖ «តើលោកធ្វើការអ្វីជាទីសម្គាល់ឲ្យយើងខ្ញុំឃើញ និងជឿលោក? តើលោកធ្វើកិច្ចការអ្វីខ្លះ? បុព្វបុរសរបស់យើងបានបរិភោគនំម៉ាណា នៅវាលរហោស្ថាន* ដូចមានសេចក្ដីចែងទុកក្នុងគម្ពីរថា “ព្រះអង្គបានប្រទានឲ្យគេបរិភោគនំប៉័ង ដែលធ្លាក់ពីស្ថានបរមសុខ*មក” »។ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា មិនមែនលោកម៉ូសេទេ ដែលបានផ្ដល់អាហារពីស្ថានបរមសុខមកនោះ គឺព្រះបិតារបស់ខ្ញុំទេតើ ដែលប្រទានអាហារដ៏ពិតប្រាកដពីស្ថានបរមសុខ* មកឲ្យអ្នករាល់គ្នា ដ្បិតអាហារដែលព្រះជាម្ចាស់ប្រទានឲ្យនោះ គឺអ្នកដែលចុះពីស្ថានបរមសុខមក ហើយផ្ដល់ជីវិតឲ្យមនុស្សលោក»។ គេនាំគ្នាទូលព្រះអង្គថា៖ «លោកម្ចាស់អើយ! សូមលោកប្រទានអាហារនោះឲ្យយើងខ្ញុំ រហូតតទៅ»។ ព្រះយេស៊ូមានព្រះបន្ទូលថា៖ «ខ្ញុំនេះហើយជាអាហារដែលផ្ដល់ជីវិត។ អ្នកណាមករកខ្ញុំ លែងឃ្លានទៀតហើយ អ្នកណាជឿលើខ្ញុំ ក៏លែងស្រេកទៀតដែរ។ ប៉ុន្តែ ខ្ញុំបាននិយាយប្រាប់អ្នករាល់គ្នារួចហើយថា “អ្នករាល់គ្នាបានឃើញខ្ញុំ តែអ្នករាល់គ្នាមិនជឿទេ”។ អស់អ្នកដែលព្រះបិតាប្រទានមកខ្ញុំ តែងតែមករកខ្ញុំ ហើយខ្ញុំមិនបោះបង់ចោលអ្នកដែលមករកខ្ញុំជាដាច់ខាត ដ្បិតខ្ញុំចុះពីស្ថានបរមសុខមក ដើម្បីធ្វើតាមព្រះហឫទ័យរបស់ព្រះអង្គដែលបានចាត់ខ្ញុំឲ្យមក គឺពុំមែនធ្វើតាមបំណងចិត្តរបស់ខ្ញុំទេ។ រីឯព្រះអង្គដែលបានចាត់ខ្ញុំឲ្យមកនោះ ព្រះអង្គមិនសព្វព្រះហឫទ័យឲ្យនរណាម្នាក់ ក្នុងបណ្ដាអស់អ្នកដែលព្រះអង្គប្រទានមកខ្ញុំ ត្រូវវិនាសអន្តរាយឡើយ តែព្រះអង្គសព្វព្រះហឫទ័យឲ្យខ្ញុំប្រោសគេ ឲ្យមានជីវិតរស់ឡើងវិញ នៅថ្ងៃចុងក្រោយបំផុត។ ព្រះបិតារបស់ខ្ញុំសព្វព្រះហឫទ័យឲ្យអស់អ្នកដែលបានឃើញព្រះបុត្រា ហើយជឿលើព្រះអង្គមានជីវិតអស់កល្បជានិច្ច។ ខ្ញុំនឹងប្រោសអ្នកនោះឲ្យមានជីវិតរស់ឡើងវិញ នៅថ្ងៃចុងក្រោយបំផុតផង»។
យ៉ូហាន 6:1-40 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
លុះក្រោយមក ព្រះយេស៊ូវទ្រង់ឆ្លងសមុទ្រកាលីឡេ គឺជាសមុទ្រទីបេរាស ហើយមានហ្វូងមនុស្សជាធំតាមទ្រង់ទៅ ដោយបានឃើញទីសំគាល់ទាំងប៉ុន្មាន ដែលទ្រង់ប្រោសដល់ពួកជំងឺ នោះព្រះយេស៊ូវទ្រង់យាងឡើងទៅលើភ្នំ គង់ជាមួយនឹងពួកសិស្សនៅទីនោះ រីឯបុណ្យរំលង ជាបុណ្យរបស់សាសន៍យូដា ក៏ជិតដល់ហើយ ឯព្រះយេស៊ូវទ្រង់ងើបព្រះនេត្រឡើង ឃើញមនុស្សកកកុញមកឯទ្រង់ នោះទ្រង់មានបន្ទូលទៅភីលីពថា យើងនឹងទិញនំបុ័ងពីណាមក ឲ្យមនុស្សទាំងអស់នេះបានបរិភោគ ទ្រង់មានបន្ទូលសួរដូច្នេះ ដើម្បីនឹងល្បងលគាត់ទេ ព្រោះទ្រង់ជ្រាបការ ដែលទ្រង់គិតធ្វើហើយ ភីលីពទូលឆ្លើយថា ទោះបើទិញនំបុ័ងអស់៤០រៀល ក៏មិនគ្រាន់ឲ្យគ្រប់គ្នា សូម្បីតែបន្តិចបន្តួចផង មានសិស្សទ្រង់ម្នាក់ ឈ្មោះអនទ្រេ ជាប្អូនស៊ីម៉ូន-ពេត្រុស គាត់ទូលទ្រង់ថា នៅទីនេះមានក្មេងម្នាក់ មាននំបុ័ងម្សៅឱក៥នឹងត្រីតូច២ ប៉ុន្តែ ដែលមានតែប៉ុណ្ណោះ តើមានប្រយោជន៍អ្វីដល់មនុស្សច្រើនទាំងម៉្លេះ ព្រះយេស៊ូវមានបន្ទូលថា ចូរឲ្យមនុស្សទាំងអស់អង្គុយទៅ រីឯនៅទីនោះ មានស្មៅច្រើន ដូច្នេះ គេក៏នាំគ្នាអង្គុយ មានចំនួនប្រហែលជា៥ពាន់នាក់ រួចព្រះយេស៊ូវទ្រង់យកនំបុ័ងនោះមកអរព្រះគុណ រួចចែកទៅឲ្យពួកសិស្ស គេក៏ចែកដល់ពួកអ្នកដែលអង្គុយ បានចែកទាំងត្រីតូចនោះបែបដូច្នោះដែរ តាមតែគេចង់បាន លុះគេបានឆ្អែតគ្រប់គ្នាហើយ នោះទ្រង់មានបន្ទូលទៅពួកសិស្សថា ចូរប្រមូលចំណិតដែលសល់នៅ ដើម្បីកុំឲ្យបាត់អ្វីឡើយ ក្រោយដែលបរិភោគរួចហើយ នោះគេប្រមូលចំណិតនំបុ័ងម្សៅឱក ដែលសល់ពី៥ដុំនោះ ដាក់ពេញបាន១២កន្ត្រក កាលមនុស្សទាំងប៉ុន្មានបានឃើញទីសំគាល់ ដែលព្រះយេស៊ូវធ្វើនោះ គេក៏និយាយថា លោកនេះប្រាកដជាហោរានោះ ដែលត្រូវមកក្នុងលោកីយមែន ដូច្នេះ ព្រះយេស៊ូវក៏ថយឡើងទៅលើភ្នំតែ១អង្គទ្រង់វិញទៀត ពីព្រោះទ្រង់ជ្រាបថា គេគិតមកចាប់ទ្រង់ដោយកំឡាំង ដើម្បីនឹងតាំងឡើងជាស្តេច។ លុះព្រលប់ហើយ ពួកសិស្សទ្រង់ចុះទៅឯសមុទ្រ ក៏ចុះទូកឆ្លងទៅឯកាពើណិម ពេលនោះងងឹតហើយ តែព្រះយេស៊ូវមិនទាន់មកដល់នៅឡើយ សមុទ្រក៏មានរលក បោកដោយខ្យល់បក់ជាខ្លាំង កាលគេបានចែវទៅប្រហែលជា៥ឬ៦គីឡូម៉ែត្រហើយ នោះស្រាប់តែគេឃើញព្រះយេស៊ូវ ទ្រង់យាងលើសមុទ្រមកជិតទូក ហើយគេមានសេចក្ដីភ័យខ្លាច តែទ្រង់មានបន្ទូលថា កុំភ័យអី គឺខ្ញុំទេតើ នោះគេក៏ព្រមទទួលទ្រង់មកក្នុងទូក ស្រាប់តែទូកបានដល់ស្រុកដែលគេប៉ងនឹងទៅ។ ស្អែកឡើង កាលហ្វូងមនុស្ស ដែលនៅត្រើយសមុទ្រម្ខាង បានឃើញថា នៅទីនោះគ្មានទូកណាទៀត ក្រៅពីទូក១ ដែលពួកសិស្សទ្រង់បានជិះ ហើយថា ព្រះយេស៊ូវមិនបានជិះទូកនោះ ទៅជាមួយនឹងពួកសិស្សទេ គឺពួកសិស្សបានចេញទៅតែគ្នាគេ (ប៉ុន្តែមានទូកខ្លះទៀត មកពីស្រុកទីបេរាស ជិតកន្លែងដែលគេបានបរិភោគនំបុ័ង ក្រោយដែលព្រះអម្ចាស់បានអរព្រះគុណរួចហើយ) ដូច្នេះ កាលហ្វូងមនុស្សមិនឃើញព្រះយេស៊ូវ ឬពួកសិស្សទ្រង់នៅទីនោះ គេក៏ជិះទូកទៅឯកាពើណិម ដើម្បីនឹងរកទ្រង់ កាលឃើញទ្រង់នៅឯត្រើយម្ខាងហើយ នោះគេទូលសួរថា លោកគ្រូ លោកមកដល់ទីនេះពីកាលណា ព្រះយេស៊ូវមានបន្ទូលឆ្លើយទៅគេថា ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា អ្នករាល់គ្នារកខ្ញុំ មិនមែនដោយព្រោះបានឃើញទីសំគាល់ទេ គឺដោយព្រោះតែបានបរិភោគនំបុ័ងឆ្អែតប៉ុណ្ណោះ កុំឲ្យខំប្រឹងឲ្យបានតែអាហារ ដែលតែងតែពុករលួយនោះឡើយ ចូរខំឲ្យបានអាហារ ដែលនៅស្ថិតស្ថេរ ដរាបដល់ជីវិតអស់កល្បជានិច្ចវិញ ជាអាហារដែលកូនមនុស្សនឹងឲ្យមកអ្នករាល់គ្នា ដ្បិតគឺកូនមនុស្សនេះហើយ ដែលព្រះវរបិតាដ៏ជាព្រះ ទ្រង់បានដៅចំណាំទុក ដូច្នេះ គេទូលសួរទ្រង់ថា ដែលនឹងធ្វើការរបស់ព្រះ តើត្រូវធ្វើដូចម្តេចខ្លះ ព្រះយេស៊ូវមានបន្ទូលឆ្លើយថា ឯការរបស់ព្រះ គឺឲ្យអ្នករាល់គ្នាបានជឿដល់អ្នកដែលព្រះបានចាត់ឲ្យមក នោះគេទូលសួរទ្រង់ថា បើដូច្នេះ តើលោកនឹងធ្វើទីសំគាល់ណាឲ្យយើងខ្ញុំឃើញផង ដើម្បីឲ្យបានជឿដល់លោក តើលោកធ្វើការអ្វីខ្លះ ពួកឰយុកោយើងខ្ញុំបានបរិភោគនំម៉ាន៉ា នៅទីរហោស្ថាន ដូចជាមានសេចក្ដីចែងទុកមកថា «លោកបានឲ្យនំបុ័ងពីស្ថានសួគ៌ មកឲ្យគេបរិភោគ» ឯព្រះយេស៊ូវ ទ្រង់មានបន្ទូលតបថា ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា មិនមែនលោកម៉ូសេ ដែលឲ្យនំបុ័ងពីស្ថានសួគ៌នោះ មកអ្នករាល់គ្នាទេ តែឯនំបុ័ងដ៏ពិត ដែលមកពីស្ថានសួគ៌ នោះគឺព្រះវរបិតាខ្ញុំ ដែលប្រទានមកអ្នករាល់គ្នាវិញ ដ្បិតនំបុ័ងរបស់ព្រះ គឺជាព្រះអង្គដែលយាងចុះពីស្ថានសួគ៌មក ព្រមទាំងប្រទានឲ្យមនុស្សលោកបានជីវិតផង ដូច្នេះ គេទូលទ្រង់ថា លោកម្ចាស់អើយ សូមឲ្យនំបុ័ងនោះមកយើងខ្ញុំជានិច្ច។ ព្រះយេស៊ូវមានបន្ទូលថា ខ្ញុំជានំបុ័ងជីវិត អ្នកណាដែលមកឯខ្ញុំ នោះនឹងមិនឃ្លានទៀតឡើយ ហើយអ្នកណាដែលជឿដល់ខ្ញុំ ក៏មិនត្រូវស្រេកដែរ ប៉ុន្តែខ្ញុំបានប្រាប់អ្នករាល់គ្នារួចហើយថា អ្នករាល់គ្នាបានឃើញខ្ញុំ តែមិនជឿទេ អស់អ្នកណាដែលព្រះវរបិតាប្រទានមកខ្ញុំ នោះនឹងមកឯខ្ញុំ ហើយអ្នកណាដែលមកឯខ្ញុំ ខ្ញុំក៏មិនដែលចោលទៅក្រៅឡើយ ពីព្រោះខ្ញុំបានចុះពីស្ថានសួគ៌មក មិនមែននឹងធ្វើតាមចិត្តខ្ញុំទេ គឺតាមបំណងព្រះហឫទ័យនៃព្រះវិញ ដែលទ្រង់ចាត់ឲ្យខ្ញុំមក ឯបំណងព្រះហឫទ័យនៃព្រះវរបិតា ដែលចាត់ឲ្យខ្ញុំមក នោះគឺមិនចង់ឲ្យខ្ញុំបាត់អ្នកណា ក្នុងគ្រប់អស់ទាំងមនុស្ស ដែលទ្រង់ប្រទានមកខ្ញុំនោះឡើយ គឺទ្រង់ចង់ឲ្យខ្ញុំប្រោសទាំងអស់ឲ្យរស់ឡើង នៅថ្ងៃចុងបំផុតវិញ នេះហើយជាបំណងព្រះហឫទ័យនៃព្រះវរបិតាខ្ញុំ គឺឲ្យអស់អ្នកណាដែលឃើញព្រះរាជបុត្រា ហើយក៏ជឿដល់ទ្រង់ បានជីវិតដ៏នៅអស់កល្បជានិច្ច ហើយខ្ញុំនឹងឲ្យអ្នកនោះរស់ឡើងវិញ នៅថ្ងៃចុងបំផុត។