យ៉ូហាន 6:1-11
យ៉ូហាន 6:1-11 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ក្រោយមក ព្រះយេស៊ូវយាងឆ្លងទៅត្រើយម្ខាងនៃសមុទ្រកាលីឡេ ដែលហៅថាសមុទ្រទីបេរាស។ មានបណ្តាជនជាច្រើនតាមព្រះអង្គទៅ ព្រោះគេបានឃើញទីសម្គាល់ ដែលព្រះអង្គប្រោសអ្នកជំងឺ។ ព្រះយេស៊ូវបានយាងឡើងទៅលើភ្នំ គង់ជាមួយពួកសិស្ស ពេលនោះ ថ្ងៃបុណ្យរំលង ជាបុណ្យរបស់សាសន៍យូដា ជិតមកដល់ហើយ។ ព្រះយេស៊ូវងើបព្រះនេត្រ ឃើញមនុស្សកកកុញមករកព្រះអង្គ ព្រះអង្គមានព្រះបន្ទូលទៅភីលីពថា៖ «តើយើងទៅរកទិញនំបុ័ងនៅឯណាឲ្យមនុស្សទាំងនេះបរិភោគបាន?» ព្រះអង្គមានព្រះបន្ទូលដូច្នេះ ដើម្បីល្បងលគាត់ ព្រោះព្រះអង្គជ្រាបថាត្រូវធ្វើដូចម្ដេចហើយ។ ភីលីពទូលឆ្លើយថា៖ «ទោះបើទិញនំបុ័ងអស់ប្រាក់ពីររយដេណារី ក៏មិនគ្រប់គ្នាដែរ សូម្បីតែម្នាក់បន្តិច»។ មានសិស្សម្នាក់ ឈ្មោះអនទ្រេ ជាប្អូនស៊ីម៉ូន-ពេត្រុស ទូលព្រះអង្គថា៖ «នៅទីនេះមានក្មេងប្រុសម្នាក់ មាននំបុ័ងម្សៅឱកប្រាំ និងត្រីតូចៗពីរ ប៉ុន្តែ ដែលមានប៉ុណ្ណោះ តើមានប្រយោជន៍អ្វី បើមនុស្សច្រើនយ៉ាងនេះ?» ព្រះយេស៊ូវមានព្រះបន្ទូលថា៖ «ចូរឲ្យមនុស្សទាំងអស់អង្គុយចុះទៅ»។ នៅទីនោះ មានស្មៅច្រើន ដូច្នេះ គេនាំគ្នាអង្គុយ មានចំនួនប្រហែលជាប្រាំពាន់នាក់។ ព្រះយេស៊ូវយកនំបុ័ងមកអរព្រះគុណ ហើយចែកទៅឲ្យពួកសិស្ស គេក៏ចែកដល់ពួកអ្នកដែលអង្គុយ។ រីឯត្រីវិញ ក៏ធ្វើដូច្នោះដែរ តាមតែគេចង់បាន។
យ៉ូហាន 6:1-11 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
បន្ទាប់មក ព្រះយេស៊ូយាងទៅត្រើយខាងនាយសមុទ្រកាលីឡេ ដែលមានឈ្មោះថាសមុទ្រទីបេរាស។ មានបណ្ដាជនច្រើនកុះករមកតាមព្រះអង្គ ព្រោះគេបានឃើញទីសម្គាល់ដែលព្រះអង្គបានធ្វើ ដោយប្រោសអ្នកជំងឺឲ្យជា។ ព្រះយេស៊ូយាងឡើងទៅលើភ្នំ ហើយគង់នៅទីនោះជាមួយពួកសិស្ស*។ ពេលនោះ បុណ្យចម្លង* ជាបុណ្យរបស់ជនជាតិយូដា កាន់តែខិតជិតណាស់ហើយ។ ព្រះយេស៊ូទតឃើញបណ្ដាជនមកតាមព្រះអង្គច្រើនកុះករយ៉ាងនេះ ព្រះអង្គមានព្រះបន្ទូលទៅលោកភីលីពថា៖ «តើយើងទៅរកទិញអាហារឯណាមកចែកឲ្យអ្នកទាំងនេះបរិភោគបាន?»។ ព្រះអង្គមានព្រះបន្ទូលដូច្នេះ ដើម្បីល្បងមើលចិត្តលោកភីលីព តាមពិត ព្រះអង្គជ្រាបអំពីកិច្ចការដែលព្រះអង្គបម្រុងនឹងធ្វើស្រេចទៅហើយ។ លោកភីលីពទូលថា៖ «ទោះបីយើងយកប្រាក់ពីររយដួង*ទៅទិញនំប៉័ងក៏មិនគ្រាន់ដែរ សូម្បីតែម្នាក់មួយដុំតូចៗក៏មិនបានផង»។ មានសិស្សម្នាក់ឈ្មោះអនទ្រេ ជាប្អូនរបស់លោកស៊ីម៉ូនពេត្រុស ទូលព្រះអង្គថា៖ «នៅទីនេះ ក្មេងប្រុសម្នាក់មាននំប៉័ងប្រាំដុំ និងត្រីតូចៗពីរកន្ទុយ។ ប៉ុន្តែ បើមានតែប៉ុណ្ណឹង ធ្វើម្ដេចនឹងឲ្យគ្រាន់សម្រាប់មនុស្សដ៏ច្រើនយ៉ាងនេះ?»។ ព្រះយេស៊ូមានព្រះបន្ទូលថា៖ «សុំឲ្យគេអង្គុយចុះ»។ នៅទីនោះមានស្មៅច្រើន បណ្ដាជនក៏នាំគ្នាអង្គុយ មានមនុស្សប្រុសទាំងអស់ប្រមាណប្រាំពាន់នាក់។ ព្រះយេស៊ូយកនំប៉័ងមកកាន់ អរព្រះគុណព្រះជាម្ចាស់ រួចប្រទានឲ្យអ្នកអង្គុយនៅទីនោះ។ រីឯត្រីវិញ ព្រះអង្គក៏ធ្វើដូច្នោះដែរ ព្រះអង្គប្រទានឲ្យគេ តាមតែម្នាក់ៗចង់បាន។
យ៉ូហាន 6:1-11 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
លុះក្រោយមក ព្រះយេស៊ូវទ្រង់ឆ្លងសមុទ្រកាលីឡេ គឺជាសមុទ្រទីបេរាស ហើយមានហ្វូងមនុស្សជាធំតាមទ្រង់ទៅ ដោយបានឃើញទីសំគាល់ទាំងប៉ុន្មាន ដែលទ្រង់ប្រោសដល់ពួកជំងឺ នោះព្រះយេស៊ូវទ្រង់យាងឡើងទៅលើភ្នំ គង់ជាមួយនឹងពួកសិស្សនៅទីនោះ រីឯបុណ្យរំលង ជាបុណ្យរបស់សាសន៍យូដា ក៏ជិតដល់ហើយ ឯព្រះយេស៊ូវទ្រង់ងើបព្រះនេត្រឡើង ឃើញមនុស្សកកកុញមកឯទ្រង់ នោះទ្រង់មានបន្ទូលទៅភីលីពថា យើងនឹងទិញនំបុ័ងពីណាមក ឲ្យមនុស្សទាំងអស់នេះបានបរិភោគ ទ្រង់មានបន្ទូលសួរដូច្នេះ ដើម្បីនឹងល្បងលគាត់ទេ ព្រោះទ្រង់ជ្រាបការ ដែលទ្រង់គិតធ្វើហើយ ភីលីពទូលឆ្លើយថា ទោះបើទិញនំបុ័ងអស់៤០រៀល ក៏មិនគ្រាន់ឲ្យគ្រប់គ្នា សូម្បីតែបន្តិចបន្តួចផង មានសិស្សទ្រង់ម្នាក់ ឈ្មោះអនទ្រេ ជាប្អូនស៊ីម៉ូន-ពេត្រុស គាត់ទូលទ្រង់ថា នៅទីនេះមានក្មេងម្នាក់ មាននំបុ័ងម្សៅឱក៥នឹងត្រីតូច២ ប៉ុន្តែ ដែលមានតែប៉ុណ្ណោះ តើមានប្រយោជន៍អ្វីដល់មនុស្សច្រើនទាំងម៉្លេះ ព្រះយេស៊ូវមានបន្ទូលថា ចូរឲ្យមនុស្សទាំងអស់អង្គុយទៅ រីឯនៅទីនោះ មានស្មៅច្រើន ដូច្នេះ គេក៏នាំគ្នាអង្គុយ មានចំនួនប្រហែលជា៥ពាន់នាក់ រួចព្រះយេស៊ូវទ្រង់យកនំបុ័ងនោះមកអរព្រះគុណ រួចចែកទៅឲ្យពួកសិស្ស គេក៏ចែកដល់ពួកអ្នកដែលអង្គុយ បានចែកទាំងត្រីតូចនោះបែបដូច្នោះដែរ តាមតែគេចង់បាន