យ៉ូហាន 17:6-9
យ៉ូហាន 17:6-9 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ទូលបង្គំបានសម្តែងព្រះនាមរបស់ព្រះអង្គ ឲ្យអស់អ្នកដែលព្រះអង្គបានញែកពីលោកីយ៍នេះប្រទានមកទូលបង្គំស្គាល់ហើយ អ្នកទាំងនោះជារបស់ព្រះអង្គ ហើយព្រះអង្គប្រទានគេមកទូលបង្គំ បានកាន់តាមព្រះបន្ទូលរបស់ព្រះអង្គ។ ឥឡូវនេះ គេដឹងហើយថា អ្វីៗដែលព្រះអង្គប្រទានមកទូលបង្គំ សុទ្ធតែមកពីព្រះអង្គទាំងអស់ ដ្បិតព្រះបន្ទូលដែលព្រះអង្គបានប្រទានមក ទូលបង្គំបានឲ្យដល់គេហើយ គេក៏ទទួលយក ហើយដឹងជាប្រាកដថា ទូលបង្គំមកពីព្រះអង្គ ក៏ជឿថាព្រះអង្គចាត់ទូលបង្គំឲ្យមកមែន។ ទូលបង្គំមិនមែនអធិស្ឋានឲ្យលោកីយ៍ទេ គឺអធិស្ឋានឲ្យអស់អ្នកដែលព្រះអង្គបានប្រទានមកទូលបង្គំ ព្រោះគេជារបស់ព្រះអង្គ។
យ៉ូហាន 17:6-9 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ទូលបង្គំបានសម្តែងព្រះនាមរបស់ព្រះអង្គឲ្យអស់អ្នកដែលព្រះអង្គញែកចេញពីលោកនេះប្រទានមកទូលបង្គំស្គាល់ហើយ។ អ្នកទាំងនោះនៅក្រោមការគ្រប់គ្រងរបស់ព្រះអង្គ ព្រះអង្គប្រទានគេមកឲ្យទូលបង្គំ ហើយគេបានប្រតិបត្តិតាមព្រះបន្ទូលរបស់ព្រះអង្គ។ ឥឡូវនេះ អ្នកទាំងនោះដឹងថា អ្វីៗដែលព្រះអង្គប្រទានមកទូលបង្គំ សុទ្ធតែមកពីព្រះអង្គទាំងអស់ ដ្បិតទូលបង្គំបានប្រគល់ព្រះបន្ទូលដែលព្រះអង្គប្រទានមកទូលបង្គំទៅឲ្យគេ គេបានទទួលព្រះបន្ទូលទាំងនោះ ហើយទទួលស្គាល់យ៉ាងច្បាស់ថា ទូលបង្គំបានចេញមកពីព្រះអង្គមែន ព្រមទាំងជឿថាព្រះអង្គបានចាត់ទូលបង្គំឲ្យមកទៀតផង។ ទូលបង្គំសូមអង្វរព្រះអង្គឲ្យអ្នកទាំងនោះ ទូលបង្គំមិនអង្វរព្រះអង្គឲ្យមនុស្សលោកឡើយ គឺអង្វរឲ្យតែអស់អ្នកដែលព្រះអង្គប្រទានមកទូលបង្គំប៉ុណ្ណោះ ព្រោះអ្នកទាំងនោះនៅក្រោមការគ្រប់គ្រងរបស់ព្រះអង្គ។
យ៉ូហាន 17:6-9 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឯពួកអ្នក ដែលទ្រង់បានប្រទានមកទូលបង្គំ អំពីមនុស្សលោក នោះទូលបង្គំបានបើកសំដែងឲ្យគេស្គាល់ព្រះនាមទ្រង់ អ្នកទាំងនោះជារបស់ផងទ្រង់ ហើយទ្រង់បានប្រទានគេមកទូលបង្គំ គេក៏កាន់តាមព្រះបន្ទូលទ្រង់ ឥឡូវនេះ គេដឹងថា គ្រប់ទាំងអស់ដែលទ្រង់ប្រទានមកទូលបង្គំ នោះសុទ្ធតែកើតពីទ្រង់មក ដ្បិតអស់ទាំងព្រះបន្ទូលដែលទ្រង់បានប្រទានមក នោះទូលបង្គំបានឲ្យដល់គេហើយ គេក៏ទទួលយក ហើយដឹងជាប្រាកដថា ទូលបង្គំចេញពីទ្រង់មក ក៏ជឿថា ទ្រង់ចាត់ឲ្យទូលបង្គំមកមែន ទូលបង្គំអធិស្ឋានឲ្យគេ មិនមែនអធិស្ឋានឲ្យលោកីយទេ គឺឲ្យអស់អ្នកដែលទ្រង់បានប្រទានមកទូលបង្គំវិញ ពីព្រោះគេជារបស់ផងទ្រង់