យ៉ូហាន 17

17
ព្រះ‌យេស៊ូវ​អធិស្ឋាន​ឲ្យ​ពួក​សិស្ស
1កាល​ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​សេចក្ដី​ទាំង​នេះ​រួច​ហើយ ព្រះ‌អង្គ​ងើប​ព្រះ​ភក្ត្រ​ទៅ​លើ​មេឃ ហើយ​មាន​ព្រះ​បន្ទូល​ថា៖ «ព្រះ‌វរបិតា​អើយ ពេល​កំណត់​បាន​មក​ដល់​ហើយ សូម​លើក​តម្កើង​ព្រះ‌រាជ‌បុត្រា​របស់​ព្រះ‌អង្គ​ឡើង ដើម្បី​ឲ្យ​ព្រះ‌រាជ‌បុត្រា​បាន​លើក​តម្កើង​ព្រះ‌អង្គ​ដែរ 2ដ្បិត​ព្រះ‌អង្គ​បាន​ប្រទាន​ឲ្យ​ព្រះ‌រាជ‌បុត្រា​មាន​អំណាច​លើ​មនុស្ស​ទាំង​អស់ ដើម្បី​ប្រទាន​ជីវិត​អស់​កល្ប​ជា‌និច្ច ដល់​អស់​អ្នក​ដែល​ព្រះ‌អង្គ​បាន​ប្រទាន​មក​ព្រះ‌រាជ‌បុត្រា។ 3ឯ​ជីវិត​អស់​កល្ប​ជា‌និច្ច​នោះគឺ ឲ្យ​គេ​បាន​ស្គាល់​ព្រះ‌អង្គ ដែល​ជា​ព្រះ​ពិត​តែ​មួយ និង​ព្រះ‌យេស៊ូវ‌គ្រីស្ទ ដែល​ទ្រង់​បាន​ចាត់​ឲ្យ​មក។ 4ទូល​បង្គំ​បាន​លើក​តម្កើង​ព្រះ‌អង្គ​នៅ​ផែនដី ដោយ​បាន​បង្ហើយ​កិច្ច‌ការ ដែល​ព្រះ‌អង្គ​ប្រគល់​ឲ្យ​ទូល​បង្គំ​ធ្វើ​នោះ​ចប់​សព្វ​គ្រប់​ហើយ។ 5ព្រះ‌វរបិតា​អើយ ឥឡូវ​នេះ សូម​លើក​តម្កើង​ទូល​បង្គំ​ជាមួយ​ព្រះ‌អង្គ​ផង ដោយ​សិរី‌ល្អ​ដែល​ទូល​បង្គំ​ធ្លាប់​មាន​ជា​មួយ​ព្រះ‌អង្គ តាំង​ពី​មុន​កំណើត​ពិភព​លោក​មក។
6ទូល​បង្គំ​បាន​សម្តែង​ព្រះ‌នាម​របស់​ព្រះ‌អង្គ ឲ្យ​អស់​អ្នក​ដែល​ព្រះ‌អង្គ​បាន​ញែក​ពី​លោកីយ៍​នេះ​ប្រទាន​មក​ទូល​បង្គំ​ស្គាល់​ហើយ អ្នក​ទាំង​នោះ​ជា​របស់​ព្រះ‌អង្គ ហើយ​ព្រះ‌អង្គ​ប្រទាន​គេ​មក​ទូល​បង្គំ បាន​កាន់​តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ។ 7ឥឡូវ​នេះ គេ​ដឹង​ហើយ​ថា អ្វីៗ​ដែល​ព្រះ‌អង្គ​ប្រទាន​មក​ទូល​បង្គំ សុទ្ធ​តែ​មក​ពី​ព្រះ‌អង្គ​ទាំង​អស់ 8ដ្បិត​ព្រះ‌បន្ទូល​ដែល​ព្រះ‌អង្គ​បាន​ប្រទាន​មក ទូល​បង្គំ​បាន​ឲ្យ​ដល់​គេ​ហើយ គេ​ក៏​ទទួល​យក ហើយ​ដឹង​ជា​ប្រាកដ​ថា ទូល​បង្គំ​មក​ពី​ព្រះ‌អង្គ ក៏​ជឿ​ថា​ព្រះ‌អង្គ​ចាត់​ទូល​បង្គំ​ឲ្យ​មក​មែន។ 9ទូល​បង្គំ​មិន​មែន​អធិស្ឋាន​ឲ្យ​លោកីយ៍​ទេ គឺ​អធិស្ឋាន​ឲ្យ​អស់​អ្នក​ដែល​ព្រះ‌អង្គ​បាន​ប្រទាន​មក​ទូល​បង្គំ ព្រោះ​គេ​ជា​របស់​ព្រះ‌អង្គ។ 10អ្វីៗ​ជា​របស់​ទូល​បង្គំ ក៏​ជា​របស់​ព្រះ‌អង្គ ហើយ​អ្វីៗ​ជា​របស់​ព្រះ‌អង្គ ក៏​ជា​របស់​ទូល​បង្គំ​ដែរ ទូល​បង្គំ​បាន​ថ្កើង​ឡើង​ក្នុង​គេ​ហើយ។ 11ទូល​បង្គំ​មិន​នៅ​ក្នុង​ពិភព​លោក​នេះ​ទៀត​ទេ តែ​អ្នក​ទាំង​នេះ​នៅ​ក្នុង​ពិភព​លោក​នេះ​នៅ​ឡើយ ហើយ​ទូល​បង្គំ​នឹង​ទៅ​ឯ​ព្រះ‌អង្គ ឱ​ព្រះ‌វរបិតា​ដ៏​បរិសុទ្ធ​អើយ សូម​ព្រះ‌អង្គ​រក្សា​អស់​អ្នក​ដែល​ព្រះ‌អង្គ​បាន​ប្រទាន​មក​ទូល​បង្គំ ក្នុង​ព្រះ‌នាម​ព្រះ‌អង្គ​ផង ដើម្បី​ឲ្យ​គេ​បាន​រួម​មក​តែ​មួយ ដូច​យើង​រួម​មក​តែ​មួយ​ដែរ។ 12កាល​ទូល​បង្គំ​នៅ​ជា​មួយ​គេ ទូល​បង្គំ​បាន​រក្សា​គេ ក្នុង​ព្រះ‌នាម​ដែល​ព្រះ‌អង្គ​បាន​ប្រ​ទាន​មក​ទូល​បង្គំ។ ទូល​បង្គំ​បាន​ការ​ពារ​គេ ហើយ​គ្មាន​អ្នក​ណា​មួយ​ត្រូវ​វិនាស​ឡើយ លើក​លែង​តែ​ម្នាក់ ដែល​បាន​តម្រូវ​ឲ្យ​វិនាស​ប៉ុណ្ណោះ ដើម្បី​ឲ្យ​បាន​សម្រេច​តាម​បទ​គម្ពីរ។ 13ឥឡូវ​នេះ ទូល​បង្គំ​ទៅ​ឯ​ព្រះ‌អង្គ តែ​សេចក្តី​ទាំង​នេះ​ដែល​ទូល​បង្គំ​និយាយ​នៅ​ក្នុង​លោក​នេះ ដើម្បី​ឲ្យ​អំណរ​របស់​ទូល​បង្គំ​បាន​ពោរ‌ពេញ​នៅ​ក្នុង​គេ។ 14ទូល​បង្គំ​បាន​ឲ្យ​ព្រះ‌បន្ទូល​ព្រះ‌អង្គ​ដល់​គេ​ហើយ លោកីយ៍​បាន​ស្អប់​គេ ព្រោះ​គេ​មិន​មែន​ជា​របស់​លោកីយ៍ ដូច​ជា​ទូល​បង្គំ​មិន​មែន​ជា​របស់​លោកីយ៍​ដែរ។ 15ទូល​បង្គំ​មិន​ទូល​សូម​ឲ្យ​ព្រះ‌អង្គ​យក​គេ​ចេញ​ពី​លោកីយ៍​ទេ គឺ​សូម​ឲ្យ​ព្រះ‌អង្គ​ការពារ​គេ​ពី​អាកំណាច​វិញ។ 16គេ​មិន​មែន​ជា​របស់​លោកីយ៍ ដូច​ជា​ទូល​បង្គំ​មិន​មែន​ជា​របស់​លោកីយ៍​ដែរ។ 17សូម​ញែក​គេ​ចេញ​ជា​បរិសុទ្ធ ដោយ​សារ​សេចក្តី​ពិត គឺ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ។ 18ទូល​បង្គំ​ចាត់​គេ​ឲ្យ​ទៅ​ក្នុង​ពិភព​លោក ដូច​ព្រះ‌អង្គ​បាន​ចាត់​ទូល​បង្គំ​ឲ្យ​មក​ក្នុង​ពិភព​លោក​ដែរ។ 19រីឯ​ទូល​បង្គំ​បាន​ញែក​ខ្លួន​ជា​បរិសុទ្ធ ដោយ​យល់​ដល់​គេ ដើម្បី​ឲ្យ​គេ​បាន​ញែក​ជា​បរិសុទ្ធ ដោយ​សារ​សេចក្តី​ពិត​ដែរ។
20ទូល​បង្គំ​មិន​អធិស្ឋាន​ឲ្យ​តែ​អ្នក​ទាំង​នេះ​ប៉ុណ្ណោះ​ទេ គឺ​ឲ្យ​អស់​អ្នក​ដែល​នឹង​ជឿ​ដល់​ទូល​បង្គំ តាម​រយៈ​ពាក្យ​របស់​គេ​ផង​ដែរ 21ដើម្បី​ឲ្យ​គេ​ទាំង​អស់​គ្នា​បាន​រួម​មក​តែ​មួយ ដូច​ព្រះ‌វរបិតា​គង់​ក្នុង​ទូល​បង្គំ ហើយ​ទូល​បង្គំ​នៅ​ក្នុង​ព្រះ‌អង្គ គឺ​ឲ្យ​គេ​បាន​រួម​គ្នា​តែ​មួយ​ក្នុង​យើង ប្រយោជន៍​ឲ្យ​មនុស្ស​លោក​បាន​ជឿ​ថា ព្រះ‌អង្គ​បាន​ចាត់​ឲ្យ​ទូល​បង្គំ​ឲ្យ​មក​មែន។ 22រី​ឯ​សិរី​ល្អ​ដែល​ព្រះ‌អង្គ​បាន​ប្រទាន​មក​ទូល​បង្គំ ទូល​បង្គំ​បាន​ឲ្យ​ដល់​គេ​ហើយ ដើម្បី​ឲ្យ​គេ​បាន​រួម​គ្នា​តែ​មួយ ដូច​យើង​ក៏​រួម​តែ​មួយ​ដែរ 23គឺ​ទូល​បង្គំ​នៅ​ក្នុង​គេ ហើយ​ព្រះ‌អង្គ​គង់​ក្នុង​ទូល​បង្គំ ដើម្បី​ឲ្យ​គេ​បាន​រួម​គ្នា​តែ​មួយ​យ៉ាង​ពេញ​លេញ ប្រយោជន៍​ឲ្យ​មនុស្ស​លោក​បាន​ដឹង​ថា ព្រះ‌អង្គ​បាន​ចាត់​ទូល​បង្គំ​ឲ្យ​មក ហើយ​ដឹង​ថា ព្រះ‌អង្គ​ស្រឡាញ់​គេ ដូច​ព្រះ‌អង្គ​បាន​ស្រឡាញ់​ទូល​បង្គំ​ដែរ។ 24ឱ​ព្រះ‌វរបិតា​អើយ ទូល​បង្គំ​ចង់​ឲ្យ​ពួក​អ្នក​ដែល​ព្រះ‌អង្គ​បាន​ប្រទាន​មក​ទូល​បង្គំ នៅ​ជា​មួយ​ទូល​បង្គំ ក្នុង​កន្លែង​ដែល​ទូល​បង្គំ​នៅ​ដែរ ដើម្បី​ឲ្យ​ឃើញ​សិរី​ល្អ ដែល​ព្រះ‌អង្គ​បាន​ប្រទាន​មក​ទូល​បង្គំ ដ្បិត​ព្រះ‌អង្គ​បាន​ស្រឡាញ់​ទូល​បង្គំ តាំង​ពី​មុន​កំណើត​ពិភព​លោក​មក​ម៉្លេះ។
25ឱ​ព្រះ‌វរបិតា​ដ៏​សុចរិត​អើយ មនុស្ស​លោក​មិន​ស្គាល់​ព្រះ‌អង្គ​ទេ តែ​ទូល​បង្គំ​ស្គាល់ ហើយ​អ្នក​ទាំង​នេះ​ក៏​ដឹង​ថា ព្រះ‌អង្គ​បាន​ចាត់​ឲ្យ​ទូល​បង្គំ​មក​មែន។ 26ទូល​បង្គំ​បាន​សម្តែង​ឲ្យ​គេ​ស្គាល់​ព្រះ‌នាម​ព្រះ‌អង្គ ក៏​នឹង​សម្តែង​ឲ្យ​គេ​ស្គាល់​ច្បាស់​ថែម​ទៀត ដើម្បី​ឲ្យ​សេចក្តី​ស្រឡាញ់ ដែល​ព្រះ‌អង្គ​បាន​ស្រឡាញ់​ទូល​បង្គំ​បាន​នៅ​ក្នុង​គេ ហើយ​ទូល​បង្គំ​ក៏​នៅ​ក្នុង​គេ​ដែរ»។

ទើបបានជ្រើសរើសហើយ៖

យ៉ូហាន 17: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ