យ៉ូហាន 17:22-26
យ៉ូហាន 17:22-26 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
រីឯសិរីល្អដែលព្រះអង្គបានប្រទានមកទូលបង្គំ ទូលបង្គំបានឲ្យដល់គេហើយ ដើម្បីឲ្យគេបានរួមគ្នាតែមួយ ដូចយើងក៏រួមតែមួយដែរ គឺទូលបង្គំនៅក្នុងគេ ហើយព្រះអង្គគង់ក្នុងទូលបង្គំ ដើម្បីឲ្យគេបានរួមគ្នាតែមួយយ៉ាងពេញលេញ ប្រយោជន៍ឲ្យមនុស្សលោកបានដឹងថា ព្រះអង្គបានចាត់ទូលបង្គំឲ្យមក ហើយដឹងថា ព្រះអង្គស្រឡាញ់គេ ដូចព្រះអង្គបានស្រឡាញ់ទូលបង្គំដែរ។ ឱព្រះវរបិតាអើយ ទូលបង្គំចង់ឲ្យពួកអ្នកដែលព្រះអង្គបានប្រទានមកទូលបង្គំ នៅជាមួយទូលបង្គំ ក្នុងកន្លែងដែលទូលបង្គំនៅដែរ ដើម្បីឲ្យឃើញសិរីល្អ ដែលព្រះអង្គបានប្រទានមកទូលបង្គំ ដ្បិតព្រះអង្គបានស្រឡាញ់ទូលបង្គំ តាំងពីមុនកំណើតពិភពលោកមកម៉្លេះ។ ឱព្រះវរបិតាដ៏សុចរិតអើយ មនុស្សលោកមិនស្គាល់ព្រះអង្គទេ តែទូលបង្គំស្គាល់ ហើយអ្នកទាំងនេះក៏ដឹងថា ព្រះអង្គបានចាត់ឲ្យទូលបង្គំមកមែន។ ទូលបង្គំបានសម្តែងឲ្យគេស្គាល់ព្រះនាមព្រះអង្គ ក៏នឹងសម្តែងឲ្យគេស្គាល់ច្បាស់ថែមទៀត ដើម្បីឲ្យសេចក្តីស្រឡាញ់ ដែលព្រះអង្គបានស្រឡាញ់ទូលបង្គំបាននៅក្នុងគេ ហើយទូលបង្គំក៏នៅក្នុងគេដែរ»។
យ៉ូហាន 17:22-26 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
រីឯសិរីរុងរឿងដែលព្រះអង្គប្រទានមកទូលបង្គំ ទូលបង្គំបានប្រគល់ទៅឲ្យគេហើយ ដើម្បីឲ្យគេរួមគ្នាជាអង្គតែមួយ ដូចយើងជាអង្គតែមួយដែរ គឺឲ្យទូលបង្គំនៅក្នុងគេ ព្រះអង្គនៅក្នុងទូលបង្គំ ដើម្បីឲ្យគេរួមគ្នាជាអង្គតែមួយពិតប្រាកដមែន ហើយមនុស្សលោកទទួលស្គាល់ថា ព្រះអង្គបានចាត់ទូលបង្គំឲ្យមក ព្រមទាំងទទួលស្គាល់ថា ព្រះអង្គស្រឡាញ់គេដូចព្រះអង្គស្រឡាញ់ទូលបង្គំដែរ។ ឱព្រះបិតាអើយ! ទូលបង្គំចង់ឲ្យអស់អ្នកដែលព្រះអង្គប្រទានមកទូលបង្គំ បាននៅជាមួយទូលបង្គំ ឯកន្លែងដែលទូលបង្គំនៅនោះដែរ ដើម្បីឲ្យគេឃើញសិរីរុងរឿងដែលព្រះអង្គប្រទានមកទូលបង្គំ ព្រោះព្រះអង្គបានស្រឡាញ់ទូលបង្គំ តាំងពីមុនកំណើតពិភពលោកមកម៉្លេះ។ ឱព្រះបិតាដ៏សុចរិតអើយ! មនុស្សលោកពុំបានស្គាល់ព្រះអង្គទេ រីឯទូលបង្គំវិញ ទូលបង្គំស្គាល់ ព្រះអង្គ ហើយអ្នកទាំងនេះក៏ទទួលស្គាល់ថា ព្រះអង្គបានចាត់ទូលបង្គំឲ្យមកមែន។ ទូលបង្គំបានសម្តែងព្រះនាមព្រះអង្គឲ្យគេស្គាល់ ហើយទូលបង្គំនឹងសម្តែងឲ្យគេរឹតតែស្គាល់ថែមទៀត ដើម្បីឲ្យសេចក្ដីស្រឡាញ់របស់ព្រះអង្គចំពោះទូលបង្គំស្ថិតនៅក្នុងគេ ហើយទូលបង្គំក៏ស្ថិតនៅក្នុងគេដែរ»។
យ៉ូហាន 17:22-26 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឯសិរីល្អដែលទ្រង់ប្រទានមកទូលបង្គំ នោះទូលបង្គំបានឲ្យដល់គេហើយ ដើម្បីឲ្យគេបានរួមគ្នាតែមួយ ដូចជាយើងក៏រួមតែមួយដែរ គឺទូលបង្គំនៅក្នុងគេ ហើយទ្រង់គង់ក្នុងទូលបង្គំ ដើម្បីឲ្យគេបានគ្រប់លក្ខណ៍ឡើង ដរាបដល់រួមគ្នាតែមួយជាស្រេច ប្រយោជន៍ឲ្យលោកីយបានដឹងថា គឺទ្រង់ដែលចាត់ឲ្យទូលបង្គំមកមែន ហើយថា ទ្រង់ស្រឡាញ់គេ ដូចជាស្រឡាញ់ទូលបង្គំដែរ។ ឱព្រះវរបិតាអើយ ឯពួកអ្នកដែលទ្រង់ប្រទានមកទូលបង្គំ នោះទូលបង្គំចង់ឲ្យគេនៅជាមួយនឹងទូលបង្គំ ក្នុងកន្លែងដែលទូលបង្គំនៅដែរ ដើម្បីឲ្យបានឃើញសិរីល្អ ដែលទ្រង់បានប្រទានមកទូលបង្គំ ដ្បិតទ្រង់បានស្រឡាញ់ទូលបង្គំ តាំងតែពីមុនកំណើតលោកីយរៀងមក ឱព្រះវរបិតាដ៏សុចរិតអើយ លោកីយមិនស្គាល់ទ្រង់ទេ តែទូលបង្គំស្គាល់ទ្រង់ ហើយពួកអ្នកនេះក៏ដឹងថា ទ្រង់បានចាត់ឲ្យទូលបង្គំមកដែរ ទូលបង្គំបានឲ្យគេស្គាល់ព្រះនាមទ្រង់ ក៏នឹងសំដែងឲ្យគេស្គាល់តទៅទៀត ដើម្បីឲ្យសេចក្ដីស្រឡាញ់ ដែលទ្រង់ស្រឡាញ់ដល់ទូលបង្គំ បាននៅក្នុងគេ ហើយឲ្យទូលបង្គំនៅក្នុងគេដែរ។