យ៉ូហាន 17:20-25

យ៉ូហាន 17:20-25 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ទូល​បង្គំ​មិន​អធិស្ឋាន​ឲ្យ​តែ​អ្នក​ទាំង​នេះ​ប៉ុណ្ណោះ​ទេ គឺ​ឲ្យ​អស់​អ្នក​ដែល​នឹង​ជឿ​ដល់​ទូល​បង្គំ តាម​រយៈ​ពាក្យ​របស់​គេ​ផង​ដែរ ដើម្បី​ឲ្យ​គេ​ទាំង​អស់​គ្នា​បាន​រួម​មក​តែ​មួយ ដូច​ព្រះ‌វរបិតា​គង់​ក្នុង​ទូល​បង្គំ ហើយ​ទូល​បង្គំ​នៅ​ក្នុង​ព្រះ‌អង្គ គឺ​ឲ្យ​គេ​បាន​រួម​គ្នា​តែ​មួយ​ក្នុង​យើង ប្រយោជន៍​ឲ្យ​មនុស្ស​លោក​បាន​ជឿ​ថា ព្រះ‌អង្គ​បាន​ចាត់​ឲ្យ​ទូល​បង្គំ​ឲ្យ​មក​មែន។ រី​ឯ​សិរី​ល្អ​ដែល​ព្រះ‌អង្គ​បាន​ប្រទាន​មក​ទូល​បង្គំ ទូល​បង្គំ​បាន​ឲ្យ​ដល់​គេ​ហើយ ដើម្បី​ឲ្យ​គេ​បាន​រួម​គ្នា​តែ​មួយ ដូច​យើង​ក៏​រួម​តែ​មួយ​ដែរ គឺ​ទូល​បង្គំ​នៅ​ក្នុង​គេ ហើយ​ព្រះ‌អង្គ​គង់​ក្នុង​ទូល​បង្គំ ដើម្បី​ឲ្យ​គេ​បាន​រួម​គ្នា​តែ​មួយ​យ៉ាង​ពេញ​លេញ ប្រយោជន៍​ឲ្យ​មនុស្ស​លោក​បាន​ដឹង​ថា ព្រះ‌អង្គ​បាន​ចាត់​ទូល​បង្គំ​ឲ្យ​មក ហើយ​ដឹង​ថា ព្រះ‌អង្គ​ស្រឡាញ់​គេ ដូច​ព្រះ‌អង្គ​បាន​ស្រឡាញ់​ទូល​បង្គំ​ដែរ។ ឱ​ព្រះ‌វរបិតា​អើយ ទូល​បង្គំ​ចង់​ឲ្យ​ពួក​អ្នក​ដែល​ព្រះ‌អង្គ​បាន​ប្រទាន​មក​ទូល​បង្គំ នៅ​ជា​មួយ​ទូល​បង្គំ ក្នុង​កន្លែង​ដែល​ទូល​បង្គំ​នៅ​ដែរ ដើម្បី​ឲ្យ​ឃើញ​សិរី​ល្អ ដែល​ព្រះ‌អង្គ​បាន​ប្រទាន​មក​ទូល​បង្គំ ដ្បិត​ព្រះ‌អង្គ​បាន​ស្រឡាញ់​ទូល​បង្គំ តាំង​ពី​មុន​កំណើត​ពិភព​លោក​មក​ម៉្លេះ។ ឱ​ព្រះ‌វរបិតា​ដ៏​សុចរិត​អើយ មនុស្ស​លោក​មិន​ស្គាល់​ព្រះ‌អង្គ​ទេ តែ​ទូល​បង្គំ​ស្គាល់ ហើយ​អ្នក​ទាំង​នេះ​ក៏​ដឹង​ថា ព្រះ‌អង្គ​បាន​ចាត់​ឲ្យ​ទូល​បង្គំ​មក​មែន។

ចែក​រំលែក
អាន យ៉ូហាន 17

យ៉ូហាន 17:20-25 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ទូលបង្គំ​មិន​អង្វរ​ព្រះអង្គ​ឲ្យ​តែ​អ្នក​ទាំង​នេះ​ប៉ុណ្ណោះ​ទេ គឺ​អង្វរ​ឲ្យ​អស់​អ្នក​ជឿ​លើ​ទូលបង្គំ តាម​រយៈ​ពាក្យ​ដែល​អ្នក​ទាំង​នេះ​ថ្លែង​ប្រាប់​ផង​ដែរ សូម​ឲ្យ​គេ​ទាំង​អស់​គ្នា​រួម​ជា​អង្គ​តែ​មួយ។ ឱ​ព្រះ‌បិតា​អើយ! ព្រះអង្គ​ស្ថិត​នៅ​ជាប់​នឹង​ទូលបង្គំ ហើយ​ទូលបង្គំ​ស្ថិត​នៅ​ជាប់​នឹង​ព្រះអង្គ​យ៉ាង​ណា សូម​ឲ្យ​គេ​រួម​គ្នា​ជា​អង្គ​តែ​មួយ​នៅ​ក្នុង​យើង​យ៉ាង​នោះ​ដែរ ដើម្បី​ឲ្យ​មនុស្ស​លោក​ជឿ​ថា ព្រះអង្គ​បាន​ចាត់​ទូលបង្គំ​ឲ្យ​មក​មែន។ រីឯ​សិរី‌រុងរឿង​ដែល​ព្រះអង្គ​ប្រទាន​មក​ទូលបង្គំ ទូលបង្គំ​បាន​ប្រគល់​ទៅ​ឲ្យ​គេ​ហើយ ដើម្បី​ឲ្យ​គេ​រួម​គ្នា​ជា​អង្គ​តែ​មួយ ដូច​យើង​ជា​អង្គ​តែ​មួយ​ដែរ គឺ​ឲ្យ​ទូលបង្គំ​នៅ​ក្នុង​គេ ព្រះអង្គ​នៅ​ក្នុង​ទូលបង្គំ ដើម្បី​ឲ្យ​គេ​រួម​គ្នា​ជា​អង្គ​តែ​មួយ​ពិត​ប្រាកដ​មែន ហើយ​មនុស្ស​លោក​ទទួល​ស្គាល់​ថា ព្រះអង្គ​បាន​ចាត់​ទូលបង្គំ​ឲ្យ​មក ព្រម​ទាំង​ទទួល​ស្គាល់​ថា ព្រះអង្គ​ស្រឡាញ់​គេ​ដូច​ព្រះអង្គ​ស្រឡាញ់​ទូលបង្គំ​ដែរ។ ឱ​ព្រះ‌បិតា​អើយ! ទូលបង្គំ​ចង់​ឲ្យ​អស់​អ្នក​ដែល​ព្រះអង្គ​ប្រទាន​មក​ទូលបង្គំ បាន​នៅ​ជា​មួយ​ទូលបង្គំ ឯ​កន្លែង​ដែល​ទូលបង្គំ​នៅ​នោះ​ដែរ ដើម្បី​ឲ្យ​គេ​ឃើញ​សិរី‌រុងរឿង​ដែល​ព្រះអង្គ​ប្រទាន​មក​ទូលបង្គំ ព្រោះ​ព្រះអង្គ​បាន​ស្រឡាញ់​ទូលបង្គំ តាំង​ពី​មុន​កំណើត​ពិភព​លោក​មក​ម៉្លេះ។ ឱ​ព្រះ‌បិតា​ដ៏​សុចរិត​អើយ! មនុស្ស​លោក​ពុំ​បាន​ស្គាល់​ព្រះអង្គ​ទេ រីឯ​ទូលបង្គំ​វិញ ទូលបង្គំ​ស្គាល់ ព្រះអង្គ ហើយ​អ្នក​ទាំង​នេះ​ក៏​ទទួល​ស្គាល់​ថា ព្រះអង្គ​បាន​ចាត់​ទូលបង្គំ​ឲ្យ​មក​មែន។

ចែក​រំលែក
អាន យ៉ូហាន 17

យ៉ូហាន 17:20-25 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ទូលបង្គំ​មិន​អធិស្ឋាន ឲ្យ​អ្នក​ទាំង​នេះ​តែ​ប៉ុណ្ណោះ គឺ​ឲ្យ​ដល់​ទាំង​អ្នក​ណា ដែល​នឹង​ជឿ​ដល់​ទូលបង្គំ ដោយ‌សារ​ពាក្យ​របស់​គេ​ថែម​ទៀត​ដែរ ដើម្បី​ឲ្យ​ទាំង​អស់​បាន​រួម​មក​តែ​មួយ ឱ​ព្រះវរ‌បិតា​អើយ ដូច​ជា​ទ្រង់​គង់​ក្នុង​ទូលបង្គំ ហើយ​ទូលបង្គំ​នៅ​ក្នុង​ទ្រង់​ដែរ គឺ​ឲ្យ​អ្នក​ទាំង​នោះ​បាន​រួម​គ្នា​តែ​មួយ នៅ​ក្នុង​យើង ប្រយោជន៍​ឲ្យ​លោកីយ​បាន​ជឿ​ថា ទ្រង់​ចាត់​ឲ្យ​ទូលបង្គំ​មក​ពិត ឯ​សិរី‌ល្អ​ដែល​ទ្រង់​ប្រទាន​មក​ទូលបង្គំ នោះ​ទូលបង្គំ​បាន​ឲ្យ​ដល់​គេ​ហើយ ដើម្បី​ឲ្យ​គេ​បាន​រួម​គ្នា​តែ​មួយ ដូច​ជា​យើង​ក៏​រួម​តែ​មួយ​ដែរ គឺ​ទូលបង្គំ​នៅ​ក្នុង​គេ ហើយ​ទ្រង់​គង់​ក្នុង​ទូលបង្គំ ដើម្បី​ឲ្យ​គេ​បាន​គ្រប់​លក្ខណ៍​ឡើង ដរាប​ដល់​រួម​គ្នា​តែ​មួយ​ជា​ស្រេច ប្រយោជន៍​ឲ្យ​លោកីយ​បាន​ដឹង​ថា គឺ​ទ្រង់​ដែល​ចាត់​ឲ្យ​ទូលបង្គំ​មក​មែន ហើយ​ថា ទ្រង់​ស្រឡាញ់​គេ ដូច​ជា​ស្រឡាញ់​ទូលបង្គំ​ដែរ។ ឱ​ព្រះវរ‌បិតា​អើយ ឯ​ពួក​អ្នក​ដែល​ទ្រង់​ប្រទាន​មក​ទូលបង្គំ នោះ​ទូលបង្គំ​ចង់​ឲ្យ​គេ​នៅ​ជា​មួយ​នឹង​ទូលបង្គំ ក្នុង​កន្លែង​ដែល​ទូលបង្គំ​នៅ​ដែរ ដើម្បី​ឲ្យ​បាន​ឃើញ​សិរី‌ល្អ ដែល​ទ្រង់​បាន​ប្រទាន​មក​ទូលបង្គំ ដ្បិត​ទ្រង់​បាន​ស្រឡាញ់​ទូលបង្គំ តាំង​តែ​ពី​មុន​កំណើត​លោកីយ​រៀង​មក ឱ​ព្រះវរ‌បិតា​ដ៏​សុចរិត​អើយ លោកីយ​មិន​ស្គាល់​ទ្រង់​ទេ តែ​ទូលបង្គំ​ស្គាល់​ទ្រង់ ហើយ​ពួក​អ្នក​នេះ​ក៏​ដឹង​ថា ទ្រង់​បាន​ចាត់​ឲ្យ​ទូលបង្គំ​មក​ដែរ

ចែក​រំលែក
អាន យ៉ូហាន 17