យ៉ូហាន 17:11-19
យ៉ូហាន 17:11-19 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ទូលបង្គំមិននៅក្នុងពិភពលោកនេះទៀតទេ តែអ្នកទាំងនេះនៅក្នុងពិភពលោកនេះនៅឡើយ ហើយទូលបង្គំនឹងទៅឯព្រះអង្គ ឱព្រះវរបិតាដ៏បរិសុទ្ធអើយ សូមព្រះអង្គរក្សាអស់អ្នកដែលព្រះអង្គបានប្រទានមកទូលបង្គំ ក្នុងព្រះនាមព្រះអង្គផង ដើម្បីឲ្យគេបានរួមមកតែមួយ ដូចយើងរួមមកតែមួយដែរ។ កាលទូលបង្គំនៅជាមួយគេ ទូលបង្គំបានរក្សាគេ ក្នុងព្រះនាមដែលព្រះអង្គបានប្រទានមកទូលបង្គំ។ ទូលបង្គំបានការពារគេ ហើយគ្មានអ្នកណាមួយត្រូវវិនាសឡើយ លើកលែងតែម្នាក់ ដែលបានតម្រូវឲ្យវិនាសប៉ុណ្ណោះ ដើម្បីឲ្យបានសម្រេចតាមបទគម្ពីរ។ ឥឡូវនេះ ទូលបង្គំទៅឯព្រះអង្គ តែសេចក្តីទាំងនេះដែលទូលបង្គំនិយាយនៅក្នុងលោកនេះ ដើម្បីឲ្យអំណររបស់ទូលបង្គំបានពោរពេញនៅក្នុងគេ។ ទូលបង្គំបានឲ្យព្រះបន្ទូលព្រះអង្គដល់គេហើយ លោកីយ៍បានស្អប់គេ ព្រោះគេមិនមែនជារបស់លោកីយ៍ ដូចជាទូលបង្គំមិនមែនជារបស់លោកីយ៍ដែរ។ ទូលបង្គំមិនទូលសូមឲ្យព្រះអង្គយកគេចេញពីលោកីយ៍ទេ គឺសូមឲ្យព្រះអង្គការពារគេពីអាកំណាចវិញ។ គេមិនមែនជារបស់លោកីយ៍ ដូចជាទូលបង្គំមិនមែនជារបស់លោកីយ៍ដែរ។ សូមញែកគេចេញជាបរិសុទ្ធ ដោយសារសេចក្តីពិត គឺជាព្រះបន្ទូលរបស់ព្រះអង្គ។ ទូលបង្គំចាត់គេឲ្យទៅក្នុងពិភពលោក ដូចព្រះអង្គបានចាត់ទូលបង្គំឲ្យមកក្នុងពិភពលោកដែរ។ រីឯទូលបង្គំបានញែកខ្លួនជាបរិសុទ្ធ ដោយយល់ដល់គេ ដើម្បីឲ្យគេបានញែកជាបរិសុទ្ធ ដោយសារសេចក្តីពិតដែរ។
យ៉ូហាន 17:11-19 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ទូលបង្គំមិននៅក្នុងលោកនេះទៀតទេ រីឯអ្នកទាំងនោះស្ថិតនៅក្នុងលោកនៅឡើយ ហើយទូលបង្គំទៅឯព្រះអង្គវិញ។ ឱព្រះបិតាដ៏វិសុទ្ធអើយ! សូមថែរក្សាអ្នកទាំងនោះដោយព្រះនាមព្រះអង្គផង គឺព្រះនាមនេះហើយដែលព្រះអង្គបានប្រទានមកទូលបង្គំ ដើម្បីឲ្យគេរួមគ្នាជាអង្គតែមួយ ដូចយើងជាអង្គតែមួយដែរ។ កាលទូលបង្គំនៅជាមួយអ្នកទាំងនោះ ទូលបង្គំបានថែរក្សាគេ ដោយព្រះនាមដែលព្រះអង្គបានប្រទានមកទូលបង្គំ។ ទូលបង្គំបានការពារគេ ហើយគ្មាននរណាត្រូវវិនាសបាត់បង់ឡើយ លើកលែងតែម្នាក់ដែលត្រូវវិនាស ស្របតាមសេចក្ដីដែលមានចែងទុកក្នុងគម្ពីរប៉ុណ្ណោះ។ ឥឡូវនេះ ទូលបង្គំទៅឯព្រះអង្គហើយ ទូលបង្គំនិយាយដូច្នេះ ពេលទូលបង្គំនៅក្នុងលោកនេះនៅឡើយ ដើម្បីឲ្យគេមានអំណររបស់ទូលបង្គំជាអំណរដ៏ពេញលក្ខណៈ។ ទូលបង្គំបានប្រទានព្រះបន្ទូលរបស់ព្រះអង្គឲ្យគេ តែមនុស្សលោកស្អប់គេ ពីព្រោះគេមិនកើតពីនិស្ស័យលោកីយ៍ទេ ដូចជាទូលបង្គំមិនកើតពីនិស្ស័យលោកីយ៍នេះដែរ។ ទូលបង្គំមិនអង្វរព្រះអង្គឲ្យយកគេចេញពីលោកនេះឡើយ គឺសូមព្រះអង្គមេត្តាការពារគេពីអំណាចមារ*កំណាចវិញ។ គេមិនកើតពីនិស្ស័យលោកីយ៍ទេ ដូចទូលបង្គំមិនកើតពីនិស្ស័យលោកីយ៍នេះដែរ។ សូមប្រោសគេឲ្យវិសុទ្ធ* ដោយសារសេចក្ដីពិត គឺព្រះបន្ទូលរបស់ព្រះអង្គនោះហើយជាសេចក្ដីពិត។ ទូលបង្គំចាត់គេឲ្យទៅក្នុងលោក ដូចព្រះអង្គបានចាត់ទូលបង្គំឲ្យមកក្នុងលោកដែរ។ រីឯទូលបង្គំវិញ ទូលបង្គំបូជាជីវិតថ្វាយព្រះអង្គជាប្រយោជន៍ដល់គេ ដើម្បីឲ្យគេវិសុទ្ធ ដោយសារសេចក្ដីពិត។
យ៉ូហាន 17:11-19 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
អ្នកទាំងនេះនៅក្នុងលោកីយ តែទូលបង្គំមិននៅក្នុងលោកីយទៀតទេ ទូលបង្គំនឹងទៅឯទ្រង់ ឱព្រះវរបិតាដ៏បរិសុទ្ធអើយ ឯពួកអ្នកដែលទ្រង់បានប្រទានមកទូលបង្គំ នោះសូមទ្រង់រក្សាគេដោយព្រះនាមទ្រង់ផង ដើម្បីឲ្យគេបានរួមគ្នាតែ១ ដូចជាយើងដែរ កាលទូលបង្គំនៅក្នុងលោកីយជាមួយនឹងគេ នោះទូលបង្គំបានរក្សាគេ ដោយព្រះនាមទ្រង់ដែរ ទូលបង្គំបានរក្សាទុកនូវអស់អ្នក ដែលទ្រង់ប្រទានមកទូលបង្គំ គ្មានអ្នកណាមួយត្រូវវិនាសឡើយ បានវិនាសតែ១នាក់នោះ ដែលបានដំរូវឲ្យត្រូវវិនាសប៉ុណ្ណោះ ដើម្បីឲ្យបានសំរេចតាមបទគម្ពីរ ឥឡូវនេះ ទូលបង្គំទៅឯទ្រង់ តែទូលបង្គំថ្លែងសេចក្ដីទាំងនេះ នៅក្នុងលោកីយ ដើម្បីឲ្យគេបានសេចក្ដីអំណររបស់ទូលបង្គំ ឲ្យនៅពោរពេញក្នុងខ្លួនគេ ទូលបង្គំបានឲ្យព្រះបន្ទូលទ្រង់ដល់គេ ហើយលោកីយបានស្អប់គេ ពីព្រោះគេមិនមែនជារបស់លោកីយទេ ដូចជាទូលបង្គំក៏មិនមែនជារបស់លោកីយដែរ ទូលបង្គំមិនសូមឲ្យយកគេចេញពីលោកីយទេ គឺសូមឲ្យទ្រង់រក្សាគេ ឲ្យរួចពីសេចក្ដីអាក្រក់វិញ គេមិនមែនជារបស់ផងលោកីយ ដូចជាទូលបង្គំក៏មិនមែនជារបស់លោកីយដែរ សូមញែកគេចេញជាបរិសុទ្ធ ដោយសារសេចក្ដីពិតរបស់ទ្រង់ ឯសេចក្ដីពិត គឺជាព្រះបន្ទូលរបស់ទ្រង់ ទូលបង្គំបានចាត់គេឲ្យទៅក្នុងលោកីយ ដូចជាទ្រង់ចាត់ទូលបង្គំ ឲ្យមកក្នុងលោកីយដែរ ឯទូលបង្គំក៏ញែកខ្លួនចេញជាបរិសុទ្ធដោយយល់ដល់គេ ដើម្បីឲ្យគេបានញែកចេញជាបរិសុទ្ធ ដោយសារសេចក្ដីពិតដែរ។