យេរេមា 9:1-22
យេរេមា 9:1-22 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ឱប្រសិនបើក្បាលខ្ញុំពេញដោយទឹក ហើយភ្នែកខ្ញុំជារន្ធចេញទឹកជានិច្ច ដើម្បីឲ្យខ្ញុំបានយំទាំងយប់ទាំងថ្ងៃ ពីដំណើរពួកអ្នកដែលត្រូវគេសម្លាប់ ក្នុងកូនស្រីនៃសាសន៍ខ្ញុំ ឱបើខ្ញុំមានទីស្នាក់អាស្រ័យនៅទីរហោស្ថាន ជាទីសំណាក់របស់អ្នកដំណើរ ដើម្បីឲ្យខ្ញុំបានលះបង់សាសន៍របស់ខ្ញុំ ហើយឃ្លាតចេញពីគេទៅ ដ្បិតគេសុទ្ធតែជាពួកកំផិត គឺជាជំនុំមនុស្សក្បត់។ ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ គេដំឡើងអណ្ដាតដូចជាធ្នូ សម្រាប់ពាក្យភូតភរ ហើយគេបានចម្រើនកម្លាំងនៅក្នុងស្រុកផង តែមិនមែនសម្រាប់សេចក្ដីពិតត្រង់ទេ ដ្បិតគេចេះតែប្រព្រឹត្តអំពើអាក្រក់មួយហើយមួយទៀត ហើយគេមិនស្គាល់យើងទេ។ ចូរឲ្យគ្រប់គ្នាប្រុងប្រយ័ត្នចំពោះអ្នកជិតខាងខ្លួន កុំទុកចិត្តនឹងបងប្អូនណាមួយឡើយ ដ្បិតគ្រប់ទាំងបងប្អូននឹងដណ្ដើមយក ប្រយោជន៍អស់រលីង ហើយគ្រប់ទាំងអ្នកជិតខាង នឹងដើរទៅមកនិយាយមួលបង្កាច់គេ។ គ្រប់គ្នានឹងបព្ឆោាតអ្នកជិតខាងខ្លួន ហើយមិនព្រមពោលសេចក្ដីពិតទេ គេបានបង្វឹកអណ្ដាតឲ្យកុហក គេខំអស់ពីចិត្តនឹងប្រព្រឹត្តអាក្រក់។ គេសង្កត់សង្កិន និងបោកបព្ឆោាតម្ដងហើយម្ដងទៀត គេមិនព្រមស្គាល់យើងឡើយ នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា។ ហេតុនោះ ព្រះយេហូវ៉ានៃពួកពលបរិវារ ព្រះអង្គមានព្រះបន្ទូលដូច្នេះថា៖ មើល៍! យើងនឹងរំលាយ ហើយសាកល្បងគេ ដ្បិតតើឲ្យយើងធ្វើយ៉ាងណាទៀត ដល់កូនស្រីរបស់ប្រជារាស្ត្ររបស់យើងនេះ? អណ្ដាតគេជាព្រួញដែលសម្លាប់ ក៏ពោលសុទ្ធតែពាក្យបោកបព្ឆោាត គេនិយាយសេចក្ដីមេត្រីនឹងអ្នកជិតខាង ដោយបបូរមាត់ តែក្នុងចិត្តគេលបចាំចាប់វិញ។ ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ តើមិនត្រូវឲ្យយើងធ្វើទោសគេ ដោយព្រោះអំពើយ៉ាងនោះទេឬ? តើព្រលឹងយើងមិនត្រូវសងសឹក ចំពោះសាសន៍ណាយ៉ាងនេះទេឬ? ខ្ញុំនឹងឡើងសំឡេងយំ ហើយស្រែកទ្រហោនឹងភ្នំទាំងប៉ុន្មាន ទួញចំពោះវាលឃ្វាលសត្វនៅទីរហោស្ថាន ព្រោះបានឆេះអស់ហើយ បានជាគ្មានអ្នកណាដើរតាមនោះទៀត ក៏គ្មានអ្នកណាឮសំឡេងរបស់ហ្វូងសត្វដែរ ឯសត្វហើរលើអាកាស និងសត្វជើងបួនបានបាត់អស់ទៅហើយ។ យើងនឹងធ្វើឲ្យក្រុងយេរូសាឡិមត្រឡប់ជាកងគំនរ គឺជាទីលំនៅនៃពួកចចក ហើយធ្វើឲ្យក្រុងទាំងប៉ុន្មាននៅស្រុកយូដា ត្រូវចោលស្ងាត់ ឥតមានអ្នកណានៅឡើយ។ តើអ្នកណាមានប្រាជ្ញា ដែលអាចយល់សេចក្ដីនេះបាន? តើព្រះឧស្ឋនៃព្រះយេហូវ៉ាបានមានព្រះបន្ទូលចំពោះអ្នកណា ដើម្បីឲ្យគេបានថ្លែងប្រាប់តទៅ? ហេតុអ្វីបានជាស្រុកត្រូវវិនាស ហើយឆេះសុសដូចជាទីរហោស្ថាន ដែលគ្មានអ្នកណាដើរកាត់ទៀតដូច្នេះ? ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ គឺដោយព្រោះតែគេបានបោះបង់ក្រឹត្យវិន័យរបស់យើង ដែលយើងបានដាក់នៅមុខគេ ហើយមិនបានស្តាប់ ឬដើរតាមពាក្យរបស់យើងប៉ុណ្ណោះ។ គឺគេបានដើរតាមតែចិត្តរឹងរបស់គេវិញ ព្រមទាំងតាមព្រះបាលទាំងប៉ុន្មាន ដែលបុព្វបុរសគេបានបង្រៀនដល់គេ។ ហេតុនោះ ព្រះយេហូវ៉ានៃពួកពលបរិវារ ជាព្រះរបស់សាសន៍អ៊ីស្រាអែល មានព្រះបន្ទូលដូច្នេះថា៖ យើងនឹងចិញ្ចឹមជនជាតិនេះដោយស្លែង ហើយនឹងឲ្យទឹកពុលទៅគេផឹក។ យើងនឹងកម្ចាត់កម្ចាយគេទៅគ្រប់ទាំងសាសន៍ ជាសាសន៍ដែលខ្លួនគេ ឬបុព្វបុរសគេ ក៏មិនបានស្គាល់ផង ហើយយើងនឹងចាត់ប្រើដាវឲ្យទៅតាមគេ ដរាបដល់បានបំផ្លាញគេអស់រលីង។ ព្រះយេហូវ៉ានៃពួកពលបរិវារព្រះអង្គមានព្រះបន្ទូលថា៖ ចូរអ្នករាល់គ្នាពិចារណាចុះ ហើយហៅពួកស្រីស៊ីឈ្នួលយំឲ្យមក ចូរចាត់គេឲ្យទៅហៅពួកស្រីវាងវៃឲ្យមកដែរ។ ត្រូវឲ្យគេប្រញាប់លើកបទទំនួញឲ្យយើង ដើម្បីឲ្យភ្នែកយើងបានស្រក់ទឹកចុះ ហើយឲ្យត្របកភ្នែកយើងបានចេញទឹកល្ហល្ហាច។ ដ្បិតមានឮសំឡេងទ្រហោយំ ពីក្រុងស៊ីយ៉ូនមកថា៖ ឱម៉្លេះសមយើងវេទនាយ៉ាងណាហ្ន៎ យើងមានសេចក្ដីខ្មាសជ្រប់មុខ ដោយព្រោះយើងត្រូវចោលស្រុក ហើយដោយព្រោះគេបានរំលំទីលំនៅ របស់យើងចោល។ ប៉ុន្តែ ឱពួកស្រីៗអើយ ចូរស្តាប់ព្រះបន្ទូលនៃព្រះយេហូវ៉ាចុះ ហើយឲ្យត្រចៀកទទួលព្រះបន្ទូល ពីព្រះឧស្ឋរបស់ព្រះអង្គផង ត្រូវបង្រៀនកូនស្រីរបស់អ្នករាល់គ្នា ឲ្យចេះទ្រហោយំ ហើយឲ្យអ្នកជិតខាងទាំងប៉ុន្មាន ចេះទួញទំនួញ ព្រោះសេចក្ដីស្លាប់បានឡើងចូលមកតាមបង្អួចយើង ក៏បានចូលមកក្នុងដំណាក់របស់យើងដែរ ដើម្បីដកយកជីវិតកូនក្មេងនៅតាមទីធ្លា និងពួកកំលោះៗនៅតាមដងផ្លូវ។ ចូរប្រាប់ចុះ ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា៖ សាកសពរបស់មនុស្សនឹងធ្លាក់ចុះ ដូចជាជីនៅវាលស្រែ ហើយដូចជាកណ្ដាប់ស្រូវ តាមក្រោយអ្នកច្រូត ឥតមានអ្នកណាប្រមូលវិញឡើយ។
យេរេមា 9:1-22 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ប្រសិនបើខ្ញុំសម្បូណ៌ទឹកភ្នែក ហើយទឹកភ្នែកខ្ញុំអាចហូរដូចទឹកទន្លេ ម៉្លេះសមខ្ញុំយំទាំងថ្ងៃទាំងយប់ ស្រណោះសាកសពប្រជាជនរបស់ខ្ញុំ។ ប្រសិនបើមាននរណាឲ្យខ្ទមមួយ ដែលជាជម្រកសម្រាប់អ្នកដំណើរ នៅវាលរហោស្ថានមកខ្ញុំ នោះខ្ញុំនឹងបោះបង់ចោលប្រជាជនរបស់ខ្ញុំ ខ្ញុំនឹងទៅនៅយ៉ាងឆ្ងាយពីពួកគេ ដ្បិតប្រជាជននេះសុទ្ធតែជាមនុស្សផិតក្បត់ ពួកគេក្បត់ព្រះជាម្ចាស់ទាំងអស់គ្នា។ «អណ្ដាតរបស់គេប្រៀបបាននឹងធ្នូ ដែលគេយឹតបម្រុងនឹងបាញ់។ គេមានអំណាចនៅក្នុងស្រុក មិនមែនដោយសារសេចក្ដីពិតទេ តែមកពីការកុហក ពួកគេប្រព្រឹត្តអំពើអាក្រក់ផ្ទួនៗគ្នា ហើយពួកគេពុំស្គាល់យើងឡើយ» - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ «ម្នាក់ៗត្រូវប្រយ័ត្ននឹងមិត្តសម្លាញ់ ហើយមិនត្រូវទុកចិត្តបងប្អូនរបស់ខ្លួនឡើយ ដ្បិតបងប្អូនពូកែបោកប្រាស់គ្នាឯង ហើយមិត្តសម្លាញ់ក៏ពូកែមួលបង្កាច់គ្នាដែរ។ ពួកគេបោកបញ្ឆោតគ្នាទៅវិញទៅមក គ្មាននរណានិយាយការពិតទេ ពួកគេបង្ហាត់អណ្ដាតរបស់ខ្លួនឲ្យ ពោលពាក្យភូតភរ ហើយពួកគេលះបង់អំពើបាបពុំបានឡើយ។ ពួកគេប្រព្រឹត្តអំពើឃោរឃៅផ្ទួនៗគ្នា ហើយបោកបញ្ឆោតមិនឈប់ឈរ ពួកគេបដិសេធមិនព្រមទទួលស្គាល់យើង» - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ ហេតុនេះ ព្រះអម្ចាស់នៃពិភពទាំងមូល មានព្រះបន្ទូលថា៖ «មើល៍! យើងនឹងបន្សុទ្ធពួកគេនៅក្នុងភ្លើង ដ្បិតយើងពុំអាចធ្វើអ្វីផ្សេងទៀតក្រៅពីនេះ ចំពោះប្រជាជនរបស់យើងឡើយ។ អណ្ដាតរបស់ពួកគេជាព្រួញពិស គេពោលតែពាក្យបោកបញ្ឆោត មាត់របស់ពួកគេពោលពាក្យផ្អែមល្ហែម ទៅកាន់អ្នកដទៃ តែខាងក្នុងចិត្ត ពួកគេគិតគូររៀបចំអន្ទាក់។ តើមិនគួរឲ្យយើងធ្វើទារុណកម្មពួកគេ ព្រោះតែអំពើទាំងនោះទេឬ? តើមិនគួរឲ្យយើងដាក់ទោសប្រជាជាតិ បែបនេះទេឬ?» - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ ខ្ញុំនឹងស្រែកទ្រហោយំ សោកសង្រេងនៅលើភ្នំ ខ្ញុំនឹងយំរៀបរាប់ នៅតាមវាលស្មៅដ៏ស្ងាត់ជ្រងំ ដ្បិតវាលស្មៅទាំងនោះត្រូវឆេះអស់ គ្មាននរណាដើរកាត់តាមនោះទៀតទេ ហើយក៏លែងឮសូរសម្រែកហ្វូងសត្វទៀតដែរ សត្វស្លាបក៏ដូចជាសត្វចតុប្បាទ វាចាកចេញបាត់អស់ទៅហើយ។ «យើងនឹងធ្វើឲ្យក្រុងយេរូសាឡឹម ក្លាយទៅជាគំនរឥដ្ឋ ជាកន្លែងដែលឆ្កែចចកយកធ្វើជាជម្រក។ យើងនឹងធ្វើឲ្យក្រុងទាំងឡាយ ក្នុងស្រុកយូដាក្លាយទៅជាទីស្ងាត់ជ្រងំ គ្មាននរណារស់នៅ!»។ តើនរណាមានប្រាជ្ញា អាចយល់ហេតុការណ៍ទាំងនេះបាន? ប្រសិនបើព្រះអម្ចាស់មានព្រះបន្ទូលតាមរយៈ អ្នកនោះមែន ចូរឲ្យគេពន្យល់មកមើល ហេតុអ្វីបានជាស្រុកទេសវិនាស និងឆេះអស់ ដូចវាលរហោស្ថានដែលគ្មាននរណាដើរកាត់។ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ហេតុការណ៍ទាំងនេះកើតឡើង មកពីពួកគេបោះបង់ចោលក្រឹត្យវិន័យ*ដែលយើងប្រគល់ឲ្យពួកគេ ពួកគេមិនបានស្ដាប់ និងធ្វើតាមសេចក្ដីដែលយើងទូន្មានពួកគេទេ។ ផ្ទុយទៅវិញ ពួកគេធ្វើតាមចិត្តរឹងរូសរបស់ខ្លួន ហើយនាំគ្នាជំពាក់ចិត្តនឹងព្រះបាល ដូចដូនតារបស់ខ្លួនប្រៀនប្រដៅ»។ ហេតុនេះហើយបានជាព្រះអម្ចាស់នៃពិភពទាំងមូល ជាព្រះនៃជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលថា៖ «យើងនឹងឲ្យប្រជាជននេះបរិភោគផ្លែស្លែង ហើយឲ្យគេផឹកទឹកដែលមានជាតិពុល។ យើងកម្ចាត់កម្ចាយពួកគេឲ្យទៅរស់នៅក្នុងចំណោមប្រជាជាតិទាំងឡាយដែលពួកគេផ្ទាល់ ឬដូនតារបស់ពួកគេពុំធ្លាប់ស្គាល់។ យើងឲ្យសត្រូវដេញកាប់សម្លាប់ពួកគេ រហូតទាល់តែស្លាប់អស់គ្មានសល់»។ ព្រះអម្ចាស់នៃពិភពទាំងមូល មានព្រះបន្ទូលថា៖ «ចូរនាំគ្នាគិតគូរហៅស្រីៗដែលស៊ីឈ្នួលយំ គឺស្រីៗដែលពូកែយំនោះឲ្យមក»។ ស្រីទាំងនោះត្រូវប្រញាប់យំរៀបរាប់ ស្រណោះយើងទាំងអស់គ្នា សូមឲ្យទឹកភ្នែករបស់យើងទាំងអស់គ្នា ហូរដូចទឹកទន្លេ។ សម្រែកថ្ងូរលេចឮចេញមកពីក្រុងស៊ីយ៉ូនថា យើងវិនាសហិនហោចអស់ហើយ! យើងសែនអាម៉ាស់ ដ្បិតយើងត្រូវតែបោះបង់ចោលស្រុក សត្រូវបានរំលំទីលំនៅរបស់យើងហើយ! ស្ត្រីទាំងឡាយអើយ ចូរនាំគ្នាស្ដាប់ព្រះបន្ទូលរបស់ព្រះអម្ចាស់ ចូរផ្ទៀងត្រចៀកស្ដាប់សេចក្ដីដែលព្រះអង្គ មានព្រះបន្ទូល! ចូរបង្ហាត់កូនស្រីរបស់នាងឲ្យចេះទ្រហោយំ ចូរបង្រៀនគ្នាទៅវិញទៅមក ឲ្យចេះយំរៀបរាប់ ដ្បិតសេចក្ដីស្លាប់ឡើងតាមបង្អួចរបស់យើង សេចក្ដីស្លាប់ចូលមកក្នុងកំពែងក្រុងរបស់យើង ដកយកជីវិតក្មេងៗនៅតាមដងផ្លូវ និងដកជីវិតពួកយុវជននៅតាមផ្សារ។ ចូរនាំព្រះបន្ទូលរបស់ព្រះអម្ចាស់ ទៅប្រកាសថា សាកសពរបស់មនុស្សនឹងនៅពាសពេញលើដី ដូចលាមកសត្វនៅតាមចម្ការ និងដូចកណ្ដាប់ដែលគេទើបនឹងច្រូតរួច តែគ្មាននរណារើសឡើយ។
យេរេមា 9:1-22 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឱបើសិនជាក្បាលខ្ញុំពេញដោយទឹក ហើយភ្នែកខ្ញុំជារន្ធចេញទឹកជានិច្ចទៅអេះ ដើម្បីឲ្យខ្ញុំបានយំទាំងយប់ទាំងថ្ងៃ ពីដំណើរពួកអ្នកដែលត្រូវគេសំឡាប់ ក្នុងកូនស្រីនៃសាសន៍ខ្ញុំ ឱបើខ្ញុំមានទីស្នាក់អាស្រ័យនៅទីរហោស្ថាន ជាទីសំណាក់របស់អ្នកដំណើរទៅអេះ ដើម្បីឲ្យខ្ញុំបានលះបង់សាសន៍របស់ខ្ញុំ ហើយឃ្លាតចេញពីគេទៅ ដ្បិតគេសុទ្ធតែជាពួកកំផិត គឺជាជំនុំមនុស្សក្បត់ ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា គេដំឡើងអណ្តាតដូចជាធ្នូ សំរាប់ពាក្យភូតភរ ហើយគេបានចំរើនកំឡាំងនៅក្នុងស្រុកផង តែមិនមែនសំរាប់សេចក្ដីពិតត្រង់ទេ ដ្បិតគេចេះតែជឿនពីអំពើអាក្រក់១ ទៅដល់អំពើអាក្រក់១ទៀត ហើយគេមិនស្គាល់អញទេ ចូរឲ្យគ្រប់គ្នាប្រុងប្រយ័តចំពោះអ្នកជិតខាងខ្លួន កុំឲ្យទុកចិត្តនឹងបងប្អូនណាមួយឡើយ ដ្បិតគ្រប់ទាំងបងប្អូននឹងដណ្តើមយកប្រយោជន៍អស់រលីង ហើយគ្រប់ទាំងអ្នកជិតខាងនឹងដើរទៅមកនិយាយបង្កាច់បង្កិនគេ គ្រប់គ្នានឹងបញ្ឆោតអ្នកជិតខាងខ្លួន ហើយមិនព្រមពោលសេចក្ដីពិតទេ គេបានបង្វឹកអណ្តាតឲ្យកុហក គេខំអស់ពីចិត្តនឹងប្រព្រឹត្តអាក្រក់ ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា ទីលំនៅរបស់ឯង នោះនៅកណ្តាលសេចក្ដីប្រវ័ញ្ចបញ្ឆោត ដោយព្រោះសេចក្ដីប្រវ័ញ្ចបញ្ឆោតនោះ បានជាគេមិនព្រមស្គាល់អញឡើយ។ ហេតុនោះ ព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់មានបន្ទូលដូច្នេះថា មើល អញនឹងរំលាយ ហើយសាកលគេ ដ្បិតតើនឹងឲ្យអញធ្វើយ៉ាងណាទៀត ដល់កូនស្រីរបស់រាស្ត្រអញនេះ អណ្តាតគេជាព្រួញដែលសំឡាប់ ក៏ពោលសុទ្ធតែសេចក្ដីប្រវ័ញ្ចបញ្ឆោត គេនិយាយសេចក្ដីមេត្រីនឹងអ្នកជិតខាងដោយបបូរមាត់ តែឯក្នុងចិត្ត នោះគេលបចាំចាប់វិញ ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា តើមិនត្រូវឲ្យអញធ្វើទោសគេ ដោយព្រោះអំពើយ៉ាងនោះទេឬ តើព្រលឹងអញមិនត្រូវសងសឹក ចំពោះសាសន៍ណាយ៉ាងនេះទេឬអី។ ខ្ញុំនឹងឡើងសំឡេងយំ ហើយស្រែកទ្រហោនឹងភ្នំទាំងប៉ុន្មាន ហើយនឹងទួញទំនួញចំពោះវាលឃ្វាលសត្វនៅទីរហោស្ថាន ពីព្រោះបានឆេះអស់ហើយ ដល់ម៉្លេះបានជាគ្មានអ្នកណាដើរតាមនោះទៀត ក៏គ្មានអ្នកណាឮសំឡេងរបស់ហ្វូងសត្វដែរ ឯសត្វហើរលើអាកាស នឹងសត្វជើង៤បានបាត់អស់ទៅហើយ។ អញនឹងធ្វើឲ្យក្រុងយេរូសាឡិមត្រឡប់ជាកងគំនរ គឺជាទីលំនៅនៃពួកចចក ហើយនឹងធ្វើឲ្យក្រុងទាំងប៉ុន្មាននៅស្រុកយូដា ត្រូវចោលស្ងាត់ ឥតមានអ្នកណានៅឡើយ តើអ្នកណាមានប្រាជ្ញា ដែលអាចនឹងយល់សេចក្ដីនេះបាន តើព្រះឱស្ឋនៃព្រះយេហូវ៉ាបានមានបន្ទូលចំពោះអ្នកណា ដើម្បីឲ្យគេបានថ្លែងប្រាប់តទៅ ហេតុអ្វីបានជាស្រុកបានត្រូវវិនាស ហើយឆេះសុសដូចជាទីរហោស្ថាន ដល់ម៉្លេះបានជាគ្មានអ្នកណាដើរកាត់ទៀតដូច្នេះ ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា គឺដោយព្រោះតែគេបានបោះបង់ចោលក្រឹត្យវិន័យរបស់អញ ដែលអញបានដាក់នៅមុខគេ ហើយមិនបានស្តាប់ ឬដើរតាមពាក្យរបស់អញប៉ុណ្ណោះ គឺគេបានដើរតាមតែចិត្តរឹងរបស់គេវិញ ព្រមទាំងតាមព្រះបាលទាំងប៉ុន្មាន ដែលពួកព្ធយុកោគេបានបង្រៀនដល់គេផង ហេតុនោះ ព្រះយេហូវ៉ានៃពួកពលបរិវារ ជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់មានបន្ទូលដូច្នេះថា មើលអញនឹងចិញ្ចឹមគេ គឺជនជាតិនេះឯង ដោយស្លែង ហើយនឹងឲ្យទឹកពុលទៅគេផឹក អញនឹងកំចាត់កំចាយគេទៅកណ្តាលគ្រប់ទាំងសាសន៍ ជាសាសន៍ដែលខ្លួនគេ ឬពួកព្ធយុកោគេ ក៏មិនបានស្គាល់ផង ហើយអញនឹងចាត់ប្រើដាវឲ្យទៅតាមគេ ដរាបដល់បានបំផ្លាញគេអស់រលីង។ ព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់មានបន្ទូលថា ចូរឲ្យឯងរាល់គ្នាពិចារណាចុះ រួចឲ្យហៅពួកស្រីអ្នកយំ ឲ្យគេមក ចូរចាត់ទៅហៅពួកស្រីវាងវៃឲ្យមកដែរ ត្រូវឲ្យគេប្រញាប់ឡើង នឹងលើកបទទំនួញឲ្យយើង ដើម្បីឲ្យភ្នែកយើងបានស្រក់ទឹកចុះ ហើយឲ្យត្របកភ្នែកយើងបានចេញទឹកល្ហល្ហាច ដ្បិតមានឮសំឡេងទ្រហោយំ ពីក្រុងស៊ីយ៉ូនមកថា ឱម៉្លេះសមយើងវេទនាយ៉ាងណាហ្ន៎ យើងមានសេចក្ដីខ្មាសជ្រប់មុខ ដោយព្រោះយើងត្រូវចោលស្រុក ហើយដោយព្រោះគេបានរំលំទីលំនៅរបស់យើងបង់ ប៉ុន្តែ ឱពួកស្រីៗអើយ ចូរស្តាប់ព្រះបន្ទូលនៃព្រះយេហូវ៉ាចុះ ហើយឲ្យត្រចៀកទទួលព្រះបន្ទូលពីព្រះឱស្ឋទ្រង់ផង ត្រូវឲ្យបង្រៀនកូនស្រីរបស់ឯងរាល់គ្នា ឲ្យចេះទ្រហោយំ ហើយឲ្យអ្នកជិតខាងទាំងប៉ុន្មានចេះទួញទំនួញ ពីព្រោះសេចក្ដីស្លាប់បានឡើងចូលមក តាមបង្អួចយើង ក៏បានចូលមកក្នុងដំណាក់របស់យើងដែរ ដើម្បីនឹងបំបាត់កូនក្មេងពីខាងក្រៅ ហើយពួកកំឡោះៗពីផ្លូវចេញ ចូរប្រាប់ចុះ ព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះថា សាកសពនៃមនុស្សនឹងធ្លាក់ចុះ ដូចជាជីនៅវាលស្រែ ហើយដូចជាកណ្តាប់ស្រូវតាមក្រោយអ្នកច្រូត ឥតមានអ្នកណាប្រមូលវិញឡើយ។