ឱប្រសិនបើក្បាលខ្ញុំពេញដោយទឹក ហើយភ្នែកខ្ញុំជារន្ធចេញទឹកជានិច្ច ដើម្បីឲ្យខ្ញុំបានយំទាំងយប់ទាំងថ្ងៃ ពីដំណើរពួកអ្នកដែលត្រូវគេសម្លាប់ ក្នុងកូនស្រីនៃសាសន៍ខ្ញុំ ឱបើខ្ញុំមានទីស្នាក់អាស្រ័យនៅទីរហោស្ថាន ជាទីសំណាក់របស់អ្នកដំណើរ ដើម្បីឲ្យខ្ញុំបានលះបង់សាសន៍របស់ខ្ញុំ ហើយឃ្លាតចេញពីគេទៅ ដ្បិតគេសុទ្ធតែជាពួកកំផិត គឺជាជំនុំមនុស្សក្បត់។ ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ គេដំឡើងអណ្ដាតដូចជាធ្នូ សម្រាប់ពាក្យភូតភរ ហើយគេបានចម្រើនកម្លាំងនៅក្នុងស្រុកផង តែមិនមែនសម្រាប់សេចក្ដីពិតត្រង់ទេ ដ្បិតគេចេះតែប្រព្រឹត្តអំពើអាក្រក់មួយហើយមួយទៀត ហើយគេមិនស្គាល់យើងទេ។ ចូរឲ្យគ្រប់គ្នាប្រុងប្រយ័ត្នចំពោះអ្នកជិតខាងខ្លួន កុំទុកចិត្តនឹងបងប្អូនណាមួយឡើយ ដ្បិតគ្រប់ទាំងបងប្អូននឹងដណ្ដើមយក ប្រយោជន៍អស់រលីង ហើយគ្រប់ទាំងអ្នកជិតខាង នឹងដើរទៅមកនិយាយមួលបង្កាច់គេ។ គ្រប់គ្នានឹងបព្ឆោាតអ្នកជិតខាងខ្លួន ហើយមិនព្រមពោលសេចក្ដីពិតទេ គេបានបង្វឹកអណ្ដាតឲ្យកុហក គេខំអស់ពីចិត្តនឹងប្រព្រឹត្តអាក្រក់។ គេសង្កត់សង្កិន និងបោកបព្ឆោាតម្ដងហើយម្ដងទៀត គេមិនព្រមស្គាល់យើងឡើយ នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា។ ហេតុនោះ ព្រះយេហូវ៉ានៃពួកពលបរិវារ ព្រះអង្គមានព្រះបន្ទូលដូច្នេះថា៖ មើល៍! យើងនឹងរំលាយ ហើយសាកល្បងគេ ដ្បិតតើឲ្យយើងធ្វើយ៉ាងណាទៀត ដល់កូនស្រីរបស់ប្រជារាស្ត្ររបស់យើងនេះ? អណ្ដាតគេជាព្រួញដែលសម្លាប់ ក៏ពោលសុទ្ធតែពាក្យបោកបព្ឆោាត គេនិយាយសេចក្ដីមេត្រីនឹងអ្នកជិតខាង ដោយបបូរមាត់ តែក្នុងចិត្តគេលបចាំចាប់វិញ។ ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ តើមិនត្រូវឲ្យយើងធ្វើទោសគេ ដោយព្រោះអំពើយ៉ាងនោះទេឬ? តើព្រលឹងយើងមិនត្រូវសងសឹក ចំពោះសាសន៍ណាយ៉ាងនេះទេឬ? ខ្ញុំនឹងឡើងសំឡេងយំ ហើយស្រែកទ្រហោនឹងភ្នំទាំងប៉ុន្មាន ទួញចំពោះវាលឃ្វាលសត្វនៅទីរហោស្ថាន ព្រោះបានឆេះអស់ហើយ បានជាគ្មានអ្នកណាដើរតាមនោះទៀត ក៏គ្មានអ្នកណាឮសំឡេងរបស់ហ្វូងសត្វដែរ ឯសត្វហើរលើអាកាស និងសត្វជើងបួនបានបាត់អស់ទៅហើយ។ យើងនឹងធ្វើឲ្យក្រុងយេរូសាឡិមត្រឡប់ជាកងគំនរ គឺជាទីលំនៅនៃពួកចចក ហើយធ្វើឲ្យក្រុងទាំងប៉ុន្មាននៅស្រុកយូដា ត្រូវចោលស្ងាត់ ឥតមានអ្នកណានៅឡើយ។ តើអ្នកណាមានប្រាជ្ញា ដែលអាចយល់សេចក្ដីនេះបាន? តើព្រះឧស្ឋនៃព្រះយេហូវ៉ាបានមានព្រះបន្ទូលចំពោះអ្នកណា ដើម្បីឲ្យគេបានថ្លែងប្រាប់តទៅ? ហេតុអ្វីបានជាស្រុកត្រូវវិនាស ហើយឆេះសុសដូចជាទីរហោស្ថាន ដែលគ្មានអ្នកណាដើរកាត់ទៀតដូច្នេះ? ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ គឺដោយព្រោះតែគេបានបោះបង់ក្រឹត្យវិន័យរបស់យើង ដែលយើងបានដាក់នៅមុខគេ ហើយមិនបានស្តាប់ ឬដើរតាមពាក្យរបស់យើងប៉ុណ្ណោះ។ គឺគេបានដើរតាមតែចិត្តរឹងរបស់គេវិញ ព្រមទាំងតាមព្រះបាលទាំងប៉ុន្មាន ដែលបុព្វបុរសគេបានបង្រៀនដល់គេ។ ហេតុនោះ ព្រះយេហូវ៉ានៃពួកពលបរិវារ ជាព្រះរបស់សាសន៍អ៊ីស្រាអែល មានព្រះបន្ទូលដូច្នេះថា៖ យើងនឹងចិញ្ចឹមជនជាតិនេះដោយស្លែង ហើយនឹងឲ្យទឹកពុលទៅគេផឹក។ យើងនឹងកម្ចាត់កម្ចាយគេទៅគ្រប់ទាំងសាសន៍ ជាសាសន៍ដែលខ្លួនគេ ឬបុព្វបុរសគេ ក៏មិនបានស្គាល់ផង ហើយយើងនឹងចាត់ប្រើដាវឲ្យទៅតាមគេ ដរាបដល់បានបំផ្លាញគេអស់រលីង។ ព្រះយេហូវ៉ានៃពួកពលបរិវារព្រះអង្គមានព្រះបន្ទូលថា៖ ចូរអ្នករាល់គ្នាពិចារណាចុះ ហើយហៅពួកស្រីស៊ីឈ្នួលយំឲ្យមក ចូរចាត់គេឲ្យទៅហៅពួកស្រីវាងវៃឲ្យមកដែរ។ ត្រូវឲ្យគេប្រញាប់លើកបទទំនួញឲ្យយើង ដើម្បីឲ្យភ្នែកយើងបានស្រក់ទឹកចុះ ហើយឲ្យត្របកភ្នែកយើងបានចេញទឹកល្ហល្ហាច។ ដ្បិតមានឮសំឡេងទ្រហោយំ ពីក្រុងស៊ីយ៉ូនមកថា៖ ឱម៉្លេះសមយើងវេទនាយ៉ាងណាហ្ន៎ យើងមានសេចក្ដីខ្មាសជ្រប់មុខ ដោយព្រោះយើងត្រូវចោលស្រុក ហើយដោយព្រោះគេបានរំលំទីលំនៅ របស់យើងចោល។ ប៉ុន្តែ ឱពួកស្រីៗអើយ ចូរស្តាប់ព្រះបន្ទូលនៃព្រះយេហូវ៉ាចុះ ហើយឲ្យត្រចៀកទទួលព្រះបន្ទូល ពីព្រះឧស្ឋរបស់ព្រះអង្គផង ត្រូវបង្រៀនកូនស្រីរបស់អ្នករាល់គ្នា ឲ្យចេះទ្រហោយំ ហើយឲ្យអ្នកជិតខាងទាំងប៉ុន្មាន ចេះទួញទំនួញ ព្រោះសេចក្ដីស្លាប់បានឡើងចូលមកតាមបង្អួចយើង ក៏បានចូលមកក្នុងដំណាក់របស់យើងដែរ ដើម្បីដកយកជីវិតកូនក្មេងនៅតាមទីធ្លា និងពួកកំលោះៗនៅតាមដងផ្លូវ។ ចូរប្រាប់ចុះ ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា៖ សាកសពរបស់មនុស្សនឹងធ្លាក់ចុះ ដូចជាជីនៅវាលស្រែ ហើយដូចជាកណ្ដាប់ស្រូវ តាមក្រោយអ្នកច្រូត ឥតមានអ្នកណាប្រមូលវិញឡើយ។
អាន យេរេមា 9
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: យេរេមា 9:1-22
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ