យេរេមា 8:1-3
យេរេមា 8:1-3 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ នៅគ្រានោះ គេនឹងយកឆ្អឹងស្តេចសាសន៍យូដា ឆ្អឹងពួកចៅហ្វាយ ឆ្អឹងពួកសង្ឃ ឆ្អឹងពួកហោរា និងឆ្អឹងរបស់ពួកអ្នកនៅក្រុងយេរូសាឡិមចេញពីផ្នូរមក។ គេនឹងរាយឆ្អឹងទាំងនោះនៅចំពោះព្រះអាទិត្យ ព្រះចន្ទ និងអស់ពួកបរិវារនៅលើមេឃ ជារបស់ដែលគេបានស្រឡាញ់ គោរពប្រតិបត្តិ ប្រព្រឹត្តតាម ស្វែងរក ហើយថ្វាយបង្គំផង និងគ្មានអ្នកណាប្រមូល ឬកប់ឆ្អឹងទាំងនោះឡើយ គឺនឹងបានសម្រាប់ជាជីនៅដីវិញ។ ព្រះយេហូវ៉ានៃពួកពលបរិវារ មានព្រះបន្ទូលថា៖ អស់អ្នកណាដែលសល់អំពីគ្រួសារអាក្រក់នេះ គឺដែលនៅគ្រប់ទីកន្លែងដែលយើងបណ្តេញគេ នោះនឹងស៊ូស្លាប់ជាជាងរស់នៅ។
យេរេមា 8:1-3 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «នៅគ្រានោះ គេនឹងយកធាតុស្ដេចរបស់ស្រុកយូដា ធាតុរបស់មន្ត្រី ធាតុរបស់បូជាចារ្យ ធាតុរបស់ព្យាការី ព្រមទាំងធាតុរបស់អ្នកក្រុងយេរូសាឡឹមចេញពីផ្នូរ ទៅដាក់ហាលចោលក្រោមព្រះអាទិត្យ ក្រោមព្រះច័ន្ទ និងក្រោមហ្វូងផ្កាយទាំងប៉ុន្មាន ដែលពួកគេធ្លាប់ស្រឡាញ់ ធ្លាប់គោរពបម្រើ ធ្លាប់ជំពាក់ចិត្ត ធ្លាប់យកមកទស្សន៍ទាយ និងធ្លាប់ក្រាបថ្វាយបង្គំ។ គ្មាននរណាប្រមូលធាតុទាំងនោះយកទៅបញ្ចុះវិញទេ គឺគេទុកចោលនៅលើដីដូចលាមកសត្វ។ រីឯអ្នកដែលនៅសេសសល់ពីពូជមនុស្សដ៏អាក្រក់ ដែលយើងបំបរបង់ឲ្យទៅនៅគ្រប់ទីកន្លែងនោះវិញ គេចង់ស្លាប់ជាងនៅរស់» - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់នៃពិភពទាំងមូល។
យេរេមា 8:1-3 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា នៅគ្រានោះ គេនឹងយកឆ្អឹងនៃស្តេចសាសន៍យូដា ឆ្អឹងពួកចៅហ្វាយ ឆ្អឹងពួកសង្ឃ ឆ្អឹងពួកហោរា នឹងឆ្អឹងរបស់ពួកអ្នកនៅក្រុងយេរូសាឡិមចេញពីផ្នូរមក គេនឹងរាយឆ្អឹងទាំងនោះ នៅចំពោះព្រះអាទិត្យ ព្រះចន្ទ នឹងអស់ពួកបរិវារនៅលើមេឃ ជារបស់ដែលគេបានស្រឡាញ់ គោរពប្រតិបត្តិ ប្រព្រឹត្តតាម ស្វែងរក ហើយថ្វាយបង្គំផង នឹងគ្មានអ្នកណាប្រមូល ឬកប់ឆ្អឹងទាំងនោះឡើយ គឺនឹងបានសំរាប់ជាជីនៅដីវិញ ហើយព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់មានបន្ទូលថា អស់អ្នកណាដែលសល់អំពីគ្រួសារអាក្រក់នេះ គឺដែលនៅគ្រប់ទីកន្លែងដែលអញបណ្តេញគេ នោះនឹងស៊ូស្លាប់ជាជាងរស់នៅ។