យេរេមា 52:1-11

យេរេមា 52:1-11 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ពេល​ព្រះបាទ​សេដេគា​ឡើង​សោយ‌រាជ្យ ទ្រង់​មាន​ព្រះ‌ជន្មម្ភៃ​មួយ​ឆ្នាំ​ហើយ ទ្រង់​សោយ‌រាជ្យ​នៅ​ក្រុង​យេរូ‌សាឡិម​បាន​គ្រប់​ដប់មួយ​ឆ្នាំ មាតា​ព្រះនាម​ថា​ហាមូថាល ជា​បុត្រី​យេរេមា ដែល​នៅ​ក្រុង​លិបណា។ ទ្រង់​បាន​ប្រព្រឹត្ត​អំពើ​ដ៏​លាមក​អាក្រក់ នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា​ដូច​ដែល​យេហូ‌យ៉ាគីម​បាន​ធ្វើ។ ហេតុ​នោះ បាន​ជា​សេចក្ដី​ក្រោធ​របស់​ព្រះ‌យេហូវ៉ា​កើត​ឡើង​ដល់​ក្រុង​យេរូ‌សាឡិម និង​ស្រុក​យូដា ទាល់​តែ​ព្រះ‌អង្គ​បាន​បោះ‌បង់​គេ​ចោលឲ្យ​ឆ្ងាយពី​ព្រះភក្ត្រ​របស់​ព្រះ‌អង្គ។ ឯ​ព្រះបាទ​សេដេគា​ក៏​បះ‌បោរ​នឹង​ស្តេច​បាប៊ីឡូន​ដែរ។ ដល់​ឆ្នាំ​ទីប្រាំបួន ក្នុង​រាជ្យ​ទ្រង់ គឺ​នៅ​ថ្ងៃទី​ដប់ ខែ​ទី​ដប់ ព្រះបាទ​នេប៊ូក្នេសា ជា​ស្តេច​បាប៊ីឡូន ព្រម​ទាំង​ពល‌ទ័ព​របស់​ទ្រង់​ទាំង​ប៉ុន្មាន ក៏​មក​បោះ​ទ័ព​ច្បាំង​នឹង​ក្រុង​យេរូ‌សាឡិម គេ​តាំង​បន្ទាយ​នៅ​ជុំ‌វិញ​ទី​ក្រុង។ ដូច្នេះ ទី​ក្រុង​ត្រូវ​គេ​ឡោម‌ព័ទ្ធ​រហូត​ដល់​ឆ្នាំ​ទី​ដប់​មួយ ក្នុង​រាជ្យ​ស្តេច​សេដេ‌គា។ នៅ​ថ្ងៃ​ទី​ប្រាំបួន ខែ​ទី​បួន នៅ​ក្នុង​ទី​ក្រុង​មាន​អំណត់​ជា​ខ្លាំង​ណាស់ គ្មាន​អាហារ​សម្រាប់​បណ្ដា‌ជន​សោះ។ នៅ​គ្រា​នោះ គេ​បាន​ទម្លាយ​កំផែង​ទី​ក្រុង ហើយ​ពួក​ទាហាន​ទាំង​អស់​ក៏​រត់​ចេញ​ពី​ទី​ក្រុង​ទាំង​យប់ ទៅ​តាម​ផ្លូវ​ទ្វារ​កណ្ដាល​កំផែង​ទាំង​ពីរ ដែល​នៅ​ជិត​ច្បារ​ស្តេច គេ​រត់​តម្រង់​ទៅ​ស្រុក​វាល (ចំណែក​ពួក​ខាល់ដេ​នៅ​ឡោម‌ព័ទ្ធ​ទី​ក្រុង)។ ប៉ុន្តែ ពល‌ទ័ព​សាសន៍​ខាល់ដេ គេ​ដេញ​តាម​ព្រះបាទ​សេដេគា​ទាន់​នៅ​ត្រង់​វាល​យេរីខូរ ហើយ​បណ្ដា‌ទ័ព​របស់​ទ្រង់​ត្រូវ​ខ្ចាត់‌ខ្ចាយ​អស់។ គេ​ចាប់​ស្តេច​នាំ​ទៅ​ស្តេច​បាប៊ីឡូន ត្រង់​ក្រុង​រីបឡាប ក្នុង​ស្រុក​ហាម៉ាត ស្តេច​បាប៊ីឡូន​ក៏​កាត់​ទោស​ទ្រង់។ ស្ដេច​បាប៊ីឡូន​សម្លាប់​ពួក​បុត្រា​របស់​ព្រះបាទ​សេដេគា នៅ​ចំពោះ​ព្រះ‌នេត្រ​របស់​ព្រះ‌បាទ​សេដេគា ក៏​សម្លាប់​ពួក​ចៅ‌ហ្វាយក្នុង​ស្រុក​យូដា នៅ​ត្រង់​រីបឡា​ដែរ។ ស្ដេច​បាប៊ីឡូន​បាន​ចាក់​បង្ខូច​ព្រះ‌នេត្រ​របស់​ព្រះបាទ​សេដេគា បន្ទាប់​ម​ក​ដាក់​ច្រវាក់​លង្ហិន នាំ​ទៅ​ដល់​ក្រុង​បាប៊ីឡូន ឃុំ​ទុក​នៅ​ក្នុង​គុក រហូត​ដល់​ថ្ងៃ​សុគត។

ចែក​រំលែក
អាន យេរេមា 52

យេរេមា 52:1-11 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ពេល​ព្រះ‌បាទ​សេដេ‌គា​ឡើង​សោយ​រាជ្យ ទ្រង់​មាន​ជន្មាយុ​ម្ភៃ​មួយ​ព្រះ‌វស្សា ទ្រង់​សោយ​រាជ្យ​បាន​ដប់​មួយ​ឆ្នាំ​នៅ​ក្រុង​យេរូ‌សាឡឹម។ មាតា​របស់​ស្ដេច​មាន​នាម​ថា ហាមូ‌ថាល់ ជា​កូន​របស់​លោក​យេរេមា ដែល​ជា​អ្នក​ស្រុក​លីប‌ណា។ ព្រះ‌បាទ​សេដេ‌គា​ប្រព្រឹត្ត​អំពើ​អាក្រក់​គ្រប់​បែប​យ៉ាង ទាស់​នឹង​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់ ដូច​ព្រះ‌បាទ​យេហូ‌យ៉ាគីម​ដែរ។ ព្រះ‌អម្ចាស់​ទ្រង់​ព្រះ‌ពិរោធ​ចំពោះ​ក្រុង​យេរូ‌សាឡឹម និង​ស្រុក​យូដា ព្រោះ​តែ​អំពើ​ដែល​គេ​ប្រព្រឹត្ត រហូត​ទាល់​តែ​ព្រះអង្គ​បោះ​បង់​ចោល​ពួក​គេ​ឆ្ងាយ​ពី​ព្រះ‌ភ័ក្ត្រ​របស់​ព្រះអង្គ។ នៅ​គ្រា​នោះ ព្រះ‌បាទ​សេដេ‌គា​បាន​បះ‌បោរ​ប្រឆាំង​នឹង​ស្ដេច​ស្រុក​បាប៊ី‌ឡូន។ ក្នុង​ឆ្នាំ​ទី​ប្រាំ​បួន​នៃ​រជ្ជកាល​ព្រះ‌បាទ​សេដេ‌គា នៅ​ថ្ងៃ​ទី​ដប់​នៃ​ខែ​ទី​ដប់ ព្រះ‌ចៅ​នេប៊ូ‌ក្នេសា​ជា​ស្ដេច​ស្រុក​បាប៊ី‌ឡូន លើក​ទ័ព​ទាំង​មូល​មក​វាយ​ក្រុង​យេរូ‌សាឡឹម។ ពួក​គេ​បោះ​ទ័ព និង​លើក​ទួល​ព័ទ្ធ​ជុំ‌វិញ​ក្រុង​យេរូ‌សាឡឹម។ ពួក​គេ​ឡោម‌ព័ទ្ធ​ក្រុង​នេះ រហូត​ដល់​ឆ្នាំ​ទី​ដប់​មួយ​នៃ​រជ្ជកាល​ព្រះ‌បាទ​សេដេ‌គា។ នៅ​ថ្ងៃ​ទី​ប្រាំ​បួន​នៃ​ខែ​ទី​បួន ពេល​ដែល​ទុរ្ភិក្ស​កើត​មាន​យ៉ាង​ខ្លាំង​នៅ​ក្នុង​ទីក្រុង ប្រជា‌ជន​ក្នុង​ក្រុង​លែង​មាន​អាហារ​បរិភោគ​ទៀត​នោះ ពួក​ខ្មាំង​ទម្លុះ​កំពែង​ក្រុង។ ទោះ​បី​កង‌ទ័ព​ខាល់ដេ​ឡោម‌ព័ទ្ធ​ទីក្រុង​ក្ដី ពួក​ទាហាន​យូដា​ទាំង​អស់​នាំ​គ្នា​ចេញ​ពី​ទីក្រុង នៅ​ពេល​យប់ តាម​ទ្វារ​ដែល​ស្ថិត​នៅ​ចន្លោះ​កំពែង​ទាំង​ពីរ ក្បែរ​ឧទ្យាន​ហ្លួង ហើយ​រត់​តាម​ផ្លូវ​ឆ្ពោះ​ទៅ​វាល​អារ៉ាបា។ កង‌ទ័ព​ខាល់ដេ​នាំ​គ្នា​ដេញ​តាម​ព្រះ‌បាទ​សេដេ‌គា​ទាន់ នៅ​វាល​ទំនាប​ជិត​ក្រុង​យេរីខូ។ ពេល​នោះ កង‌ទ័ព​ទាំង​មូល​របស់​ស្ដេច​រត់​បែក‌ខ្ញែក​គ្នា​អស់។ ទាហាន​ខាល់ដេ​ចាប់​ស្ដេច​បញ្ជូន​ទៅ​ព្រះ‌ចៅ​នេប៊ូ‌ក្នេសា​នៅ​ក្រុង​រីបឡា ក្នុង​ស្រុក​ហា‌ម៉ាត់។ ព្រះ‌ចៅ​នេប៊ូ‌ក្នេសា​ប្រកាស​កាត់​ទោស​ព្រះ‌បាទ​សេដេ‌គា។ ស្ដេច​ស្រុក​បាប៊ី‌ឡូន​បញ្ជា​ឲ្យ​គេ​អារ-ក​បុត្រ​ទាំង​អស់​របស់​ព្រះ‌បាទ​សេដេ‌គា នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌បាទ​សេដេ‌គា។ ស្ដេច​ស្រុក​បាប៊ី‌ឡូន​ក៏​បាន​ឲ្យ​គេ​អារ-ក​ពួក​មន្ត្រី​ទាំង​អស់​នៃ​ស្រុក​យូដា នៅ​ក្រុង​រីបឡា​ដែរ។ បន្ទាប់​មក ព្រះ‌ចៅ​នេប៊ូ‌ក្នេសា​ឲ្យ​គេ​ចាក់​ភ្នែក​ព្រះ‌បាទ​សេដេ‌គា រួច​ដាក់​ច្រវាក់​លង្ហិន​ពីរ​ជាន់។ ស្ដេច​ស្រុក​បាប៊ី‌ឡូន​នាំ​ព្រះ‌បាទ​សេដេ‌គា​ទៅ​ស្រុក​បាប៊ី‌ឡូន ឃុំ​ទុក​រហូត​ដល់​ថ្ងៃ​សុគត។

ចែក​រំលែក
អាន យេរេមា 52

យេរេមា 52:1-11 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

លុះ​កាល​សេដេគា​ចាប់​តាំង​សោយ‌រាជ្យ​ឡើង នោះ​ទ្រង់​មាន​ព្រះ‌ជន្ម​២១​ឆ្នាំ​ហើយ ទ្រង់​ក៏​សោយ‌រាជ្យ​នៅ​ក្រុង​យេរូ‌សាឡិម​បាន​គ្រប់​១១​ឆ្នាំ ព្រះ​មាតា​ទ្រង់​នាម​ជា​ហាមូថាល ជា​បុត្រី​យេរេមា ដែល​នៅ​ក្រុង​លិបណា ទ្រង់​បាន​ប្រព្រឹត្ត​អំពើ​ដ៏​លាមក​អាក្រក់ នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា តាម​គ្រប់​ទាំង​ការ​ដែល​យេហូយ៉ាគីម​បាន​ធ្វើ គឺ​ហេតុ​នោះ​បាន​ជា​សេចក្ដី​ខ្ញាល់​នៃ​ព្រះ‌យេហូវ៉ា​កើត​ឡើង ដល់​ក្រុង​យេរូ‌សាឡិម នឹង​ស្រុក​យូដា ទាល់​តែ​ទ្រង់​បាន​បោះ‌បង់​ចោល​គេ​ចេញ​ពី​ចំពោះ​ទ្រង់​ទៅ ឯ​សេដេគា​ក៏​បះ‌បោរ​នឹង​ស្តេច​បាប៊ីឡូន​ដែរ។ ដល់​ឆ្នាំ​ទី​៩​ក្នុង​រាជ្យ​ទ្រង់ គឺ​នៅ​ថ្ងៃ​១០​ខែ​បុស្ស នោះ​នេប៊ូ‌ក្នេសា ជា​ស្តេច​បាប៊ីឡូន ព្រម​ទាំង​ពល‌ទ័ព​របស់​ទ្រង់​ទាំង​ប៉ុន្មាន ក៏​មក​បោះ​ទ័ព​ច្បាំង​នឹង​ក្រុង​យេរូ‌សាឡិម គេ​តាំង​បន្ទាយ​ប្រទល់​មុខ​នឹង​ទី​ក្រុង​ជុំវិញ យ៉ាង​នោះ ទី​ក្រុង​ត្រូវ​គេ​ឡោម‌ព័ទ្ធ ដរាប​ដល់​ឆ្នាំ​ទី​១១​ក្នុង​រាជ្យ​ស្តេច​សេដេគា លុះ​ដល់​ថ្ងៃ​៩ខែ​អាសាធ នោះ​នៅ​ក្នុង​ទី​ក្រុង​មាន​អំណត់​ជា​ខ្លាំង​ណាស់ ដល់‌ម៉្លេះ​បាន​ជា​គ្មាន​អាហារ​សំរាប់​បណ្តាជន​សោះ នៅ​គ្រា​នោះ គេ​ទំលាយ​កំផែង​ទី​ក្រុង​បាន រួច​ពួក​ទាហាន​ទាំង​អស់​ក៏​រត់​ចេញ​ពី​ទី​ក្រុង​ទាំង​យប់ ទៅ​តាម​ផ្លូវ​ទ្វារ​កណ្តាល​កំផែង​ទាំង​២ ដែល​នៅ​ជិត​ច្បារ​ស្តេច ហើយ​គេ​រត់​ដំរង់​ទៅ​ឯ​ស្រុក​វាល (ចំណែក​ពួក​ខាល់ដេ​គេ​នៅ​ឡោម‌ព័ទ្ធ​ទី​ក្រុង) ប៉ុន្តែពល‌ទ័ព​សាសន៍​ខាល់ដេ គេ​ដេញ​តាម​សេដេគា​ទាន់ នៅ​ត្រង់​វាល​យេរីខូរ ហើយ​បណ្តា‌ទ័ព​របស់​ទ្រង់​ត្រូវ​ខ្ចាត់​ខ្ចាយ​ពី​ទ្រង់​អស់​ទៅ គេ​ចាប់​ស្តេច​នាំ​ទៅ​ឯ​ស្តេច​បាប៊ីឡូន ត្រង់​ក្រុង​រីបឡាប ក្នុង​ស្រុក​ហាម៉ាត ស្តេច​បាប៊ីឡូន​ក៏​កាត់​ទោស​ដល់​ទ្រង់ ហើយ​សំឡាប់​ពួក​បុត្រា​នៃ​សេដេគា នៅ​ចំពោះ​ព្រះ‌នេត្រ​ទ្រង់ ក៏​សំឡាប់​អស់​ទាំង​ចៅហ្វាយ​របស់​ស្រុក​យូដា នៅ​ត្រង់​រីបឡា​ដែរ ហើយ​ចាក់​បង្ខូច​ព្រះ‌នេត្រ​របស់​សេដេគា រួច​មក ស្តេច​បាប៊ីឡូន​ដាក់​ច្រវាក់​លង្ហិន នាំ​យក​ទៅ​ដល់​ក្រុង​បាប៊ីឡូន​ឃុំ​ទុក​នៅ​ក្នុង​គុក ដរាប​ដល់​ថ្ងៃ​សុគត។

ចែក​រំលែក
អាន យេរេមា 52