យេរេមា 52
52
កថាបន្ថែម
ការឡោមព័ទ្ធ និងវាយលុកក្រុងយេរូសាឡឹម
(យេរេមា ៣៩.៤-៧, ២ ពង្សាវតារក្សត្រ ២៤.១៨–២៥.៧)
1ពេលព្រះបាទសេដេគាឡើងសោយរាជ្យ ទ្រង់មានជន្មាយុម្ភៃមួយព្រះវស្សា ទ្រង់សោយរាជ្យបានដប់មួយឆ្នាំនៅក្រុងយេរូសាឡឹម។ មាតារបស់ស្ដេចមាននាមថា ហាមូថាល់ ជាកូនរបស់លោកយេរេមា ដែលជាអ្នកស្រុកលីបណា។ 2ព្រះបាទសេដេគាប្រព្រឹត្តអំពើអាក្រក់គ្រប់បែបយ៉ាង ទាស់នឹងព្រះហឫទ័យព្រះអម្ចាស់ ដូចព្រះបាទយេហូយ៉ាគីមដែរ។ 3ព្រះអម្ចាស់ទ្រង់ព្រះពិរោធចំពោះក្រុងយេរូសាឡឹម និងស្រុកយូដា ព្រោះតែអំពើដែលគេប្រព្រឹត្ត រហូតទាល់តែព្រះអង្គបោះបង់ចោលពួកគេឆ្ងាយពីព្រះភ័ក្ត្ររបស់ព្រះអង្គ។
នៅគ្រានោះ ព្រះបាទសេដេគាបានបះបោរប្រឆាំងនឹងស្ដេចស្រុកបាប៊ីឡូន។ 4#អគ. ២៤.២ក្នុងឆ្នាំទីប្រាំបួននៃរជ្ជកាលព្រះបាទសេដេគា នៅថ្ងៃទីដប់នៃខែទីដប់ ព្រះចៅនេប៊ូក្នេសាជាស្ដេចស្រុកបាប៊ីឡូន លើកទ័ពទាំងមូលមកវាយក្រុងយេរូសាឡឹម។ ពួកគេបោះទ័ព និងលើកទួលព័ទ្ធជុំវិញក្រុងយេរូសាឡឹម។ 5ពួកគេឡោមព័ទ្ធក្រុងនេះ រហូតដល់ឆ្នាំទីដប់មួយនៃរជ្ជកាលព្រះបាទសេដេគា។
6នៅថ្ងៃទីប្រាំបួននៃខែទីបួន ពេលដែលទុរ្ភិក្សកើតមានយ៉ាងខ្លាំងនៅក្នុងទីក្រុង ប្រជាជនក្នុងក្រុងលែងមានអាហារបរិភោគទៀតនោះ 7#អគ. ៣៣.២១ពួកខ្មាំងទម្លុះកំពែងក្រុង។ ទោះបីកងទ័ពខាល់ដេឡោមព័ទ្ធទីក្រុងក្ដី ពួកទាហានយូដាទាំងអស់នាំគ្នាចេញពីទីក្រុង នៅពេលយប់ តាមទ្វារដែលស្ថិតនៅចន្លោះកំពែងទាំងពីរ ក្បែរឧទ្យានហ្លួង ហើយរត់តាមផ្លូវឆ្ពោះទៅវាលអារ៉ាបា។ 8កងទ័ពខាល់ដេនាំគ្នាដេញតាមព្រះបាទសេដេគាទាន់ នៅវាលទំនាបជិតក្រុងយេរីខូ។ ពេលនោះ កងទ័ពទាំងមូលរបស់ស្ដេចរត់បែកខ្ញែកគ្នាអស់។ 9ទាហានខាល់ដេចាប់ស្ដេចបញ្ជូនទៅព្រះចៅនេប៊ូក្នេសានៅក្រុងរីបឡា ក្នុងស្រុកហាម៉ាត់។ ព្រះចៅនេប៊ូក្នេសាប្រកាសកាត់ទោសព្រះបាទសេដេគា។ 10ស្ដេចស្រុកបាប៊ីឡូនបញ្ជាឲ្យគេអារ-កបុត្រទាំងអស់របស់ព្រះបាទសេដេគា នៅចំពោះព្រះភ័ក្ត្រព្រះបាទសេដេគា។ ស្ដេចស្រុកបាប៊ីឡូនក៏បានឲ្យគេអារ-កពួកមន្ត្រីទាំងអស់នៃស្រុកយូដា នៅក្រុងរីបឡាដែរ។ 11#អគ. ១២.១៣បន្ទាប់មក ព្រះចៅនេប៊ូក្នេសាឲ្យគេចាក់ភ្នែកព្រះបាទសេដេគា រួចដាក់ច្រវាក់លង្ហិនពីរជាន់។ ស្ដេចស្រុកបាប៊ីឡូននាំព្រះបាទសេដេគាទៅស្រុកបាប៊ីឡូន ឃុំទុករហូតដល់ថ្ងៃសុគត។
12នៅថ្ងៃទីដប់ខែទីប្រាំ ក្នុងឆ្នាំទីដប់ប្រាំបួននៃរជ្ជកាលព្រះចៅនេប៊ូក្នេសា ជាស្ដេចស្រុកបាប៊ីឡូន លោកនេប៊ូសារ៉ាដាន ជារាជប្រតិភូដែលបម្រើស្ដេចស្រុកបាប៊ីឡូនមកដល់ក្រុងយេរូសាឡឹម។ 13#១ពង្ស. ៩.៨លោកដុតកម្ទេចព្រះដំណាក់របស់ព្រះអម្ចាស់ ដំណាក់របស់ស្ដេច ព្រមទាំងផ្ទះនៅក្រុងយេរូសាឡឹម ជាពិសេស ផ្ទះរបស់ពួកអភិជន។ 14កងទ័ពខាល់ដេទាំងមូល ដែលនៅក្រោមការដឹកនាំរបស់លោករាជប្រតិភូ ក៏រំលំកំពែងជុំវិញក្រុងយេរូសាឡឹមចោលដែរ។
15លោកនេប៊ូសារ៉ាដាន ជារាជប្រតិភូ កៀរប្រជាជនដែលនៅសេសសល់ក្នុងទីក្រុង គឺជនក្រីក្រមួយចំនួន ទាហានដែលបានរត់ទៅចុះចូលនឹងស្ដេចស្រុកបាប៊ីឡូន ព្រមទាំងពួកជាងដែលនៅសេសសល់យកទៅជាឈ្លើយសឹក។ 16ប៉ុន្តែ លោកនេប៊ូសារ៉ាដាន ជារាជប្រតិភូ ទុកឲ្យជនតូចតាចខ្លះរស់នៅក្នុងស្រុក ដើម្បីដាំទំពាំងបាយជូរ និងភ្ជួរស្រែ។
17 #
១ពង្ស. ៧.១៥-៤៧
ជនជាតិខាល់ដេកម្ទេចសសរលង្ហិន ដែកកំណល់ និងអាងធំ ដែលស្ថិតនៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ ហើយយកលង្ហិនទាំងប៉ុន្មាននាំទៅក្រុងបាប៊ីឡូន។ 18ពួកគេយកឆ្នាំង វែក កាំបិត ភាជន៍ ពែង និងគ្រឿងបរិក្ខារឯទៀតៗធ្វើពីលង្ហិន សម្រាប់ប្រើប្រាស់ក្នុងព្រះវិហារទៅជាមួយ។ 19លោករាជប្រតិភូក៏យកចានក្លាំ ចង្ក្រាន ភាជន៍ ឆ្នាំង ជើងចង្កៀង ពែង ចាន គោម និងវត្ថុទាំងប៉ុន្មាន ដែលធ្វើពីមាសពីប្រាក់ ទៅជាមួយដែរ។ 20រីឯសសរទាំងពីរ អាងធំ និងរូបគោលង្ហិនទាំងដប់ពីរជាកំណល់ ដែលព្រះបាទសាឡូម៉ូនបានធ្វើ សម្រាប់ប្រើប្រាស់ក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ គឺវត្ថុទាំងប៉ុន្មានដែលធ្វើពីលង្ហិននេះ គ្មាននរណាដឹងថាមានទម្ងន់ប៉ុន្មានទេ។ 21សសរទីមួយមានកម្ពស់ដប់ប្រាំបីហត្ថ ហើយរង្វង់សសរមានប្រវែងដប់ពីរហត្ថ។ សសរនោះប្រហោងក្នុង និងមានកម្រាស់បួនហ៊ុន។ 22នៅពីលើសសរមានក្បាច់ក្បាលសសរ មួយធ្វើពីលង្ហិន ដែលមានកម្ពស់ប្រាំហត្ថ។ នៅជុំវិញក្បាច់ក្បាលសសរមានក្បាច់ក្រឡាអួន និងផ្លែទទឹមជាច្រើន ដែលធ្វើពីលង្ហិនទាំងអស់។ រីឯសសរទីពីរមានទំហំ និងមានផ្លែទទឹមដូចគ្នាដែរ។ 23មានផ្លែទទឹមទាំងអស់កៅសិបប្រាំមួយនៅជុំវិញ ហើយផ្លែទទឹមដែលនៅជាប់នឹងក្បាច់ក្រឡាអួន មានចំនួនទាំងអស់មួយរយ។
24លោករាជប្រតិភូចាប់លោកសេរ៉ាយ៉ា ជាមេក្រុមបូជាចារ្យ លោកសេផានា ជាបូជាចារ្យរង ព្រមទាំងអ្នកយាមទ្វារព្រះវិហារបីនាក់យកទៅជាមួយ។ 25លោកក៏ចាប់មហាតលិកមួយរូបដែលជាអ្នកទទួលខុសត្រូវលើពលទាហាន ព្រមទាំងពួកនៅក្នុងវាំងប្រាំពីររូប ស្មៀនរបស់មេទ័ពដែលមានភារកិច្ចកេណ្ឌទាហាន និងប្រជាជនហុកសិបនាក់ទៀត ដែលស្ថិតនៅក្នុងទីក្រុងនាពេលនោះ។ 26លោកនេប៊ូសារ៉ាដាន ជារាជប្រតិភូចាប់អ្នកទាំងនោះ នាំទៅថ្វាយស្ដេចស្រុកបាប៊ីឡូននៅរីបឡា។ 27ស្ដេចស្រុកបាប៊ីឡូនប្រហារជីវិតអ្នកទាំងនោះ នៅក្រុងរីបឡា ក្នុងស្រុកហាម៉ាត់។ ជនជាតិយូដាត្រូវគេកៀរចេញឆ្ងាយពីទឹកដីរបស់ខ្លួនបែបនេះឯង។
28ក្នុងឆ្នាំទីប្រាំពីរនៃរជ្ជកាលព្រះចៅនេប៊ូក្នេសា ស្ដេចនេះកៀរជនជាតិយូដាយកទៅជាឈ្លើយ ចំនួន៣ ០២៣នាក់។ 29ក្នុងឆ្នាំទីដប់ប្រាំបីនៃរជ្ជកាលព្រះចៅនេប៊ូក្នេសា ស្ដេចនេះកៀរអ្នកក្រុងយេរូសាឡឹមយកទៅជាឈ្លើយចំនួន ៨៣២នាក់។ 30ក្នុងឆ្នាំទីម្ភៃបីនៃរជ្ជកាលព្រះចៅនេប៊ូក្នេសា លោកនេប៊ូសារ៉ាដាន ជារាជប្រតិភូកៀរជនជាតិយូដាយកទៅជាឈ្លើយចំនួន៧៤៥នាក់។ សរុបទាំងអស់ មានចំនួន ៤ ៦០០នាក់។
31នៅថ្ងៃទីម្ភៃប្រាំខែទីដប់ពីរក្នុងឆ្នាំទីសាមសិបប្រាំពីរ ដែលព្រះបាទយ៉ូយ៉ាគីន ជាស្ដេចស្រុកយូដា ត្រូវគេចាប់យកទៅជាឈ្លើយសឹក ត្រូវនឹងឆ្នាំទីមួយនៃរជ្ជកាលព្រះចៅអេវីល-មេរ៉ូដាក ជាស្ដេចស្រុកបាប៊ីឡូន ព្រះចៅអេវីល-មេរ៉ូដាក ដោះលែងព្រះបាទយ៉ូយ៉ាគីនឲ្យមានសេរីភាព។ 32ស្ដេចមានរាជឱង្ការទៅកាន់ព្រះបាទយ៉ូយ៉ាគីនដោយស្និទ្ធស្នាល ព្រមទាំងប្រទានកន្លែងកិត្តិយសជាងស្ដេចឯទៀតៗ ដែលជាប់ជាឈ្លើយនៅក្រុងបាប៊ីឡូន។ 33ស្ដេចអនុញ្ញាតឲ្យព្រះបាទយ៉ូយ៉ាគីនលែងស្លៀកសម្លៀកបំពាក់ជាឈ្លើយសឹក ហើយព្រះបាទយ៉ូយ៉ាគីនសោយព្រះស្ងោយរួមតុជាមួយ ជារៀងរាល់ថ្ងៃ រហូតដល់អស់ព្រះជន្ម។ 34ស្ដេចស្រុកបាប៊ីឡូនទំនុកបម្រុងព្រះបាទយ៉ូយ៉ាគីន ជារៀងរាល់ថ្ងៃ អស់មួយជីវិត រហូតដល់ថ្ងៃទ្រង់សោយទិវង្គត។
ទើបបានជ្រើសរើសហើយ៖
យេរេមា 52: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.