យេរេមា 31:7-14

យេរេមា 31:7-14 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ដ្បិត​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ ចូរ​ច្រៀង​ដោយ​ចិត្ត​អរ​សប្បាយ ព្រោះ​ពួក​យ៉ាកុប ហើយ​ស្រែក​ឡើង​ដោយ​អំណរ ដោយ​ព្រោះ​មេ​ប្រធាន​នៃ​អស់​ទាំង​សាសន៍ ចូរ​ប្រកាស​ប្រាប់​ចុះ ចូរ​លើក​សរសើរ ដោយ​ពាក្យ​ថា ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ជួយ​សង្គ្រោះ​សំណល់​នៃ​សាសន៍​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ​ផង។ មើល៍! យើង​នឹង​នាំ​គេ​មក​ស្រុក​ខាង​ជើង ហើយ​ប្រមូល​គេ​ពី​ចុង​ផែនដី​បំផុត មាន​ទាំង​ពួក​ខ្វាក់ ពួក​ខ្វិន ស្រី​មាន​ទម្ងន់ និង​ស្រី​ដែលហៀប​សម្រាល​កូន​ផង ជា​ក្រុម​មនុស្ស​យ៉ាង​ធំ ដែល​នឹង​វិល​មក​នៅ​ទី​នេះ​វិញ។ គេ​នឹង​មក​ទាំង​យំ និង​ទាំង​ពាក្យ​ទូល‌អង្វរ​សូម​សេចក្ដី​មេត្តា​ករុណា យើង​នឹង​នាំ​គេ​ត្រឡប់​មក​វិញ យើង​នឹង​ឲ្យ​គេ​ដើរ​ក្បែរ​កន្លែង​ដែល​មាន​ទឹក​ហូរ តាម​ផ្លូវ​ត្រង់ជា​ផ្លូវ​ដែល​គេ​មិន​ចំពប់​ដួល​ឡើយ ដ្បិត​យើង​ជា​ឪពុក​ដល់​សាសន៍​អ៊ីស្រា‌អែល ហើយ​ពួក​អេប្រាអិម​ជា​កូន​ច្បង​របស់​យើង។ ឱ​សាសន៍​ដទៃ​ទាំង​ប៉ុន្មាន​អើយ ចូរ​អ្នក​រាល់​គ្នា​ស្តាប់​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា ហើយ​ថ្លែង​ប្រាប់​ដល់​ពួក​កោះ​ដែល​នៅ​ឆ្ងាយ​ថា៖ ព្រះ​ដែល​បាន​កម្ចាត់‌កម្ចាយ​សាសន៍​អ៊ីស្រា‌អែល ព្រះ‌អង្គ​នឹង​ប្រមូល​គេ​មក​វិញ ហើយ​នឹង​រក្សា​គេ ដូច​ជា​គង្វាល​ឃ្វាល​ហ្វូង​ចៀម​របស់​ខ្លួន។ ព្រោះ​ព្រះ‌យេហូវ៉ា​បាន​លោះ​យ៉ាកុប​ហើយ ព្រះ‌អង្គ​បាន​ដោះ​គេ​ចេញ​ពី​កណ្ដាប់​ដៃ នៃ​ពួក​អ្នក​ដែល​ខ្លាំង​ជាង​ខ្លួន។ គេ​នឹង​មក ហើយ​ច្រៀង​នៅ​លើ​ទី​ខ្ពស់​នៃ​ភ្នំ​ស៊ីយ៉ូន ហើយ​មក​ហូរ‌ហែដល់​សេចក្ដី​សប្បុរស​របស់​ព្រះ‌យេហូវ៉ា គឺ​មក​ដល់​ស្រូវ ទឹក​ទំពាំង‌បាយ‌ជូរ ប្រេង និង​កូន​ចៀម កូន​គោ ពី​ហ្វូង​សត្វ ហើយ​ព្រលឹង​គេ​នឹង​បាន​ដូច​ជា​សួន​ច្បារ ដែល​មាន​ទឹក​ស្រោច នោះ​គេ​នឹង​មិន​មាន សេចក្ដី​ព្រួយ​ទៀត​ឡើយ។ គ្រា​នោះ នាង​ក្រមុំ​នឹង​មាន​ចិត្ត​រីក‌រាយ ក្នុង​ការ​លោត​កព្ឆោង ព្រម​ទាំង​ពួក​កំលោះៗ និង​ពួក​ចាស់ៗ​ទាំង​អស់​គ្នា​ផង ដ្បិត​យើង​នឹង​បំប្រែ​សេចក្ដី​សោក‌សៅ​របស់​គេ ទៅ​ជា​អំណរ​វិញ ហើយ​កម្សាន្ត​ចិត្ត​គេ ព្រម​ទាំង​ឲ្យ​គេ​រីក‌រាយ ចេញ​ពី​សេចក្ដី​ទុក្ខ​ព្រួយ​របស់​គេ។ យើ​ង​នឹង​ចម្អែត​ព្រលឹង​ពួក​សង្ឃ ដោយ​សេចក្ដី​បរិបូរ ហើយ​ឲ្យ​ប្រជា‌រាស្ត្រ​របស់​យើង​បាន​ស្កប់​ចិត្ត ដោយ​សេចក្ដី​សប្បុរស​របស់​យើង នេះ​ហើយ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។

ចែក​រំលែក
អាន យេរេមា 31

យេរេមា 31:7-14 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​ហ៊ោ​កញ្ជ្រៀវ​អបអរ‌សាទរ​កូន​ចៅ​យ៉ាកុប! ចូរ​ទទួល​ប្រជា‌ជន​ដែល​ជា​មេ​ដឹក​នាំ នៃ​ប្រជា‌ជាតិ​ទាំង‌ឡាយ ឲ្យ​បាន​គគ្រឹក‌គគ្រេង​ឡើង! ចូរ​បន្លឺ​សំឡេង ចូរ​លើក​តម្កើង​ព្រះ‌អម្ចាស់! ហើយ​ពោល​ថា: “ព្រះ‌អម្ចាស់​អើយ! សូម​សង្គ្រោះ​ប្រជា‌រាស្ដ្រ​របស់​ព្រះអង្គ គឺ​ជន‌ជាតិ​អ៊ីស្រា‌អែល​ដែល​នៅ​សេស‌សល់”។ យើង​នឹង​នាំ​ពួក​គេ​មក​ពី​ស្រុក​ខាង​ជើង ហើយ​ក៏​ប្រមូល​ពួក​គេ​ពី​ទី​ដាច់​ស្រយាល នៃ​ផែនដី​មក​វិញ​ដែរ។ ពួក​គេ​មក​ទាំង​អស់​គ្នា គឺ​មាន​ទាំង​មនុស្ស​ខ្វាក់​មនុស្ស​ខ្វិន ស្ត្រី​មាន​ផ្ទៃ​ពោះ និង​ស្ត្រី​ទើប​សម្រាល​កូន។ ពួក​គេ​វិល​ត្រឡប់​មក​វិញ​យ៉ាង​ច្រើន​ឥត​គណនា។ ពួក​គេ​មក​ដល់ ទាំង​យំ​ផង ទាំង​ទូល‌អង្វរ​ផង យើង​នឹង​ដឹក​នាំ​ពួក​គេ​ដើរ​តាម​ផ្លូវ​រាប​ស្មើ គ្មាន​អ្វី​ជំពប់​ជើង តម្រង់​ទៅ​កន្លែង ដែល​មាន​ទឹក​ហូរ ដ្បិត​យើង​ជា​ឪពុក​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល ហើយ​អេប្រាអ៊ីម​ជា​កូន​ច្បង​របស់​យើង»។ ប្រជា‌ជាតិ​ទាំង‌ឡាយ​អើយ ចូរ​នាំ​គ្នា​ស្ដាប់​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ ហើយ​ផ្សព្វ‌ផ្សាយ​រហូត​ដល់​កោះ​ឆ្ងាយៗ! ចូរ​ប្រកាស​ថា: «ព្រះ​ដែល​កម្ចាត់‌កម្ចាយ​ជន‌ជាតិ​អ៊ីស្រា‌អែល ទ្រង់​ប្រមូល​ពួក​គេ​មក​វិញ​ហើយ ព្រះអង្គ​ថែរក្សា​អ៊ីស្រា‌អែល ដូច​គង្វាល​រក្សា​ហ្វូង​ចៀម​របស់​ខ្លួន។ ព្រះ‌អម្ចាស់​រំដោះ​កូន​ចៅ​របស់​លោក​យ៉ាកុប ព្រះអង្គ​លោះ​ពួក​គេ​ឲ្យ​រួច​ពី​ខ្មាំង ដែល​មាន​កម្លាំង​ខ្លាំង​ជាង​ពួក​គេ។ ពួក​គេ​ត្រឡប់​មក​វិញ ទាំង​ស្រែក​ហ៊ោ​ដោយ​អំណរ នៅ​លើ​ភ្នំ​ស៊ីយ៉ូន ពួក​គេ​នាំ​គ្នា​រត់​ទៅ​ទទួល​ទ្រព្យ​សម្បត្តិ ដែល​ព្រះ‌អម្ចាស់​ប្រទាន​ឲ្យ គឺ​មាន​ស្រូវ ស្រា​ទំពាំង‌បាយជូរ​ថ្មី ប្រេង ហ្វូង​ចៀម និង​ហ្វូង​គោ។ ចិត្ត​របស់​ពួក​គេ​ប្រៀប​ដូច​សួន​ឧទ្យាន ដែល​មាន​ទឹក​ស្រោច​ស្រព ពួក​គេ​នឹង​លែង​ខ្សោះ​ល្វើយ​ទៀត​ហើយ។ ពេល​នោះ ស្ត្រី​ក្រមុំ​នឹង​នាំ​គ្នា​រាំ​យ៉ាង​សប្បាយ ហើយ​ពួក​យុវជន និង​ពួក​ចាស់​ទុំ ក៏​នឹង​រាំ​យ៉ាង​សប្បាយ​ដែរ។ យើង​នឹង​ធ្វើ​ឲ្យ​ទុក្ខ​ព្រួយ​របស់​ពួក​គេ ប្រែ​ទៅ​ជា​អំណរ​រីក‌រាយ យើង​នឹង​សម្រាល​ទុក្ខ​ពួក​គេ ហើយ​ធ្វើ​ឲ្យ​ពួក​គេ​មាន​អំណរ​សប្បាយ ឡើង​វិញ។ យើង​នឹង​ឲ្យ​សាច់​ដ៏​ល្អៗ​ដល់ ពួក​បូជា‌ចារ្យ​បរិភោគ​យ៉ាង​ស្កប់‌ស្កល់ ហើយ​យើង​នឹង​ផ្ដល់​សម្បត្តិ​ដ៏​បរិបូណ៌ ដល់​ប្រជា‌រាស្ត្រ​របស់​យើង» - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

ចែក​រំលែក
អាន យេរេមា 31

យេរេមា 31:7-14 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា ចូរ​ច្រៀង​ដោយ​ចិត្ត​អរ​សប្បាយ ព្រោះ​ពួក​យ៉ាកុប ហើយ​ស្រែក​ឡើង​ដោយ​អំណរ ដោយ​ព្រោះ​មេ​ប្រធាន​នៃ​អស់​ទាំង​សាសន៍ ចូរ​ប្រកាស​ប្រាប់​ចុះ ចូរ​លើក​សរសើរ ដោយ​ពាក្យ​ថា ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ជួយ​សង្គ្រោះ​សំណល់​នៃ​សាសន៍​អ៊ីស្រាអែល ជា​រាស្ត្រ​របស់​ទ្រង់​ផង មើល អញ​នឹង​នាំ​គេ​មក​ស្រុក​ខាង​ជើង ហើយ​នឹង​ប្រមូល​គេ​ពី​ចុង​ផែនដី​បំផុត មាន​ទាំង​ពួក​ខ្វាក់ ពួក​ខ្វិន ស្រី​មាន​ទំងន់ នឹង​ស្រី​ដែល​រៀប​នឹង​សំរាល​កូន​ផង ជា​ពួក​មនុស្ស​យ៉ាង​ធំ ដែល​នឹង​វិល​មក​នៅ​ទី​នេះ​វិញ គេ​នឹង​មក​ដោយ​ទឹក​ភ្នែក នឹង​ពាក្យ​ទូល‌អង្វរ អញ​នឹង​នាំ​មុខ​គេ ហើយ​ដំរង់​គេ​ដើរ​ទៅ​ក្បែរ​មាត់​ទន្លេ តាម​ផ្លូវ​ត្រង់ ជា​ផ្លូវ​ដែល​គេ​មិន​ចំពប់​ដួល​ឡើយ ដ្បិត​អញ​ជា​ឪពុក​ដល់​សាសន៍​អ៊ីស្រាអែល ហើយ​ពួក​អេប្រា‌អិម​ជា​កូន​ច្បង​របស់​អញ។ ឱ​សាសន៍​ដទៃ​ទាំង​ប៉ុន្មាន​អើយ ចូរ​ឲ្យ​ឯង​រាល់​គ្នា​ស្តាប់​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ហើយ​ថ្លែង​ប្រាប់​ដល់​ពួក​កោះ​ដែល​នៅ​ឆ្ងាយ​ថា ព្រះ​ដែល​បាន​កំចាត់‌កំចាយ​សាសន៍​អ៊ីស្រាអែល​ទៅ ទ្រង់​នឹង​ប្រមូល​គេ​មក​វិញ ហើយ​នឹង​រក្សា​គេ ដូច​ជា​អ្នក​គង្វាល​ឃ្វាល​ហ្វូង​ចៀម​របស់​ខ្លួន ពី​ព្រោះ​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​លោះ​យ៉ាកុប​ហើយ ទ្រង់​បាន​ដោះ​គេ​ចេញ​ពី​កណ្តាប់​ដៃ​នៃ​ពួក​អ្នក​ដែល​ខ្លាំង​ជាង​ខ្លួន គេ​នឹង​មក ហើយ​ច្រៀង​នៅ​លើ​ទី​ខ្ពស់​នៃ​ភ្នំ​ស៊ីយ៉ូន ហើយ​នឹង​មក​ហូរ‌ហែ ដល់​សេចក្ដី​សប្បុរស​របស់​ព្រះ‌យេហូវ៉ា គឺ​មក​ដល់​ស្រូវ ទឹក​ទំពាំង‌បាយ‌ជូរ ប្រេង នឹង​កូន​ចៀម កូន​គោ ពី​ហ្វូង​សត្វ ហើយ​ព្រលឹង​គេ​នឹង​បាន​ដូច​ជា​សួន‌ច្បារ ដែល​មាន​ទឹក​ស្រោច នោះ​គេ​នឹង​មិន​មាន​សេចក្ដី​ព្រួយ​ទៀត​ឡើយ គ្រា​នោះ នាង​ក្រមុំ​នឹង​មាន​ចិត្ត​រីក‌រាយ​ក្នុង​ការ​លោត‌កញ្ឆេង ព្រម​ទាំង​ពួក​កំឡោះៗ នឹង​ពួក​ចាស់ៗ​ទាំង​អស់​គ្នា​ផង ដ្បិត​អញ​នឹង​បំប្រែ​សេចក្ដី​សោក‌សៅ​របស់​គេ​ទៅ​ជា​សេចក្ដី​អំណរ​វិញ ហើយ​កំសាន្ត​ចិត្ត​គេ ព្រម​ទាំង​ឲ្យ​គេ​រីក‌រាយ​ចេញ​ពី​សេចក្ដី​ទុក្ខ​ព្រួយ​របស់​គេ អញ​ក៏​នឹង​ចំអែត​ព្រលឹង​នៃ​ពួក​សង្ឃ ដោយ​សេចក្ដី​បរិបូរ ហើយ​រាស្ត្រ​អញ​នឹង​បាន​ស្កប់​ចិត្ត ដោយ​សេចក្ដី​សប្បុរស​របស់​អញ នេះ​ហើយ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។

ចែក​រំលែក
អាន យេរេមា 31