យេរេមា 31:7-14

យេរេមា 31:7-14 គកស១៦

ដ្បិត​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ ចូរ​ច្រៀង​ដោយ​ចិត្ត​អរ​សប្បាយ ព្រោះ​ពួក​យ៉ាកុប ហើយ​ស្រែក​ឡើង​ដោយ​អំណរ ដោយ​ព្រោះ​មេ​ប្រធាន​នៃ​អស់​ទាំង​សាសន៍ ចូរ​ប្រកាស​ប្រាប់​ចុះ ចូរ​លើក​សរសើរ ដោយ​ពាក្យ​ថា ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ជួយ​សង្គ្រោះ​សំណល់​នៃ​សាសន៍​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ​ផង។ មើល៍! យើង​នឹង​នាំ​គេ​មក​ស្រុក​ខាង​ជើង ហើយ​ប្រមូល​គេ​ពី​ចុង​ផែនដី​បំផុត មាន​ទាំង​ពួក​ខ្វាក់ ពួក​ខ្វិន ស្រី​មាន​ទម្ងន់ និង​ស្រី​ដែលហៀប​សម្រាល​កូន​ផង ជា​ក្រុម​មនុស្ស​យ៉ាង​ធំ ដែល​នឹង​វិល​មក​នៅ​ទី​នេះ​វិញ។ គេ​នឹង​មក​ទាំង​យំ និង​ទាំង​ពាក្យ​ទូល‌អង្វរ​សូម​សេចក្ដី​មេត្តា​ករុណា យើង​នឹង​នាំ​គេ​ត្រឡប់​មក​វិញ យើង​នឹង​ឲ្យ​គេ​ដើរ​ក្បែរ​កន្លែង​ដែល​មាន​ទឹក​ហូរ តាម​ផ្លូវ​ត្រង់ជា​ផ្លូវ​ដែល​គេ​មិន​ចំពប់​ដួល​ឡើយ ដ្បិត​យើង​ជា​ឪពុក​ដល់​សាសន៍​អ៊ីស្រា‌អែល ហើយ​ពួក​អេប្រាអិម​ជា​កូន​ច្បង​របស់​យើង។ ឱ​សាសន៍​ដទៃ​ទាំង​ប៉ុន្មាន​អើយ ចូរ​អ្នក​រាល់​គ្នា​ស្តាប់​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា ហើយ​ថ្លែង​ប្រាប់​ដល់​ពួក​កោះ​ដែល​នៅ​ឆ្ងាយ​ថា៖ ព្រះ​ដែល​បាន​កម្ចាត់‌កម្ចាយ​សាសន៍​អ៊ីស្រា‌អែល ព្រះ‌អង្គ​នឹង​ប្រមូល​គេ​មក​វិញ ហើយ​នឹង​រក្សា​គេ ដូច​ជា​គង្វាល​ឃ្វាល​ហ្វូង​ចៀម​របស់​ខ្លួន។ ព្រោះ​ព្រះ‌យេហូវ៉ា​បាន​លោះ​យ៉ាកុប​ហើយ ព្រះ‌អង្គ​បាន​ដោះ​គេ​ចេញ​ពី​កណ្ដាប់​ដៃ នៃ​ពួក​អ្នក​ដែល​ខ្លាំង​ជាង​ខ្លួន។ គេ​នឹង​មក ហើយ​ច្រៀង​នៅ​លើ​ទី​ខ្ពស់​នៃ​ភ្នំ​ស៊ីយ៉ូន ហើយ​មក​ហូរ‌ហែដល់​សេចក្ដី​សប្បុរស​របស់​ព្រះ‌យេហូវ៉ា គឺ​មក​ដល់​ស្រូវ ទឹក​ទំពាំង‌បាយ‌ជូរ ប្រេង និង​កូន​ចៀម កូន​គោ ពី​ហ្វូង​សត្វ ហើយ​ព្រលឹង​គេ​នឹង​បាន​ដូច​ជា​សួន​ច្បារ ដែល​មាន​ទឹក​ស្រោច នោះ​គេ​នឹង​មិន​មាន សេចក្ដី​ព្រួយ​ទៀត​ឡើយ។ គ្រា​នោះ នាង​ក្រមុំ​នឹង​មាន​ចិត្ត​រីក‌រាយ ក្នុង​ការ​លោត​កព្ឆោង ព្រម​ទាំង​ពួក​កំលោះៗ និង​ពួក​ចាស់ៗ​ទាំង​អស់​គ្នា​ផង ដ្បិត​យើង​នឹង​បំប្រែ​សេចក្ដី​សោក‌សៅ​របស់​គេ ទៅ​ជា​អំណរ​វិញ ហើយ​កម្សាន្ត​ចិត្ត​គេ ព្រម​ទាំង​ឲ្យ​គេ​រីក‌រាយ ចេញ​ពី​សេចក្ដី​ទុក្ខ​ព្រួយ​របស់​គេ។ យើ​ង​នឹង​ចម្អែត​ព្រលឹង​ពួក​សង្ឃ ដោយ​សេចក្ដី​បរិបូរ ហើយ​ឲ្យ​ប្រជា‌រាស្ត្រ​របស់​យើង​បាន​ស្កប់​ចិត្ត ដោយ​សេចក្ដី​សប្បុរស​របស់​យើង នេះ​ហើយ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។

អាន យេរេមា 31