យេរេមា 3:6-25

យេរេមា 3:6-25 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

មួយ​ទៀត នៅ​ក្នុង​គ្រា​ស្តេច​យ៉ូសៀស ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖ «តើ​បាន​ឃើញ​ការ​ដែល​អ៊ីស្រា‌អែល ជា​ពួក​រា​ថយ​នោះ​បាន​ប្រព្រឹត្ត​ឬ​ទេ គឺ​គេ​បាន​ឡើង​ទៅ​លើ​គ្រប់​ទាំង​ភ្នំ​ខ្ពស់ៗ និង​នៅ​ក្រោម​ដើម​ឈើ​ខៀវ​ខ្ចី​ទាំងប៉ុន្មាន ហើយ​បាន​ប្រព្រឹត្តអំពើ​ផិត​ក្បត់​នៅ​ទី​នោះ។ លុះ​ក្រោយ​ដែល​គេ​បាន​ប្រព្រឹត្ត​អំពើ​ទាំង​នោះ​ហើយ យើង​បាន​និយាយ​ថា ចូរ​ឲ្យ​គេ​វិល​ត្រឡប់​មក​យើង​វិញ តែ​គេ​មិន​បាន​វិល​មក​ទេ ហើយ​យូដា ជា​ប្អូន​គេ ដែល​មាន​ចិត្ត​ក្បត់​ក៏​បាន​ឃើញ​ដែរ។ យូដា បាន​ឃើញ​ថា ទោះ​បើ​យើង​បាន​លែង​លះ​អ៊ីស្រា‌អែល​ដែល​មាន​ចិត្ត​សាវា ព្រម​ទាំង​ចេញ​សំបុត្រ​លែង​លះ‌ដល់​នាង​ហើយ ដោយ​ព្រោះ​តែ​នាង​ផិត​ក្បត់​ក៏​ដោយ តែ​យូដា ជា​ប្អូន ដែល​មាន​ចិត្ត​ក្បត់​មិន​បាន​កោត​ខ្លាច​ដែរ គឺ​បាន​ទៅ​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់​ដូច​គ្នា ហើយ​ស្រុក​បាន​អាប់‌ឱន​ទៅ ដោយឮ​រន្ទឺពី​ការ​កំផិត​របស់​គេ គេ​បាន​កំផិត​នឹង​ដុំ​ថ្ម ហើយ​ដុំ​ឈើ​ផង។ ទោះ​បើ​មាន​យ៉ាង​នោះ​ក៏​ដោយ យូដា​ជា​ប្អូន​គេ ដែល​មាន​ចិត្ត​ក្បត់​នោះ មិន​បាន​វិល​មក​ឯ​យើង​ដោយ​អស់​ពី​ចិត្ត​ដែរ គឺ​មាន​ពុត‌ត្បុត» នេះ​ហើយ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា។ ព្រះ‌យេហូវ៉ា​ក៏​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖ «អ៊ីស្រាអែល​ជា​ពួក​រា​ថយ គេ​បាន​សម្ដែង​ខ្លួន​ជា​សុចរិត ជា​ជាង​ពួក​យូដា ដែល​មាន​ចិត្ត​ក្បត់​នោះ​ទៅ​ទៀត។ ចូរ​ទៅ​ប្រកាស​ប្រាប់​ពាក្យ​ទាំង​នេះ​ទៅ​ទិស​ខាង​ជើង ដោយ​ពាក្យ​ថា: ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ ឱ​អ៊ីស្រា‌អែល ជា​ពួក​រា​ថយ​អើយ ចូរ​វិល​មក​វិញ​ចុះ យើង​នឹង​មិន​បំភ័យ​អ្នក ដោយ​ទឹក​មុខ​យើង​ទេ ដ្បិត​យើង​មាន​សេចក្ដី​មេត្តា»។ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​នឹង​មិន​ក្រោធ​ជា​ដរាប​ឡើយ»។ អ្នក​គ្រាន់​តែ​ទទួល​ព្រម​ថា អ្នក​មាន​អំពើ​ទុច្ចរិត​មែន ដោយ​បាន​រំលង​នឹង​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ហើយ​បាន​ចែក​អំពើ​គោរព​របស់​អ្នក ឲ្យ​សុស‌សាយ​ទៅ​ដល់​ព្រះ​ដទៃ​ទាំង​ប៉ុន្មាន នៅ​ក្រោម​ដើម​ឈើ​ខៀវ​ខ្ចី​ផង តែ​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ «អ្នក​រាល់​គ្នា​មិន​បាន​ស្តាប់​តាម​យើង​សោះ»។ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ «ឱ​ពួក​ក្មេងៗ​ដែល​រា​ថយ​អើយ ចូរ​វិល​មក​វិញ​ចុះ ដ្បិត​យើង​ជា​ប្ដី​ដល់​អ្នក​រាល់​គ្នា​ហើយ យើង​នឹង​យក​អ្នក​រាល់​គ្នា ម្នាក់​ពី​ក្រុងមួយ ហើយ​ពីរ​នាក់​ពី​កុល‌សម្ព័ន្ធ​មួយ នាំ​ត្រឡប់​ទៅ​ក្រុង​ស៊ីយ៉ូន​វិញ។ យើង​នឹង​ឲ្យ​អ្នក​រាល់​គ្នា​មាន​អ្នក​គ្រប់​គ្រង​ដែល​គាប់​ចិត្ត​យើង ជា​អ្នក​ដែល​ឃ្វាល​អ្នក​រាល់​គ្នា​ដោយ​តម្រិះ និង​យោបល់»។ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ «នៅ​គ្រា​នោះ កាល​ណា​អ្នក​រាល់​គ្នា​មាន​គ្នា​ច្រើន​ឡើង​នៅ​ក្នុង​ស្រុក នោះ​គេ​នឹង​លែង​និយាយពី​ហិប​នៃ​សេចក្ដី​សញ្ញា​របស់​ព្រះ‌យេហូវ៉ា​ទៀត​ហើយ ហិប​នោះ​ក៏​មិន​ដែល​ចូល​ក្នុង​គំនិត​គេ ហើយ​គេ​មិន​ដែល​នឹក​ចាំ ឬ​រឭក​រក ក៏​មិន​ដែល​មាន​អ្នក​ណា​ធ្វើ​ឡើង​វិញ​ដែរ។ នៅ​គ្រា​នោះ គេ​នឹង​ហៅ​ក្រុង​យេរូ‌សាឡិម​ថា​ជា​បល្ល័ង្ក​នៃ​ព្រះ‌យេហូវ៉ា ហើយ​អស់​ទាំង​សាសន៍​នឹង​មូល​គ្នា មក​រក​ព្រះ‌នាម​នៃ​ព្រះ‌យេហូវ៉ា ក្នុង​ក្រុង​យេរូ‌សាឡិម គេ​នឹង​មិន​រឹង​ចចេស ធ្វើ​តាម​ចិត្ត​អាក្រក់​របស់​គេ​ទៀត​ឡើយ។ ពួក​វង្ស​យូដា​នឹង​ដើរ​ជា‌មួយ​ពួក​វង្ស​អ៊ីស្រា‌អែល ហើយ​គេ​នឹង​ចេញ​ពី​ស្រុក​ខាង​ជើង​ជា‌មួយ​គ្នា មក​ស្រុក​ដែល​យើង​បាន​ឲ្យ​ដល់​បុព្វ‌បុរស​របស់​អ្នក​ទុក​ជា​មត៌ក។ យើង​បាន​នឹក​ថា ធ្វើ​ដូច​ម្តេច​ឲ្យ​យើង​ដាក់​អ្នក នៅ​ជា‌មួយ​ពួក​កូន​ចៅ​បាន ព្រម​ទាំង​ឲ្យ​ស្រុក​ដ៏​គាប់​ចិត្ត គឺ​ជា​មត៌ក​យ៉ាង​ល្អ​របស់​ពួក​កក‌កុញ នៅ​អស់​ទាំង​សាសន៍​ដល់​អ្នក។ យើង​បាន​ឆ្លើយ​ថា អ្នក​រាល់​គ្នា​នឹង​ហៅ​យើង​ថា​ជា​ព្រះ‌វរ‌បិតា​របស់​អ្នក ក៏​នឹង​លែង​ងាក​បែរ​ចេញ​ពី​យើង​តទៅ»។ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ «ឱ​ពូជ‌ពង្ស​អ៊ីស្រា‌អែល​អើយ ពិត​ប្រាកដ​ជា​អ្នក​បាន​ប្រព្រឹត្ត​អំពើ​ក្បត់​ចំពោះ​យើង ប្រៀប​ដូច​ជា​ប្រពន្ធ​ប្រព្រឹត្ត​ក្បត់​ចាក​ចោល​ប្ដី​ខ្លួន។ មាន​ឮ​សំឡេង​នៅ​លើ​ទី​ខ្ពស់​ត្រងិល គឺ​ជា​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ដែល​យំ ហើយ​ទូល‌អង្វរ ដោយ​ព្រោះ​គេ​បាន​បង្ខូច​ផ្លូវ​ខ្លួន ហើយ​បាន​ភ្លេច​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​ខ្លួន។ ឱ​ពួក​កូន​ដែល​រា​ថយ​អើយ ចូរ​វិល​មក​វិញ​ចុះ យើង​នឹង​មើល​អស់​ទាំង​អំពើ​រា​ថយ​របស់​អ្នក ឲ្យ​បាន​ជា​ឡើង​វិញ»។ យើង​ខ្ញុំ​រាល់​គ្នា​មក​រក​ព្រះ‌អង្គ​ហើយ ដ្បិត​ព្រះ‌អង្គ​ជា​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​រាល់​គ្នា។ ការ​ដែល​ទុក​ចិត្ត​សង្ឃឹម​ដល់​ភ្នំ​តូច និងដល់​ពួក​អ៊ឹក‌ធឹក​នៅ​លើ​ភ្នំ​ធំ នោះ​ពិត​ប្រាកដ​ជា​ឥត​ប្រយោជន៍​ទទេ។ មាន​តែ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​ខ្ញុំ​ទេ ដែល​អាច​សង្គ្រោះ​សាសន៍​អ៊ីស្រា‌អែល។ ប៉ុន្តែ របស់​គួរ​ខ្មាស​បាន​ស៊ី​បង្ហិន ការ​ដែល​ពួក​ឪពុក​យើង​បាន​ខំ​ធ្វើ តាំង​ពី​យើង​នៅ​ក្មេង​មក គឺ​ហ្វូង​ចៀម ហ្វូង​គោ និង​កូន​ប្រុស​កូន​ស្រី​របស់​គាត់។ គួរ​ឲ្យ​យើង​រាល់​គ្នា​ដេក ក្នុង​សេចក្ដី​ខ្មាស​របស់​យើង ហើយ​ឲ្យ​សេចក្ដី​អាប់‌ឱន​គ្រប់​ដណ្តប់​យើង​ដែរ ពី​ព្រោះ​យើង​បាន​ធ្វើ​បាប​នឹង​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​យើង​រាល់​គ្នា គឺ​ទាំង​ខ្លួន​យើង និង​ពួក​ឪពុក​យើង​ផង ចាប់​តាំង​ពី​យើង​នៅ​ក្មេង​ដរាប​ដល់​សព្វ​ថ្ងៃ​នេះ យើង​ក៏​មិន​បាន​ស្តាប់​តាម​សំឡេង​របស់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​យើង​រាល់​គ្នា។

ចែក​រំលែក
អាន យេរេមា 3

យេរេមា 3:6-25 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

នៅ​រជ្ជកាល​ព្រះ‌បាទ​យ៉ូសៀស ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖ «អ្នក​ឃើញ​ទេ តើ​អ៊ីស្រា‌អែល​ចិត្ត​សាវា​នោះ​បាន​ធ្វើ​អ្វី​ខ្លះ? គឺ​នាង​ឡើង​ទៅ​គ្រប់​ទី​កន្លែង​នៅ​លើ​ភ្នំ​ខ្ពស់ៗ និង​ចូល​ទៅ​ក្រោម​ម្លប់​ដើម​ឈើ​ដ៏​ធំៗ ដើម្បី​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់។ យើង​គិត​ថា ពេល​ណា​នាង​ប្រព្រឹត្ត​អំពើ​ទាំង​នោះ​រួច​ហើយ នាង​មុខ​ជា​វិល​មក​រក​យើង​វិញ​មិន​ខាន។ ប៉ុន្តែ អ៊ីស្រា‌អែល​ពុំ​បាន​វិល​ត្រឡប់​មក​វិញ​ទេ យូដា​ជា​ប្អូន​ដែល​ផិត​ក្បត់ ក៏​បាន​ឃើញ​ដែរ។ យើង​បាន​លែង‌លះ​អ៊ីស្រា‌អែល​ដែល​មាន​ចិត្ត​សាវា ព្រោះ​តែ​អំពើ​ប្រាស​ចាក​សីលធម៌​របស់​នាង។ យើង​ក៏​បាន​ចេញ​លិខិត​លែង‌លះ​ឲ្យ​ដែរ។ ប៉ុន្តែ យើង​ឃើញ​ថា យូដា​ជា​ប្អូន​ដែល​ផិត​ក្បត់ មិន​ញញើត​កោតខ្លាច​ឡើយ នាង​ក៏​ទៅ​ប្រព្រឹត្ត​អំពើ​ប្រាស​ចាក​សីលធម៌​ដែរ។ ដោយ‌សារ​អ៊ីស្រា‌អែល​ប្រព្រឹត្ត​អំពើ​ប្រាស​ចាក​សីលធម៌ គឺ​ផិត​ក្បត់​ជា​មួយ​ព្រះ​ដែល​ធ្វើ​ពី​ថ្ម និង​ពី​ឈើ ស្រុក​របស់​គេ​បាន​ក្លាយ​ទៅ​ជា​សៅហ្មង។ ទោះ​បី​យ៉ាង​នេះ​ក្ដី យូដា ជា​ប្អូន​ដែល​ផិត​ក្បត់ មិន​បាន​វិល​មក​រក​យើង​ដោយ​ចិត្ត​ស្មោះ​ឡើយ គឺ​គេ​គ្រាន់​តែ​និយាយ​ប៉ុណ្ណោះ»- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖ «អ៊ីស្រា‌អែល​សាវា​គ្រាន់​បើ​ជាង​យូដា​ដែល​ផិត​ក្បត់។ ដូច្នេះ ចូរ​នាំ​ពាក្យ​នេះ​ទៅ​ប្រកាស​នៅ​ទិស​ខាង​ជើង​ថា៖ អ៊ីស្រា‌អែល​សាវា​អើយ ចូរ​វិល​មក​វិញ យើង​នឹង​មិន​ប្រកាន់​ទោស​នាង​ទៀត​ទេ ដ្បិត​យើង​មាន​មេត្តា​ករុណា យើង​មិន​ចង​កំហឹង​រហូត​ត​ទៅ​ឡើយ។ - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។ ចូរ​ទទួល​ស្គាល់​កំហុស​របស់​ខ្លួន តែ​ប៉ុណ្ណោះ​បាន​ហើយ គឺ​នាង​បាន​បះ‌បោរ​ប្រឆាំង​នឹង​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​នាង នាង​បាន​រត់​ទៅ​រក​ព្រះ​ដទៃ​គ្រប់​ទី​កន្លែង គឺ​នៅ​ក្រោម​ដើម​ឈើ​ណា​ដែល​មាន​ស្លឹក​ខៀវ​ខ្ចី ហើយ​នាង​ពុំ​បាន​ស្ដាប់​សំឡេង​យើង​ទេ» - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «កូន​ចៅ​ដែល​ក្បត់​ចិត្ត​យើង​អើយ! ចូរ​នាំ​គ្នា​វិល​ត្រឡប់​មក​វិញ ដ្បិត​យើង​នៅ​តែ​ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា។ យើង​នឹង​យក​ម្នាក់​ពី​ក្រុង​មួយ ហើយ​យក​ពីរ​នាក់​ទៀត​ពី​កុល‌សម្ព័ន្ធ​មួយ ដើម្បី​នាំ​អ្នក​រាល់​គ្នា​មក​ក្រុង​ស៊ីយ៉ូន​វិញ។ យើង​នឹង​តែង‌តាំង​មេ​ដឹក​នាំ​ដែល​គាប់​ចិត្ត​យើង ឲ្យ​មក​ថែ​ទាំ​អ្នក​រាល់​គ្នា​ដោយ​យក​ចិត្ត​ទុក​ដាក់ និង​ប្រកប​ដោយ​ប្រាជ្ញា។ នៅ​គ្រា​នោះ កាល​ណា​អ្នក​រាល់​គ្នា​កើន​ចំនួន​ឡើង​បាន​ច្រើន​នៅ​ក្នុង​ស្រុក​ហើយ នឹង​លែង​មាន​គេ​និយាយ​អំពី​ហិប​នៃ​សម្ពន្ធ‌មេត្រី​របស់​ព្រះ‌អម្ចាស់​ទៀត ហើយ​ក៏​គ្មាន​នរណា​នឹក​នា រវី‌រវល់​ចាប់​អារម្មណ៍​អំពី​ហិប​ដែល​បាត់​ទៅ​នោះ​ដែរ។ គេ​មិន​ធ្វើ​ហិប​នោះ​ឡើង​វិញ​ទេ។ នៅ​គ្រា​នោះ គេ​នឹង​ហៅ​ក្រុង​យេរូ‌សាឡឹម​ថា “បល្ល័ង្ក​របស់​ព្រះ‌អម្ចាស់” ប្រជា‌ជាតិ​ទាំង​អស់​នឹង​មក​មូល​គ្នា​នៅ​ក្រុង​យេរូ‌សាឡឹម​នេះ ដើម្បី​ជួប​ព្រះ‌អម្ចាស់។ ពួក​គេ​ឈប់​ចចេស​រឹង‌រូស ប្រព្រឹត្ត​តាម​ចិត្ត​អាក្រក់​របស់​ខ្លួន​ទៀត​ហើយ។ នៅ​គ្រា​នោះ ជន‌ជាតិ​យូដា​នឹង​រួប‌រួម​ជា​មួយ​ជន‌ជាតិ​អ៊ីស្រា‌អែល ហើយ​ពួក​គេ​នឹង​ធ្វើ​ដំណើរ​ជា​មួយ​គ្នា ពី​ស្រុក​ខាង​ជើង​មក​ដល់​ទឹក​ដី ដែល​យើង​បាន​ប្រគល់​ឲ្យ​បុព្វបុរស​របស់​គេ​ទុក​ជា​មត៌ក។ យើង​គិត​ថា យើង​សប្បាយ​ចិត្ត នឹង​ចាត់​ទុក​អ្នក​ជា​កូន​ប្រុស​ប្រសើរ​ជាង​គេ ព្រម​ទាំង​ប្រគល់​ស្រុក​ដ៏​ល្អ​ប្រណីត​ជាង​គេ ក្នុង​ចំណោម​ប្រជា‌ជាតិ​ទាំង‌ឡាយ​ឲ្យ​អ្នក។ យើង​គិត​ថា អ្នក​នឹង​ហៅ​យើង​ថា “ព្រះ‌បិតា” ហើយ​អ្នក​នឹង​មិន​ងាក​ចេញ​ពី​យើង​ទៀត​ទេ។ ប៉ុន្តែ ជន‌ជាតិ​អ៊ីស្រា‌អែល​អើយ អ្នក​រាល់​គ្នា​បាន​ក្បត់​ចិត្ត​យើង ដូច​ស្ត្រី​ក្បត់​ចិត្ត​ប្ដី​ដែរ - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។ មាន​សំឡេង​លាន់​ឮ​ឡើង នៅ​តាម​កំពូល​ភ្នំ គឺ​ជា​សម្រែក​យំ​សោក និង​សម្រែក​អង្វរ​ករ របស់​ជន‌ជាតិ​អ៊ីស្រា‌អែល ដ្បិត​ពួក​គេ​បាន​វង្វេង​ចេញ​ពី​មាគ៌ា គេ​បាន​បំភ្លេច​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​គេ។ កូន​ចៅ​ដែល​ក្បត់​ចិត្ត​យើង​អើយ! ចូរ​នាំ​គ្នា​វិល​ត្រឡប់​មក​វិញ យើង​ប្រោស​ឲ្យ​អ្នក​រាល់​គ្នា លែង​មាន​ចិត្ត​សាវា​ទៀត។ “យើង​ខ្ញុំ​មក​រក​ព្រះអង្គ​ហើយ ដ្បិត​ព្រះអង្គ​ជា​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​យើង​ខ្ញុំ។ យើង​ខ្ញុំ​បាន​វង្វេង​ទៅ​គោរព​ព្រះ​ក្លែងក្លាយ នៅ​លើ​កំពូល​ភ្នំ យើង​ខ្ញុំ​ទៅ​តាម​សំឡេង​ហ៊ោ​កញ្ជ្រៀវ​លើ​ភ្នំ​ខ្ពស់ៗ។ មាន​តែ​ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​យើង​ខ្ញុំ​ប៉ុណ្ណោះ ដែល​អាច​សង្គ្រោះ​អ៊ីស្រា‌អែល​បាន។ តាំង​ពី​យើង​ខ្ញុំ​នៅ​ក្មេង ព្រះ​គម្រក់​បាន​ធ្វើ​ឲ្យ​អ្វីៗ ដែល​ដូនតា​របស់​យើង​ខ្ញុំ​បាន​សន្សំ វិនាស​ហិន‌ហោច​អស់ គឺ​ទាំង​ហ្វូង​ចៀម និង​ហ្វូង​គោ ទាំង​កូន​ប្រុស និង​កូន​ស្រី។ សេចក្ដី​អាម៉ាស់​ធ្វើ​ឲ្យ​យើង​ខ្ញុំ​ងើប​មុខ​មិន​រួច ការ​បាក់​មុខ​គ្រប​សង្កត់​លើ​យើង​ខ្ញុំ។ តាំង​ពី​ក្មេង​រហូត​មក​ទល់​សព្វ​ថ្ងៃ​នេះ យើង​ខ្ញុំ និង​ដូនតា​របស់​យើង​ខ្ញុំ បាន​ប្រព្រឹត្ត​អំពើ​បាប​ទាស់​នឹង​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​យើង​ខ្ញុំ យើង​ខ្ញុំ​ពុំ​បាន​ស្ដាប់​ព្រះ‌សូរសៀង របស់​ព្រះ‌អម្ចាស់ជា​ព្រះ​នៃ​យើង​ខ្ញុំ​ឡើយ”»។

ចែក​រំលែក
អាន យេរេមា 3

យេរេមា 3:6-25 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

មួយ​ទៀត នៅ​ក្នុង​គ្រា​ស្តេច​យ៉ូសៀស ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​មក​ខ្ញុំ​ថា តើ​បាន​ឃើញ​ការ​ដែល​អ៊ីស្រាអែល ជា​ពួក​រា‌ថយ​នោះ​បាន​ប្រព្រឹត្ត​ឬ​ទេ គឺ​គេ​បាន​ឡើង​ទៅ​លើ​គ្រប់​ទាំង​ភ្នំ​ខ្ពស់ៗ នឹង​នៅ​ក្រោម​គ្រប់​ទាំង​ដើម​ឈើ​ខៀវ​ខ្ចី ហើយ​បាន​ប្រព្រឹត្ត​សេចក្ដី​កំផិត​នៅ​ទី​នោះ លុះ​ក្រោយ​ដែល​គេ​បាន​ប្រព្រឹត្ត​អំពើ​ទាំង​នោះ​ហើយ នោះ​អញ​បាន​និយាយ​ថា ចូរ​ឲ្យ​គេ​វិល​ត្រឡប់​មក​ឯ​អញ​វិញ តែ​គេ​មិន​បាន​វិល​មក​ទេ ហើយ​យូដា ជា​ប្អូន​គេ ដែល​មាន​ចិត្ត​ក្បត់​ក៏​បាន​ឃើញ​ដែរ ហើយ​អញ​បាន​ឃើញ​ថា ទោះ​បើ​អញ​បាន​លាក‌លែង​អ៊ីស្រាអែល​ជា​ពួក​រា‌ថយ​នោះ ព្រម​ទាំង​ឲ្យ​សំបុត្រ​លះ‌លែង​ដល់​គេ​ហើយ ដោយ​ព្រោះ​គេ​តែង​ប្រព្រឹត្ត​សេចក្ដី​កំផិត​នោះ គង់​តែ​យូដា ជា​ប្អូន​គេ ដែល​មាន​ចិត្ត​ក្បត់​មិន​បាន​ខ្លាច​ដែរ គឺ​បាន​ទៅ​ប្រព្រឹត្ត​ការ​កំផិត​ដូច​គ្នា ហើយ​ស្រុក​បាន​អាប់‌ឱន​ទៅ ដោយ​សព្ទ​រន្ទឺ​នៃ​ការ​កំផិត​របស់​គេ គឺ​បាន​ប្រព្រឹត្ត​សេចក្ដី​កំផិត​នឹង​ដុំ​ថ្ម ហើយ​នឹង​ដុំ​ឈើ​ផង ទោះ​បើ​មាន​យ៉ាង​នោះ​ក៏​ដោយ គង់​តែ​យូដា​ជា​ប្អូន​គេ ដែល​មាន​ចិត្ត​ក្បត់​នោះ មិន​បាន​វិល​មក​ឯ​អញ​ដោយ​អស់​ពី​ចិត្ត​ដែរ គឺ​មាន​ពុត‌ត្បុត​វិញ នេះ​ហើយ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។ ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​មាន​បន្ទូល​មក​ខ្ញុំ​ថា អ៊ីស្រាអែល​ជា​ពួក​រា‌ថយ​នោះ គេ​បាន​សំដែង​ខ្លួន​ជា​សុចរិត ជា​ជាង​ពួក​យូដា ដែល​មាន​ចិត្ត​ក្បត់​នោះ ទៅ​ទៀត ចូរ​ទៅ​ប្រកាស​ប្រាប់​ពាក្យ​ទាំង​នេះ​ទៅ​ទិស​ខាង​ជើង ដោយ​ពាក្យ​ថា ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ ឱ​អ៊ីស្រាអែល ជា​ពួក​រា‌ថយ​អើយ ចូរ​វិល​មក​វិញ​ចុះ អញ​នឹង​មិន​បំភ័យ​ឯង​ដោយ​ទឹក​មុខ​អញ​ទេ ដ្បិត​អញ​មាន​សេចក្ដី​មេត្តា ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា អញ​នឹង​មិន​ក្រោធ​ជា​ដរាប​ឡើយ ឲ្យ​ឯង​គ្រាន់​តែ​ទទួល​ព្រម​ថា ឯង​មាន​សេចក្ដី​ទុច្ចរិត​មែន​ប៉ុណ្ណេះ ដោយ​បាន​រំលង​នឹង​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ហើយ​បាន​ចែក​អំពើ​គោរព​របស់​ឯង ឲ្យ​សុស‌សាយ​ទៅ​ដល់​ព្រះ​ដទៃ​ទាំង​ប៉ុន្មាន នៅ​ក្រោម​គ្រប់​ទាំង​ដើម​ឈើ​ខៀវ​ខ្ចី​ផង តែ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា ឯង​រាល់​គ្នា​មិន​បាន​ស្តាប់​តាម​អញ​សោះ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា ឱ​ពួក​ក្មេងៗ​ដែល​រា‌ថយ​អើយ ចូរ​វិល​មក​វិញ​ចុះ ដ្បិត​អញ​ជា​ប្ដី​ដល់​ឯង​រាល់​គ្នា​ហើយ នោះ​អញ​នឹង​យក​ឯង​រាល់​គ្នា ម្នាក់​ពី​ក្រុង​១ ហើយ​២​នាក់​ពី​ពូជ​អំបូរ​១ នាំ​ត្រឡប់​ទៅ​ឯ​ក្រុង​ស៊ីយ៉ូន​វិញ រួច​អញ​នឹង​ឲ្យ​ឯង​រាល់​គ្នា​មាន​អ្នក​គ្រប់‌គ្រង​ដែល​គាប់​ចិត្ត​អញ ជា​អ្នក​ដែល​នឹង​ឃ្វាល​ឯង​រាល់​គ្នា​ដោយ​ដំរិះ នឹង​យោបល់ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា នៅ​គ្រា​នោះ កាល​ណា​ឯង​រាល់​គ្នា​បាន​ចំរើន​មាន​គ្នា​ច្រើន​ឡើង​នៅ​ក្នុង​ស្រុក នោះ​គេ​នឹង​លែង​ចេញ​ពាក្យ​ថា ហឹប​នៃ​សេចក្ដី​សញ្ញា​ផង​ព្រះ‌យេហូវ៉ា ហឹប​នោះ​ក៏​មិន​ដែល​ចូល​ក្នុង​គំនិត​គេ ហើយ​គេ​មិន​ដែល​នឹក​ចាំ ឬ​រឭក​រក ក៏​មិន​ដែល​មាន​អ្នក​ណា​ធ្វើ​ឡើង​វិញ ដរាប​ត​ទៅ នៅ​គ្រា​នោះ គេ​នឹង​ហៅ​ក្រុង​យេរូ‌សាឡិម​ថា ជា​បល្ល័ង្ក​នៃ​ព្រះ‌យេហូវ៉ា ហើយ​អស់​ទាំង​សាសន៍​នឹង​មូល​គ្នា មក​ឯ​ព្រះ‌នាម​នៃ​ព្រះ‌យេហូវ៉ា ក្នុង​ក្រុង​យេរូ‌សាឡិម គេ​នឹង​មិន​ដើរ​តាម​សេចក្ដី​រឹង‌ចចេស នៃ​ចិត្ត​អាក្រក់ របស់​គេ ទៀត​ឡើយ នៅ​គ្រា​នោះ ពួក​វង្ស​យូដា​នឹង​ដើរ​ជា​មួយ​នឹង​ពួក​វង្ស​អ៊ីស្រាអែល ហើយ​គេ​នឹង​ចេញ​ពី​ស្រុក​ខាង​ជើង​ជា​មួយ​គ្នា មក​ឯ​ស្រុក​ដែល​អញ​បាន​ឲ្យ​ដល់​ពួក​ព្ធយុ‌កោ​របស់​ឯង​ទុក​ជា​មរដក។ តែ​អញ​បាន​នឹក​ថា ធ្វើ​ដូច​ម្តេច​ឲ្យ​អញ​ដាក់​ឯង​ឲ្យ​នៅ​ជា​មួយ​នឹង​ពួក​កូន​ចៅ​បាន ព្រម​ទាំង​ឲ្យ​ស្រុក​ដ៏​គាប់​ចិត្ត គឺ​ជា​មរដក​យ៉ាង​ល្អ​របស់​ពួក​កក‌កុញ នៅ​អស់​ទាំង​សាសន៍​ដល់​ឯង​ផង នោះ​អញ​បាន​ឆ្លើយ​ថា ឯង​រាល់​គ្នា​នឹង​ហៅ​អញ​ថា​ជា​ព្រះវរ‌បិតា​របស់​ឯង ក៏​នឹង​លែង​ងាក​បែរ​ចេញ​ពី​អញ​ត​ទៅ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា ឱ​ពូជ‌ពង្ស​អ៊ីស្រាអែល​អើយ ពិត​ប្រាកដ​ជា​ឯង​បាន​ប្រព្រឹត្ត​អំពើ​ក្បត់​ចំពោះ​អញ ប្រៀប​ដូច​ជា​ប្រពន្ធ​ប្រព្រឹត្ត​ក្បត់​ចាក​ចោល​ប្ដី​ខ្លួន មាន​ឮ​សំឡេង​នៅ​លើ​ទី​ខ្ពស់​ត្រងិល គឺ​ជា​ពួក​កូន​ចៅ​អ៊ីស្រាអែល ដែល​យំ ហើយ​ទូល‌អង្វរ ដោយ​ព្រោះ​គេ​បាន​បង្ខូច​ផ្លូវ​ខ្លួន ហើយ​បាន​ភ្លេច​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ខ្លួន​ទៅ ឱ​ពួក​កូន​ដែល​រា‌ថយ​អើយ ចូរ​វិល​មក​វិញ​ចុះ អញ​នឹង​មើល​អស់​ទាំង​អំពើ​រា‌ថយ​របស់​ឯង ឲ្យ​បាន​ជា​ឡើង​មើល យើង​ខ្ញុំ​រាល់​គ្នា​មក​ឯ​ទ្រង់​ហើយ ដ្បិត​ទ្រង់​ជា​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​យើង​រាល់​គ្នា ការ​ដែល​ទុក​ចិត្ត​សង្ឃឹម​ដល់​ភ្នំ​តូច ហើយ​ដល់​ពួក​អ៊ឹក‌ធឹក​នៅ​លើ​ភ្នំ​ធំ នោះ​ពិត​ប្រាកដ​ជា​ឥត​ប្រយោជន៍​ទទេ សេចក្ដី​សង្គ្រោះ​នៃ​សាសន៍​អ៊ីស្រាអែល នោះ​ស្រេច​នឹង​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​យើង​ជា​ពិត​វិញ ប៉ុន្តែរបស់​គួរ​ខ្មាស​បាន​ស៊ី​បង្ហិន​ការ​ដែល​ពួក​ឪពុក​យើង​បាន​ខំ​ធ្វើ តាំង​ពី​យើង​នៅ​ក្មេង​មក គឺ​ទាំង​ហ្វូង​ចៀម ហ្វូង​គោ នឹង​កូន​ប្រុស​កូន​ស្រី របស់​គាត់​ផង គួរ​ឲ្យ​យើង​រាល់​គ្នា​ដេក​ចុះ ក្នុង​សេចក្ដី​ខ្មាស​របស់​យើង ហើយ​ឲ្យ​សេចក្ដី​អាប់‌ឱន​គ្រប​ដណ្តប់​យើង​ដែរ ពី​ព្រោះ​យើង​បាន​ធ្វើ​បាប​នឹង​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​យើង​រាល់​គ្នា គឺ​ទាំង​ខ្លួន​យើង នឹង​ពួក​ឪពុក​យើង​ផង ចាប់​តាំង​ពី​យើង​នៅ​ក្មេង​ដរាប​ដល់​សព្វ​ថ្ងៃ​នេះ យើង​ក៏​មិន​បាន​ស្តាប់​តាម​សំឡេង​របស់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​យើង​រាល់​គ្នា​ផង។

ចែក​រំលែក
អាន យេរេមា 3