មួយទៀត នៅក្នុងគ្រាស្តេចយ៉ូសៀស ព្រះយេហូវ៉ាមានព្រះបន្ទូលមកខ្ញុំថា៖ «តើបានឃើញការដែលអ៊ីស្រាអែល ជាពួករាថយនោះបានប្រព្រឹត្តឬទេ គឺគេបានឡើងទៅលើគ្រប់ទាំងភ្នំខ្ពស់ៗ និងនៅក្រោមដើមឈើខៀវខ្ចីទាំងប៉ុន្មាន ហើយបានប្រព្រឹត្តអំពើផិតក្បត់នៅទីនោះ។ លុះក្រោយដែលគេបានប្រព្រឹត្តអំពើទាំងនោះហើយ យើងបាននិយាយថា ចូរឲ្យគេវិលត្រឡប់មកយើងវិញ តែគេមិនបានវិលមកទេ ហើយយូដា ជាប្អូនគេ ដែលមានចិត្តក្បត់ក៏បានឃើញដែរ។ យូដា បានឃើញថា ទោះបើយើងបានលែងលះអ៊ីស្រាអែលដែលមានចិត្តសាវា ព្រមទាំងចេញសំបុត្រលែងលះដល់នាងហើយ ដោយព្រោះតែនាងផិតក្បត់ក៏ដោយ តែយូដា ជាប្អូន ដែលមានចិត្តក្បត់មិនបានកោតខ្លាចដែរ គឺបានទៅប្រព្រឹត្តអំពើផិតក្បត់ដូចគ្នា ហើយស្រុកបានអាប់ឱនទៅ ដោយឮរន្ទឺពីការកំផិតរបស់គេ គេបានកំផិតនឹងដុំថ្ម ហើយដុំឈើផង។ ទោះបើមានយ៉ាងនោះក៏ដោយ យូដាជាប្អូនគេ ដែលមានចិត្តក្បត់នោះ មិនបានវិលមកឯយើងដោយអស់ពីចិត្តដែរ គឺមានពុតត្បុត» នេះហើយជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា។ ព្រះយេហូវ៉ាក៏មានព្រះបន្ទូលមកខ្ញុំថា៖ «អ៊ីស្រាអែលជាពួករាថយ គេបានសម្ដែងខ្លួនជាសុចរិត ជាជាងពួកយូដា ដែលមានចិត្តក្បត់នោះទៅទៀត។ ចូរទៅប្រកាសប្រាប់ពាក្យទាំងនេះទៅទិសខាងជើង ដោយពាក្យថា: ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះ ឱអ៊ីស្រាអែល ជាពួករាថយអើយ ចូរវិលមកវិញចុះ យើងនឹងមិនបំភ័យអ្នក ដោយទឹកមុខយើងទេ ដ្បិតយើងមានសេចក្ដីមេត្តា»។ ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ «យើងនឹងមិនក្រោធជាដរាបឡើយ»។ អ្នកគ្រាន់តែទទួលព្រមថា អ្នកមានអំពើទុច្ចរិតមែន ដោយបានរំលងនឹងព្រះយេហូវ៉ាជាព្រះរបស់អ្នក ហើយបានចែកអំពើគោរពរបស់អ្នក ឲ្យសុសសាយទៅដល់ព្រះដទៃទាំងប៉ុន្មាន នៅក្រោមដើមឈើខៀវខ្ចីផង តែព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ «អ្នករាល់គ្នាមិនបានស្តាប់តាមយើងសោះ»។ ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ «ឱពួកក្មេងៗដែលរាថយអើយ ចូរវិលមកវិញចុះ ដ្បិតយើងជាប្ដីដល់អ្នករាល់គ្នាហើយ យើងនឹងយកអ្នករាល់គ្នា ម្នាក់ពីក្រុងមួយ ហើយពីរនាក់ពីកុលសម្ព័ន្ធមួយ នាំត្រឡប់ទៅក្រុងស៊ីយ៉ូនវិញ។ យើងនឹងឲ្យអ្នករាល់គ្នាមានអ្នកគ្រប់គ្រងដែលគាប់ចិត្តយើង ជាអ្នកដែលឃ្វាលអ្នករាល់គ្នាដោយតម្រិះ និងយោបល់»។ ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ «នៅគ្រានោះ កាលណាអ្នករាល់គ្នាមានគ្នាច្រើនឡើងនៅក្នុងស្រុក នោះគេនឹងលែងនិយាយពីហិបនៃសេចក្ដីសញ្ញារបស់ព្រះយេហូវ៉ាទៀតហើយ ហិបនោះក៏មិនដែលចូលក្នុងគំនិតគេ ហើយគេមិនដែលនឹកចាំ ឬរឭករក ក៏មិនដែលមានអ្នកណាធ្វើឡើងវិញដែរ។ នៅគ្រានោះ គេនឹងហៅក្រុងយេរូសាឡិមថាជាបល្ល័ង្កនៃព្រះយេហូវ៉ា ហើយអស់ទាំងសាសន៍នឹងមូលគ្នា មករកព្រះនាមនៃព្រះយេហូវ៉ា ក្នុងក្រុងយេរូសាឡិម គេនឹងមិនរឹងចចេស ធ្វើតាមចិត្តអាក្រក់របស់គេទៀតឡើយ។ ពួកវង្សយូដានឹងដើរជាមួយពួកវង្សអ៊ីស្រាអែល ហើយគេនឹងចេញពីស្រុកខាងជើងជាមួយគ្នា មកស្រុកដែលយើងបានឲ្យដល់បុព្វបុរសរបស់អ្នកទុកជាមត៌ក។ យើងបាននឹកថា ធ្វើដូចម្តេចឲ្យយើងដាក់អ្នក នៅជាមួយពួកកូនចៅបាន ព្រមទាំងឲ្យស្រុកដ៏គាប់ចិត្ត គឺជាមត៌កយ៉ាងល្អរបស់ពួកកកកុញ នៅអស់ទាំងសាសន៍ដល់អ្នក។ យើងបានឆ្លើយថា អ្នករាល់គ្នានឹងហៅយើងថាជាព្រះវរបិតារបស់អ្នក ក៏នឹងលែងងាកបែរចេញពីយើងតទៅ»។ ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ «ឱពូជពង្សអ៊ីស្រាអែលអើយ ពិតប្រាកដជាអ្នកបានប្រព្រឹត្តអំពើក្បត់ចំពោះយើង ប្រៀបដូចជាប្រពន្ធប្រព្រឹត្តក្បត់ចាកចោលប្ដីខ្លួន។ មានឮសំឡេងនៅលើទីខ្ពស់ត្រងិល គឺជាពួកកូនចៅអ៊ីស្រាអែលដែលយំ ហើយទូលអង្វរ ដោយព្រោះគេបានបង្ខូចផ្លូវខ្លួន ហើយបានភ្លេចព្រះយេហូវ៉ាជាព្រះរបស់ខ្លួន។ ឱពួកកូនដែលរាថយអើយ ចូរវិលមកវិញចុះ យើងនឹងមើលអស់ទាំងអំពើរាថយរបស់អ្នក ឲ្យបានជាឡើងវិញ»។ យើងខ្ញុំរាល់គ្នាមករកព្រះអង្គហើយ ដ្បិតព្រះអង្គជាព្រះយេហូវ៉ាជាព្រះនៃយើងរាល់គ្នា។ ការដែលទុកចិត្តសង្ឃឹមដល់ភ្នំតូច និងដល់ពួកអ៊ឹកធឹកនៅលើភ្នំធំ នោះពិតប្រាកដជាឥតប្រយោជន៍ទទេ។ មានតែព្រះយេហូវ៉ាជាព្រះនៃយើងខ្ញុំទេ ដែលអាចសង្គ្រោះសាសន៍អ៊ីស្រាអែល។ ប៉ុន្តែ របស់គួរខ្មាសបានស៊ីបង្ហិន ការដែលពួកឪពុកយើងបានខំធ្វើ តាំងពីយើងនៅក្មេងមក គឺហ្វូងចៀម ហ្វូងគោ និងកូនប្រុសកូនស្រីរបស់គាត់។ គួរឲ្យយើងរាល់គ្នាដេក ក្នុងសេចក្ដីខ្មាសរបស់យើង ហើយឲ្យសេចក្ដីអាប់ឱនគ្រប់ដណ្តប់យើងដែរ ពីព្រោះយើងបានធ្វើបាបនឹងព្រះយេហូវ៉ា ជាព្រះនៃយើងរាល់គ្នា គឺទាំងខ្លួនយើង និងពួកឪពុកយើងផង ចាប់តាំងពីយើងនៅក្មេងដរាបដល់សព្វថ្ងៃនេះ យើងក៏មិនបានស្តាប់តាមសំឡេងរបស់ព្រះយេហូវ៉ា ជាព្រះនៃយើងរាល់គ្នា។
អាន យេរេមា 3
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: យេរេមា 3:6-25
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ