ចៅហ្វាយ 7:16-22
ចៅហ្វាយ 7:16-22 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
លោកបានចែកមនុស្សបីរយនាក់ចេញជាបីពួក ហើយប្រគល់ត្រែឲ្យកាន់គ្រប់ៗគ្នា ព្រមទាំងក្អមទទេ ដែលមានចន្លុះនៅខាងក្នុង។ លោកមានប្រសាសន៍ទៅពួកគេថា៖ «ចូរមើលមកខ្ញុំ ហើយធ្វើដូចខ្ញុំ។ ពេលខ្ញុំទៅដល់ជាយជំរំទ័ពរបស់គេ ត្រូវធ្វើដូចខ្ញុំ។ ពេលណាខ្ញុំ និងអស់អ្នកនៅជាមួយខ្ញុំផ្លុំត្រែឡើង នោះអ្នករាល់គ្នាត្រូវផ្លុំត្រែឡើង ព័ទ្ធជុំវិញជំរំទ័ពនោះទាំងមូលដែរ ហើយត្រូវស្រែកថា "នេះហើយជាដាវរបស់ព្រះយេហូវ៉ា និងរបស់គេឌាន"»។ ដូច្នេះ គេឌាន និងមនុស្សមួយរយនាក់ដែលនៅជាមួយ ក៏ចូលទៅជាយជំរំទ័ពរបស់គេ នៅវេលាចាប់ផ្ដើមយាមកណ្ដាល កាលគេទើបនឹងផ្លាស់យាម។ គេក៏ផ្លុំត្រែឡើង ហើយបំបែកក្អមដែលកាន់នៅដៃ។ ពេលនោះ ពួកទាំងបីបានផ្លុំត្រែ ហើយបំបែកក្អមគ្រប់គ្នា រួចកាន់ចន្លុះនៅដៃឆ្វេង កាន់ត្រែសម្រាប់ផ្លុំនៅដៃស្តាំ ហើយស្រែកឡើងថា៖ «នេះហើយជាដាវរបស់ព្រះយេហូវ៉ា និងរបស់គេឌាន!» គ្រប់គ្នាឈរតាមកន្លែងរៀងៗខ្លួននៅព័ទ្ធជុំវិញជំរំទ័ព ឯទ័ពសត្រូវទាំងប៉ុន្មានក៏រត់ ទាំងស្រែកឡើង ហើយខំឲ្យរួចខ្លួន។ កាលគេផ្លុំត្រែទាំងបីរយឡើង ព្រះយេហូវ៉ាបណ្ដាលឲ្យគេកាប់សម្លាប់គ្នាឯង ពេញក្នុងកងទ័ពទាំងមូល ហើយទ័ពរបស់គេក៏រត់រហូតដល់បេត-ស៊ីតា ឆ្ពោះទៅសេរេរ៉ា ហើយរហូតដល់ព្រំប្រទល់អេបិល-មហូឡា ជិតតាបាត។
ចៅហ្វាយ 7:16-22 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
លោកគេឌានបំបែកទ័ពបីរយនាក់ ជាបីក្រុម លោកក៏ប្រគល់ស្នែង ក្អមទទេ និងចន្លុះសម្រាប់ដាក់ក្នុងក្អមឲ្យពួកគេកាន់គ្រប់ៗគ្នា។ បន្ទាប់មក លោកបញ្ជាទៅពួកគេថា៖ «ចូរមើលមកខ្ញុំ បើខ្ញុំធ្វើអ្វី ត្រូវនាំគ្នាធ្វើតាម ពេលខ្ញុំទៅដល់ក្បែរទីតាំងទ័ពរបស់គេ បើខ្ញុំធ្វើអ្វី នាំគ្នាធ្វើតាមទៅ។ កាលណាខ្ញុំ និងពួកដែលនៅជាមួយខ្ញុំផ្លុំស្នែង អ្នករាល់គ្នាដែលនៅជុំវិញទីតាំងទ័ពត្រូវផ្លុំស្នែងដែរ ហើយស្រែកឡើងថា “ជយោព្រះអម្ចាស់! ជយោលោកគេឌាន!”»។ លុះជិតពាក់កណ្ដាលអធ្រាត្រ ពេលគេទើបនឹងប្ដូរអ្នកយាម លោកគេឌាន និងទាហានមួយរយនាក់ដែលនៅជាមួយលោក មកដល់ជិតទីតាំងទ័ពរបស់ជនជាតិម៉ាឌាន ហើយនាំគ្នាផ្លុំស្នែងឡើង ព្រមទាំងបំបែកក្អមដែលគេកាន់មកជាមួយនោះ។ ទ័ពទាំងបីក្រុមផ្លុំស្នែង និងបំបែកក្អមព្រមគ្នា ពួកគេកាន់ចន្លុះនៅដៃឆ្វេង ហើយកាន់ស្នែងសម្រាប់ផ្លុំនៅដៃស្ដាំ ទាំងស្រែកថា៖ «យើងវាយយកជ័យថ្វាយព្រះអម្ចាស់ និងយកជ័យជូនលោកគេឌាន!»។ ពួកគេឈរនៅកន្លែងរៀងៗខ្លួនព័ទ្ធជុំវិញទីតាំងទ័ព។ រីឯខ្មាំងសត្រូវទាំងអស់ ដែលនៅក្នុងទីតាំងទ័ព នាំគ្នារត់ និងស្រែក ហើយបាក់ទ័ព។ នៅពេលទ័ពទាំងបីរយនាក់ផ្លុំស្នែង ព្រះអម្ចាស់បានធ្វើឲ្យជនជាតិម៉ាឌានកាប់សម្លាប់គ្នាឯង ហើយរត់គេចខ្លួនរហូតដល់បេតស៊ីតា តាមផ្លូវទៅសេរេរ៉ា ហើយរហូតដល់មាត់ស្ទឹង នៅភូមិអេបិល-មហូឡា ដែលនៅទល់មុខនឹងភូមិតាបាត់។
ចៅហ្វាយ 7:16-22 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
លោកក៏ចែកពួក៣០០នាក់ចេញជា៣ពួក ប្រគល់ត្រែឲ្យកាន់គ្រប់ៗគ្នា ព្រមទាំងក្អមមានចន្លុះនៅខាងក្នុងផង រួចបង្គាប់ថា ចូរមើលមកអញ ហើយធ្វើតាមអញចុះ គឺកាលណាអញទៅដល់ទីបោះទ័ព ដែលនៅខាងក្រៅបំផុត នោះត្រូវឲ្យឯងធ្វើដូចជាអញ គឺកាលណាអញផ្លុំត្រែឡើង ព្រមទាំងពួកអ្នកនៅជាមួយនឹងអញ នោះត្រូវឲ្យឯងរាល់គ្នាផ្លុំត្រែឡើង នៅព័ទ្ធជុំវិញទីបោះទ័ពដែរ ហើយបញ្ចេញវាចាថា នេះហើយជាដាវផងព្រះយេហូវ៉ា ហើយរបស់ផងគេឌានដែរ។ ដូច្នេះគេឌាន នឹងពួក១០០នាក់ដែលនៅជាមួយ ក៏មកដល់ទីបោះទ័ពខាងក្រៅបំផុត នៅវេលាចូលយាមជាកណ្តាល កាលគេទើបនឹងផ្លាស់យាម នោះក៏ផ្លុំត្រែឡើង ហើយបំបែកក្អមដែលកាន់នៅដៃ ពួកទាំង៣បានផ្លុំត្រែ ហើយបំបែកក្អមគ្រប់គ្នា រួចកាន់ចន្លុះនៅដៃឆ្វេង ហើយត្រែនៅដៃស្តាំសំរាប់នឹងផ្លុំ ក៏ស្រែកឡើងថា នេះហើយជាដាវផងព្រះយេហូវ៉ា ហើយរបស់ផងគេឌានដែរ គេក៏ឈរនឹងនៅត្រង់កន្លែងគេរៀងខ្លួន នៅព័ទ្ធជុំវិញទីបោះទ័ព ឯពួកកងទ័ពនោះក៏តាំងរត់ ទាំងស្រែកឡើង ហើយខំឲ្យរួចផង នោះពួក៣០០នាក់ក៏ផ្លុំត្រែឡើង ហើយព្រះយេហូវ៉ាទ្រង់បណ្តាលឲ្យគេកាប់សំឡាប់គ្នាឯងទៅវិញទៅមក នៅពេញក្នុងកំឡុងកងទ័ពរបស់គេ ពួកទ័ពគេក៏រត់រហូតដល់បេត-ស៊ីតា ខាងសេរេរ៉ា ហើយរហូតដល់ព្រំអេបិល-មហូឡា ជិតតាបាត