យ៉ាកុប 5:7-12
យ៉ាកុប 5:7-12 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ដូច្នេះ បងប្អូនអើយ ចូរមានចិត្តអត់ធ្មត់ រហូតដល់ព្រះអម្ចាស់យាងមកចុះ។ មើល៍ កសិកររង់ចាំភោគផលដ៏វិសេសដែលកើតចេញពីដី ដោយចិត្តអត់ធ្មត់ រហូតទាល់តែបានភ្លៀងធ្លាក់មកខាងដើមរដូវ និងចុងរដូវ។ អ្នករាល់គ្នាក៏ដូច្នោះដែរ ចូរមានចិត្តអត់ធ្មត់ ចូរតាំងចិត្តឲ្យខ្ជាប់ខ្ជួន ដ្បិតព្រះអម្ចាស់ជិតយាងមកហើយ។ បងប្អូនអើយ កុំរអ៊ូរទាំទាស់នឹងគ្នាទៅវិញទៅមកឡើយ ដើម្បីកុំឲ្យមានទោស មើល៍ ចៅក្រមឈរនៅមាត់ទ្វារស្រាប់ហើយ។ បងប្អូនអើយ ចូរយកពួកហោរា ដែលបានថ្លែងក្នុងព្រះនាមព្រះអម្ចាស់ ទុកជាគំរូពីការរងទុក្ខ និងពីការអត់ធ្មត់ចុះ។ មើល៍! យើងរាប់អស់អ្នកដែលចេះស៊ូទ្រាំ ថាជាអ្នកមានពរ។ អ្នករាល់គ្នាបានឮពីការស៊ូទ្រាំរបស់លោកយ៉ូបហើយ ក៏បានឃើញថា នៅទីបំផុតព្រះអម្ចាស់មានព្រះហឫទ័យយ៉ាងណាចំពោះគាត់ គឺទ្រង់មានព្រះហឫទ័យអាណិតអាសូរ និងមេត្ដាករុណាយ៉ាងពោរពេញ។ ប៉ុន្ដែ លើសពីនេះទៅទៀត បងប្អូនអើយ កុំស្បថឲ្យសោះ ទោះជាស្បថនឹងស្ថានសួគ៌ ឬនឹងផែនដីក្តី ឬស្បថនឹងអ្វីផ្សេងទៀតក៏ដោយ តែសូមឲ្យពាក្យ «បាទ» របស់អ្នករាល់គ្នា ប្រាកដជា «បាទ» ហើយពាក្យ «ទេ» ប្រាកដជា «ទេ» ដើម្បីកុំឲ្យអ្នករាល់គ្នាធ្លាក់ទៅជាមានទោស។
យ៉ាកុប 5:7-12 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ដូច្នេះ បងប្អូនអើយ ត្រូវមានចិត្តអត់ធ្មត់ រហូតដល់ពេលព្រះអម្ចាស់យាងមកយ៉ាងរុងរឿង។ មើលចុះ! អ្នកភ្ជួររាស់ទន្ទឹងរង់ចាំភោគផលដ៏ថ្លៃវិសេសដែលដីផ្ដល់ឲ្យ ដោយចិត្តអត់ធ្មត់ រហូតដល់បានផលនៅដើមរដូវ និងចុងរដូវ។ បងប្អូនក៏ដូច្នោះដែរ ចូរមានចិត្តអត់ធ្មត់ តាំងចិត្តឲ្យរឹងប៉ឹង ដ្បិតព្រះអម្ចាស់ជិតយាងមកដល់ហើយ។ បងប្អូនអើយ មិនត្រូវរអ៊ូរទាំនឹងគ្នាទៅវិញទៅមកឡើយ ដើម្បីកុំឲ្យមានទោស ដ្បិតព្រះជាម្ចាស់ដែលជាចៅក្រម ព្រះអង្គឈរនៅមាត់ទ្វារស្រាប់ហើយ។ បងប្អូនអើយ ចូរយកតម្រាប់តាមពួកព្យាការី*ដែលបានរងទុក្ខលំបាក និងមានចិត្តអត់ធ្មត់ ហើយថ្លែងព្រះបន្ទូលក្នុងព្រះនាមព្រះអម្ចាស់។ យើងតែងតែសរសើរអស់អ្នកដែលចេះស៊ូទ្រាំថា ជាអ្នកមានសុភមង្គល។ បងប្អូនធ្លាប់ឮគេនិយាយស្រាប់ហើយថា លោកយ៉ូបចេះស៊ូទ្រាំយ៉ាងណាៗនោះ ហើយបងប្អូនក៏ឃើញដែរថា នៅទីបំផុត ព្រះអម្ចាស់ឲ្យគាត់បានទៅជាយ៉ាងណា ដ្បិតព្រះអម្ចាស់មានព្រះហឫទ័យអាណិតអាសូរ និងមេត្តាករុណាយ៉ាងក្រៃលែង។ ជាពិសេស បងប្អូនអើយ កុំស្បថឲ្យសោះ គឺកុំយកមេឃ យកផែនដី ឬយកអ្វីផ្សេងទៀតមកធ្វើជាប្រធានសម្បថឡើយ បើថា«មែន» ឲ្យប្រាកដជា«មែន» «ទេ» ឲ្យប្រាកដជា«ទេ» ដើម្បីកុំឲ្យមានទោស។
យ៉ាកុប 5:7-12 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
បងប្អូនអើយ ចូរមានចិត្តអត់ធ្មត់ ដរាបដល់ព្រះអម្ចាស់ទ្រង់យាងមក មើល អ្នកធ្វើស្រែ គេរង់ចាំផលវិសេស ដែលកើតពីដីមក ដោយសេចក្ដីអត់ធ្មត់ ទាល់តែបានភ្លៀងធ្លាក់មកខាងដើមរដូវ នឹងចុងរដូវផង ចូរឲ្យអ្នករាល់គ្នាអត់ធ្មត់ដូច្នោះដែរ ទាំងតាំងចិត្តឲ្យខ្ជាប់ខ្ជួនឡើង ដ្បិតព្រះអម្ចាស់ជិតយាងមកហើយ បងប្អូនអើយ កុំឲ្យរទូរទាំទាស់នឹងគ្នាទៅវិញទៅមកឡើយ ក្រែងមានទោស មើលចៅក្រម លោកឈរនៅមាត់ទ្វារហើយ បងប្អូនអើយ ចូរយកពួកហោរា ដែលបានទាយដោយនូវព្រះនាមព្រះអម្ចាស់ ទុកជាគំរូពីសេចក្ដីទុក្ខលំបាក នឹងពីសេចក្ដីអត់ធ្មត់ចុះ មើល យើងហៅពួកអ្នកដែលទ្រាំទ្រ ថាជាអ្នកមានពរ ចុះអ្នករាល់គ្នាបានឮនិយាយពីសេចក្ដីអត់ធន់របស់លោកយ៉ូបទៅហើយ ក៏បានឃើញថាដល់ចុងបំផុត នោះព្រះអម្ចាស់ទ្រង់មានព្រះហឫទ័យមេត្តាករុណា នឹងសេចក្ដីអាណិតអាសូរពោរពេញដែរ តែបងប្អូនអើយ កុំឲ្យស្បថជាដើម ទោះបើនឹងស្ថានសួគ៌ ឬនឹងផែនដីក្តី ក៏កុំឲ្យស្បថយ៉ាងណាឲ្យសោះ តែឲ្យពាក្យ «បាទ» របស់អ្នករាល់គ្នា បាននៅតែ «បាទ» ហើយពាក្យ «ទេ» នៅតែ «ទេ» ដដែល ក្រែងអ្នករាល់គ្នាធ្លាក់ទៅជាមានទោស។