យ៉ាកុប 5:7-12

យ៉ាកុប 5:7-12 គកស១៦

ដូច្នេះ បង‌ប្អូន​អើយ ចូរ​មាន​ចិត្ត​អត់‌ធ្មត់ រហូត​ដល់​ព្រះ‌អម្ចាស់​យាង​មកចុះ។ មើល៍ កសិករ​រង់​ចាំ​ភោគ​ផល​ដ៏​វិសេស​ដែល​កើត​ចេញ​ពី​ដី ដោយ​ចិត្ត​អត់‌ធ្មត់ រហូត​ទាល់​តែ​បាន​ភ្លៀង​ធ្លាក់​មក​ខាង​ដើម​រដូវ និង​ចុង​រដូវ។ អ្នក​រាល់​គ្នា​ក៏​ដូច្នោះ​ដែរ ចូរ​មាន​ចិត្ត​អត់‌ធ្មត់ ចូរ​តាំង​ចិត្ត​ឲ្យ​ខ្ជាប់‌ខ្ជួន ដ្បិត​ព្រះ‌អម្ចាស់​ជិត​យាង​មក​ហើយ។ បង‌ប្អូន​អើយ កុំ​រអ៊ូ‌រទាំ​ទាស់​នឹង​គ្នា​ទៅ​វិញ​ទៅ​មក​ឡើយ ដើម្បី​កុំ​ឲ្យ​មាន​ទោស មើល៍ ចៅ​ក្រម​ឈរ​នៅ​មាត់​ទ្វារ​ស្រាប់​ហើយ។ បង‌ប្អូន​អើយ ចូរ​យក​ពួក​ហោរា ដែល​បាន​ថ្លែង​ក្នុង​ព្រះ‌នាម​ព្រះ‌អម្ចាស់ ទុក​ជា​គំរូ​ពី​ការ​រង​ទុក្ខ និង​ពី​ការ​អត់‌ធ្មត់​ចុះ។ មើល៍! យើងរាប់​អស់​អ្នក​ដែល​ចេះ​ស៊ូ​ទ្រាំ ថា​ជា​អ្នក​មាន​ពរ។ អ្នក​រាល់​គ្នា​បាន​ឮ​ពី​ការ​ស៊ូ​ទ្រាំ​របស់​លោក​យ៉ូប​ហើយ ក៏​បាន​ឃើញថា នៅ​ទី​បំផុត​ព្រះ‌អម្ចាស់​មាន​ព្រះ‌ហឫ‌ទ័យ​យ៉ាង​ណា​ចំពោះ​គាត់ គឺ​ទ្រង់​មាន​ព្រះ​ហឫទ័យ​អាណិត​អាសូរ និង​មេត្ដាករុណា​យ៉ាង​ពោរពេញ។ ប៉ុន្ដែ លើស​ពីនេះ​ទៅ​ទៀត បង‌ប្អូន​អើយ កុំ​ស្បថ​ឲ្យ​សោះ ទោះ​ជា​ស្បថ​នឹង​ស្ថាន‌សួគ៌ ឬ​នឹង​ផែនដី​ក្តី ឬ​ស្បថ​នឹង​អ្វីផ្សេង​ទៀត​ក៏​ដោយ តែ​សូម​ឲ្យ​ពាក្យ «បាទ» របស់​អ្នក​រាល់​គ្នា ប្រាកដ​ជា «បាទ» ហើយ​ពាក្យ «ទេ» ប្រាកដ​ជា «ទេ» ដើម្បី​កុំឲ្យ​អ្នក​រាល់​គ្នា​ធ្លាក់​ទៅ​ជា​មាន​ទោស។

អាន យ៉ាកុប 5