យ៉ាកុប 5:1-5
យ៉ាកុប 5:1-5 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ឥឡូវនេះ ពួកអ្នកមានអើយ ចូរស្រែកទ្រហោយំទៅ ព្រោះតែទុក្ខវេទនាដែលនឹងកើតមានដល់អ្នករាល់គ្នា។ ទ្រព្យសម្បត្តិរបស់អ្នករាល់គ្នាបានពុករលួយ ហើយសម្លៀកបំពាក់របស់អ្នករាល់គ្នាក៏ត្រូវកន្លាតកាត់អស់ដែរ។ មាសប្រាក់របស់អ្នករាល់គ្នាត្រូវច្រែះស៊ី ហើយច្រែះនោះនឹងក្លាយជាបន្ទាល់ទាស់នឹងអ្នករាល់គ្នា ព្រមទាំងស៊ីសាច់អ្នករាល់គ្នាដូចជាភ្លើង ដ្បិតអ្នករាល់គ្នាបានខំប្រមូលបង្គរទ្រព្យសម្បត្តិឡើងនៅគ្រាចុងបំផុតនេះ។ មើល៍! ប្រាក់ឈ្នួលដែលអ្នកបានលួចបន្លំកម្មករ ដែលច្រូតកាត់ក្នុងស្រែរបស់អ្នក កំពុងតែស្រែកឡើងទាស់នឹងអ្នក ហើយសម្រែកពួកអ្នកដែលច្រូតទាំងនោះ ក៏បានឮទៅដល់ព្រះកាណ៌របស់ព្រះអម្ចាស់នៃពួកពលបរិវារដែរ។ អ្នករាល់គ្នាបានរស់នៅលើផែនដីយ៉ាងថ្កុំថ្កើង តាមតែចំណង់ចិត្ត អ្នករាល់គ្នាចម្អែតចិត្ត ដូចនៅថ្ងៃដែលគេសម្លាប់សត្វ។
យ៉ាកុប 5:1-5 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ចំពោះអ្នកមានវិញ ចូរស្រែកទ្រហោយំទៅ ព្រោះទុក្ខលំបាកនឹងកើតមានដល់អ្នករាល់គ្នាជាពុំខាន! ទ្រព្យសម្បត្តិរបស់អ្នករាល់គ្នារលួយអស់ ហើយសម្លៀកបំពាក់របស់អ្នករាល់គ្នាក៏ត្រូវកណ្ដៀរស៊ីដែរ។ មាសប្រាក់របស់អ្នករាល់គ្នាត្រូវច្រែះស៊ី ហើយច្រែះនេះធ្វើជាបន្ទាល់ទាស់នឹងអ្នករាល់គ្នា ព្រមទាំងស៊ីសាច់អ្នករាល់គ្នា ដូចភ្លើងឆេះសុសដែរ។ គ្រានេះ ជាគ្រាចុងក្រោយបំផុត អ្នករាល់គ្នាបានប្រមូលទ្រព្យសម្បត្តិទុក ឥតបើកប្រាក់ឈ្នួលឲ្យពួកកម្មករដែលច្រូតកាត់ ក្នុងស្រែរបស់អ្នករាល់គ្នាឡើយ មើល៍! សម្រែកអ្នកច្រូតទាំងនោះបានលាន់ទៅដល់ព្រះអម្ចាស់នៃពិភពទាំងមូល*។ អ្នករាល់គ្នារស់នៅលើផែនដីនេះយ៉ាងសម្បូណ៌សប្បាយ ថ្កុំថ្កើង រុងរឿង ហើយអ្នករាល់គ្នាបំពេញចំណង់ចិត្តខ្លួនយ៉ាងឆ្អែតស្កប់ស្កល់ ដូចនៅថ្ងៃដែលគេសម្លាប់សត្វ។
យ៉ាកុប 5:1-5 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឥឡូវនេះ ពួកអ្នកមានអើយ ចូរយំសោកចុះ ព្រមទាំងស្រែកទ្រហោផង ដោយព្រោះសេចក្ដីវេទនា ដែលត្រូវមកលើអ្នករាល់គ្នា ទ្រព្យសម្បត្តិរបស់អ្នករាល់គ្នាបានពុករលួយ ហើយសំលៀកបំពាក់អ្នករាល់គ្នា ត្រូវកន្លាតកាត់អស់ហើយ មាសប្រាក់របស់អ្នករាល់គ្នាបានដុះស្នឹម ឯស្នឹមនោះ នឹងបានទុកសំរាប់ជាទីបន្ទាល់ ទាស់នឹងអ្នករាល់គ្នា ហើយនឹងស៊ីសាច់អ្នករាល់គ្នាដូចជាភ្លើង ដ្បិតអ្នករាល់គ្នាបានខំប្រមូលបង្គរទ្រព្យសម្បត្តិឡើង នៅជាន់ក្រោយបង្អស់នេះ មើល ប្រាក់ឈ្នួល ដែលអ្នករាល់គ្នាបានបង្ខានចំពោះពួកជើងឈ្នួល ជាអ្នកច្រូតនៅស្រែរបស់អ្នករាល់គ្នា នោះក៏ស្រែកឡើង ហើយសំរែកនៃពួកអ្នកដែលច្រូតនោះ បានឮទៅដល់ព្រះកាណ៌របស់ព្រះអម្ចាស់នៃពួកពលបរិវារដែរ អ្នករាល់គ្នាបាននៅលើផែនដី បែបប្រសើររុងរឿង តាមតែចិត្តសំរើបស្រើប ទាំងចំអែតចិត្ត ដូចជានៅថ្ងៃសំឡាប់សត្វ