យ៉ាកុប 5:1-11

យ៉ាកុប 5:1-11 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ឥឡូវ​នេះ ពួក​អ្នក​មាន​អើយ ចូរ​ស្រែក​ទ្រហោយំ​ទៅ ព្រោះ​តែ​ទុក្ខ​វេទនា​ដែល​នឹង​កើត​មាន​ដល់​អ្នក​រាល់​គ្នា។ ទ្រព្យ​សម្បត្តិ​របស់​អ្នក​រាល់​គ្នា​បាន​ពុក​រលួយ ហើយ​សម្លៀក​បំពាក់​របស់​អ្នក​រាល់​គ្នា​ក៏​ត្រូវ​កន្លាត​កាត់​អស់​ដែរ។ មាស​ប្រាក់​របស់​អ្នក​រាល់​គ្នា​ត្រូវ​ច្រែះ​ស៊ី ហើយ​ច្រែះ​នោះ​នឹង​ក្លាយ​ជា​បន្ទាល់​ទាស់​នឹង​អ្នក​រាល់​គ្នា ព្រម​ទាំង​ស៊ី​សាច់​អ្នក​រាល់​គ្នា​ដូច​ជា​ភ្លើង ដ្បិត​អ្នក​រាល់​គ្នា​បាន​ខំ​ប្រមូល​បង្គរ​ទ្រព្យ‌សម្បត្តិ​ឡើង​នៅ​គ្រា​ចុង​បំផុត​នេះ។ មើល៍! ប្រាក់​ឈ្នួល​ដែល​អ្នក​បាន​លួច​បន្លំ​កម្មករ ដែល​ច្រូត​កាត់​ក្នុង​ស្រែ​របស់​អ្នក កំពុង​តែ​ស្រែក​ឡើង​ទាស់​នឹង​អ្នក ហើយ​សម្រែក​ពួក​អ្នក​ដែល​ច្រូត​ទាំង​នោះ ក៏​បាន​ឮ​ទៅ​ដល់​ព្រះ‌កាណ៌​របស់​ព្រះ‌អម្ចាស់​នៃ​ពួក​ពល​បរិវារ​ដែរ។ អ្នក​រាល់​គ្នា​បាន​រស់​នៅ​លើ​ផែនដី​យ៉ាង​ថ្កុំ​ថ្កើង តាម​តែ​ចំណង់​ចិត្ត អ្នក​រាល់​គ្នា​ចម្អែត​ចិត្ត ដូច​នៅ​ថ្ងៃ​ដែល​គេ​សម្លាប់​សត្វ។ អ្នក​រាល់​គ្នា​បាន​ដាក់​ទោស ហើយ​បាន​សម្លាប់​មនុស្ស​សុចរិត ដែល​គេ​មិន​បាន​ប្រឆាំង​តប​នឹង​អ្នក​រាល់​គ្នា​វិញ​សោះ។ ដូច្នេះ បង‌ប្អូន​អើយ ចូរ​មាន​ចិត្ត​អត់‌ធ្មត់ រហូត​ដល់​ព្រះ‌អម្ចាស់​យាង​មកចុះ។ មើល៍ កសិករ​រង់​ចាំ​ភោគ​ផល​ដ៏​វិសេស​ដែល​កើត​ចេញ​ពី​ដី ដោយ​ចិត្ត​អត់‌ធ្មត់ រហូត​ទាល់​តែ​បាន​ភ្លៀង​ធ្លាក់​មក​ខាង​ដើម​រដូវ និង​ចុង​រដូវ។ អ្នក​រាល់​គ្នា​ក៏​ដូច្នោះ​ដែរ ចូរ​មាន​ចិត្ត​អត់‌ធ្មត់ ចូរ​តាំង​ចិត្ត​ឲ្យ​ខ្ជាប់‌ខ្ជួន ដ្បិត​ព្រះ‌អម្ចាស់​ជិត​យាង​មក​ហើយ។ បង‌ប្អូន​អើយ កុំ​រអ៊ូ‌រទាំ​ទាស់​នឹង​គ្នា​ទៅ​វិញ​ទៅ​មក​ឡើយ ដើម្បី​កុំ​ឲ្យ​មាន​ទោស មើល៍ ចៅ​ក្រម​ឈរ​នៅ​មាត់​ទ្វារ​ស្រាប់​ហើយ។ បង‌ប្អូន​អើយ ចូរ​យក​ពួក​ហោរា ដែល​បាន​ថ្លែង​ក្នុង​ព្រះ‌នាម​ព្រះ‌អម្ចាស់ ទុក​ជា​គំរូ​ពី​ការ​រង​ទុក្ខ និង​ពី​ការ​អត់‌ធ្មត់​ចុះ។ មើល៍! យើងរាប់​អស់​អ្នក​ដែល​ចេះ​ស៊ូ​ទ្រាំ ថា​ជា​អ្នក​មាន​ពរ។ អ្នក​រាល់​គ្នា​បាន​ឮ​ពី​ការ​ស៊ូ​ទ្រាំ​របស់​លោក​យ៉ូប​ហើយ ក៏​បាន​ឃើញថា នៅ​ទី​បំផុត​ព្រះ‌អម្ចាស់​មាន​ព្រះ‌ហឫ‌ទ័យ​យ៉ាង​ណា​ចំពោះ​គាត់ គឺ​ទ្រង់​មាន​ព្រះ​ហឫទ័យ​អាណិត​អាសូរ និង​មេត្ដាករុណា​យ៉ាង​ពោរពេញ។

ចែក​រំលែក
អាន យ៉ាកុប 5

យ៉ាកុប 5:1-11 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ចំពោះ​អ្នក​មាន​វិញ ចូរ​ស្រែក​ទ្រហោ​យំ​ទៅ ព្រោះ​ទុក្ខ​លំបាក​នឹង​កើត​មាន​ដល់​អ្នក​រាល់​គ្នា​ជា​ពុំ‌ខាន! ទ្រព្យ​សម្បត្តិ​របស់​អ្នក​រាល់​គ្នា​រលួយ​អស់ ហើយ​សម្លៀក‌បំពាក់​របស់​អ្នក​រាល់​គ្នា​ក៏​ត្រូវ​កណ្ដៀរ​ស៊ី​ដែរ។ មាស​ប្រាក់​របស់​អ្នក​រាល់​គ្នា​ត្រូវ​ច្រែះ​ស៊ី ហើយ​ច្រែះ​នេះ​ធ្វើ​ជា​បន្ទាល់​ទាស់​នឹង​អ្នក​រាល់​គ្នា ព្រម​ទាំង​ស៊ី​សាច់​អ្នក​រាល់​គ្នា ដូច​ភ្លើង​ឆេះ​សុស​ដែរ។ គ្រា​នេះ ជា​គ្រា​ចុង​ក្រោយ​បំផុត អ្នក​រាល់​គ្នា​បាន​ប្រមូល​ទ្រព្យ​សម្បត្តិ​ទុក ឥត​បើក​ប្រាក់​ឈ្នួល​ឲ្យ​ពួក​កម្មករ​ដែល​ច្រូត​កាត់ ក្នុង​ស្រែ​របស់​អ្នក​រាល់​គ្នា​ឡើយ មើល៍! សម្រែក​អ្នក​ច្រូត​ទាំង​នោះ​បាន​លាន់​ទៅ​ដល់​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល*។ អ្នក​រាល់​គ្នា​រស់​នៅ​លើ​ផែនដី​នេះ​យ៉ាង​សម្បូណ៌​សប្បាយ ថ្កុំ‌ថ្កើង រុងរឿង ហើយ​អ្នក​រាល់​គ្នា​បំពេញ​ចំណង់​ចិត្ត​ខ្លួន​យ៉ាង​ឆ្អែត​ស្កប់​ស្កល់ ដូច​នៅ​ថ្ងៃ​ដែល​គេ​សម្លាប់​សត្វ។ អ្នក​រាល់​គ្នា​បាន​ដាក់​ទោស និង​ប្រហារ​ជីវិត​មនុស្ស​សុចរិត តែ​គេ​ពុំ​បាន​ប្រឆាំង​តប​ត​នឹង​អ្នក​រាល់​គ្នា​វិញ​ឡើយ។ ដូច្នេះ បងប្អូន​អើយ ត្រូវ​មាន​ចិត្ត​អត់‌ធ្មត់ រហូត​ដល់​ពេល​ព្រះ‌អម្ចាស់​យាង​មក​យ៉ាង​រុងរឿង។ មើល​ចុះ! អ្នក​ភ្ជួរ​រាស់​ទន្ទឹង​រង់‌ចាំ​ភោគ​ផល​ដ៏​ថ្លៃ​វិសេស​ដែល​ដី​ផ្ដល់​ឲ្យ ដោយ​ចិត្ត​អត់‌ធ្មត់ រហូត​ដល់​បាន​ផល​នៅ​ដើម​រដូវ និង​ចុង​រដូវ។ បងប្អូន​ក៏​ដូច្នោះ​ដែរ ចូរ​មាន​ចិត្ត​អត់‌ធ្មត់ តាំង​ចិត្ត​ឲ្យ​រឹង‌ប៉ឹង ដ្បិត​ព្រះ‌អម្ចាស់​ជិត​យាង​មក​ដល់​ហើយ។ បងប្អូន​អើយ មិន​ត្រូវ​រអ៊ូ‌រទាំ​នឹង​គ្នា​ទៅ​វិញ​ទៅ​មក​ឡើយ ដើម្បី​កុំ​ឲ្យ​មាន​ទោស ដ្បិត​ព្រះ‌ជាម្ចាស់​ដែល​ជា​ចៅ‌ក្រម ព្រះអង្គ​ឈរ​នៅ​មាត់​ទ្វារ​ស្រាប់​ហើយ។ បងប្អូន​អើយ ចូរ​យក​តម្រាប់​តាម​ពួក​ព្យាការី*​ដែល​បាន​រង‌ទុក្ខ​លំបាក និង​មាន​ចិត្ត​អត់‌ធ្មត់ ហើយ​ថ្លែង​ព្រះ‌បន្ទូល​ក្នុង​ព្រះ‌នាម​ព្រះ‌អម្ចាស់។ យើង​តែងតែ​សរសើរ​អស់​អ្នក​ដែល​ចេះ​ស៊ូ‌ទ្រាំ​ថា ជា​អ្នក​មាន​សុភមង្គល។ បងប្អូន​ធ្លាប់​ឮ​គេ​និយាយ​ស្រាប់​ហើយ​ថា លោក​យ៉ូប​ចេះ​ស៊ូ‌ទ្រាំ​យ៉ាង​ណាៗ​នោះ ហើយ​បងប្អូន​ក៏​ឃើញ​ដែរ​ថា នៅ​ទី​បំផុត ព្រះ‌អម្ចាស់​ឲ្យ​គាត់​បាន​ទៅ​ជា​យ៉ាង​ណា ដ្បិត​ព្រះ‌អម្ចាស់​មាន​ព្រះ‌ហឫទ័យ​អាណិត​អាសូរ និង​មេត្តា‌ករុណា​យ៉ាង​ក្រៃ‌លែង។

ចែក​រំលែក
អាន យ៉ាកុប 5

យ៉ាកុប 5:1-11 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ឥឡូវ​នេះ ពួក​អ្នក​មាន​អើយ ចូរ​យំ​សោក​ចុះ ព្រម​ទាំង​ស្រែក​ទ្រហោ​ផង ដោយ​ព្រោះ​សេចក្ដី​វេទនា ដែល​ត្រូវ​មក​លើ​អ្នក​រាល់​គ្នា ទ្រព្យ​សម្បត្តិ​របស់​អ្នក​រាល់​គ្នា​បាន​ពុក‌រលួយ ហើយ​សំលៀក‌បំពាក់​អ្នក​រាល់​គ្នា ត្រូវ​កន្លាត​កាត់​អស់​ហើយ មាស​ប្រាក់​របស់​អ្នក​រាល់​គ្នា​បាន​ដុះ​ស្នឹម ឯ​ស្នឹម​នោះ នឹង​បាន​ទុក​សំរាប់​ជា​ទី​បន្ទាល់ ទាស់​នឹង​អ្នក​រាល់​គ្នា ហើយ​នឹង​ស៊ី​សាច់​អ្នក​រាល់​គ្នា​ដូច​ជា​ភ្លើង ដ្បិត​អ្នក​រាល់​គ្នា​បាន​ខំ​ប្រមូល​បង្គរ​ទ្រព្យ​សម្បត្តិ​ឡើង នៅ​ជាន់​ក្រោយ​បង្អស់​នេះ មើល ប្រាក់​ឈ្នួល ដែល​អ្នក​រាល់​គ្នា​បាន​បង្ខាន​ចំពោះ​ពួក​ជើង​ឈ្នួល ជា​អ្នក​ច្រូត​នៅ​ស្រែ​របស់​អ្នក​រាល់​គ្នា នោះ​ក៏​ស្រែក​ឡើង ហើយ​សំរែក​នៃ​ពួក​អ្នក​ដែល​ច្រូត​នោះ បាន​ឮ​ទៅ​ដល់​ព្រះ‌កាណ៌​របស់​ព្រះ‌អម្ចាស់​នៃ​ពួក​ពល​បរិវារ​ដែរ អ្នក​រាល់​គ្នា​បាន​នៅ​លើ​ផែនដី បែប​ប្រសើរ​រុងរឿង តាម​តែ​ចិត្ត​សំរើប​ស្រើប ទាំង​ចំអែត​ចិត្ត ដូច​ជា​នៅ​ថ្ងៃ​សំឡាប់​សត្វ អ្នក​រាល់​គ្នា​បាន​កាត់​ទោស ក៏​បាន​សំឡាប់​មនុស្ស​សុចរិត តែ​គេ​មិន​បាន​ត‌យុទ្ធ​នឹង​អ្នក​រាល់​គ្នា​វិញ​សោះ។ បង​ប្អូន​អើយ ចូរ​មាន​ចិត្ត​អត់‌ធ្មត់ ដរាប​ដល់​ព្រះ‌អម្ចាស់​ទ្រង់​យាង​មក មើល អ្នក​ធ្វើ​ស្រែ គេ​រង់‌ចាំ​ផល​វិសេស ដែល​កើត​ពី​ដី​មក ដោយ​សេចក្ដី​អត់‌ធ្មត់ ទាល់​តែ​បាន​ភ្លៀង​ធ្លាក់​មក​ខាង​ដើម​រដូវ នឹង​ចុង​រដូវ​ផង ចូរ​ឲ្យ​អ្នក​រាល់​គ្នា​អត់‌ធ្មត់​ដូច្នោះ​ដែរ ទាំង​តាំង​ចិត្ត​ឲ្យ​ខ្ជាប់‌ខ្ជួន​ឡើង ដ្បិត​ព្រះ‌អម្ចាស់​ជិត​យាង​មក​ហើយ បង​ប្អូន​អើយ កុំ​ឲ្យ​រទូ‌រទាំ​ទាស់​នឹង​គ្នា​ទៅ​វិញ​ទៅ​មក​ឡើយ ក្រែង​មាន​ទោស មើល​ចៅ‌ក្រម លោក​ឈរ​នៅ​មាត់​ទ្វារ​ហើយ បង​ប្អូន​អើយ ចូរ​យក​ពួក​ហោរា ដែល​បាន​ទាយ​ដោយ​នូវ​ព្រះ‌នាម​ព្រះ‌អម្ចាស់ ទុក​ជា​គំរូ​ពី​សេចក្ដី​ទុក្ខ​លំបាក នឹង​ពី​សេចក្ដី​អត់‌ធ្មត់​ចុះ មើល យើង​ហៅ​ពួក​អ្នក​ដែល​ទ្រាំ‌ទ្រ ថា​ជា​អ្នក​មាន​ពរ ចុះ​អ្នក​រាល់​គ្នា​បាន​ឮ​និយាយ​ពី​សេចក្ដី​អត់​ធន់​របស់​លោក​យ៉ូប​ទៅ​ហើយ ក៏​បាន​ឃើញ​ថា​ដល់​ចុង​បំផុត នោះ​ព្រះ‌អម្ចាស់​ទ្រង់​មាន​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា នឹង​សេចក្ដី​អាណិត‌អាសូរ​ពោរ‌ពេញ​ដែរ

ចែក​រំលែក
អាន យ៉ាកុប 5