យ៉ាកុប 4:6-11
យ៉ាកុប 4:6-11 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ប៉ុន្ដែ ព្រះអង្គផ្តល់ព្រះគុណខ្លាំងជាងនេះទៅទៀត។ ហេតុនេះហើយបានជាបទគម្ពីរចែងថា៖ «ព្រះទ្រង់ប្រឆាំងនឹងមនុស្សមានអំនួត តែទ្រង់ផ្តល់ព្រះគុណដល់មនុស្សដែលបន្ទាបខ្លួនវិញ» ។ ដូច្នេះ សូមចុះចូលចំពោះព្រះ ហើយតស៊ូនឹងអារក្សចុះ នោះវានឹងរត់ចេញពីអ្នករាល់គ្នាមិនខាន។ សូមចូលទៅជិតព្រះអង្គ នោះព្រះអង្គនឹងយាងមកជិតអ្នករាល់គ្នាវិញដែរ។ មនុស្សបាបអើយ ចូរលាងដៃឲ្យស្អាតចុះ មនុស្សមានចិត្តពីរអើយ ចូរសម្អាតចិត្តឲ្យស្អាតឡើង។ ចូរមានទុក្ខ ហើយយំសោយសោកចុះ ចូរឲ្យសំណើចរបស់អ្នករាល់គ្នាត្រឡប់ជាទុក្ខសោក ហើយឲ្យអំណរបែ្រទៅជាទុក្ខព្រួយវិញ។ ចូរបន្ទាបខ្លួននៅចំពោះព្រះអម្ចាស់ នោះព្រះអង្គនឹងតម្កើងអ្នករាល់គ្នាឡើង។ បងប្អូនអើយ កុំនិយាយមួលបង្កាច់គ្នាទៅវិញទៅមកឡើយ អ្នកណានិយាយមួលបង្កាច់គ្នា ហើយថ្កោលទោសបងប្អូនរបស់ខ្លួន អ្នកនោះក៏និយាយមួលបង្កាច់ក្រឹត្យវិន័យ ហើយថ្កោលទោសក្រឹត្យវិន័យដែរ តែបើអ្នកថ្កោលទោសក្រឹត្យវិន័យ អ្នកមិនមែនកាន់តាមក្រឹត្យវិន័យទេ គឺឈ្មោះថាជាអ្នកថ្កោលទោសវិញ។
យ៉ាកុប 4:6-11 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ប៉ុន្តែ ព្រះអង្គមានព្រះហឫទ័យប្រណីសន្ដោសខ្លាំងជាងនេះទៅទៀត ដ្បិតមានចែងទុកក្នុងគម្ពីរថា «ព្រះជាម្ចាស់ប្រឆាំងនឹងមនុស្សមានអំនួត តែទ្រង់ប្រណីសន្ដោសអស់អ្នកដែលដាក់ខ្លួន» ។ ដូច្នេះ សូមបងប្អូនគោរពចុះចូលព្រះជាម្ចាស់ ហើយប្រឆាំងនឹងមារ* នោះវាមុខជារត់ចេញឆ្ងាយពីបងប្អូនមិនខាន។ សូមចូលទៅជិតព្រះជាម្ចាស់ នោះព្រះអង្គនឹងយាងមកជិតបងប្អូនវិញដែរ។ មនុស្សបាបអើយ ចូរជម្រះខ្លួនឲ្យបរិសុទ្ធ*ទៅ! មនុស្សមានចិត្តពីរអើយ ចូរជម្រះចិត្តគំនិតឲ្យបានស្អាតឡើង! ចូរទទួលស្គាល់ថាខ្លួនធ្លាក់ដល់កម្រិតណាហើយ ចូរកាន់ទុក្ខ និងសោកសង្រេង ព្រមទាំងធ្វើឲ្យសំណើចក្អាកក្អាយរបស់អ្នករាល់គ្នាប្រែទៅជាទុក្ខសោក ហើយឲ្យអំណរសប្បាយរបស់អ្នករាល់គ្នាប្រែទៅជាទុក្ខព្រួយវិញ។ ចូរបន្ទាបខ្លួននៅចំពោះព្រះភ័ក្ត្រព្រះជាម្ចាស់ នោះព្រះអង្គនឹងលើកតម្កើងអ្នករាល់គ្នាជាមិនខាន។ បងប្អូនអើយ មិនត្រូវនិយាយដើមគ្នាទៅវិញទៅមកឡើយ អ្នកណានិយាយដើម ឬថ្កោលទោសបងប្អូនណាម្នាក់ អ្នកនោះក៏ដូចជានិយាយដើមក្រឹត្យវិន័យ* និងថ្កោលទោសក្រឹត្យវិន័យដែរ។ ប្រសិនបើអ្នកថ្កោលទោសក្រឹត្យវិន័យបានសេចក្ដីថា អ្នកមិនមែនកាន់ក្រឹត្យវិន័យទេ គឺអ្នកថ្កោលទោសក្រឹត្យវិន័យទៅវិញ។
យ៉ាកុប 4:6-11 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
តែទ្រង់ផ្តល់ព្រះគុណមកកាន់តែខ្លាំងឡើង ហេតុនោះបានជាទ្រង់មានបន្ទូលថា «ព្រះទ្រង់ទាស់ទទឹងនឹងពួកមានឫកធំ តែទ្រង់ផ្តល់ព្រះគុណមកពួករាបសាវិញ» ដូច្នេះ ត្រូវចុះចូលចំពោះព្រះ ហើយតស៊ូនឹងអារក្សវិញចុះ នោះវានឹងរត់ចេញពីអ្នករាល់គ្នាទៅ ត្រូវចូលទៅជិតព្រះ នោះទ្រង់នឹងចូលមកជិតអ្នករាល់គ្នាដែរ ឱពួកមានបាបអើយ ចូរលាងដៃឲ្យស្អាតចុះ ឱពួកអ្នកមានចិត្ត២អើយ ចូរសំអាតចិត្តឡើង ចូរឲ្យមានសេចក្ដីទុក្ខ ហើយយំសោក ទាំងស្រក់ទឹកភ្នែកចុះ សូមឲ្យសំណើចរបស់អ្នករាល់គ្នាត្រឡប់ជាដំងូរ ហើយឲ្យសេចក្ដីអំណរទៅជាសេចក្ដីព្រួយវិញ ចូរបន្ទាបខ្លួននៅចំពោះព្រះអម្ចាស់ នោះទ្រង់នឹងដំកើងអ្នករាល់គ្នាឡើង។ បងប្អូនអើយ កុំឲ្យនិន្ទាគ្នាឡើយ អ្នកណាដែលនិន្ទា ហើយថ្កោលទោសបងប្អូនខ្លួន នោះក៏និន្ទា ហើយថ្កោលទោសចំពោះក្រិត្យវិន័យដែរ បើអ្នកថ្កោលទោសក្រិត្យវិន័យ នោះអ្នកមិនមែនកាន់តាមក្រិត្យវិន័យទេ គឺឈ្មោះថាជាអ្នកថ្កោលទោសវិញ