យ៉ាកុប 3:6-12

យ៉ាកុប 3:6-12 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ហើយ​អណ្តាត​ក៏​ជា​ភ្លើង​ម្យ៉ាង ជា​ពិភព​នៃ​អំពើ​ទុច្ចរិត។ អណ្ដាត​ជា​ផ្នែក​មួយ​នៃ​អវយវៈ​របស់​យើង ដែល​ធ្វើ​ឲ្យ​រូប‌កាយ​ទាំង​មូល​ស្មោក​គ្រោក ក៏​បញ្ឆេះ​ដំណើរ​ជីវិត​ទាំង​មូល ហើយ​ភ្លើង​ឆេះ​នោះ​មក​ពី​ស្ថាន​នរក។ គ្រប់​ទាំង​ពូជ​សត្វ​ព្រៃ សត្វ​ស្លាប សត្វ​លូន​វារ មនុស្ស​អាច​ផ្សាំង​វា​បាន ហើយ​សត្វ​នៅ​ក្នុង​សមុទ្រ ក៏​គេ​អាច​នឹង​ផ្សាំង​បាន​ដែរ តែ​គ្មាន​អ្នក​ណា​អាច​ផ្សាំង​អណ្តាត​បាន​ឡើយ វា​ជា​របស់​អាក្រក់​ដែល​ទប់​មិន​បាន ក៏​មាន​ពេញ​ដោយ​ពិស​ពុល ដែល​នាំ​ឲ្យ​ស្លាប់។ ដោយ​សារ​អណ្តាត យើង​សរសើរ​តម្កើង​ព្រះ‌អម្ចាស់ ជា​ព្រះ‌វរបិតា ហើយ​ដោយ​សារ​អណ្ដាត យើង​ជេរ​ប្រទេច​បណ្តាសា​មនុស្ស ដែល​កើត​មក​ដូច​រូប​អង្គ​ព្រះ។ មាន​ទាំង​ពាក្យ​ឲ្យ​ពរ ទាំង​ពាក្យ​ជេរ​ប្រទេច​ផ្តាសា ចេញ​មក​ពី​មាត់​តែ​មួយ។ បង‌ប្អូន​អើយ មិន​គួរ​គប្បី​ឲ្យ​មាន​ដូច្នោះ​ឡើយ។ តើ​ប្រភព​ទឹក​តែ​មួយ អាច​ចេញ​ជា​ទឹក​សាប​ផង ជា​ទឹក​ភ្លាវ​ផង​បាន​ឬ? បង‌ប្អូន​អើយ តើ​ដើម​ល្វា​អាច​នឹង​បង្កើត​ផ្លែ​ជា​អូលីវ ឬ​ដើម​ទំពាំង​បាយ​ជូរ​អាច​បង្កើត​ផ្លែ​ជា​ល្វា​បាន​ឬ? ឯ​រន្ធ​ទឹក​ប្រៃ​ក៏​មិន​អាច​ហូរ​ចេញ​ពី​ទឹក​សាប​ដែរ។

ចែក​រំលែក
អាន យ៉ាកុប 3

យ៉ាកុប 3:6-12 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

អណ្ដាត​ក៏​ជា​ភ្លើង​ម្យ៉ាង ជា​ពិភព​នៃ​អំពើ​ទុច្ចរិត។ អណ្ដាត​ជា​ផ្នែក​មួយ​ក្នុង​ចំណោម​សរីរាង្គ​របស់​យើង ដែល​ធ្វើ​ឲ្យ​រូប​កាយ​ទាំង​មូល​ទៅ​ជា​សៅ‌ហ្មង និង​ធ្វើ​ឲ្យ​ដំណើរ​ជីវិត​របស់​យើង​ត្រូវ​ខ្លោច‌ផ្សា ព្រោះ​មាន​ភ្លើង​នរក​នៅ​ក្នុង​អណ្ដាត​នេះ។ មនុស្ស​ជាតិ​អាច​ផ្សាំង​សត្វ​គ្រប់​ប្រភេទ​បាន​ទាំង​អស់ ទាំង​សត្វ​ព្រៃ ទាំង​សត្វ​ស្លាប ហើយ​សត្វ​លូន​វារ សត្វ​នៅ​ក្នុង​ទឹក ក៏​មនុស្ស​ផ្សាំង​បាន​ដែរ ប៉ុន្តែ គ្មាន​ជន​ណា​ម្នាក់​អាច​ផ្សាំង​អណ្ដាត​ឡើយ ព្រោះ​វា​ជា​គ្រឿង​មួយ​ដ៏​ចង្រៃ​ដែល​ចេះ​តែ​គន្លាស់​ជានិច្ច ពោរ‌ពេញ​ទៅ​ដោយ​ពិស‌ពុល បណ្ដាល​ឲ្យ​ស្លាប់​ទៀត​ផង។ ដោយ‌សារ​អណ្ដាត យើង​អរ​ព្រះ‌គុណ​ព្រះ‌អម្ចាស់​ជា​ព្រះ‌បិតា ហើយ​ដោយ‌សារ​អណ្ដាត​ដដែល យើង​ក៏​ជេរ​ប្រទេច​ផ្ដាសា​មនុស្ស​ដែល​ព្រះអង្គ​បាន​បង្កើត​មក ឲ្យ​មាន​លក្ខណៈ​ដូច​ព្រះអង្គ​ដែរ គឺ​ទាំង​ពាក្យ​អរ​ព្រះ‌គុណ ទាំង​ពាក្យ​ជេរ​ប្រទេច​ផ្ដាសា ហូរ​ចេញ​មក​ពី​មាត់​តែ​មួយ! បងប្អូន​អើយ ធ្វើ​ដូច្នេះ​មិន​កើត​ទេ!។ តើ​ប្រភព​ទឹក​អាច​បង្ហូរ​ចេញ​ជា​ទឹក​សាប​ផង ជា​ទឹក​ភ្លាវ​ផង ពី​រន្ធ​តែ​មួយ​បាន​ឬ? បងប្អូន​អើយ ដើម​ឧទុម្ពរ​អាច​ឲ្យ​ផ្លែ​ជា​អូលីវ ឬ​ដើម​ទំពាំង‌បាយជូរ​អាច​ឲ្យ​ផ្លែ​ជា​ឧទុម្ពរ​បាន​ឬ? រន្ធ​ទឹក​ប្រៃ​ពុំ​អាច​បង្ហូរ​ចេញ​ជា​ទឹក​សាប​ឡើយ។

ចែក​រំលែក
អាន យ៉ាកុប 3

យ៉ាកុប 3:6-12 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ហើយ​អណ្តាត​ក៏​ជា​ភ្លើង​ដែរ គឺ​ជា​លោកីយ​ដ៏​ពេញ​ដោយ​សេចក្ដី​ទុច្ចរិត ជា​គ្រឿង​រាប់​បញ្ចូល​ជា​១​នឹង​អវយវៈ​ឯ​ទៀត​របស់​យើង ជា​របស់​ដែល​ធ្វើ​ឲ្យ​រូប‌កាយ​ទាំង​មូល​ស្មោក‌គ្រោក ក៏​បញ្ឆេះ​ទាំង​ផ្លូវ​ជីវិត​ផង ហើយ​ភ្លើង​ឆេះ​នោះ​មក​ពី​ស្ថាន​នរក​ដែរ រីឯ​គ្រប់​ទាំង​ពូជ​សត្វ​ព្រៃ សត្វ​ស្លាប សត្វ​លូន​វារ នឹង​សត្វ​នៅ​ក្នុង​សមុទ្រ នោះ​គេ​អាច​នឹង​ផ្សាំង​បាន ក៏​មាន​មនុស្ស​បាន​ផ្សាំង​ហើយ​ដែរ តែ​ឯ​អណ្តាត​វិញ នោះ​គ្មាន​អ្នក​ណា​អាច​នឹង​ផ្សាំង​បាន​ឡើយ គឺ​ជា​របស់​អាក្រក់ ដែល​ទប់​មិន​បាន ក៏​មាន​ពេញ​ដោយ​ពិស​ដែល​នាំ​ឲ្យ​ស្លាប់ ដោយ‌សារ​អណ្តាត នោះ​យើង​សរសើរ​ដំកើង​ដល់​ព្រះ‌អម្ចាស់​ដ៏​ជា​ព្រះវរ‌បិតា​ផង ហើយ​ដាក់​បណ្តាសា​ដល់​មនុស្ស ដែល​កើត​មក​តាម​រូប​អង្គ​ព្រះ​ផង មាន​ទាំង​ពាក្យ​សរសើរ នឹង​ពាក្យ​ប្រទេច​ផ្តាសា ចេញ​មក​ពី​មាត់​តែ​១​នោះ​ឯង បង​ប្អូន​អើយ មិន​គួរ​គប្បី​ឲ្យ​មាន​ដូច្នោះ​ឡើយ តើ​រន្ធ​ទឹក​តែ​១​នឹង​អាច​ចេញ​ជា​ទឹក​សាប ហើយ​ភ្លាវ​ផង​បាន​ឬ​ទេ បង​ប្អូន​អើយ តើ​ដើម​ល្វា​អាច​នឹង​បង្កើត​ផ្លែ​ជា​អូលីវ ឬ​ដើម​ទំពាំង‌បាយ‌ជូរ​បង្កើត​ផ្លែ​ជា​ល្វា​បាន​ឬ​ទេ ដូច្នេះ គ្មាន​រន្ធ​ទឹក​ណា​ចេញ​ទឹក ជា​ប្រៃ​ផងសាប​ផង​បាន​ឡើយ។

ចែក​រំលែក
អាន យ៉ាកុប 3