យ៉ាកុប 2:1-4
យ៉ាកុប 2:1-4 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
បងប្អូនខ្ញុំអើយ បងប្អូនមានជំនឿដល់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់ប្រកបដោយសិរីល្អរបស់យើងហើយ មិនត្រូវរើសមុខអ្នកណាឡើយ។ ដ្បិតប្រសិនបើមានអ្នកណាចូលមកក្នុងសាលាប្រជុំរបស់អ្នករាល់គ្នា ទាំងពាក់ចិញ្ចៀនមាស និងសម្លៀកបំពាក់ដ៏មានតម្លៃ ហើយមានអ្នកក្រម្នាក់ស្លៀកពាក់កខ្វក់ចូលមកដែរ ប្រសិនបើអ្នករាល់គ្នាមើលទៅអ្នកដែលស្លៀកពាក់ដ៏មានតម្លៃនោះ ហើយពោលថា «សូមអញ្ជើញអង្គុយនៅកន្លែងទីល្អនេះ» តែប្រាប់ទៅអ្នកក្រថា «ចូរឈរនៅទីនោះទៅ» ឬថា «អង្គុយនៅក្បែរជើងខ្ញុំនេះហើយ» នោះតើអ្នករាល់គ្នាមិនបានរាប់អានមនុស្សដោយរើសមុខ ក្នុងចំណោមអ្នករាល់គ្នា ហើយត្រឡប់ជាវិនិច្ឆ័យគេដោយគំនិតអាក្រក់ទេឬ?
យ៉ាកុប 2:1-4 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
បងប្អូនអើយ បងប្អូនមានជំនឿលើព្រះយេស៊ូគ្រិស្ត* ជាព្រះអម្ចាស់ប្រកបដោយសិរីរុងរឿងរបស់យើងហើយ ដូច្នេះ សូមកុំប្រកាន់វណ្ណៈឲ្យសោះ។ ពេលបងប្អូនរួមប្រជុំគ្នា ឧបមាថា ម្នាក់ចូលមកមានពាក់ចិញ្ចៀនមាស និងមានសម្លៀកបំពាក់ភ្លឺផ្លេក ហើយម្នាក់ទៀតជាអ្នកក្រ ស្លៀកពាក់រហែករយ៉ីរយ៉ៃចូលមកដែរ ប្រសិនបើបងប្អូនរាក់ទាក់ទទួលអ្នកស្លៀកពាក់ភ្លឺផ្លេកនោះ ទាំងពោលថា «សូមលោកអញ្ជើញមកអង្គុយនៅកន្លែងកិត្តិយសឯណេះ!» ហើយពោលទៅកាន់អ្នកក្រថា «ទៅឈរនៅកៀននោះទៅ!» ឬថា «មកអង្គុយនៅក្រោមកន្លែងខ្ញុំដាក់ជើងឯណេះ!» តើមិនបានសេចក្ដីថា បងប្អូនរាប់រកមនុស្សក្នុងចំណោមបងប្អូន ដោយរើសមុខ ហើយបងប្អូនវិនិច្ឆ័យគេដោយគំនិតអាក្រក់ទេឬ?។
យ៉ាកុប 2:1-4 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
បងប្អូនអើយ កុំឲ្យមានសេចក្ដីជំនឿ ជឿដល់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់ដ៏ឧត្តមនៃយើង ដោយរើសមុខអ្នកណាឡើយ ដ្បិតបើសិនជាមានអ្នកណាចូលមកក្នុងសាលាប្រជុំរបស់អ្នករាល់គ្នា ទាំងពាក់ចិញ្ជៀនមាសនឹងសំលៀកបំពាក់ដ៏មានដំឡៃ ហើយមានអ្នកក្រម្នាក់ស្លៀកពាក់កក្វក់ចូលមកដែរ រួចអ្នករាល់គ្នាមើលទៅអ្នកដែលស្លៀកពាក់មានដំឡៃនោះ ក៏អញ្ជើញគេថា សូមអង្គុយនៅទីល្អនេះ រួចប្រាប់ទៅអ្នកក្រថា ចូរឈរនៅទីនុ៎ះចុះ ឬអង្គុយនៅទៀបកំណល់ជើងខ្ញុំនេះដូច្នេះ នោះតើមិនមែនឈ្មោះថា បានយោគយល់នៅក្នុងពួកអ្នករាល់គ្នា ហើយបានត្រឡប់ជាអ្នករើសមុខ ដែលមានគំនិតអាក្រក់ទេឬអី