អេសាយ 57:6-21
អេសាយ 57:6-21 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
នៅចំណោមថ្មរលីងក្នុងបាតជ្រោះ អ្នកបានច្រួចតង្វាយច្រូច និងតង្វាយម្សៅថ្វាយដល់ថ្មទាំងនោះ ដូច្នេះ ថ្មទាំងនោះជាចំណែករបស់អ្នកហើយ តើគួរឲ្យយើងរសាយកំហឹងចំពោះអំពើយ៉ាងនោះឬ? អ្នកបានដាក់គ្រែដេករបស់អ្នកនៅលើកំពូលភ្នំធំខ្ពស់ គឺនៅទីនោះដែលអ្នកបានឡើងទៅថ្វាយយញ្ញបូជាដែរ។ អ្នកបានដំឡើងទីរំឭកពីអ្នកនៅខាងក្រោយសន្លឹកទ្វារ និងក្របទ្វារដែរ ហើយអ្នកបានបើកខ្លួនឲ្យដល់ម្នាក់ដទៃទៀតក្រៅពីយើង អ្នកបានឡើងទៅធ្វើឲ្យគ្រែអ្នកធំទូលាយ ហើយបានតាំងសញ្ញានឹងគេ អ្នកបានស្រឡាញ់ដំណេករបស់គេ ក៏បានរៀបកន្លែងឲ្យ។ អ្នកបាននាំតង្វាយជាប្រេង ទៅគាល់ស្តេច ហើយបានចម្រើនគ្រឿងក្រអូប របស់អ្នកជាច្រើនឡើង ក៏បានចាត់ទូតរបស់អ្នកឲ្យទៅឯស្រុកឆ្ងាយ ព្រមទាំងបន្ទាបខ្លួនអ្នកចុះទៅដល់ស្ថាន ឃុំព្រលឹងមនុស្សស្លាប់។ អ្នកត្រូវអស់កម្លាំង ដោយផ្លូវរបស់អ្នកវែងឆ្ងាយ ប៉ុន្តែ អ្នកមិនបានថាជាបង់កម្លាំងទទេនោះទេ គឺអ្នកបានទទួលសេចក្ដីចម្រើនកម្លាំងវិញ បានជាអ្នកមិនបានណាយចិត្តសោះឡើយ។ តើអ្នកបានភ័យខ្លាច ហើយស្រយុតចិត្តចំពោះអ្នកណា បានជាអ្នកកុហក ហើយមិនបាននឹកដល់យើង ឬយកចិត្តទុកដាក់សោះដូច្នេះ តើយើងមិនបានអត់ធ្មត់ជាយូរមកហើយទេឬ? ប៉ុន្តែ អ្នកមិនបានកោតខ្លាចដល់យើងសោះ។ យើងនឹងប្រកាសប្រាប់ពីសេចក្ដីសុចរិត និងការប្រព្រឹត្តរបស់អ្នក តែគ្មានប្រយោជន៍ដល់អ្នកសោះ។ កាលណាអ្នកអំពាវនាវ នោះឲ្យពួកដែលអ្នកបានប្រមូលជួយអ្នកឲ្យរួចចុះ តែខ្យល់នឹងផាត់គេទៅទាំងអស់ សេចក្ដីទទេៗនឹងចាប់យកគេទៅអស់រលីង ប៉ុន្តែ អស់អ្នកណាដែលពឹងជ្រកនឹងយើងវិញ គេនឹងបានស្រុកទុកជាកេរអាករ ហើយនឹងបានភ្នំបរិសុទ្ធរបស់យើងទុកជាមត៌ក។ នោះនឹងមានគេបង្គាប់ថា ចូរលើកដីឡើង ចូរលើកដីឡើង ចូររៀបចំថ្នល់ ហើយយកថ្មចំពប់ចេញពីផ្លូវ របស់ប្រជារាស្ត្ររបស់យើងទៅ។ ដ្បិតព្រះដ៏ជាធំ ហើយខ្ពស់បំផុត ជាព្រះដ៏គង់នៅអស់កល្បជានិច្ច ដែលព្រះនាមព្រះអង្គជានាមបរិសុទ្ធ ព្រះអង្គមានព្រះបន្ទូលដូច្នេះថា យើងនៅឯស្ថានដ៏ខ្ពស់ ហើយបរិសុទ្ធ ក៏នៅជាមួយអ្នកណាដែលមានចិត្តសង្រេង និងទន់ទាប ដើម្បីធ្វើឲ្យចិត្តរបស់មនុស្សទន់ទាបបានសង្ឃឹមឡើង ធ្វើឲ្យចិត្តរបស់មនុស្សសង្រេងបានសង្ឃឹមឡើងដែរ។ ដ្បិតយើងមិនព្រមតវ៉ាជាដរាបទៅទេ ក៏មិនមានសេចក្ដីក្រោធជានិច្ចដែរ ព្រោះវិញ្ញាណគេនឹងរលត់ទៅនៅមុខយើង ព្រមទាំងព្រលឹងទាំងប៉ុន្មានដែលយើងបានធ្វើនេះ។ យើងបានខឹង ហើយបានវាយគេ ដោយព្រោះអំពើទុច្ចរិតនៃចិត្តលោភរបស់គេ យើងបានគេចមុខ ហើយមានសេចក្ដីក្រោធ តែគេចេះតែថយទៅតាមអំពើចិត្តជានិច្ច។ យើងបានឃើញអស់ទាំងផ្លូវរបស់គេ ហើយយើងនឹងប្រោសឲ្យជា យើងនឹងនាំមុខគេ ព្រមទាំងកម្សាន្តចិត្តគេ ហើយពួកអ្នកដែលកាន់ទុក្ខនឹងគេ ឲ្យបានក្សាន្តឡើងដែរ។ គឺយើងដែលបង្កើតពាក្យចេញពីបបូរមាត់ ព្រះយេហូវ៉ាមានព្រះបន្ទូលថា សូមសេចក្ដីសុខ សេចក្ដីសុខ ដល់អ្នកណាដែលនៅឆ្ងាយ ហើយដល់អ្នកដែលនៅជិតផង យើងនឹងប្រោសគេឲ្យជា។ តែពួកមនុស្សអាក្រក់ គេប្រៀបដូចជាសមុទ្រដែលចេះតែកម្រើក ឥតមានស្ងប់ឡើយ ហើយទឹកនោះចេះតែបារល្បាប់ និងភក់ឡើង។ ព្រះនៃខ្ញុំ ព្រះអង្គមានព្រះបន្ទូលថា គ្មានសេចក្ដីសុខ ដល់មនុស្សដែលប្រព្រឹត្តអាក្រក់ឡើយ។
អេសាយ 57:6-21 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
អ្នករាល់គ្នាចាត់ទុកថ្មដ៏រលើបនៅក្នុងជ្រោះថា ជាសម្បត្តិ និងជាចំណែកមត៌កដ៏សក្ការៈ អ្នករាល់គ្នាច្រួចស្រា និងសែននៅលើនោះ។ តើឲ្យយើងអត់ទ្រាំបានឬ? អ្នកធ្វើពិធីរួមបវេណីសក្ការៈនៅលើភ្នំខ្ពស់ៗ អ្នកក៏ឡើងទៅធ្វើយញ្ញបូជាលើភ្នំនោះដែរ។ អ្នកយករូបលឹង្គរបស់ព្រះក្លែងក្លាយ ដាក់នៅខាងក្រោយទ្វារ និងនៅតាមក្របទ្វារ អ្នកប្រព្រឹត្តអំពើផិតក្បត់នៅពីក្រោយខ្នងយើង គឺអ្នកយកសម្លៀកបំពាក់ចេញ ព្រមទាំងឡើងទៅដេកជាមួយសហាយ ដែលអ្នកស្រឡាញ់ ហើយសម្លឹងមើលរូបលឹង្គទាំងនោះ។ អ្នកយកប្រេងក្រអូប និងទឹកអប់យ៉ាងច្រើន រត់ទៅថ្វាយបង្គំព្រះម៉ូឡុក អ្នកចាត់ពួកនាំសារឲ្យទៅឆ្ងាយៗ គឺរហូតទៅដល់ស្ថានមច្ចុរាជ។ អ្នកធ្វើដំណើររហូតទាល់តែនឿយហត់ តែអ្នកមិនព្រមឈប់ទេ គឺអ្នកខំប្រឹងប្រែង ពុះពារតទៅមុខទៀត។ តើនរណាធ្វើឲ្យអ្នកភ័យខ្លាច រហូតដល់អ្នកក្បត់ចិត្តយើង ហើយលែងរវីរវល់នឹកនាដល់យើងបែបនេះ? អ្នកឈប់ស្រឡាញ់យើងដូច្នេះ មកពីយើងនៅស្ងៀមយូរពេកឬ? យើងនឹងលាតត្រដាងអំពើដែលអ្នកប្រព្រឹត្ត អំពើដែលអ្នកចាត់ទុកថាសុចរិតនោះ ពុំផ្ដល់ប្រយោជន៍អ្វីដល់អ្នកសោះឡើយ។ ពេលអ្នកស្រែកអង្វរករ ឲ្យរូបព្រះទាំងនោះរំដោះអ្នកទៅ! រូបព្រះទាំងនោះនឹងត្រូវខ្យល់កួចយកបាត់ទៅ រីឯអ្នកដែលមកជ្រកកោនជាមួយយើង នឹងគ្រប់គ្រងស្រុកទេសទុកជាមត៌ក ហើយក៏នឹងបានទទួលភ្នំដ៏វិសុទ្ធរបស់យើង ទុកជាកម្មសិទ្ធិដែរ។ ព្រះអម្ចាស់មានព្រះបន្ទូលថា: ចូរត្រួសត្រាយរៀបចំផ្លូវ ចូរយកឧបសគ្គផ្សេងៗចេញពីផ្លូវ របស់ប្រជាជនយើង! ដ្បិតព្រះដ៏ខ្ពង់ខ្ពស់បំផុតដែលគង់នៅ អស់កល្បជានិច្ច ហើយដែលមានព្រះនាមដ៏វិសុទ្ធបំផុត មានព្រះបន្ទូលថា: យើងស្ថិតនៅក្នុងស្ថានដ៏ខ្ពង់ខ្ពស់បំផុត និងជាស្ថានដ៏វិសុទ្ធមែន តែយើងក៏ស្ថិតនៅជាមួយមនុស្សដែលត្រូវគេ សង្កត់សង្កិន និងមនុស្សដែលគេមើលងាយដែរ ដើម្បីលើកទឹកចិត្តមនុស្សដែលគេមើលងាយ និងមនុស្សរងទុក្ខខ្លោចផ្សា។ យើងមិនរករឿងអ្នករាល់គ្នារហូតទេ ហើយក៏មិនខឹងនឹងអ្នករាល់គ្នារហូតដែរ បើមិនដូច្នោះទេ សត្វលោកទាំងប៉ុន្មាន ដែលយើងបានបង្កើតមក មុខជារលត់វិញ្ញាណមិនខាន។ យើងបានខឹងនឹងប្រជារាស្ត្ររបស់យើង ព្រោះពួកគេមានចិត្តលោភលន់ និងប្រព្រឹត្តអំពើអាក្រក់ យើងបានដាក់ទោសពួកគេ យើងបានគេចមុខចេញពីពួកគេ ប៉ុន្តែ ទោះជាយ៉ាងណាក្ដី ក៏ប្រជាជនដ៏រឹងរូសនេះ នៅតែប្រព្រឹត្តតាម ទំនើងចិត្តរបស់ខ្លួនដដែល។ យើងស្គាល់មារយាទរបស់គេយ៉ាងច្បាស់ តែយើងនឹងប្រោសគេឲ្យបានជាសះស្បើយ យើងនឹងដឹកនាំគេ ព្រមទាំងសម្រាលទុក្ខប្រជាជន ដែលកំពុងកាន់ទុក្ខនេះទៀតផង។ ព្រះអម្ចាស់មានព្រះបន្ទូលថា យើងនឹងដាក់ពាក្យសរសើរតម្កើង នៅក្នុងមាត់ពួកគេ។ ចូរឲ្យសេចក្ដីសុខសាន្តកើតមានដល់ អ្នកដែលនៅឆ្ងាយៗក៏ដូចជាអ្នកដែលនៅជិត យើងនឹងប្រោសពួកគេឲ្យ បានជាសះស្បើយមែន! រីឯមនុស្សអាក្រក់វិញ ប្រៀបបាននឹង រលកសមុទ្រដែលកំពុងតែបក់បោក គ្មាននរណាអាចធ្វើឲ្យស្ងប់ឡើយ ទឹកសមុទ្រនោះបញ្ចេញភក់ជ្រាំ សព្វបែបយ៉ាងមក។ ព្រះរបស់ខ្ញុំមានព្រះបន្ទូលថា: មនុស្សអាក្រក់មិនបានសេចក្ដីសុខសាន្តទេ។
អេសាយ 57:6-21 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ចំណែករបស់ឯង គឺនៅកណ្តាលអស់ទាំងថ្មរលីងក្នុងបាតជ្រោះ ឯងបានច្រួចដង្វាយច្រួច នឹងដង្វាយម្សៅថ្វាយដល់ថ្មទាំងនោះ ដូច្នេះ ថ្មទាំងនោះជាចំណែករបស់ឯងហើយ តើគួរឲ្យអញរសាយសេចក្ដីកំហឹងចំពោះអំពើយ៉ាងនោះឬអី ឯងបានដាក់គ្រែដេករបស់ឯងនៅលើកំពូលភ្នំធំខ្ពស់ គឺនៅទីនោះដែលឯងបានឡើងទៅថ្វាយយញ្ញបូជាដែរ ឯងបានដំឡើងទីរំឭកពីឯងនៅខាងក្រោយសន្លឹកទ្វារ នឹងក្របទ្វារដែរ ហើយឯងបានបើកខ្លួនឲ្យដល់ម្នាក់ដទៃទៀតក្រៅពីអញ ឯងបានឡើងទៅធ្វើឲ្យគ្រែឯងធំទូលាយ ហើយបានតាំងសញ្ញានឹងគេ ឯងបានស្រឡាញ់ដំណេករបស់គេ ក៏បានរៀបកន្លែងឲ្យ ឯងបាននាំដង្វាយ ជាប្រេង ទៅគាល់ស្តេច ហើយបានចំរើនគ្រឿងក្រអូបរបស់ឯងជាច្រើនឡើង ក៏បានចាត់ទូតរបស់ឯងឲ្យទៅឯស្រុកឆ្ងាយ ព្រមទាំងបន្ទាបខ្លួនឯងចុះទៅដល់ស្ថានឃុំព្រលឹងមនុស្សស្លាប់ ឯងត្រូវអស់កំឡាំង ដោយផ្លូវរបស់ឯងវែងឆ្ងាយ ប៉ុន្តែឯងមិនបានថាជាបង់កំឡាំងទទេនោះទេ គឺឯងបានទទួលសេចក្ដីចំរើនកំឡាំងវិញ បានជាឯងមិនបានណាយចិត្តសោះឡើយ។ តើឯងបានភ័យខ្លាច ហើយស្រយុតចិត្តចំពោះអ្នកណា បានជាឯងកុហក ហើយមិនបាននឹកដល់អញ ឬយកចិត្តទុកដាក់សោះដូច្នេះ តើអញមិនបានអត់ធ្មត់ជាយូរមកហើយទេឬអី ប៉ុន្តែឯងមិនបានកោតខ្លាចដល់អញសោះ អញនឹងប្រកាសប្រាប់ពីសេចក្ដីសុចរិតរបស់ឯង ហើយការដែលឯងប្រព្រឹត្តនឹងមិនមានប្រយោជន៍ដល់ឯងសោះ កាលណាឯងអំពាវនាវ នោះឲ្យពួកដែលឯងបានប្រមូលជួយឯងឲ្យរួចចុះ តែខ្យល់នឹងផាត់គេទៅទាំងអស់ សេចក្ដីទទេៗនឹងចាប់យកគេទៅអស់រលីង ប៉ុន្តែអស់អ្នកណាដែលពឹងជ្រកនឹងអញវិញ គេនឹងបានស្រុកទុកជាកេរអាករ ហើយនឹងបានភ្នំបរិសុទ្ធរបស់អញទុកជាមរដក។ នោះនឹងមានគេបង្គាប់ថា ចូរលើកដីឡើង ចូរលើកដីឡើង ចូររៀបចំថ្នល់ ហើយយកថ្មចំពប់ចេញពីផ្លូវរបស់រាស្ត្រអញទៅ ដ្បិតព្រះដ៏ជាធំ ហើយខ្ពស់បំផុត ជាព្រះដ៏គង់នៅអស់កល្បជានិច្ច ដែលព្រះនាមទ្រង់ជានាមបរិសុទ្ធ ទ្រង់មានបន្ទូលដូច្នេះថា អញនៅឯស្ថានដ៏ខ្ពស់ ហើយបរិសុទ្ធ ក៏នៅជាមួយនឹងអ្នកណាដែលមានចិត្តសង្រេង ហើយទន់ទាប ដើម្បីនឹងធ្វើឲ្យចិត្តរបស់មនុស្សទន់ទាបបានសង្ឃឹមឡើង ហើយចិត្តរបស់មនុស្សសង្រេងបានសង្ឃឹមឡើងដែរ ដ្បិតអញមិនព្រមតវ៉ាជាដរាបទៅទេ ក៏មិនមានសេចក្ដីក្រោធជានិច្ចដែរ ព្រោះវិញ្ញាណគេនឹងរលត់ទៅនៅមុខអញ ព្រមទាំងព្រលឹងទាំងប៉ុន្មានដែលអញបានធ្វើនេះដែរ អញបានខឹង ហើយបានវាយគេដោយព្រោះសេចក្ដីទុច្ចរិតនៃចិត្តលោភរបស់គេ អញបានគេចមុខ ហើយមានសេចក្ដីក្រោធ តែគេបានចេះតែថយទៅតាមអំពើចិត្តជានិច្ច អញបានឃើញអស់ទាំងផ្លូវរបស់គេ ហើយអញនឹងប្រោសឲ្យជា អញនឹងនាំមុខគេដែរ ព្រមទាំងកំសាន្តចិត្តគេ ហើយពួកអ្នកដែលកាន់ទុក្ខនឹងគេ ឲ្យបានក្សាន្តឡើងផង គឺអញដែលបង្កើតពាក្យចេញពីបបូរមាត់ ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា សូមសេចក្ដីសុខ សេចក្ដីសុខ ដល់អ្នកណាដែលនៅឆ្ងាយ ហើយដល់អ្នកដែលនៅជិតផង អញនឹងប្រោសគេឲ្យជា តែឯពួកមនុស្សអាក្រក់ គេប្រៀបដូចជាសមុទ្រដែលចេះតែកំរើក ឥតមានស្ងប់ឡើយ ហើយទឹកនោះចេះតែបារល្បាប់នឹងភក់ឡើង ព្រះនៃខ្ញុំ ទ្រង់មានបន្ទូលថា គ្មានសេចក្ដីសុខ ដល់មនុស្សដែលប្រព្រឹត្តអាក្រក់ឡើយ។