នៅចំណោមថ្មរលីងក្នុងបាតជ្រោះ អ្នកបានច្រួចតង្វាយច្រូច និងតង្វាយម្សៅថ្វាយដល់ថ្មទាំងនោះ ដូច្នេះ ថ្មទាំងនោះជាចំណែករបស់អ្នកហើយ តើគួរឲ្យយើងរសាយកំហឹងចំពោះអំពើយ៉ាងនោះឬ? អ្នកបានដាក់គ្រែដេករបស់អ្នកនៅលើកំពូលភ្នំធំខ្ពស់ គឺនៅទីនោះដែលអ្នកបានឡើងទៅថ្វាយយញ្ញបូជាដែរ។ អ្នកបានដំឡើងទីរំឭកពីអ្នកនៅខាងក្រោយសន្លឹកទ្វារ និងក្របទ្វារដែរ ហើយអ្នកបានបើកខ្លួនឲ្យដល់ម្នាក់ដទៃទៀតក្រៅពីយើង អ្នកបានឡើងទៅធ្វើឲ្យគ្រែអ្នកធំទូលាយ ហើយបានតាំងសញ្ញានឹងគេ អ្នកបានស្រឡាញ់ដំណេករបស់គេ ក៏បានរៀបកន្លែងឲ្យ។ អ្នកបាននាំតង្វាយជាប្រេង ទៅគាល់ស្តេច ហើយបានចម្រើនគ្រឿងក្រអូប របស់អ្នកជាច្រើនឡើង ក៏បានចាត់ទូតរបស់អ្នកឲ្យទៅឯស្រុកឆ្ងាយ ព្រមទាំងបន្ទាបខ្លួនអ្នកចុះទៅដល់ស្ថាន ឃុំព្រលឹងមនុស្សស្លាប់។ អ្នកត្រូវអស់កម្លាំង ដោយផ្លូវរបស់អ្នកវែងឆ្ងាយ ប៉ុន្តែ អ្នកមិនបានថាជាបង់កម្លាំងទទេនោះទេ គឺអ្នកបានទទួលសេចក្ដីចម្រើនកម្លាំងវិញ បានជាអ្នកមិនបានណាយចិត្តសោះឡើយ។ តើអ្នកបានភ័យខ្លាច ហើយស្រយុតចិត្តចំពោះអ្នកណា បានជាអ្នកកុហក ហើយមិនបាននឹកដល់យើង ឬយកចិត្តទុកដាក់សោះដូច្នេះ តើយើងមិនបានអត់ធ្មត់ជាយូរមកហើយទេឬ? ប៉ុន្តែ អ្នកមិនបានកោតខ្លាចដល់យើងសោះ។ យើងនឹងប្រកាសប្រាប់ពីសេចក្ដីសុចរិត និងការប្រព្រឹត្តរបស់អ្នក តែគ្មានប្រយោជន៍ដល់អ្នកសោះ។ កាលណាអ្នកអំពាវនាវ នោះឲ្យពួកដែលអ្នកបានប្រមូលជួយអ្នកឲ្យរួចចុះ តែខ្យល់នឹងផាត់គេទៅទាំងអស់ សេចក្ដីទទេៗនឹងចាប់យកគេទៅអស់រលីង ប៉ុន្តែ អស់អ្នកណាដែលពឹងជ្រកនឹងយើងវិញ គេនឹងបានស្រុកទុកជាកេរអាករ ហើយនឹងបានភ្នំបរិសុទ្ធរបស់យើងទុកជាមត៌ក។ នោះនឹងមានគេបង្គាប់ថា ចូរលើកដីឡើង ចូរលើកដីឡើង ចូររៀបចំថ្នល់ ហើយយកថ្មចំពប់ចេញពីផ្លូវ របស់ប្រជារាស្ត្ររបស់យើងទៅ។ ដ្បិតព្រះដ៏ជាធំ ហើយខ្ពស់បំផុត ជាព្រះដ៏គង់នៅអស់កល្បជានិច្ច ដែលព្រះនាមព្រះអង្គជានាមបរិសុទ្ធ ព្រះអង្គមានព្រះបន្ទូលដូច្នេះថា យើងនៅឯស្ថានដ៏ខ្ពស់ ហើយបរិសុទ្ធ ក៏នៅជាមួយអ្នកណាដែលមានចិត្តសង្រេង និងទន់ទាប ដើម្បីធ្វើឲ្យចិត្តរបស់មនុស្សទន់ទាបបានសង្ឃឹមឡើង ធ្វើឲ្យចិត្តរបស់មនុស្សសង្រេងបានសង្ឃឹមឡើងដែរ។ ដ្បិតយើងមិនព្រមតវ៉ាជាដរាបទៅទេ ក៏មិនមានសេចក្ដីក្រោធជានិច្ចដែរ ព្រោះវិញ្ញាណគេនឹងរលត់ទៅនៅមុខយើង ព្រមទាំងព្រលឹងទាំងប៉ុន្មានដែលយើងបានធ្វើនេះ។ យើងបានខឹង ហើយបានវាយគេ ដោយព្រោះអំពើទុច្ចរិតនៃចិត្តលោភរបស់គេ យើងបានគេចមុខ ហើយមានសេចក្ដីក្រោធ តែគេចេះតែថយទៅតាមអំពើចិត្តជានិច្ច។ យើងបានឃើញអស់ទាំងផ្លូវរបស់គេ ហើយយើងនឹងប្រោសឲ្យជា យើងនឹងនាំមុខគេ ព្រមទាំងកម្សាន្តចិត្តគេ ហើយពួកអ្នកដែលកាន់ទុក្ខនឹងគេ ឲ្យបានក្សាន្តឡើងដែរ។ គឺយើងដែលបង្កើតពាក្យចេញពីបបូរមាត់ ព្រះយេហូវ៉ាមានព្រះបន្ទូលថា សូមសេចក្ដីសុខ សេចក្ដីសុខ ដល់អ្នកណាដែលនៅឆ្ងាយ ហើយដល់អ្នកដែលនៅជិតផង យើងនឹងប្រោសគេឲ្យជា។ តែពួកមនុស្សអាក្រក់ គេប្រៀបដូចជាសមុទ្រដែលចេះតែកម្រើក ឥតមានស្ងប់ឡើយ ហើយទឹកនោះចេះតែបារល្បាប់ និងភក់ឡើង។ ព្រះនៃខ្ញុំ ព្រះអង្គមានព្រះបន្ទូលថា គ្មានសេចក្ដីសុខ ដល់មនុស្សដែលប្រព្រឹត្តអាក្រក់ឡើយ។
អាន អេសាយ 57
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: អេសាយ 57:6-21
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ