អេសាយ 53:7-9
អេសាយ 53:7-9 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះអង្គត្រូវគេសង្កត់សង្កិន ហើយធ្វើទុក្ខ តែព្រះអង្គមិនបានហើបព្រះឧស្ឋសោះ គឺដូចជាកូនចៀមដែលគេដឹកទៅសម្លាប់ ហើយដូចជាចៀមដែលគនៅចំពោះ ពួកអ្នកកាត់រោមយ៉ាងណា ព្រះអង្គក៏មិនបានហើបព្រះឧស្ឋសោះ។ ព្រះអង្គត្រូវដកចេញពីអំណាចការពារ និងពីសេចក្ដីយុត្តិធម៌ តើមានអ្នកណារំពឹងគិតពង្សាវតាររបស់ព្រះអង្គ? ព្រះអង្គត្រូវកាត់ចេញពីស្ថានរបស់មនុស្សរស់ ហើយត្រូវគេវាយ ដោយព្រោះអំពើរំលងរបស់ជនជាតិខ្ញុំ។ គេធ្វើកន្លែងបញ្ចុះសាកសពរបស់ព្រះអង្គ នៅជាមួយពួកមនុស្សអាក្រក់ ហើយផ្នូររបស់ព្រះអង្គ នៅជាមួយពួកអ្នកមាន ទោះបីព្រះអង្គមិនដែលប្រព្រឹត្តអំពើឃោរឃៅណា ឬបោកបញ្ឆោតអ្នកណានៅក្នុងព្រះឧស្ឋ របស់ព្រះអង្គក៏ដោយ។
អេសាយ 53:7-9 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
លោកត្រូវគេធ្វើទារុណកម្ម លោកបន្ទាបខ្លួន មិនហើបមាត់ទាល់តែសោះ ដូចកូនចៀមដែលគេដឹកទៅទីពិឃាត ឬដូចចៀមឈរស្ងៀមនៅមុខអ្នកកាត់រោម លោកមិនបានហើបមាត់ទាល់តែសោះ។ គេចាប់លោកទាំងបង្ខំយកទៅកាត់ទោស ហើយនាំទៅសម្លាប់ គ្មាននរណារវីរវល់យកចិត្តទុកដាក់ នឹងពូជពង្សរបស់លោកឡើយ។ គេបានដកលោកចេញពីចំណោមមនុស្ស ដែលរស់នៅលើផែនដីនេះ លោកត្រូវគេវាយរហូតដល់បាត់បង់ជីវិត ព្រោះតែអំពើបាបនៃប្រជាជនរបស់លោក។ ទោះបីលោកមិនដែលប្រព្រឹត្តអំពើឃោរឃៅ ឬនិយាយបោកបញ្ឆោតនរណាក្ដី ក៏គេបញ្ចុះសពលោកក្នុងចំណោមមនុស្សពាល និងក្នុងផ្នូររបស់អ្នកមាន។
អេសាយ 53:7-9 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ទ្រង់ត្រូវគេសង្កត់សង្កិន ហើយធ្វើទុក្ខ តែទ្រង់មិនបានហើបព្រះឱស្ឋសោះ គឺដូចជាកូនចៀមដែលគេដឹកទៅសំឡាប់ ហើយដូចជាចៀមដែលគនៅចំពោះពួកអ្នកកាត់រោមយ៉ាងណា ទ្រង់ក៏មិនបានហើបព្រះឱស្ឋសោះយ៉ាងនោះដែរ ទ្រង់ត្រូវដកចេញពីអំណាចការពារ ហើយពីសេចក្ដីយុត្តិធម៌ ឯសម័យជំនាន់ទ្រង់ តើមានអ្នកណារំពឹងគិតឃើញថា ទ្រង់បានត្រូវកាត់ចេញពីស្ថានរបស់មនុស្សរស់នេះ ហើយត្រូវវាយ ដោយព្រោះអំពើរំលងរបស់ជនជាតិខ្ញុំនោះ ហើយក្នុងកាលដែលទ្រង់សុគត នោះគេក៏បញ្ចុះសពទ្រង់នៅជាមួយនឹងពួកអាក្រក់ ហើយនៅក្នុងផ្នូររបស់អ្នកមានម្នាក់ ទោះបើទ្រង់មិនដែលធ្វើអំពើទុច្ចរិតណាមួយក៏ដោយ ក៏មិនដែលមានការបញ្ឆោតនៅក្នុងព្រះឱស្ឋទ្រង់ឡើយផង។